លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល​គិតគូរ​ពង្រឹង​គុណភាព និង​វិជ្ជាជីវៈ​គ្រូពេទ្យ

0
70
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចែកសញ្ញាប័ត្រដល់សិស្សនិស្សិត ក្នុង​ពិធី​អបអរសាទរ​ខួប ៨០ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ពោធ​អគារ​សិក្សា​ថ្មី​ចំនួន ២ខ្នង នៅ​ថ្ងៃ​ទី០៧ ខែតុលា ឆ្នាំ២០២៦។ រូប៖ ក្រសួងសុខាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចែកសញ្ញាប័ត្រដល់សិស្សនិស្សិត ក្នុង​ពិធី​អបអរសាទរ​ខួប ៨០ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ពោធ​អគារ​សិក្សា​ថ្មី​ចំនួន ២ខ្នង នៅ​ថ្ងៃ​ទី០៧ ខែតុលា ឆ្នាំ២០២៦។ រូប៖ ក្រសួងសុខាភិបាល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​ចំណេះ​ជំនាញ និង​វិជ្ជាជីវៈ​វេជ្ជបណ្ឌិត ដើម្បី​ធានា​ថា គ្រូពេទ្យ​នីមួយៗ​មាន​សមត្ថភាព និង​ស្តង់ដារ​វិជ្ជាជីវៈ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ការ​ព្យាបាល​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​ជំងឺ។ ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​សុខាភិបាល និង​អ្នកឃ្លាំមើល​លើកឡើង​ថា ករណី​បុគ្គល​មួយ​ចំនួន​អាច​ក្លែងបន្លំ ឬ​ប្រើប្រាស់​សញ្ញាប័ត្រ​ក្លែងក្លាយ ដើម្បី​ប្រកប​វិជ្ជាជីវៈ​បើក​គ្លីនិក ឬ​ឱសថ​ស្ថាន ដោយ​គ្មាន​ជំនាញ​វេជ្ជសាស្ត្រ​ពិតប្រាកដ គឺ​ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ និង​កត្តា​ដឹកនាំ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​អសមត្ថភាព។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ថា និស្សិត ឬ​គ្រូពេទ្យ​ដែល​រៀន ដើម្បី​ទទួល​បាន​សញ្ញាបត្រ ដើម្បី​បើក​ឱសថ​ស្ថាន​ទទួល​បាន​ចំណូល ប៉ុន្តែ​គ្មាន​វិជ្ជាជីវៈ និង​ជំនាញ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់ គឺ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ជំងឺ និង​សង្គម​ជាតិ​ទាំង​មូល។

លោក ហ៊ុន ម៉ាណែត ក៏​ព្រមាន​ដល់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ត្រូវ​ចេញ​សញ្ញាបត្រ ឬ​អនុញ្ញាត​ឱ្យ​និស្សិត​ពេទ្យ​ចូល​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ឬ​បើក​គ្លីនិក​ទទួល​ព្យាបាល​អ្នក​ជំងឺ​ឡើយ ប្រសិនបើ​ពួកគេ​មិន​ទាន់​ទទួល​បាន​ការ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់។

ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ដល់​ការ​គាំពារ ផ្ដល់​ការ​អប់រំ និង​វគ្គ​បណ្ដុះបណ្ដាល ប្រកប​ដោយ​ស្តង់ដារ និង​ជំនាញ​ពិតប្រាកដ​ដល់​និស្សិត​ពេទ្យ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​អាច​ផ្ដល់​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប ៨០ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ពោធ​អគារ​សិក្សា​ថ្មី​ចំនួន ២ខ្នង នៅ​ថ្ងៃ​ទី០៧ ខែតុលា។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​បាន​ខ្ញុំ​សូម​ថា ពេទ្យ​រៀន​កុំ​ឱ្យ​តែ​ចប់ ឱ្យ​ចេះ! កុំ​រៀន​បាន​តែ​សញ្ញាបត្រ ដើម្បី​យក​ទៅ​បើក​គ្លីនិក​បាន​ចំណូល អត់​ទេ ត្រូវ​តែ​ចេះ វ៉ៃ​ថ្នាំ​ឱ្យ​គេ​ឱ្យ​ច្បាស់! ព្រោះ​ខ្ញុំ​ឈឺ ខ្ញុំ​ទៅ​រក​ពេទ្យ ប៉ុន្តែ​បើ​ពេទ្យ​វ៉ៃ​ថ្នាំ​ឱ្យ​ខ្ញុំ​អត់​ច្បាស់ ខ្ញុំ​មាន​ជឿ​ពី​ណា​ទៀត ខ្ញុំ​ជឿ​តែ​ពេទ្យ។ កន្លែង​ខ្លះ​ចង់​ឱ្យ​ឆាប់​​បាត់​ជា​ពេក ស្រាប់​តែ​វ៉ៃ​អា​ខ្លាំង អា​ហ្នឹង​សូម​ឱ្យ​ប្រយ័ត្ន»។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ជឿជាក់​ថា ករណី​គ្រូពេទ្យ​ដែល​ខ្វះ​ជំនាញ​ពិតប្រាកដ ប៉ុន្តែ​បើក​គ្លីនិក​ទទួល​ព្យាបាល​អ្នក​ជំងឺ និង​គ្រូ​ពេទ្យ​មួយ​ចំនួន​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ រើសអើង​អ្នក​ជំងឺ​ក្រីក្រ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​រូប​នេះ​សង្កត់​ធ្ងន់​ថា ការ​ប្រកប​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ មិនមែន​គ្រាន់​តែ​រៀន​សូត្រ​ចំណេះ​ជំនាញ និង​ទទួល​សញ្ញាបត្រ​ពី​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តម្រូវ​ឱ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​បន្ត​ដុស​ខាត​សមត្ថភាព បន្ត​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ​ដឹង​ជា​ប្រចាំ ជាពិសេស​ពាក់ព័ន្ធ​នឹង​ជំងឺ និង​មេរោគ​ថ្មីៗ ដើម្បី​ធានា​ថា អាច​ជួយ​សង្គ្រោះ និង​ព្យាបាល​អ្នក​ជំងឺ​គ្រប់​ស្រទាប់​វណ្ណៈ ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព។

លោក អ៊ូច វុទ្ធី៖ «ការណ៍​ដែល​ព្យាបាល​អ្នក​ជំងឺ យើង​ត្រូវ​តែ​យក​ចំណេះ​ជំនាញ​របស់​យើង​ពិត​ប្រាកដ ទើប​អាច​ព្យាបាល​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យ​គាត់​ផុត​ពី​មច្ចុរាជ ផុត​ពី​ការ​ស្លាប់។ ហើយ​មួយ​ទៀត ក្នុង​នាម​ជា​គ្រូពេទ្យ ប្រជាពលរដ្ឋ​ទាំង​អស់ ទាំង​អ្នក​មាន អ្នកក្រ អ្នក​កំព្រា អ្នក​ពិការ ខ្ញុំ​តែងតែ​លើក​ជានិច្ច ជា​ជីវិត​មួយ​ដូច​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​គិត​ថា សាសន៍​នេះ សាសន៍​នោះ​ទេ ចំពោះ​ពេទ្យ​ទាំង​អស់​ដូច​គ្នា។ អ្នក​ក្រ​ក៏​មាន​សិទ្ធិ​រស់​ដូច​អ្នក​មាន​ដែរ អត់​មាន​ថា គាត់​ក្រ ចូល​មក​ដល់ ហើយ​យើង យើង​ដេញ​គាត់​ចេញ យើង​អត់​មើល​គាត់ យើង​បណ្ដែតបណ្ដោយ​ឱ្យ​គាត់​ដង្ហើម​ចុងក្រោយ កន្លែង​ហ្នឹង​ហើយ យើង​ខុស​នូវ​វិជ្ជាជីវៈ​របស់​យើង»។

ទាក់ទង​នឹង​បញ្ហា​លោក ហ៊ុន ម៉ាណែត និយាយ​ថា រៀន​ពេទ្យ កុំ​រៀន​ឲ្យ​តែ​បាន​សញ្ញាបត្រ ឬ​រៀន​ចប់ ដើម្បី​ទៅ​បើក​គ្លីនិក​ទាំង​គ្មាន​ចំណេះ​ពិតប្រាកដ​នេះ​ដែរ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា នាយករដ្ឋមន្ត្រី ខុស​ពី​គ្រូ​ជោគជ័យ។ លោក យល់​ថា គួរ​តែ​ចាត់​វិធានការ​ច្បាប់​ចំពោះ​សាលារៀន​ទាំង​ឡាយ ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ប្រឡង​ជាប់​ដោយ​គ្មាន​ចំណេះ​ដឹង​ពិតប្រាកដ។

ទាក់ទង​នឹង​បញ្ហា​គ្រូ​ពេទ្យ​ដែល​ខ្វះ​ជំនាញ​វិជ្ជាជីវៈ​នេះ កាល​ពី​ចុង​ឆ្នាំ២០២៤ កន្លង​ទៅ ម្ចាស់​គ្លីនិក មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុង ហាក់ ម៉ារីណា ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចាក់​ថ្នាំ​បណ្ដាល​ឱ្យ​ស្ត្រី​វ័យ ៤១ឆ្នាំ​ម្នាក់​មាន​ប្រតិកម្ម​ធ្ងន់​រហូត​បាត់បង់​ជីវិត។

ក្រោយ​កើត​ហេតុ ទើប​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ម្ចាស់​គ្លីនិក សុង ហាក់ ម៉ារីណា បាន​បើក​អាជីវកម្ម​ឱសថ​ស្ថាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ជាមួយ​គ្នា​នេះ កន្លង​មក​ក៏​មាន​ករណី​ម្ចាស់​គ្លីនិក​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​រិះគន់​ថា បាន​ព្យាបាល​អ្នក​មាន​ជំងឺ​ឈឺ​ស្រាលៗ រហូត​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​អ្នក​ជំងឺ​ខ្លះ​ថែម​ទាំង​ធ្លាក់​ខ្លួន​ពិការ ឬ​បាត់បង់​ជីវិត​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ (CITA) លោក រ៉ុង ឈុន យល់​ថា គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ ហើយ​អាច​ក្លែងបន្លំ​សញ្ញាបត្រ ដើម្បី​បើក​គ្លីនិក​ប្រកប​អាជីវកម្ម​ដោយ​ខុស​ច្បាប់ គឺ​បណ្ដាល​មក​ពី​បញ្ហា​អំពើ​ពុករលួយ។ លោក​បន្ត ថា រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ មិនមែន​ត្រឹមតែ​ចេញ​សារ​អំពាវនាវ​ទេ ព្រោះ​លោក​ថា គ្រូពេទ្យ​ប្រៀប​បី​ដូចជា​អាវុធ​មុខ​ពីរ ហើយ​ក៏​អាច​ក្លាយ​ជា​ឃាតក​បាន​ដែរ ប្រសិនបើ​មិន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ពិតប្រាកដ។

ចំណែក​គុណភាព​ប្រព័ន្ធ​សុខាភិបាល និង​ក្រមសីលធម៌​របស់​ក្រុម​គ្រូពេទ្យ​វិញ លោក រ៉ុង ឈុន វាយ​តម្លៃ​ថា នៅ​មាន​កម្រិត និង​គុណភាព​ទាប​នៅ​ឡើយ ដោយសារ​តែ​គ្រូពេទ្យ​មួយ​ចំនួន​គ្មាន​សីលធម៌ និង​នៅ​តែ​រើសអើង​លើ​អ្នក​ជំងឺ​ក្រីក្រ​មក​ពី​ជនបទ។

លោក រ៉ុង ឈុន៖ «គ្រូពេទ្យ​យើង​មួយ​ចំនួន​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​នានា​ហ្នឹង និយាយ​អំពី​សុជីវធម៌ សីលធម៌ គឺ​នៅ​មាន​កម្រិត។ ត្រង់​ចំណុច​ហ្នឹង ក៏​ត្រូវ​ពង្រឹង យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជំងឺ កុំ​ឱ្យ​មាន​ការ​រើសអើង ទោះ​បី​គាត់​មក​ពី​ស្រែ ពី​ស្រុក ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ត្រូវ​តែ​មក​ដល់ ត្រូវ​តែ​ទទួល​រាក់ទាក់ យក​ចិត្ត​ទុក​ដាក់ កុំ​សម្លឹង​មើល​ឃើញ​តែ​លុយ អា​ហ្នឹង​ក៏​ជា​ចំណោទ​បញ្ហា​នៅ​ក្នុង​មណ្ឌលសុខភាព ក៏​ដូចជា​មន្ទីរ​ពេទ្យ​ដែរ»។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឪ​កូន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជាង ៤០ឆ្នាំ រង​ការ​រិះគន់​ថា បរាជ័យ​ក្នុង​ការ​ពង្រឹង និង​កែ​លម្អ​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​គុណភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ទូទៅ​ទទួល​សេវា​ព្យាបាល​ទទួល​បាន​ភាព​កក់ក្ដៅ​ឡើយ។ ជានិច្ចកាល​ក្រុម​គ្រួសារ​របស់​ត្រកូល ហ៊ុន និង​បក្ខពួក​ដែល​ជា​មន្ត្រី​គ្រាក់ៗ​ក៏​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែរ ហើយ​ជា​រឿយៗ​ពួកគេ​តែងតែ​នាំ​គ្នា​វេច​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ