

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានផ្តន្ទាទោស ពលរដ្ឋសកម្មកិច្ចការងារសង្គម កញ្ញា ហ៊ីម មុំ ឬហែម ស្រីមុំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង បទ«ប្រមាថ» ពាក់ព័ន្ធនឹងការបញ្ចេញមតិ។
នៅមុនពេលមន្ត្រីបញ្ជូនទៅឃុំនៅពន្ធនាគារវិញ ក្រោយពីស្ដាប់ចៅក្រមប្រកាសសាលក្រម កញ្ញា ខែម ស្រីមុំ និយាយថា ការបញ្ចេញមតិបានធ្លាក់ដុនដាប ពីព្រោះ គ្រាន់តែពលរដ្ឋបញ្ចេញមតិយោបល់ ក៏អាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដែរ។
ម្ដាយ កញ្ញា ហ៊ីម មុំ គឺ លោកស្រី ខែម សឿន ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា តុលាការមិនគួរណា កាត់ទោសកូនស្រីលោកស្រី ឱ្យជាប់ពន្ធនាគារ ដល់ទៅ ២ ឆ្នាំ ដោយមិនអាណិតអាសូរពលរដ្ឋតូចតាច ដែលគ្រាន់តែបញ្ចេញមតិ ពីបញ្ហាសង្គមជាតិនោះទេ។ លោកស្រីវ័យចំណាស់ អាយុ ៧៥ឆ្នាំរូបនេះ រស់នៅពឹងជំនួយ កញ្ញា ខែម ស្រីមុំ ដែលជាកូន ហើយលោកស្រីមានប្រសាសន៍អួលដើមក ថា នឹកដល់កូន ដែលមិនបានជួបគ្នាយូរ និង ថែទមទាំងបាត់មុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះទៀត។
លោកស្រី ខែម សឿន៖ «និយាយអត់កើតទេ អ៊ុំអត់ចេះច្បាប់អីទេ។ គ្រាន់តែថា តុលាការសម្រាលទោសឱ្យគ្នា ឱ្យនៅត្រឹម ១ ឆ្នាំអត់ទេ។ [កាត់ទោស] ២ ឆ្នាំ ហើយ ពិន័យលុយ ៤ លានរៀលថែមទៀត។ [លុយ៤ លានរៀល] ឱ្យបងប្អូននៅនេះ រកឱ្យក៏បានដែរ អត់អីទេ តែឱ្យបន្ថយទោសខ្លះទៅ ហើយដាក់គ្នាដល់ទៅ ២ ឆ្នាំ គិតមើល ម៉ែនៅនេះ ក៏ចាស់ ហើយដាក់ម្លឹងៗ ងាប់ហើយតុលាការអត់មានអាណិតអ្នកដែលនៅនេះ ក្រីក្រសោះ តុលាការមិនដឹងយ៉ាងម៉េចទេ។ អ៊ុំនិយាយអត់ទេ»។
សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីខែឧសភា បានចាប់ខ្លួនកញ្ញា ខែម ស្រីមុំ នៅ បន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពី កញ្ញាបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងរឿងព្រំដែន និង អំពើអយុត្តិធម៌សង្គម នៅលើហ្វេសប៊ុករបស់កញ្ញា។
ក្រៅពីកញ្ញា ខែម ស្រីមុំ កាលពីខែមេសា ព្រះសង្ឃ ព្រះនាម ជា វុទ្ធី ដែលជាអ្នកសារព័ត៌មានពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដូចគ្នានឹងកញ្ញា ខែម ស្រីមុំ ដែរ បន្ទាប់ពីព្រះអង្គបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជា-ថៃ និង បញ្ហាសជនភៀសសឹក នៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ៕









