

អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាគ្មានជំហរច្បាស់លាស់ ក្នុងការយកសំណុំរឿង ទាហានថៃ បាញ់សម្លាប់ជនស៊ីវិល រំលោភបំពានផ្លូវភេទលើនារីខ្មែរ និងករណីទាហានថៃឈ្លានពានទឹកដី យកទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិICC នោះទេ។ ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសបានធ្វើបទបង្ហាញប្រាប់អង្គទូតអន្តរជាតិ ជុំវិញទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងបញ្ហាភាគីថៃចោទកម្ពុជារឿងដាក់មីនថ្មី ហើយ ជាមួយគ្នានោះ ក្រសួងពុំបានបង្ហាញថា នឹងប្ដឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឡើយ។
អ្នកតាមដានស្ថានការណ៍កម្ពុជាសង្កេតឃើញថា រដ្ឋាភិបាលដឹកនាំដោយត្រកូល«ហ៊ុន» ហាក់ពុំបានអើពើ និងពន្លឿនការប្ដឹងភាគីថៃ ទៅស្ថាប័នអន្តរជាតិ ជុំវិញអំពើរំលោភបំពានរបស់ហានថៃ មកលើទឹកដីកម្ពុជា និងការបាញ់សម្លាប់ពលរដ្ឋខ្មែរនោះឡើយ។
អ្នកច្បាប់ និងអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី២៧ ខែវិច្ឆិកា ថា លោកសោកស្ដាយ ដែលអាជ្ញាធរកម្ពុជា គ្មានវិធានការច្បាស់លាស់ប្រឆាំងអំពើរំលោភបំពានរបស់ទាហានថៃ ចំពោះពលរដ្ឋខ្មែរ និងប្រទេសជាតិ។ លោកថា ការថ្លែងរបស់ក្រសួងការបរទេសកម្ពុជាប្រាប់អង្គទូត ជុំវិញទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យនោះ គឺមិនមានន័យសម្រាប់ពលរដ្ឋរងគ្រោះទេ ព្រោះថានេះពុំមែនជាបណ្ដឹង ប្ដឹងទៅភាគីថៃ ឱ្យទទួលខុសត្រូវនោះទេ។
លោក វ៉ន ចាន់ឡូត៖ «ភាគីថៃដែលជាអ្នកប្រព្រឹត្តអំពើឃោរឃៅ ឧក្រិដ្ឋមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ជារឿងមួយហើយ។ ប៉ុន្តែអ្នកដែលមានលទ្ធភាព និងមានមធ្យោបាយក្នុងការឆ្លើយតប ដើម្បីទប់ស្កាត់ រារាំងអំពើអយុត្តិធម៌នេះ ហើយបែរជានៅស្ងៀម ទៅទៀតនោះ ក៏ជាអ្នករួមចំណែកក្នុងការបង្កើតឱ្យមាននូវអំពើអយុត្តិធម៌ ចំពោះប្រជាពលរដ្ឋ ចំពោះប្រទេសជាតិ ខ្លួនផងដែរ»។
ការលើកឡើងបែបនេះ គឺក្រោយពីរដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកស្រី អ៊ាត សោភា កាលពីថ្ងៃទី២៥ វិច្ឆិកា បានធ្វើបទបង្ហាញប្រាប់ដល់ អង្គទូតអន្តរជាតិ ប្រចាំនៅភ្នំពេញថា កាលថ្ងៃទី១២ ខែវិច្ឆិកាថា ទាហានថៃ បានបាញ់ប្រហារ មកលើ ជនស៊ីវិលកម្ពុជា បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។ រីឯទាហានកម្ពុជា ពុំបានបាញ់តបទាហានថៃ វិញនោះទេ។
អ្នកស្រី អ៊ាត សោភា បញ្ជាក់ថា កម្ពុជានៅតែប្ដេជ្ញាចិត្ត អនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ និង សេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ អ្នកស្រីក៏បានបដិសេធ ចំពោះការចោទប្រកាន់ របស់ភាគីថៃ មកលើកម្ពុជាថា បានដាក់មីនថ្មី ដើម្បីយកលេសផ្អាកការអនុវត្តសេចក្ដីប្រកាសរួមទីក្រុងកូឡាឡាំពួរ បន្ទាប់ពីទាហានថៃ ជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា ក្នុងពេលដែលពួកគេចូលទៅតំបន់ចម្ការមីនចាស់ក្នុងដែនដីកម្ពុជា។
ទោះជាយ៉ាងណា អ្នកស្រី អ៊ាត សោភា ពុំបានបង្ហាញថា តើរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តក្នុងការប្ដឹងករណីរំលោភបំពានទាំងនេះទៅកាន់តុលាការអន្តរជាតិ ឬក៏អត់នោះទេ។ បញ្ហានេះធ្វើឱ្យអ្នកឃ្លាំមើល រិះគន់ថា រដ្ឋាភិបាល ពុំមានឆន្ទៈពិតប្រាកដ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលកំពុងបាត់បង់ ដីធ្លី ផ្ទះសម្បែង រងការបាញ់សម្លាប់ និងការរំលោភបំពានផ្លូវភេទនោះឡើយ។

ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
ទាក់ទងរឿងការរកយុត្តិធម៌ជូនពលរដ្ឋខ្មែរនេះ អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងថា ភាគីកម្ពុជាពុំហ៊ានប្ដឹង ភាគីថៃនោះទេ ព្រោះ ខ្លាចការផ្ទុះសង្គ្រាមសាជាថ្មីរវាងប្រទេសទាំងពីរ ដូច្នេះ លោកថា កម្ពុជាមានតែបន្តរក្សាភាពអត់ធ្មត់ តាមរយៈការចរចាទ្វេភាគី។ លោកថា បើរដ្ឋាភិបាល ដោះស្រាយរបៀបនេះ ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី នោះរដ្ឋាភិបាលនឹងរងការរិះគន់ខ្លាំងពីសំណាក់ពលរដ្ឋ។ លោកបន្ថែមថា ប្រសិនបើកម្ពុជាចង់ស្វែងរកយុត្តិធម៌ពិតប្រាកដ ចំពោះ ជនរងគ្រោះ រដ្ឋាភិបាលកម្ពុជាគួរប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីឱ្យធ្វើជួយជាអាជ្ញាកណ្ដាល។
បណ្ឌិត មាស នី៖ «អ្វីដែលខ្ញុំចង់ឃើញ ចង់ឮ បើរដ្ឋាភិបាលយកជម្រើសណាមួយ រដ្ឋាភិបាលត្រូវតែពន្យល់ឱ្យបានច្បាស់មកដល់ពលរដ្ឋជាទូទៅថា បើយើងរង់ចាំការជជែករឿងព្រំដែន។ តើអ្វីខ្លះដែល យើងអាចដោះស្រាយបាន ហើយបើយើង មិនទៅប្ដឹងទៅICJ តើវាដោយសារហេតុអីខ្លះ គួរតែមានការទំនាក់ទំនងជាប្រចាំ ដើម្បីឱ្យពលរដ្ឋបានយល់»។
អ្នកឃ្លាំមើលលើកឡើងថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ជាង៤ខែ មកនេះ រដ្ឋាភិបាល មិនត្រឹមតែ មិនបានប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ ប៉ុន្តែរដ្ឋាភិបាល ហាក់បង្ហាញការដឹកនាំ ផ្ដាច់ការ គំរាមកំហែង ចាប់ពលរដ្ឋដាក់គុក ប្រសិនបើហ៊ានរិះគន់បញ្ហាព្រំដែន។ ករណីនេះត្រូវបានគេរិះគន់ថា លោក ហ៊ុន ម៉ាណែត ហាក់ខ្លាចបាត់បង់អំណាច ជាជាង ខ្លាចបាត់បង់ទឹកដី។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលត្រូវគិតប្រយោជន៍ជាតិជាធំ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលមានមតិផ្ទុយ ព្រោះថា ការធ្វើបែបនេះ ពុំផ្ដល់ផលចំណេញអ្វី ដល់ជាតិនោះឡើយ៕









