លោក ស សុខា ជំរុញ​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​ទទួលខុសត្រូវ បន្ទាប់​ពី​រក​ឃើញ​ឈ្មោះ​មន្ត្រី​នគរបាល​ស្ទួន​ជាង​ពីរ​ពាន់​នាក់

0
155
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុក​ស សុខា
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុក​ស សុខា

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញឱ្យមានការស៊ើបអង្កេតរកមូលហេតុ និងអ្នក​ទទួល​ខុស​ត្រូវ ដើម្បីបញ្ចប់បញ្ហាមន្ត្រីខ្មោចចេញពីឫសគល់ បន្ទាប់ពីការធ្វើជំរឿនមន្ត្រីនគរបាលជាតិ​បានរកឃើញទិន្នន័យឈ្មោះស្ទួន ឬ «មន្ត្រីខ្មោច» ចំនួនជាង ២.២០០នាក់។

ថ្លែងក្នុងពិធីបើកយុទ្ធនាការជំរឿនមន្ត្រីនគរបាលជាតិនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែ​វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចាត់ទុកចំនួនឈ្មោះស្ទួនជាង ២.២០០នាក់នេះថា មានចំនួនច្រើន និងពិបាកទទួលយក។ លោក​ថា ការ​លុបទិន្នន័យស្ទួន​ចេញពីបញ្ជី​គឺជា​កិច្ចការ​ដំបូងដែលត្រូវធ្វើ ប៉ុន្តែលោកចង់ឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីកុំឱ្យបញ្ហានេះកើតឡើង​ម្តងទៀត​នៅពេល​ធ្វើជំរឿននាពេលអនាគត។

លោក ស សុខា បានចោទជាសំណួរថា តើទិន្នន័យស្ទួនទាំងនេះកើតចេញពីណា អ្នកណា​ជាអ្នក​បង្កើត និងអ្នកណាត្រូវទទួលខុសត្រូវ ដោយលោកកត់សម្គាល់ថា បញ្ហានេះបានបន្ត​កើតមាន​តាំង​ពីការធ្វើជំរឿនលើកទីមួយរហូតដល់លើកទីបួន។

«ខ្ញុំសូមឱ្យមានការគិតគូរក្នុងការធ្វើការស៊ើបអង្កេត មិនមែនឃើញស្ទួន ហើយពេលដែលយើងគិត ៥ ឆ្នាំក្រោយទៀត ឬមួយ ១០ ឆ្នាំក្រោយទៀត យើងធ្វើជំរឿនម្ដងទៀត ទិន្នន័យស្ទួននៅតែមានទៀតនោះទេ។ អញ្ចឹងហើយ ត្រូវតែកាត់ឫសគល់នៃបញ្ហារឿង​ទិន្នន័យ​ស្ទួន​នេះ ចេញ​មកពីណា? ហើយកើតមកពីណា? ហើយអ្នកណាដែលទទួលខុសត្រូវលើកិច្ចការនេះ?»។

លោក ស សុខា

កម្ពុជាធ្លាប់ធ្វើជំរឿនមន្ត្រីរាជការស៊ីវិលចំនួនបីលើក គឺនៅឆ្នាំ១៩៩៥ ឆ្នាំ១៩៩៩-២០០១ និងឆ្នាំ២០១០។ តាមសារាចររបស់រាជរដ្ឋាភិបាល ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រីតាមក្រសួងស្ថាប័ន មានគោលបំណងកំណត់ចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង កែលម្អប្រព័ន្ធទិន្នន័យ និងធានាថាការបើកប្រាក់បៀវត្សរ៍ធ្វើឡើង​ចំពោះមន្ត្រីដែលកំពុង​បំពេញ​ការងារ។

បើទោះជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងយ៉ាងច្បាស់ថា ក្រសួងរកឃើញមន្រ្តីមានឈ្មោះស្ទួនក៏ដោយ ព័ត៌មានរបស់ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយនៅក្នុងថ្ងៃដដែលនេះ ហាក់​ព្យាយាម​បង្វែរ​ការពិត​ដោយថា លោក ស សុខា បានលើកឡើងពីការរកឃើញមន្រ្តីខុសថ្ងៃខែឆ្នាំកំណើត ខុស​អក្ខរាវិរុទ្ធ​ឈ្មោះ និងខុសភេទជាង ២ពាន់នាក់ ដោយមិនមែនជាករណីមានឈ្មោះស្ទួន ឬ​ឈ្មោះខ្មោច​នោះ​ទេ។

ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា បញ្ហាឈ្មោះមន្ត្រីស្ទួន ឬមន្ត្រីខ្មោចមិនមែន​ជារឿងថ្មីទេ ហើយធ្លាប់កើតមានទាំងក្នុងចំណោមមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ លោកបានសម្តែងការព្រួយបារម្ភថា ការរកឃើញឈ្មោះស្ទួនជាង ២.២០០នាក់​បង្ហាញពី​បញ្ហា​ដែល​មិនទាន់ត្រូវ​បានដោះស្រាយ ទោះបីជាមានការធ្វើជំរឿនជាច្រើនលើកកន្លងមកក៏ដោយ។

លោក ស៊ឹង សែនករុណា បានអះអាងថា មន្ត្រីមួយចំនួនដែលមានតួនាទី និងអំណាចអាច​ឆ្លៀត​ឱកាស​ទទួលផលប្រយោជន៍ពីការប្រើប្រាស់ឈ្មោះស្ទួន ដើម្បីកេងប្រវ័ញ្ចថវិកាជាតិ។ លោកបានអំពាវនាវឱ្យក្រសួងមហាផ្ទៃស៊ើបអង្កេតរកអ្នកទទួលផលប្រយោជន៍ និងចាត់វិធានការ​តាមច្បាប់ មិនមែនត្រឹមតែលុបឈ្មោះចេញ​ពី​បញ្ជី​នោះទេ។

«យើងយល់ថា បើសិនជាមានចេតនាបញ្ចប់នូវអំពើពុករលួយ គឺអាចធ្វើទៅបាន! ប៉ុន្តែ ខ្ញុំមិនមានសង្ឃឹមទេ ពីព្រោះថាមិនមែនរឿងទើបតែកើតឡើងទេ គឺកើតឡើងយូរមកហើយ។ ហើខ្ញុំមិនមានការរំពឹង ដោយសារតែប្រព័ន្ធនេះវា​បានខូចតាំង​ពីថ្នាក់មូលដ្ឋានទៅដល់ថ្នាក់ជាតិទៅហើយ»។

លោក ស៊ឹង សែនករុណា

លោក ស៊ឹង សែនករុណា បន្ថែមថា អ្វីដែលគួរធ្វើមុនគេ គឺត្រូវបោសសម្អាតពីថ្នាក់ដឹកនាំខាងលើមកមុន ពីព្រោះការដឹកនាំជាគ្រួសារនិយម តាំង​ពី​លោកនាយករដ្ឋមន្ត្រី ហើយឪពុករបស់លោកគឺជាប្រធានព្រឹទ្ធសភា  ហើយស្ថាប័នៗ គឺកូនបន្តវេនបន្ទាប់ពីឪពុក ជាក្រសួងគ្រួសារ ក្រសួងបក្ខពួក។

ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាលោក សេង វណ្ណលី បានឲ្យដឹងថា បញ្ហានេះបង្ហាញឱ្យឃើញពីចំណុចខ្វះខាតធ្ងន់ធ្ងរនៃប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ។ បើទោះបីជាវត្តមានឈ្មោះស្ទួនក្នុងបញ្ជី មិនទាន់អាចសន្និដ្ឋានបានភ្លាមៗថាមន្ត្រីទាំងអស់នោះបានបើកប្រាក់បៀវត្សរ៍លើស ឬជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក៏ដោយ ក៏ភាពមិនប្រក្រតីដ៏ច្រើនបែបនេះ ឆ្លុះបញ្ចាំងពីភាពធូររលុងក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យរដ្ឋបាល។ លោកថា ការស៊ើបអង្កេតត្រូវតែបែងចែកឱ្យដាច់ស្រឡះរវាងកំហុសបច្ចេកទេស ការយឺតយ៉ាវក្នុងការកែសម្រួលបញ្ជីក្រោយពេលផ្ទេរក្របខណ្ឌ និងការបន្លំដោយចេតនាដើម្បីកេងប្រវ័ញ្ចថវិកាជាតិ។

លោក សេង វណ្ណលី បន្ថែមថា ក្នុងករណីដែលការស៊ើបអង្កេតរកឃើញថា មានការប្រើប្រាស់ឈ្មោះស្ទួនដើម្បីបើកប្រាក់ខែច្រើនកន្លែង ឬមានបុគ្គលឆ្លៀតឱកាសបន្លំយកប្រាក់រដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន នោះគឺជាទង្វើពុករលួយដែលមិនអាចអត់ឱនឱ្យបានឡើយ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូបនេះអះអាងថា ករណីនៅក្រសួងមហាផ្ទៃនេះ គួរតែជាសញ្ញាដាស់តឿនឱ្យរដ្ឋាភិបាលធ្វើសវនកម្មលើបញ្ជីបុគ្គលិក និងការបើកប្រាក់បៀវត្សរ៍នៅតាមក្រសួង-ស្ថាប័នផ្សេងៗទៀត ដោយផ្អែកលើភស្តុតាងជាក់ស្តែង និងមិនធ្វើការសន្និដ្ឋានជាមុន។

តាមសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ កម្ពុជាទទួលបាន២០ពិន្ទុ និងជាប់ចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨២។

អ្នកឃ្លាំមើលសង្គមលើកឡើងថា មន្ត្រីខ្មោច ឬទិន្នន័យមន្ត្រីស្ទួនអាចធ្វើឱ្យខាតបង់ថវិកាជាតិ តាមរយៈការចំណាយប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍លើអ្នកដែលមិនបានបំពេញការងារជាក់ស្តែង។ ពួកគេជំរុញឱ្យរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការលើអ្នកទទួលខុសត្រូវ ដើម្បីធានាថាថវិកាសាធារណៈត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ វិធានការនេះនឹងក្លាយជាចំណែកមួយក្នុងការកាត់បន្ថយមន្រ្តីអសកម្មហើយរដ្ឋាភិបាលអាចនឹងប្រមូលបានថវិកាមួយចំនួនចូលក្នុងរដ្ឋវិញផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ