

ចក្រភពអង់គ្លេសបានបញ្ជូននាវាច្បាំងល្បាតសមុទ្រឈ្មោះ អេចអឹមអេស តាម៉ារ (HMS Tamar) មកចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាមជាលើកដំបូង បន្ទាប់ពីមូលដ្ឋាននេះបានកែលម្អ និងបើកសម្ពាធកាលពីឆ្នាំ២០២៥ ក្រោមជំនួយសាងសង់ដោយប្រទេសចិនកុម្មុយនិស្ត។ ក្នុងដំណើរទស្សនកិច្ចនេះក្រុមនាវិក អេចអឹមអេស តាម៉ារ (HMS Tamar) ក៏នឹងហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ។ អ្នកឃ្លាំមើលវាយតម្លៃថា ដំណើររបស់នាវាចម្បាំងអង់គ្លេសមកកម្ពុជានេះ អាចជាការស្ទង់មើល និងពិនិត្យសមត្ថភាពរបស់មូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាដែលសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសចិន។
មេបញ្ជាការនាវាចម្បាំង អេចអឹមអេស តាម៉ារ (HMS Tamar) ចក្រភពអង់គ្លេស លោក ថម លីនស៊ី (Tom Lindsey) បានដឹកនាំកងនាវិកប្រមាណ ៥០នាក់ ចូលសំចតនាវាចម្បាំងជាលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាមនៅថ្ងៃទី២០ ខែសីហា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃ។ លោក ថម លីនស៊ី ក៏ចាប់ផ្ដើមជួបជាមួយមន្ត្រីកំពូលនៃកងទ័ពជើងទឹកកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានប្រកាសស្វាគមន៍ចំពោះការមកដល់នៃនាវាចម្បាំងល្បាតសមុទ្រ អេចអឹមអេស តាម៉ារ មកកម្ពុជាជាលើកទី៣ គិតចាប់តាំងពីឆ្នាំ២០២៣ មក។ ស្ថានទូតឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) ថា ក្នុងអំឡុងទស្សនកិច្ចក្រុមកងនាវិកចម្បាំង អេចអឹមអេស តាម៉ារ នឹងមានការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការផ្លាស់ប្ដូរជំនាញរវាងកម្ពុជា និងចក្រភពអង់គ្លេស រួមទាំងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ មេបញ្ជាការ លោក ថម លីនស៊ី ក៏មានជំនួបទ្វេភាគីជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម លោក ម៉ី ឌីណា។ ស្ថានទូតចាត់ទុកថា ជំនួបនេះមានសារៈសំខាន់ចំពោះកិច្ចសន្ទនាផ្នែកការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក សម្រាប់កិច្ចពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្ពុជា និងចក្រភពអង់គ្លេស។
បន្ថែមពីនេះ មេបញ្ជាការកងទ័ពជើងទឹក លោក ទៀ សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើការហ្វឹកហ្វឺនរួមគ្នាផ្ដោតលើការងារសង្គ្រោះអ្នករងរបួសលើនាវា ផ្នែកវេជ្ជសាស្ត្រ ជំនាញនាវាចរណ៍ និងសកម្មភាពកីឡាជាដើម។
នាវាចម្បាំងរបស់ចក្រភពអង់គ្លេស អេចអឹមអេស តាម៉ារ មានប្រវែងប្រមាណ ៩០ម៉ែត្រ ទទឹងជាង ១៣ម៉ែត្រ និងមានក្រុមនាវិកប្រមាណ ៦០នាក់។ នាវានេះត្រូវបានរចនាឡើងសម្រាប់ការល្បាតរយៈពេលយូរ ដើម្បីបំពេញភារកិច្ចការពារដែនសមុទ្រ និងបេសកកម្មសន្តិសុខផ្សេងៗ។ នាវាចម្បាំងនេះក៏ត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធសម្រាប់ការពារ និងប្រឆាំងគោលដៅសត្រូវនៅចម្ងាយជិត។
ចក្រភពអង់គ្លេសបានដាក់នាវាចម្បាំង អេចអឹមអេស តាម៉ារ ឱ្យមានវត្តមានជាអចិន្ត្រៃយ៍នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចាប់តាំងពីចុងឆ្នាំ២០២១ ដើម្បីបំពេញបេសកកម្មល្បាតដែនសមុទ្រ ប្រយុទ្ធប្រឆាំងការរត់ពន្ធ និងសកម្មភាពខុសច្បាប់តាមសមុទ្រ ការពារធនធានជលផល និងចូលរួមក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម។ លើសពីនេះ នាវានេះក៏មានតួនាទីក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ ព្រមទាំងការធ្វើសមយុទ្ធ និងហ្វឹកហាត់រួមគ្នាជាមួយកងទ័ពជើងទឹកនៃប្រទេសសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ការចូលសំចតរបស់នាវាចម្បាំងចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតកន្លងមក ជាពិសេសក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ ឬសមយុទ្ធយោធា គឺជាការព្យាយាមទប់ស្កាត់ការកើតឡើងកម្ដៅនៅក្នុងតំបន់ ខណៈកម្ពុជាក៏កំពុងផ្ដេកផ្ដួលទៅរកចិនកាន់តែខ្លាំង និងមានជម្លោះជាមួយប្រទេសថៃផង។
លោក គឹម សុខ បន្តថា បណ្ដាបស្ចិមប្រទេសមានការព្រួយបារម្ភអំពីយុទ្ធសាស្ត្រយោធារបស់រដ្ឋាភិបាលនៃក្រុមគ្រួសារ ហ៊ុន អាចត្រូវបានកាច់ចង្កូតដោយយោធាចិន។ ក្នុងករណីនេះ លោកថា កម្ពុជាអាចនឹងត្រូវចិនអូសទាញឱ្យពាក់ព័ន្ធ ប្រសិនបើស្ថានការណ៍ជម្លោះនៅសមុទ្រចិនខាងត្បូងកាន់តែរញ្ជួយ និងមានភាពតានតឹងខ្លាំងឡើង។
លោក គឹម សុខ៖ «នាវាចម្បាំងរបស់ចក្រភពអង់គ្លេសក្តី នាវាចម្បាំងរបស់ប្រទេសនានាមួយចំនួនដែលធ្លាប់ចូលចតនៅក្នុងកំពង់ផែសមុទ្ររាម គ្រាន់តែជាការព្យាយាមបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលគ្រួសារ ហ៊ុន លើចន្លោះដែលអាចធ្វើបាន ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់កងទ័ពចិន ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងគ្រប់យុទ្ធសាស្ត្រជាមួយនឹងកងទ័ពនៃរដ្ឋាភិបាលគ្រួសារ ហ៊ុន»។
កាលពីខែមករា អាមេរិកក៏បានបញ្ជូននាវាចម្បាំង យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ អិលស៊ីអេស២០ (LCS-20) ចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមជាលើកដំបូង បន្ទាប់ពីកម្ពុជាបានបញ្ចប់ការសាងសង់ និងសម្ពោធមូលដ្ឋានទ័ពជើងទឹកនេះជាផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៥ ក្រោមជំនួយសាងសង់ពីចិនកុម្មុយនិស្ត។
មន្ត្រីយោធាកំពូលៗសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តតែងតែបង្ហាញក្ដីកង្វល់អំពីមូលដ្ឋានកងទ័ពជើងទឹករាមថា ជាទីតាំងយុទ្ធសាស្ត្រ សម្រាប់ប្រទេសចិនប្រើប្រាស់ផ្ដាច់មុខ ដើម្បីសម្រេចមហិច្ឆតាភូមិសាស្ត្រនយោបាយ និងការពង្រីកកម្លាំងយោធារបស់ខ្លួនក្នុងតំបន់។
រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន តែងតែច្រានចោលការចោទប្រកាន់នេះ និងប្រកាសស្វាគមន៍បណ្ដាប្រទេសទាំងឡាយណាដែលមានបំណងចូលចតនាវាចម្បាំងរបស់ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពកម្ពុជា។
ឯកសារយោធាសម្ងាត់របស់មន្ទីរបញ្ចកោណអាមេរិកដែលបែកធ្លាយ និងត្រូវបានកាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកន្លងមកបង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាម ត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ពនៃ «កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក៕









