អ្នកជំនាញ​ព្រំដែន​ចោទ លោក ហ៊ុន ម៉ាណែត ថា បំភ្លៃ​ការ​ពិត​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ថៃ

0
156
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាថៃចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកជំនាញ​ផ្នែក​ព្រំដែន​ចោទ​លោក ហ៊ុន ម៉ាណែត ថា បាន​បកស្រាយ ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន នៅ​តំបន់​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាមួយ​ថៃ​ថា កំពុងតែ បំភ្លៃ​ការពិត ដល់​សាធារណជន ខណៈ​ការ​បោះបង្គោល​ព្រំដែន​នេះ ធ្វើឡើង​ពុំ​ស្របតាម​សន្ធិសញ្ញា​បារាំង​-​សៀម នោះ​ទេ ។ ការ​លើកឡើង​នេះ​ធ្វើឡើង ក្រោយពី​លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​នេះ ស្របតាម​សន្ធិសញ្ញា​ផ្សេងៗ បន្សល់​ទុក​ពី​សម័យ​បារាំង ហើយ​ធានា​ថា កម្ពុជា​មិន​បាត់បង់​ទឹកដី ផ្នែក​ណាមួយ​នោះ​ឡើយ។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកជំនាញ​ផ្នែក​ច្បាប់ លើកឡើង​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន រវាង​ភាគី​កម្ពុជា និង​ថៃ តាម​បណ្ដោយ​ព្រំដែន ស្ថិត​ក្នុងភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ខេត្ត​បន្ទាយមានជ័យ​នេះ មិនមែន​ជា​ការ​បង្គោល​ដែន​ព្រំដែន ស្របតាម​ផែនដី​នៃ​សន្ធិសញ្ញា​បារាំង​សៀម​-​សៀម ឆ្នាំ​១៩០៤ ដូច​ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគាត់​ថា ការ​បោះបង្គោល​ព្រំដែន​នេះ គឺ​ភាគី​ថៃ អនុលោម​តាម​ផែនទី​ខ្នាត​១/៥០​ពាន់ ដែល​ជា​ផែនទី​គូសវាស ដោយ​ឯកតោភាគី​ថៃ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​នេះ​ថា ការ​អះអាង​របស់ លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ជាមួយ​ថៃ នៅ​ចន្លោះ​បង្គោល​លេខ ៤២-៤៧ និង លេខ ៥២-៥៩ ថា​ស្របតាម​សន្ធិសញ្ញា បារាំង​-​សៀម និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ឆ្នាំ​២០០០ នោះ គឺជា​ការ​ភូត​កុហក​ពលរដ្ឋ ដោយ​គ្មាន​ការ​ខ្មាសអៀន​។ លោក​បន្ត​ថា ការ​ពិត លោក ហ៊ុន ម៉ាណែត បាន​បោះបង់​បង្គោល​ព្រំដែន​នេះ គឺ​ធ្វើតាម​ការកំណត់​នៃ​ការ​រាយ​បន្លា​លួស របស់​ទាហាន​ថៃ បាន​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​ទឹកដី​មួយ​ផ្នែក​ធំ។

លោក​បន្ថែម​ថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិត​ជា អះអាង​ថា ការបោះបង់​បង្គោល​ព្រំដែន​នេះ​ត្រឹមត្រូវ​មែន​នោះ ហេតុអ្វី​បាន​ជា លោក ហ៊ុន ម៉ាណែត មិន​យក​តាម​បង្គោល​ចាស់​ដែល​មាន​ស្រាប់ ស្រប​តាន​ផែនទី​នៃ​សន្ធិសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤។ ដូចនេះ លោក​ថា ដើម្បី​ឱ្យ​ការ​បោះបង្គោល​ព្រំដែន បាន​ត្រឹមត្រូវ និង​អាច​ជឿ​ទុកចិត្ត​បាន ពី​សាធារណជន​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​រៀបចំ​គណៈកម្មការ​ព្រំដែន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ឱ្យ​ពួកគាត់​អាច​ចុះ​សង្កេត ផ្ទៀងផ្ទាត់ ថា តើ​ស្រប​នឹង​សន្ធិសញ្ញា​បារាំង​-​សៀម ឬក៏​អត់។

លោក អ៊ុំ សំអាន៖ «តំបន់​មាន​ជម្លោះ​ត្រូវ​ប្ដឹង​ទៅ តុលាការ​អន្តរជាតិ ICJ ឬក៏​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នឹង​ទើប​មិន​បាត់បង់​ទឹកដី​យើង ហើយ​បង្គោល​បារាំង​ទីតាំង​ចាស់ របស់​វា​នៅ​កន្លែង​ណា ទៅ​ដាក់​នៅ​កន្លែង​ហ្នឹង​វិញ បែប​នឹង​បានការ​បោះបង្គោល​រណប វា​មិន​បាត់បង់​ទឹកដី ។ បើ​យើង​បោះបង្គោល លេងសើច​ទៅតាម​ទីតាំង​ថ្មី បង្គោល ដែល​ថៃ​រំកិល​នោះ​គឺ ប្រាកដជា​បាត់​ទឹកដី​ហើយ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី២៥ ខែ​វិច្ឆិកា បាន​បង្ហោះ ខ្លឹមសារ​បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចំនួន​៣​ចំណុច ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ ពាក់ព័ន្ធ​បញ្ហា​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន រវាង​កម្ពុជា​-​ថៃ ស្ថិត​តាម​បណ្ដោយ​ព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នៅ​ចន្លោះ​បង្គោល​លេខ ៤២-៤៧ និង លេខ​៥២-៥៧​នេះ គឺ ស្រប​តាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) ឆ្នាំ​២០០០ ស្របតាម​បែបបទ​ការងារ (TOR) ឆ្នាំ​២០០៣ និង​ស្មារតី​នៃ​កំណត់ហេតុ​កិច្ចប្រជុំ JBC នា​ពេល​កន្លង​មក ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

បន្ថែម​ពី​នោះ លោក​ថា ការ​បោះបង្គោល​ព្រំដែន​នេះ ភាគី​ទាំងពីរ ឈរ​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិយុត្តិ​ដែល​បន្សល់ទុក​ពី អាណាព្យាបាល​បារាំង ជាពិសេស​កំណត់ហេតុ (Procès Verbaux) បោះបង្គោល​របស់​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨-១៩០៩ និង​គណៈកម្មការ​បោះបង្គោល​ព្រំដែន រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩១៩-១៩២០។

លោក​បញ្ជាក់​ថា ការ​បោះបង្គោល​ព្រំដែន​នេះ មិនមែន​ដើម្បី​គណនា​ឱ្យ​ឃើញ​ថា នរណា ចំណេញ ឬ​ខាត នោះ​ដែរ ប៉ុន្តែ ជា​គឺ​ការកំណត់ នូវ​ខណ្ឌសីមា​ជាក់លាក់ ត្រឹមត្រូវ និង ច្បាស់លាស់ រវាង​ប្រទេស​ទាំងពីរ​។ ដូច្នេះ លោក​អះអាង​ជាថ្មី​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ គោលការណ៍ មិន​រំលោភបំពាន​ទឹកដី​របស់​ប្រទេសជិតខាង ហើយ​កម្ពុជា​ក៏​មិន​ព្រមឱ្យ​ប្រទេស​ជិត​ខាង​រំលោភ​បំពាន ទឹកដី​ផ្នែក​ណាមួយ​របស់​កម្ពុជា​នោះ​ដែរ។

បើទោះ​ជា​បែបនេះ​ក្ដី អ្នកជំនាញ​កិច្ចការ​ព្រំដែន លើកឡើង​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត ជាថ្មី​នេះ គឺ​ធ្វើ​ឡើង​មិន​សម​ហេតុផល នោះ​ឡើយ ខណៈ​ការ​បោះបង្គោល​ព្រំដែន​នេះ ធ្វើ​តាម​តែ ការ​ស្នើសុំ​របស់​ភាគី​ថៃ។ ពួកគេ​ថា នេះ​បង្ហាញ​ថា កម្ពុជា​កំពុង​ចាញ់​ប្រៀប​ថៃ​ទាំងស្រុង ជាពិសេស ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ​ខ្លះ នៅ​មិនទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង និង​ភូមិកំណើត​បាន​វិញ​នោះ​ទេ ។ បញ្ហា​នេះ បើ​ទោះ​បីជា លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត និង​គ្មាន​ការ​លាក់លៀម​ព័ត៌មាន​ផ្សេងៗ​ក្ដី ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម​ពលរដ្ឋ និង​អ្នកសារព័ត៌មាន មិន​ឱ្យ​ចូល​ទៅ​ជិត​តំបន់​បោះបង្គោល​ព្រំដែន​នោះ​ឡើយ។

អ្នក​សិក្សា​ភ្នែក​ច្បាប់ និង​អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក វ៉ន ចាន់ឡូត លើកឡើង​ថា លោក ហ៊ុន ម៉ាណែត កំពុងតែ​បកស្រាយ​បំភ្លៃ​ការពិត ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​កម្ពុជា​-​ថៃ ។ លោក​បន្ត​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន ម៉ាណែត ទាំង​គ្មាន​ហេតុផល​ច្បាស់លាស់​នេះ គឺ​ដោយសារតែ​ភាគី​ថៃ បាន​ដាក់​សម្ពាធ​ផ្នែក​យោធា និង​ដកហូត​ទ្រព្យ​រាប់​សិប​លាន​ដុល្លារ ពី​មនុស្ស​ជំនិត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​បាន​រកស៊ី​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​ខាតបង់​ផលប្រយោជន៍​ជាច្រើន។

បន្ថែម​ពី​នោះ លោក​អះអាង​ថា ភាគី​ថៃ បាន​បញ្ជាក់​ជាច្រើន​ដង​ហើយ​ថា ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ពុំ​មែន​ធ្វើតាម​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤​នោះ​ទេ គឺ​អនុលោម​ទៅតាម​ផែនទី​ខ្នាត ១/៥០​ពាន់ ដែល​ជា​ផែនទី​គូស​ដោយ​ឯកតោភាគី​ថៃ។ ដូចនេះ លោក​ថា ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ថៃ​ព្រម​យក​សន្ធិសញ្ញា​បារាំង​-​សៀម មក​ដោះស្រាយ​ជាមួយ​កម្ពុជា​នោះ គឺ​ជា​រឿង​គួរ​ឱ្យ​អស់សំណើច ព្រោះ​លោក​យល់ថា ប្រសិនបើ​ភាគី​ថៃ​ព្រម​យក​សន្ធិសញ្ញា​បារាំង​-​សៀម​មែន​នោះ ថៃ​មិន​ចាំបាច់​ផ្ទុះ​អាវុធ​តាម​ព្រំដែន​ជាមួយ​កម្ពុជា រហូត​បណ្ដាល​ឱ្យ​ខាតបង់​ទាំង​ធនធាន និង​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ។

លោក វ៉ន ចាន់ឡូត៖ «ត្រង់​ករណីនេះ បើ​យើង​ពិនិត្យ​មើល​លើ​ចេតនា​របស់​ភាគី​ថៃ បើ​ពិតជា​ព្រម​ទទួលស្គាល់​តាម​សន្ធិសញ្ញា​បារាំង​សៀម ពិតប្រាកដ​មែន នោះ​ភាគី​ថៃ​នឹង​មិន​បំពាន់​ទៅ​លើ​ការ​ដក​បង្គោល​ដែល​បន្សល់​អំពី​អាណានិគម​បារាំង​នោះ​ទេ។ ទី​២ ភាគី​ថៃ​ក៏​មិន​ប្រើប្រាស់ កម្លាំង​យោធា ទាំង​កម្រាល​ចូល​មក​វាតទី​យក​ទឹកដី​របស់​កម្ពុជា​ដែរ»។

បើ​តាម លោក អ៊ំ សំអាន ចាប់តាំងពី​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នេះ កម្ពុជា​បាន​បាត់បង់ ដី​ជាង​២​គីឡូម៉ែត្រ បើ​ធៀប​នឹង​ផែនទី​ចាស់ នៃ​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ លោក​ទាមទារ​ឱ្យ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​អ្នកជំនាញ និង​ពលរដ្ឋ​ចុះ​ពិនិត្យ​នៅ​លើ​ដី​ជាក់ស្ដែង​ដើម្បី​បញ្ជាក់​ថា តើ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​ខាង​ថៃ​ឬ​អត់ ក្រោយ​បោះបង្គោល​បណ្ដោះអាសន្ន​រួច បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​នឹង​នៅតែ​ចោទប្រកាន់​ថា ទឹកដី​កម្ពុជា ត្រូវ​បាន​បាត់បង់​ជា​បន្តបន្ទាប់ ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល «ហ៊ុន»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ