អតីតពលកររងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្នើដល់តុលាការពន្លឿននីតិវិធីកាត់ទោសថៅកែក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower) និងផ្ដល់សំណងជំងឺចិត្តជូនពួកគាត់ដែលរងគ្រោះ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីជនរងគ្រោះ និងសាក្សីចំនួន ៨នាក់ បានចូលឆ្លើយបំភ្លឺក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ក្នុងសំណុំរឿងព្រហ្មទណ្ឌលើថៅកែក្រុមហ៊ុន ហ្វាទីណា ២នាក់ ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការនាំពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយខុសច្បាប់កាលពីអំឡុងឆ្នាំ២០២៣។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោក ញឹម ពិសាល កាលពីថ្ងៃទី១៤ ខែកញ្ញា បានបើកសវនាការសួរដេញដោលលើបញ្ហាប្រឈមនានារបស់ជនរងគ្រោះ និងសាក្សី ដែលជាអតីតពលករត្រូវបានក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower) របស់ភរិយាមន្ត្រីជាន់ខ្ពស់ក្រសួងការងារបញ្ជូនពួកគាត់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
តុលាការបានកោះហៅសាក្សី និងជនរងគ្រោះចំនួន ៨នាក់ ឱ្យចូលឆ្លើយបំភ្លឺក្នុងសវនាការ។ លោកស្រី រស់ ចាន់ធី អតីតពលករនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងជាសាក្សីម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតបានបញ្ជាក់ថា លោកស្រី រួមទាំងជនរងគ្រោះ និងសាក្សីផ្សេងទៀត បានផ្ដល់សក្ខីកម្មជូនតុលាការ អំពីហេតុការណ៍ និងទុក្ខលំបាកដែលបានជួបប្រទះរៀងៗខ្លួនក្នុងអំឡុងពេលជាប់គាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកស្រី រស់ ចាន់ធី ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែកញ្ញា ថា ក្នុងសវនាការ លោកស្រីបានបំភ្លឺជូនតុលាការអំពីការរឹតត្បិតសិទ្ធិសេរីភាព និងការបង្ខំឱ្យធ្វើការលើសពី ១២ម៉ោងក្នុងមួយថ្ងៃ ដោយថៅកែមិនបានផ្ដល់អាហារឱ្យលោកស្រីហូបចុកគ្រប់គ្រាន់ឡើយ។ លោកស្រី និងជនរងគ្រោះផ្សេងទៀត ក៏បានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា ក្រុមហ៊ុន ហ្វាទីណា ក៏មិនបានចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណពីក្រសួងការងារក្នុងការនាំពលករទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតឡើយ ដោយក្រុមហ៊ុនស្នើសុំត្រឹមអាជ្ញាធរឃុំសង្កាត់តែប៉ុណ្ណោះ។
លោកស្រី រស់ ចាន់ធី ក៏មិនខុសពីជនរងគ្រោះដទៃទៀតដែរគឺនៅតែមានអារម្មណ៍ភ័យខ្លាចនឹងការគំរាមកំហែង និងការរំលោភបំពាននានាដែលលោកស្រីបានជួបប្រទះក្នុងអំឡុងពេលជាប់គាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកស្រីរំពឹងថា តុលាការនឹងពន្លឿនក្នុងសំណុំរឿងនេះ និងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះ។
លោកស្រី រស់ ចាន់ធី៖ «ខាងច្បាប់គេគិតតាមច្បាប់ តែគ្រាន់សម្រាប់ខ្ញុំខាងពលករ ពួកខ្ញុំប៉ះពាល់ ខាតពេលវេលា នូវការរង់ចាំទម្រាំតែចេញ គឺមានការខាតបង់ច្រើនមែនទែន ហើយអ្នកខ្លះស្ទើរតែអស់ជីវិត សន្លប់ពីរបីដងអ៊ីចឹងទៅគ្នា។ បើខ្ញុំវិញ ខ្ញុំចុះធ្វើការតែ ១០ ថ្ងៃ សន្លប់នៅក្នុងបន្ទប់ទឹកហ្មង ងើបឡើងងងឹតមុខឈឹងហ្មង ដោយសារយើងហូបតែនំប៉័ងព្រលឹមឡើង។ ជារឿងមួយផ្តល់យុត្តិធម៌ឱ្យពួកខ្ញុំដែរ ហើយខាងច្បាប់គាត់ ចាំមើលគេកាត់ដាក់ប៉ុន្មានឆ្នាំប៉ុន្មានឆ្នាំវាអត់ដឹងដែរអ៊ីចឹង»។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងអតីតពលកររងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទៅជំនុំជម្រះកាលពីខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនថៅកែក្រុមហ៊ុន ហ្វាទីណា ចំនួនពីរនាក់ គឺអ្នកស្រី ស្វាយ សុគន្ធណាវី និងអ្នកស្រី ស្វាយ សុគន្ធណារី។ ថៅកែក្រុមហ៊ុនទាំង ២នាក់នេះត្រូវបានចោទប្រកាន់ពីបទនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ និងបទជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ព្រមទាំងបទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ១០ និងមាត្រា ១២ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ជនជាប់ចោទគឺ អ្នកស្រី ស្វាយ សុគន្ធណាវី ហៅ ម៉ាដាមធំ បច្ចុប្បន្នត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ ចំណែក ជនជាប់ចោទម្នាក់ទៀត គឺអ្នកស្រី ស្វាយ សុគន្ធណារី ដែលត្រូវជាភរិយារបស់អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ម៉ាន តេរ៉មីហ្សី (Man Teramizy) កំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។
ក្រុមជនរងគ្រោះឱ្យដឹងថា ក្នុងសំណុំរឿងនេះ តុលាការបានកោះហៅជនរងគ្រោះ និងសាក្សីយ៉ាងហោចណាស់ ២០នាក់ ឱ្យចូលឆ្លើយបំភ្លឺ។ ប៉ុន្តែជនរងគ្រោះ និងសាក្សីមួយចំនួនបានខកខានមិនបានចូលសវនាការឡើយដោយសារធ្លាក់ខ្លួនឈឺ និងគ្មានលុយសម្រាប់ធ្វើដំណើរ។
ក្រុមអតីតពលកររងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបញ្ជាក់ថា តុលាការនឹងបន្តសវនាការលើសំណុំរឿងនេះ ប៉ុន្តែក្រុមចៅក្រមជំនុំជម្រះមិនទាន់កំណត់ពេលវេលាជាក់លាក់ និងជូនដំណឹងដល់ពួកគាត់វិញនៅឡើយទេ។
អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក អាត់ ធន់ ដែលសម្របសម្រួល និងឃ្លាំមើលរឿងនេះប្រាប់ទូរទស្សន៍អាស៊ីសេរីថា ផ្អែកតាមភស្តុតាង និងសាក្សី អតីតពលកររងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានរងការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្តក្នុងទំហំធំធេង។
លោក អាត់ ធន់៖ «ករណីដែលបញ្ជូនកម្មករទៅអារ៉ាប៊ីសាអ៊ូឌីតដែលមានបញ្ហានេះ ដោះស្រាយបានដំណាក់កាលទៅតាមនីតិវិធីមួយចំនួន ប៉ុន្តែការដោះស្រាយយុត្តិធម៌សំណង ក៏ដូចជាការដាក់ទណ្ឌកម្មទៅលើអ្នកដែលប្រព្រឹត្តខុសទៅតាមច្បាប់ តុលាការគួរតែត្រូវបានដោះស្រាយយកចិត្តទុកដាក់ ទោះបីជាគាត់បែកខ្ញែកគ្នា ឬក៏គាត់មានការលំបាកក៏ដោយ ប៉ុន្តែ ត្រូវតែដោះស្រាយដោយយុត្តិធម៌សម្រាប់គាត់ ដើម្បីទប់ស្កាត់នូវការបញ្ជូន ឬក៏នាំ ឬក៏ការរកស៊ីផ្សេងៗដែលប៉ះពាល់ទៅដល់ជីវិតមនុស្ស និងកម្មករតទៅទៀត»។
ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ របស់អ្នកស្រី ស្វាយ សុគន្ធណាវី និងអ្នកស្រី ស្វាយ សុគន្ធណារី បានបញ្ជូនពលករខ្មែរភាគច្រើនជាស្ត្រីយ៉ាងហោចណាស់ ១៣០នាក់ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ដោយកុហកថា ទទួលបានការងារមានប្រាក់ឈ្នួលខ្ពស់។ ពេលទៅដល់ក្រុមពលករបានចោទក្រុមហ៊ុននេះថា បានលក់ ពួកគាត់ក្នុងម្នាក់ប្រមាណ ៧ពាន់ដុល្លារទៅឱ្យក្រុមហ៊ុនដៃគូរបស់ខ្លួនផ្សេងទៀតឈ្មោះ ក្រុមហ៊ុន ប៊ី អេ ប៊ី (BAB) ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីយកទៅលក់បន្ត។ កាន់តែអាក្រក់ជាងនេះ ក្រុមពលករភាគច្រើនជាស្ត្រីត្រូវបានថៅកែនៃប្រទេសនេះឃុំឃាំង ដកទូរស័ព្ទ គំរាមកំហែង បង្ខំឱ្យធ្វើការជាអ្នកបម្រើតាមផ្ទះទាំងថ្ងៃទាំងយប់ ដោយមិនផ្ដល់អាហារឱ្យហូបចុកគ្រប់គ្រាន់រហូតអ្នកខ្លះធ្លាក់ខ្លួនពិការ និងឈឺធ្ងន់ធ្ងរ។ ក្រុមពលកររងគ្រោះមួយភាគធំដែលចាញ់បោកក្រុមហ៊ុន ហ្វាទីណា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគាត់បង្ខំចិត្តថតវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមស្នើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ៕








