

មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល។ ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ អង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ ជាពិសេស សេរីភាពក្នុងការជួបជុំ សម្ដែងមតិ និងធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈ ត្រូវបានរឹតត្បិត។ ពួកគេថា រដ្ឋាភិបាលថែមទាំងបានបង្កើតវិធានការផ្សេងៗដើម្បីរារាំង និងបំបិទសំឡេងអ្នករិះគន់។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា ក្នុងរយៈពេលកន្លងមក ការជួបជុំសម្ដែងមតិរបស់ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយបក្សប្រឆាំង និងសហជីព តែងរងការរារាំង និង ធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់។
លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនពិចារណាបើកលំហសិទ្ធិសេរីភាព និងស្ដារប្រជាធិបតេយ្យឡើងវិញទេ កម្ពុជាអាចប្រឈមនឹងការរិះគន់ និងទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ។
លោកបន្តថា ថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម ដោយព្រមានប្រឆាំងនឹងការប្រើប្រាស់វិធានការផ្សេងៗរបស់រដ្ឋ ដើម្បីបំបិទសំឡេងសង្គមស៊ីវិលនៅជុំវិញពិភពលោក។ លោកយល់ថា គោលការណ៍ណែនាំនេះជាសាររំលឹកដល់រដ្ឋជាសមាជិកឱ្យគោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាពិសេសការប្រុងប្រយ័ត្នចំពោះការចោទប្រកាន់ធ្ងន់ធ្ងរលើអង្គការសង្គមស៊ីវិល និងអ្នកនយោបាយ។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN Human Rights Committee) បានចេញគោលការណ៍ណែនាំថ្មី ស្ដីពីសិទ្ធិសេរីភាពក្នុងការបង្កើត និងចូលរួមជាសមាគម ដោយបញ្ជាក់ថា សិទ្ធិនេះមិនតម្រូវឱ្យមានការអនុញ្ញាតិជាមុនពីរដ្ឋាភិបាលឡើយ។ គណៈកម្មាធិការក៏បានព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្ម ការរឹតត្បិតជំនួយហិរញ្ញវត្ថុពីបរទេស និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល ដើម្បីបំបិទសំឡេងអង្គការសង្គមស៊ីវិល។
គោលការណ៍ណែនាំថ្មីនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសង្កេតឃើញថា លំហសេរីភាពស៊ីវិលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង កំពុងរងការរឹតត្បិតកាន់តែខ្លាំង។ អង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សហជីព គណបក្សនយោបាយ និងចលនាសង្គមនៅមូលដ្ឋាន ក៏កំពុងប្រឈមនឹងឧបសគ្គផ្នែកច្បាប់ និងរដ្ឋបាលកាន់តែច្រើនឡើងផងដែរ។
ក្នុងសេចក្ដីអធិប្បាយទូទៅលេខ៣៨ (General Comment No. 38) ដែលជាការណែនាំផ្លូវការស្ដីពីការបកស្រាយមាត្រា២២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ គណៈកម្មាធិការបញ្ជាក់ថា សេរីភាពក្នុងការបង្កើតសមាគម រួមទាំងនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជាកត្តាចាំបាច់សម្រាប់ការទទួលបានសិទ្ធិមនុស្សដទៃទៀត។
គណៈកម្មាធិការលើកឡើងថា៖ «ការវាយប្រហារ និងការរំលោភបំពានលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម គឺជាសូចនាករសំខាន់មួយដែលបង្ហាញពីការរឹតត្បិតសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យក្នុងទិដ្ឋភាពទូលំទូលាយ»។ គណៈកម្មាធិការសង្កត់ធ្ងន់ថា សិទ្ធិនេះមិនអាស្រ័យលើការអនុញ្ញាត ឬការទទួលស្គាល់ពីរដ្ឋឡើយ ពោលគឺពលរដ្ឋមានសេរីភាពសម្រេចចិត្តដោយខ្លួនឯង។
ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនេះក៏បញ្ជាក់ថា ការចូលរួម ឬការធ្វើជាសមាជិកសមាគមដែលមិនទាន់បានចុះបញ្ជី មិនត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ឬជាមូលហេតុសម្រាប់ការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ឡើយ។
គណៈកម្មាធិការបន្ថែមថា សមាគមនានាត្រូវមានសេរីភាពក្នុងការស៊ើបអង្កេត និងរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស លាតត្រដាងអំពើពុករលួយ និងលើកឡើងពីបញ្ហារសើបផ្នែកនយោបាយ ទោះបីជាទស្សនៈរបស់ពួកគេមិនត្រូវបានអាជ្ញាធរ ឬប្រជាជនភាគច្រើនពេញចិត្តក៏ដោយ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការបានព្រមានអំពីការប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់សន្តិសុខជាតិខុសគោលដៅ ជាពិសេសច្បាប់ដែលមានពាក្យពេចន៍មិនច្បាស់លាស់ ដើម្បីដាក់គោលដៅលើអង្គការដែលត្រូវបានចាត់ទុកថាជា «ជ្រុលនិយម» ឬដាក់ក្នុងបញ្ជីភេរវកម្ម។
គណៈកម្មាធិការសង្កត់ធ្ងន់ថា មិនត្រូវដាក់បុគ្គល ឬអង្គការណាមួយក្នុងបញ្ជីបែបនេះ ដោយសារតែពួកគេធ្វើសកម្មភាពតស៊ូមតិដោយសន្តិវិធី ឬអនុវត្តសកម្មភាពមនុស្សធម៌ និងការពារជនរងគ្រោះតាមច្បាប់មនុស្សធម៌អន្តរជាតិឡើយ។
គណៈកម្មាធិការបន្ថែមថា ការរាយការណ៍ពីការរំលោភសិទ្ធិមនុស្ស ការតំណាងឱ្យជនរងគ្រោះ និងការទាមទារឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពាន មិនអាចចាត់ទុកថាជាការគំរាមកំហែងដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។
ចំពោះជំនួយហិរញ្ញវត្ថុ គណៈកម្មាធិការបញ្ជាក់ថា សមាគមមានសិទ្ធិស្វែងរក ទទួល និងប្រើប្រាស់ថវិកា រួមទាំងជំនួយពីបរទេស ព្រមទាំងមានសិទ្ធិសហការជាមួយអង្គការអន្តរជាតិ ដោយមិនត្រូវប្រឈមនឹងការដាក់ស្លាកថាជា «ភ្នាក់ងារបរទេស» ឬជាការគំរាមកំហែងដល់សន្តិសុខជាតិឡើយ។
គណៈកម្មាធិការក៏សង្កត់ធ្ងន់ថា ការលើកឡើងអំពី «ការជ្រៀតជ្រែកពីបរទេស» ឬ «ការការពារអធិបតេយ្យភាពជាតិ» មិនមែនជាមូលដ្ឋានស្របច្បាប់សម្រាប់រដ្ឋក្នុងការរឹតត្បិតសេរីភាពក្នុងការបង្កើតសមាគម ក្រោមកតិកាសញ្ញាអន្តរជាតិនេះឡើយ។
លើសពីនេះ គណៈកម្មាធិការព្រមានប្រឆាំងនឹងការឃ្លាំមើលសកម្មភាពរបស់សមាគម និងសមាជិកតាមប្រព័ន្ធឌីជីថល ព្រមទាំងការបញ្ជូនមន្ត្រីប៉ូលិស ឬភ្នាក់ងារចារកម្មឱ្យជ្រៀតចូលក្នុងសមាគម ដែលមិនស្របតាមកតិកាសញ្ញាអន្តរជាតិ។
ទោះជាយ៉ាងណា គណៈកម្មាធិការទទួលស្គាល់ថា សេរីភាពក្នុងការបង្កើតសមាគមមិនមែនជាសិទ្ធិដែលគ្មានដែនកំណត់នោះទេ។ ក៏ប៉ុន្តែ ការរឹតត្បិតសិទ្ធិនេះត្រូវធ្វើឡើងតែក្នុងករណីចាំបាច់ ដោយមានច្បាប់កំណត់ច្បាស់លាស់ មានគោលបំណងស្របច្បាប់ និងសមស្របតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។
គណៈកម្មាធិការបញ្ជាក់ថា ការផ្អាកសកម្មភាព ឬរំលាយសមាគមដោយបង្ខំ ត្រូវចាត់ទុកជាវិធានការចុងក្រោយ ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការការពារតាមផ្លូវតុលាការ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា កន្លងមក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បដិសេធថា រដ្ឋាភិបាលរបស់លោកមិនបានបិទសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលណាមួយឡើយ។ លោកអះអាងថា រដ្ឋាភិបាលថែមទាំងផ្ដល់ថវិកាគាំទ្រដល់អង្គការ និងសមាគមដែលធ្វើសកម្មភាពត្រឹមត្រូវតាមការយល់ឃើញរបស់លោកផងដែរ។ ប៉ុន្តែ លោកបានបដិសេធ និងមិនគាំទ្រដាច់ខាតចំពោះស្ថាប័នណាដែលលោកចោទថា ធ្វើសកម្មភាពតវ៉ា និងជេរប្រមាថតាមបណ្ដាញសង្គម។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិការងារ លើកឡើងស្រដៀងគ្នាថា ពួកគេតែងប្រឈមនឹងការរើសអើង ការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងក្នុងទម្រង់ផ្សេងៗពីសំណាក់រដ្ឋាភិបាល។
កាលពីថ្ងៃទី២៣ ខែមីនា សមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៥ ដោយរកឃើញថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌក្នុងករណីជាច្រើន ដើម្បីធ្វើទុក្ខបុកម្នេញលើពលរដ្ឋសកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំង ព្រមទាំងរារាំងពួកគេមិនឱ្យប្រើប្រាស់សិទ្ធិសេរីភាពស្របតាមច្បាប់។
របាយការណ៍ដដែលរកឃើញថា មានករណីរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលជាង៣០០ករណី។ ករណីទាំងនោះរួមមាន ការចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋ ព្រមទាំងអ្នកនយោបាយ ដោយដាក់ពួកគេក្នុងពន្ធនាគារដោយអយុត្តិធម៌។ របាយការណ៍ក៏កត់សម្គាល់ថា អាជ្ញាធរតែងរំខាន និងរារាំងអង្គការសង្គមស៊ីវិលមិនឱ្យជួបជុំសម្ដែងមតិដោយសន្តិវិធីនៅទីសាធារណៈផងដែរ៕








