កម្ពុជា​និង​ចិន​រៀបចំ​សមយុទ្ធ «នាគ​មាស» ខណៈ​អាមេរិក​កំពុង​រក​ឱកាស​ស្ដារ​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា

0
21
ទិដ្ឋភាពសមយុទ្ធនាគមាស កាលពីឆ្នាំ២០២០ រូបក្រសួងការពារជាតិ
ទិដ្ឋភាពសមយុទ្ធនាគមាស កាលពីឆ្នាំ២០២០ រូបក្រសួងការពារជាតិ

កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នឹង​រៀបចំ​ធ្វើ​សមយុទ្ធ «នាគ​មាស» ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំ២០២៦ ក្នុង​រយៈពេល ១៥ថ្ងៃ ដើម្បី​ហ្វឹកហ្វឺន​ប្រតិបត្តិការ​យោធា​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ដែន​អាកាស។ អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា នៅ​ពេល​កម្ពុជា​ផ្ដេកផ្ដួល និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ចិន​តែ​ម្ខាង កម្ពុជា​នឹង​ប្រឈម​បាត់បង់​ឯករាជ្យ​លើ​ខ្លួនឯង ហើយ​ប្រទេស​ចិន​ក៏​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ឈ្នាន់ ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​ខ្លួន​ក្នុង​តំបន់។

កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) បាន​ចូល​សំចត​នាវា​ចម្បាំង​ខ្នាត​ធំ ៣គ្រឿង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ «នាគ​មាស» ចាប់​ពី​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគ​មាស» លើកទី៨ ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង​ចោរ​សមុទ្រ​រួម​គ្នា និង​ការងារ​មនុស្សធម៌» នឹង​មាន​កងទ័ព​កម្ពុជា និង​ចិន ហ្វឹកហ្វឺន​រួម​គ្នា​ទាំង​ផ្លូវ​ទឹក ផ្លូវ​គោក និង​ដែន​អាកាស នៅ​លើ​ទីលាន​សមយុទ្ធ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ វិទ្យាស្ថាន​នាយ​ទាហាន​ចម្រុះ ខេត្ត​កំពង់ស្ពឺ និង​សាលា​ហ្វឹកហ្វឺន​តេជោសែនជុំគិរី ខេត្តកំពត។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា បញ្ជាក់​ថា សមយុទ្ធ «នាគមាស» ប្រចាំ​ឆ្នាំ២០២៦ រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ​រវាង ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​កម្ពុជា-ចិន ផ្លាស់ប្ដូរ​បទពិសោធន៍ បង្កើន​សមត្ថភាព​កងទ័ព និង​រឹតចំណង​មិត្តភាព​ដែកថែប​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ ប្រភព​ដដែល​បញ្ជាក់​ថា កងទ័ព​កម្ពុជា និង​ចិន នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដោយ​មាន ការ​ប្រើប្រាស់​គ្រាប់​រំសេវ និង​បាញ់​គ្រាប់​ពិត ប្រើប្រាស់​គ្រឿង​យោធូបករណ៍​ធុន​ធ្ងន់ បច្ចេកវិទ្យា​ទំនើប និង​ដ្រូន (Drone) សមយុទ្ធ​ចល័ត​កម្លាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ប្រតិបត្តិការ​មនុស្ស​ធម៌ និង​ការ​សង្គ្រោះ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា តាមរយៈ​សមយុទ្ធ «នាគ​មាស» ភាគី​ចិន​មាន​គោលបំណង​សំខាន់​គឺ​ចង់​ពង្រីក និង​រក្សា​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​កម្ពុជា មិនមែន​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា​ឡើយ។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិន​ត្រឹម​តែ​ជ្រុល​ខ្លួន​បង្កើត​ទំនាក់ទំនង​ជាមួយ​ចិន​ស៊ីជម្រៅ​នោះ​ទេ ថែម​ទាំង​បាន​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រឿង​ទទួល​ទាំង​ជំនួយ និង​អនុញ្ញាត​ឱ្យ​ចិន​សាង​មូលដ្ឋានទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម។

លោក គឹម សុខ វាយតម្លៃ​ថា ការ​បង្ហាញ​កិច្ច​សហប្រតិបត្តិការ​យោធា​យ៉ាង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​កាន់​តែ​ព្រួយបារម្ភ​អំពី​វត្តមាន និង​តួនាទី​ចិន​នៅ​កម្ពុជា។ លោក​ថា ទំនាក់ទំនង​កម្ពុជា និង​អាមេរិក ពុំ​មាន​លទ្ធភាព​អាច​ស្ដារ​ឱ្យ​ល្អ​ប្រសើរ​បាន​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ក្ដោបក្ដាប់​អំណាច​ដោយ​លម្អៀង​ផ្នែក​នយោបាយ​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​តែ​ម្ខាង។

«ទាល់តែ​សើរើ​ឡើងវិញ​នូវ​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ទាំង​អស់។ ការ​សើរើ​ទំនាក់ទំនង​យោធា​ហ្នឹង​មិនមែន​មាន​ន័យ​ថា យើង​កាត់​ផ្ដាច់​ទំនាក់ទំនង​យោធា​ជាមួយ​ចិន ជាមួយ​ប្រទេស​ណា​នោះ​ទេ មាន​ន័យ​ថា យើង​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ដែល​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ពិតប្រាកដ អព្យាក្រឹត​មែនទែន ហើយ​ធ្វើ​ទំនាក់ទំនង​ត្រឹមតែ​ជា​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា។ មិនមែន​ឱ្យ​កងទ័ព​បរទេស​ដាក់​លុយ ដាក់​បច្ចេកទេស មក​ធ្វើ​មូលដ្ឋាន​កងទ័ព​នៅ​លើ​ដែន​ទឹក ឬ​ក៏​ដែន​គោក​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​ចិន​ធ្វើ​នៅ​សមុទ្រ​រាម​អ៊ីចឹង​ទេ។ កាល​ណា​ធ្វើ​បែប​ហ្នឹង គឺ​បង្កើត​ទំនាស់​កាន់​តែ​ធំ​រវាង​កម្ពុជា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត»។

លោក គឹម សុខ

កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ៧ដង រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក ប៉ុន្តែ​កម្ពុជា​បាន​លុប​ចោល​ដោយ​ឯកតោ​ភាគី ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ «ដន​គោព្រៃ» ជាមួយ​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៧។

ទន្ទឹម​នឹង​ការ​រីក​រាលដាល​ឧស្សាហកម្ម​ឆបោក​អនឡាញ និង​ក្ដី​បារម្ភ​អំពី​ការ​ពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់ សហរដ្ឋអាមេរិក​ក៏​បាន​ព្យាយាម​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ការ​ទូត និង​ទំនាក់ទំនង​យោធា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់។

កាល​ពី​ចុង​ខែវិច្ឆិកា កម្ពុជា និង​សហរដ្ឋអាមេរិក​ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​រួម​លើ​វិស័យ សន្តិសុខ​ដែន​សមុទ្រ កិច្ច​សហប្រតិបត្តិការ​កងកម្លាំង​ពិសេស សមយុទ្ធ​យោធា​ទ្វេភាគី ការអប់រំ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​យោធា ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វេជ្ជសាស្ត្រ។ កម្ពុជា និង​សហរដ្ឋអាមេរិក​ក៏​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» រួមគ្នា​ឡើង​វិញ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២៧ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល ១០ឆ្នាំ។

ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក ចាប់ផ្ដើម​រកាំរកូស និង​ល្អក់កករ​ខ្លាំង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បំផ្លាញ​គ្រឹះ​ប្រជាធិបតេយ្យ​ដោយ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧។ ក្រៅ​ពី​នេះ អាមេរិក​ក៏​មិន​សប្បាយ​ចិត្ត​ក្រោយ រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​វាយ​កម្ទេច​អគារ​មួយ​ចំនួន​ដែល​ជា​ជំនួយ​ថវិកា​របស់​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​ខេត្តព្រះសីហនុ កាល​ពី​ឆ្នាំ២០២០។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​បាន​អនុញ្ញាត​ឱ្យ​ចិន​ពង្រីក​ឥទ្ធិពល​យោធា និង​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​រាម ដែល​អាមេរិក​ចោទ​ថា ជា​ទីតាំង​មូលដ្ឋាន​យោធា​ចិន​នៅ​ក្រៅ​ប្រទេស។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើង​ថា សមយុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ២០២៦ គឺ​បង្ហាញ​ថា កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​ចិន​កាន់​តែ​ស៊ីជម្រៅ ទាំង​ផ្នែក​បច្ចេកទេស បច្ចេកវិទ្យា និង​ការ​សម្របសម្រួល​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ថា កងទ័ព​កម្ពុជា​អាច​ទទួល​បាន​បទពិសោធន៍ និង​បង្កើន​ជំនាញ​ប្រើប្រាស់​បច្ចេកវិទ្យា​យោធា​ទំនើប​ពី​ការ​ធ្វើ​សមយុទ្ធ «នាគមាស» ប៉ុន្តែ​លោក​ថា កងទ័ព​កម្ពុជា​នឹង​មិន​អាច​ប្រែប្រួល​សមត្ថភាព​ភ្លាមៗ​នេះ​ទេ ប្រសិនបើ​គ្មាន​ការ​កែ​ទម្រង់​វិជ្ជាជីវៈ​កងទ័ព និង​កាត់​បន្ថយ​អំពើ​ពុករលួយ​ក្នុង​វិស័យ​ការពារ​ជាតិ។

លោក សេង វណ្ណលី ក៏​ដាស់តឿន​មេដឹកនាំ​ក្រុង​ភ្នំពេញ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​បច្ចេកវិទ្យា សព្វាវុធ និង​ជំនួយ​យោធា​របស់​ចិន ពីព្រោះ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​តែ​មួយ​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ ឬ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​ក្នុង​រយៈពេល​វែង។

«ជាក់ស្ដែង​ទៅ ចិន​ចង់​រក្សា​ឥទ្ធិពល​ដែល​ខ្លួន​បាន​កសាង​នៅ​កម្ពុជា ខណៈ​អាមេរិក​ចង់​ពង្រីក​ទំនាក់ទំនង​ឡើងវិញ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​តែ​មួយ។ សម្រាប់​កម្ពុជា នេះ​គឺ​ជា​កាលានុវត្តនភាព​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​រក្សា​តុល្យភាព និង​បញ្ចៀស​ហានិភ័យ​ដោយ​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ចម្រុះ។ ប៉ុន្តែ​លោក​ហ៊ុន ម៉ាណែត ត្រូវ​មាន​ភាព​ឈ្លាសវៃ​គ្រប់គ្រាន់ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ទីលាន​ប្រកួតប្រជែង​មហាអំណាច ឬ​ក៏​ការ​ប្រកួតប្រជែង​នោះ​មក​បម្រើ​ផល​ប្រយោជន៍​នៃ​ការ​រក្សា​អំណាច​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ស្រុក។ គោលដៅ​ចម្បង​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​មហាអំណាច​ណា​មួយ គួរតែ​ជា​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ ការ​រក្សា​ឯករាជ្យ អធិបតេយ្យ​ភាព និង​ផល​ប្រយោជន៍​ជាតិ​រយៈពេល​វែង​របស់​កម្ពុជា ជាជាង​បម្រើ​ផល​ប្រយោជន៍​របស់​ក្រុម​បក្ខពួក ឬ​ក៏​គណបក្ស​កាន់​អំណាច»។

លោក សេង វណ្ណលី

លោក សេង វណ្ណលី លើកឡើង​ថា សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​កម្ពុជា និង​ចិន អាច​បង្ក​ក្ដី​ព្រួយ​បារម្ភ​ដល់​វៀតណាម ថៃ និង​សហរដ្ឋអាមេរិក ជាពិសេស​លទ្ធភាព​ដែល​ចិន​អាច​ប្រើប្រាស់​ទីតាំង​ភូមិសាស្ត្រ​កម្ពុជា ពង្រីក​ឥទ្ធិពល​យោធា​នៅ​ឈូង​សមុទ្រ​ថៃ និង​តំបន់​ជិត​សមុទ្រ​ចិន​ខាងត្បូង។ លោក​បន្ត​ថា ទោះ​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​យោធា​បរទេស​មួយ​ចំនួន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ក៏​ដោយ ក្ដី​សង្ស័យ​ជុំវិញ​វត្តមាន​យោធា​ចិន​នៅ​តែ​មាន។ លោក សេង វណ្ណលី ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ហាញ​តម្លាភាព រក្សា​សិទ្ធិ​គ្រប់គ្រង​មូលដ្ឋាន​ទ័ព​រាម និង​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​គោលនយោបាយ​អព្យាក្រឹតភាព​កម្ពុជា និង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ