

ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការអះអាងសាជាថ្មីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ជុំវិញបញ្ហាតៃវ៉ាន់ មិនមែនជាការសម្រេចចិត្តដ៏ឆ្លាតវៃនោះទេ ពីព្រោះកម្ពុជាត្រូវប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ រវាងប្រទេសទាំងអស់ក្នុងទំនាក់ទំនងការទូតអន្តរជាតិ។
អ្នកអត្ថាធិប្បាយបញ្ហានយោបាយ លោក គឹម សុខ បានលើកឡើងថា កម្ពុជា មិនចាំបាច់និយាយ ដដែលៗរឿងគោលនយោបាយចិនតែមួយនោះទេ ពីព្រោះកម្ពុជាត្រូវប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ ដែលមានន័យថា កម្ពុជាមិននៅខាងណាមួយ គឺមិននៅខាងជប៉ុន មិននៅខាងអាមេរិក ប៉ុន្តែត្រូវធ្វើនយោបាយ ការបរទេសដោយមានតុល្យភាពរវាងប្រទេសទាំងអស់ក្នុងទំនាក់ទំនងការទូតអន្តរជាតិ និងយោធាទើបឆ្លាតវៃ។
លោក គឹម សុខ អះអាងថា ការប្រកាសបែបនេះគ្រាន់តែជានយោបាយក្រុមគ្រួសារត្រកូលហ៊ុន ដែលមិនអាចដើរចេញអំពីកិច្ចសន្យាជាមួយចិន ដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ពុំមាននយោបាយការទូតលេចធ្លោនៅលើឆាកអន្តរជាតិ ក្រៅតែអំពីពឹងមិត្តចិនឲ្យជួយ។ លោកថា ម្យ៉ាងទៀតរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ត្រូវតោងចិនដើម្បីសម្របសម្រួលរឿងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីទប់ទល់ទៅនឹងយុទ្ធនាការរបស់អាមេរិកដែលកំពុងប្រឆាំងនឹងគោលនយោបាយប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លោក គឹម សុខ៖ «ហើយទណ្ឌកម្មយើងឃើញធ្លាក់មកជារឿយៗលើប្រទេសកម្ពុជានៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ហេតុដូច្នេះការដែលបង្ហាញជំហរនយោបាយថា គាំទ្រនយោបាយចិនតែមួយ វាគ្រាន់តែជាបង្អែមរបស់ក្រុមគ្រួសារហ៊ុន ដែលបញ្ជាក់ថា ខ្លួនមិនអាចគេចផុតអំពីកិច្ចសន្យាដែលត្រូវធ្វើការជាមួយចិន ពឹងចិនលើគោលនយោបាយការបរទេស ហើយនិងការថែរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ»។
ការលើកឡើងរបស់លោក គឹម សុខ នេះ គឺបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ដែលបានចេញផ្សាយកាលនៅថ្ងៃទី២៦ ខែវិច្ឆិកា បានឲ្យដឹងថា ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្ដីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។
ក្រសួងការបរទេសកម្ពុជា ក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖ «កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់បាននៃទឹកដីរបស់ប្រទេសចិន»។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជុំវិញ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាលើកកម្ពស់កំរិតទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែខ្ពស់ថែមទៀត។
រីឯអ្នកស្រាវជ្រាវនៃ វិទ្យាស្ថានកម្ពុជា សម្រាប់កិច្ច សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុណ្ណា បានបង្ហោះសារនៅលើហ្វេសប៊ុកថា ដោយសារភាពតានតឹងដែលកំពុងកើតមានរវាងចិន និងជប៉ុន ដែលទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ជុំវិញបញ្ហាតៃវ៉ាន់ ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានេះហាក់ដូចជា មិនមែនជាការសម្រេចចិត្តដ៏ឆ្លាតវៃនោះទេ។ លោកថា កម្ពុជាគួរប្រើការទូតស្ងាត់ៗលើបញ្ហានេះ ដែលមិនអាចធ្វើឱ្យភាគីណាមួយខកចិត្តឡើយ។
បន្ថែមពីនេះ អ្នកឃ្លាំមើល យល់ថា ក្នុងពេលប្រទេសកម្ពុជា រងការឈ្លានពានពីប្រទេសថៃនេះ មេដឹកនាំកម្ពុជា គួរតែប្រកាន់គោលនយោបាយការបរទេសអព្យាក្រឹត្យ ដើម្បីទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងកាទូតពីប្រទេសលោកសេរី៕









