សង្គមស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​ពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរថៃបន្តចាប់ខ្លួនជាបន្តបន្ទាប់

0
56
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ

មន្ត្រីការពារសិទ្ធិពលករនៃអង្គការសង់ត្រាល់ បារម្ភពីសុវត្ថិភាពពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរថៃរឹតបន្តឹងច្បាប់ និងបង្កើនការ ចាប់ខ្លួនពលករជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី៦ តុលា កន្លងទៅ មានពលករខ្មែរជាង៤០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅកន្លែងផ្សេងៗគ្នា។

មួយរយៈចុងក្រោយនេះ ពលករខ្មែរជាច្រើនត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ ជាច្រើនលើកច្រើនសារ ដោយសារអាជ្ញាធរថៃ ចោទពួកគាត់ថា រស់នៅខុសច្បាប់។

ជាក់ស្តែងកាលពីថ្ងៃទី៦ ខែតុលា អាជ្ញាធរថៃ និងក្រុមល្បាតនៃកងកម្លាំងបូរ៉ាផា បានចុះត្រួតពិនិត្យតាមបន្ទប់ជួល ដើម្បីស្វែងរកក្រុមជនអន្តោប្រវេសន៍ ដែលស្នាក់នៅ ព្រមទាំងធ្វើអាជីវកម្មខុសច្បាប់ក្នុងប្រទេសថៃ ស្ថិតនៅតំបន់ផ្សាររ៉ុងក្លឿ និងតំបន់ផ្ទះជួលក្នុងស្រុកអារញ្ញ (Aranyaprathet) ខេត្តស្រះកែវ (Sa Kaeo Province)។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរថៃ បានឃាត់ខ្លួនមនុស្សចំនួន២៦នាក់ ជាជនជាតិខ្មែរ ក្នុងនោះមានប្រុស ១៧​នាក់ ស្ត្រី ២នាក់ ក្មេងប្រុស ៥នាក់ និងក្មេងស្រី ២នាក់ ហើយបានចោទប្រកាន់ពួកគេពីបទ«ចូល និងស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាត»។

បច្ចុប្បន្ន អាជ្ញាធរថៃ​បានបញ្ជូនពលករខ្មែរទាំងនោះ ប្រគល់ឲ្យប៉ុស្តិ៍នគរបាលខ្លងលឹក និងបានឃុំខ្លួនពួកគេ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ថែមទៀត។

ក្រៅពីនេះ កាលពីថ្ងៃទី៦ តុលា ដែរ  អាជ្ញាធរថៃបានចាប់ខ្លួនមនុស្ស១៤នាក់ ជាជនជាតិខ្មែរ ក្នុងនោះ១២នាក់ ជាបុរស ត្រូវកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងកងកម្លាំងម៉ារីន របស់ថៃចាប់ខ្លួនបាន អំឡុងពេលចុះឆែកឆេរ ត្រួតពិនិត្យផ្សារខ្លងពុង ស្ថិតនៅជាយដែនក្នុងស្រុកពង់ណាមរ៉ន (Pong Nam Ron District) ខេត្តចន្ទបុរី (Chanthaburi Province)។ អាជ្ញាធរថៃអះអាងថា ពួកគេមិនអាចបង្ហាញលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរបានទេ។

ចំណែក ២នាក់ទៀត អាជ្ញាធរថៃបានចាប់ខ្លួនពួកគេអំឡុងពេលចុះល្បាតតាមព្រំដែន និងបានប្រទះឃើញមនុស្សគួរឱ្យសង្ស័យចំនួនបីនាក់ នៅជិតប្រឡាយខ្លងយ៉ៃ (Khlong Yai Canal) តំបន់ខ្លងយ៉ៃ (Khlong Yai Subdistrict) ស្រុកពង់ណាំរ៉ុន (Pong Nam Ron) ខេត្តចន្ទបុរី (Chanthaburi)។ ម្នាក់ក្នុងចំណោមមនុស្សទាំង៣នាក់ បានរត់គេចខ្លួនឆ្លងកាត់ប្រឡាយចូលទៅក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃសង្ស័យថា ជាអ្នកសម្របសម្រួល ឬមេខ្យល់។ រីឯ មនុស្ស២នាក់ទៀត ក្នុងនោះម្នាក់ជាបុរស និងម្នាក់ទៀតជាស្រី អាជ្ញាធរថៃអះអាងថា ពួកគេមិនអាចបង្ហាញលិខិតឆ្លងដែនបានទេ។

តាមការសាកសួររបស់អាជ្ញាធរថៃ អ្នកទាំង២ សារភាពថា ពួកគេបានជួលមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ឱ្យជួយនាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ បំណងទៅធ្វើការ ដោយបានបង់ប្រាក់ថ្លៃសេវាចំនួន ៨ពាន់បាត ឬស្មើនឹង ជាង២៦០ ដុល្លារ។

បច្ចុប្បន្ន មនុស្សទាំង ១៤នាក់នោះ ត្រូវបានអាជ្ញាធរថៃ ឃុំខ្លួន ដោយចោទប្រកាន់ដូចៗគ្នា ពីបទ «ចូល និងស្នាក់នៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាត» និងបានប្រគល់ឱ្យមន្ត្រីស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលពុងណាមរ៉ន និងការិយាល័យអន្តោប្រវេសន៍ខេត្តចន្ទបុរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ការចាប់ខ្លួននេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃបានរឹតបន្តឹងច្បាប់មួយចំនួនលើ​ជនអន្តោរប្រវេសដែលរស់នៅដោយខុសច្បាប់ក្នុងប្រទេសថៃ។ អាជ្ញាធរទាំងនោះ បានចុះទៅត្រួតពិនិត្យនៅតាមទីតាំងជាច្រើន ដូចជា នៅតាមផ្សារ ទីសាធារណៈ កន្លែងស្នាក់នៅ  និងកន្លែងលក់ដូរផ្សេងទៀត ដើម្បីស្វែងរកពលករដែលធ្វើការ និងស្នាក់នៅខុសច្បាប់​ក្នុង​ប្រទេសថៃ។

មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ពលករដែលអាជ្ញាធរថៃចាប់ខ្លួនកាលពីពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយ។ លោកថា តាមច្បាប់អន្តោប្រវេសន៍ អ្នកដែលចូលទៅរស់នៅដោយខុសច្បាប់ក្នុងប្រទេសថៃ ត្រូវមានទោសជាប់ពន្ធនាគារចាប់ពី៤៥ថ្ងៃឡើងទៅ តាមស្ថានទម្ងន់ទោសរបស់ពួកគេ។តាមការស្រាវជ្រាវរបស់លោក ពលករខ្មែរដែលបន្តឆ្លងដែនចូលប្រទេសថៃកាន់តែច្រើននាពេលចុងក្រោយនេះ ដោយសារការងារនៅក្នុងស្រុកទទួលបានប្រាក់ខែទាបពេក ជាហេតុមិនអាចឲ្យពួកគេទប់ទល់ការចំណាយលើជីវភាពប្រចាំថ្ងៃបាន ដូចជា ការចាយវាយ ផ្គត់ផ្គង់គ្រួសារ និងជាពិសេសបញ្ហាបំណុល ដែលមិនអាចដោះស្រាយរួច។ លោកថា កត្តាដែលជំរុញឲ្យពួកគេឆ្លងដែនចូលប្រទេសថៃ ព្រោះពួកគេដឹងថា ធ្វើការនៅប្រទេសថៃ អាចទទួលបានប្រាក់ខែខ្ពស់ មានលទ្ធភាពផ្តល់ថវិកាជួយគ្រួសារ និងដោះបំណុលធនាគារបាន។ លោកថា ភាគច្រើននៃពលករទាំងនេះ គឺមិនចង់ត្រឡប់ទៅកម្ពុជាវិញឡើយ ដោយសារមើលឃើញពីភាពខុសគ្នាខ្លាំងនៃចំណូល និងលក្ខខណ្ឌការងារ។

លោក ទទូចឲ្យរដ្ឋាភិបាល គួរផ្តល់លក្ខខណ្ឌការងារ ដែលសមស្រប និងដំឡើងប្រាក់ខែជូនកម្មករ ឬពលរដ្ឋខ្មែរឲ្យបានខ្ពស់ សមរម្យជាងនេះ ដូចប្រទេសជិតខាង ដើម្បីឲ្យពលរដ្ឋខ្មែរអាចរស់នៅបានប្រសើរ និងកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស។

លោក លឹង សុផុន៖ «ថ្មីៗហ្នឹងអាជ្ញាធរថៃហ្នឹងបានចាប់អឺសឹងតែជារៀងរាល់ថ្ងៃ សម្រាប់បងប្អូនខ្មែរយើងណា។ ពាក់កណ្តាលខែ ៩ អឺច្រើន អឺសឹងដូចថា មួយសប្តាហ៍បញ្ជូនមកម្តងៗចឹង ហើយម្តងៗហ្នឹងសឹងដូចថា ១០០ នាក់ ៩០ នាក់ជាងអីចឹង ហីអឺ ហើយឃើញថា ចំនួនហ្នឹងដូចច្រើន បាទ! ហើយដែលចំនួនមិនធ្លាប់មានកន្លងមកណា។ អញ្ចឹងហើយអ្នកដែលអាជ្ញាធរបញ្ជូនមកហ្នឹង គឺសុទ្ធតែអ្នកដែលអាចបានអនុវត្តទោសរួចកន្លងមកហើយ សម្រាប់ពួកគាត់ណា។ អញ្ចឹងមិនត្រឹមតែពីដើមឆ្នាំ ២០២៦ មក យើងឃើញថា នៅក្នុងខែ ៩ និងដើមខែ ១០ ហ្នឹង ឃើញថា បញ្ជូនមកច្រើនមែនទែនសម្រាប់ពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃណា ដែលបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញចឹង បាទ!»

តាមមន្ត្រីសង់ត្រាល់ឲ្យដឹងថា ចាប់ពីខែមករា ដល់ដើមខែតុលានេះ ពលករខ្មែរជិត ២ពាន់ (១ ៧៨៧)នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមានស្រី ៣៣៣នាក់ កុមារ ៥៨នាក់ និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញជិត៦រយនាក់ (៥៩៧នាក់) ហើយមួយចំនួនកំពុងរងហានិភ័យពីសុវត្ថិភាពដោយសារលិខិតឆ្លងដែនជិតផុតកំណត់ និងមិនមានដំណឹងណាមួយពីខាងភាគីរដ្ឋាភិបាលថៃក្នុងការបន្តសុពលភាពលិខិតការងារជូនពួកគេឡើយ។

ក្រោយថៃបើកការឈ្លានពានកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឲ្យពលរដ្ឋខ្មែរជាង ៩០ម៉ឺននាក់ (៩០០,០០០ ) ត្រូវបានបង្ខំចិត្តបោះបង់ការងារដែលមានប្រាក់​ចំណូលខ្ពស់​នៅប្រទេស​ថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញកាលពីចុងខែធ្នូ ឆ្នាំ២០២៥។

ក្រោយ​មក​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានចាត់វិធានការច្រើនចំណុច ក្នុងការរៀបចំកម្មវិធីបង្កើនឱកាសការងារ ដល់ពលករខ្មែរ​ដែល​ត្រឡប់​មកវិញជាង ៦០ម៉ឺននាក់ (៦០០,០០០) ឲ្យមានការងារធ្វើនៅក្នុងស្រុក។

ប៉ុន្តែ ពលករ​ភាគច្រើនបានវិលត្រឡប់ទៅប្រទេសថៃវិញ ដោយលួចឆ្លងដែនខុសច្បាប់ទាំង​ប្រថុយប្រថាន ដោយសារពួកគេ មិនអាចរកចំណូលក្នុងស្រុកបានខ្ពស់ និង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការរស់នៅដោយសមរម្យ និងថ្លៃថ្នូរឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ