ចំនួន​អ្នក​ដើរ​លេង​បុណ្យ​អុំទូក​មិន​អាច​បញ្ជាក់​ពី​កំណើន​ភ្ញៀវ​ទេសចរ​ពិត​ប្រាកដ​បាន​ទេ

0
89
ពលរដ្ឋ​ដើរ​កម្សាន្ត​ក្នុងពិធី​បុណ្យ​អុំទូក​នៅខេត្ត​សៀមរាប កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ក្រសួងទេសចរណ៍
ពលរដ្ឋ​ដើរ​កម្សាន្ត​ក្នុងពិធី​បុណ្យ​អុំទូក​នៅខេត្ត​សៀមរាប កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ក្រសួងទេសចរណ៍

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថា ចំនួន​មនុស្ស​ចូលរួម​កម្សាន្ត​ពិធី​បុណ្យ​អុំទូក​រយៈពេល៣ថ្ងៃ នៅ​តាម​បណ្តា​ខេត្ត ក្រុង ទូទាំង​ប្រទេស គ្រាន់តែ​ជាការ​ផ្លាស់ទី​របស់​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត ឬដើរ​កម្សាន្ត​ក្នុង​រដូវបុណ្យ​ទាន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ចាត់ទុក​ថាជា​កំណើន​ភ្ញៀវ​ទេស​ចរណ៍​ពិតប្រាកដ​បានទេ។ ក្នុង​ពេល​ជាមួយ​គ្នា ពួកគេ​ថា ពលរដ្ឋ​ជា​ច្រើន​នៅ​តែបន្ត​ជួបការ​លំបាក​មិន​អាច​រកប្រាក់​ចំណូល​បាន និងមិន​មាន​ឱកាស​ដើរ​លេង​កម្សាន្ត​សប្បាយ​នោះ​ឡើយ។

ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ជាតិ​ធំៗ​ស្ទើរ​ជារៀងរាល់​ឆ្នាំ អាជ្ញាធរ​តាំង​ពីថ្នាក់​ខេត្ត​រហូត​ដល់ថ្នាក់​ជាតិ​តែង​បញ្ចេញ​ព័ត៌មាន​អួត​ពី​ភាព​សប្បាយ និង​ចំនួន​ទេសចរ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​មូលដ្ឋាន ឬខេត្ត​របស់​ខ្លួន ហើយ​ព័ត៌មាន​របស់​មន្រ្តី​ថ្នាក់​ខេត្ត​ទាំង​នេះ ពេលខ្លះ​ក៏ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ជាតិ​យក​មក​ជួយ​ផ្សព្វផ្សាយ​បន្ត ក្នុង​ន័យ​ចង់ប្រាប់​ថា ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ពលរដ្ឋ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទើប​ពលរដ្ឋ​នាំគ្នា​ដើរ​លេង​កម្សាន្ត​បាន បើទោះ​ជាពលរដ្ឋក្រីក្រ​ពិតប្រាកដ​នៅតែ​គ្មាន​ឱកាស​និង​ពេលវេលា​សប្បាយ​ក៏​ដោយ។ 

ជាកស្តែង នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី​លោក នាង វណ្ណៈ បញ្ជាក់​ថា មាន​ភ្ញៀវទេសចរ​ទៅ​លេង​ខេត្តមណ្ឌល​គិរី​យ៉ាង​គំហុក​នៅក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ធ្វើឱ្យ​បន្ទប់ស្នាក់​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ និង​រីសត​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ភ្ញៀវកក់​ពេញ​អស់​ស្ទើរ​គ្រប់​កន្លែង រហូត​ដល់​ភ្ញៀវខ្លះ​ត្រូវ​ជ្រើសរើស​ការ​បោះតង់​សម្រាក​នៅ​តាម​តំបន់​ធម្មជាតិ​ជំនួស​វិញ។ ក្រៅពី​នេះ តាម​ភោជនីយ​ដ្ឋាន អាហារដ្ឋាន និង​កន្លែង​លក់ដូរ​ផលិត​ផល​ក្នុង​ស្រុក​នានា ក៏មាន​ភ្ញៀវ​ចូល​ហូប​ចុក និង​ទិញ​ឥវ៉ាន់​យ៉ាង​ច្រើន​កុះករ​ផងដែរ ដែល​ធ្វើ​ឱ្យ​អាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​រកចំណូល​បាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា។លោកថា រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា តំបន់​វាលស្មៅ ជ្រលងភ្នំ និង​កន្លែង​បោះតង់ គឺជា​គោល​ដៅ​ដែល​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅ​លេង​កម្សាន្ត ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ និង​ថតរូប​លេង។

ចំណែក អាជ្ញាធរ​ខេត្ត​កែប​អះអាង​ថា មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​ជាង១៣ម៉ឺននាក់ (១៣១.៥៤២នាក់)​ ភាគ​ច្រើន​ជា​ភ្ញៀវ​ក្នុង​ស្រុក​បាន​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​កំពត​ឱ្យ​ដឹង​ថា ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​ជាង​៤១ម៉ឺន​នាក់ (៤១០.១៦៨នាក់) ក្នុង​នោះ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជិត២ពាន់​៣រយនាក់ (២.២៨៩នាក់) ក្នុង​រយៈពេល​៣ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។ អាជ្ញាធរ​ថា តំបន់​ឆ្នេរខ្សាច់ កំពង់ផែ​ទេសចរណ៍ សួនច្បារ រូបសំណាក​សេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និង​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​លម្អ​ទីក្រុង ព្រម​ទាំងសួន​ទឹករាំ​តាម​ចង្វាក់​ភ្លេង និង​រូបសំណាក​បាតដៃ​សុភមង្គល គឺជា​ចំណុច​ទាក់​ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកទស្សនា និង​ថត​រូប​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ។

ក្រៅពី​ខេត្ត ដែល​មាន​កន្លែង​កម្សាន្ត​ច្រើន​ជា​តំបន់​សមុទ្រ និង​ធម្មជាតិ នៅ​ឯរាជ​ធានី​ភ្នំពេញ អាជ្ញាធរ​បញ្ជាក់​ថា មានភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​កន្លះ​លាននាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ប្រមាណ​ជាង១ម៉ឺន​នាក់ បាន​ដើរលេង​កម្សាន្ត​នៅ​តំបន់​ព្រះបរម​រាជវាំង និងផ្លូវ​ថ្មើរ​ជើង​ចតុមុខ។ ចំណែក នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ក៏មាន​ភ្ញៀវ​ទេស​ចរណ៍​ទៅ​លេង​កម្សាន្ត​ច្រើន​ផងដែរ​ក្នុង​ឳកាស​ពិធី​បុណ្យ​ជាតិ​នេះ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ទទួល​ស្គាល់​ថា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន មាន​ភ្ញៀវ​សម្រុក​ទៅ​កម្សាន្ត​ច្រើន ប៉ុន្តែ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​តំបន់​ខ្លះ ដូចជា​រាជធានី​ភ្នំពេញ​ជាដើម អាជីវករ មិនអាច​រកប្រាក់​ចំណូល​បាន​ច្រើន​នោះ​ទេ។ ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ អាជីវករ​លក់ដូរ​ជាច្រើន រកប្រាក់​ចំណូល​បាន​ទាប​ជាង​ឆ្នាំមុនៗ​ទៅ​ទៀត ដោយសារ​ពួកគេ​លក់ដូរ​មិនដាច់ ភ្ញៀវទេស​ចរណ៍​ភាគច្រើន​មិនសូវ​ចំណាយ​ប្រាក់​ចាយ​វាយ​ខាង​ក្រៅ ដោយសារ​ស្ថាន​ភាព​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ ហើយភ្ញៀវ​ទេស​ចរណ៍​បរទេស​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។ លោក​ថា អាជីវករខ្លះ រកប្រាក់​បង់ថ្លៃ​សេវា​តូប​សឹង​តែ​មិន​គ្រប់ ដោយសារ​នៅថ្ងៃ​បុណ្យ​ទាន តូបជួល​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា។ លោកបន្តថា ភ្ញៀវ​ទេស​ចរណ៍​ភាគច្រើន​ជា​ប្រជាពលរដ្ឋ ដែល​ចង់​ដើរកំសាន្ត​ក្នុង​ឳកាស​បុណ្យ​ទាន​ធំៗ​ប៉ុណ្ណោះ មិនមែន​ជា​កំណើន​ភ្ញៀវ​ទេសចរណ៍​ពិត​ប្រាកដ ដែលអាច​បង្កើន​ប្រាក់​ចំណូល​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​នោះ​ទេ។ លោកថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ភ្ញៀវ​ទេស​ចរណ៍​កើន​ឡើង​ជា​ប្រចាំ ហើយ​ឲ្យពលរដ្ឋ​អាច​រកប្រាក់​ចំណូល​បាន​ពី​កំ​ណើន​នេះ ទាល់តែ​រដ្ឋាភិបាល​ចេះ​រៀបចំ បញ្ឈប់​ការ​ទារ​ប្រាក់​ជួល​តូប​ពី​អាជីវករ ពីសំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​មួយចំនួន​ដែល​ឆ្លៀត​ឳកាស​រកប្រាក់​ចំណេញ​ពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង។

«ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង និង​អ្នក​អាស្រ័យ​ផល​ជាមួយ​ភ្ញៀវ​ទេសចរ​មាន​ប្រាក់​ចំណូល អាច​រស់បាន​ប្រាក់​ចំណូល​សមរម្យ ល្កឹក​ណារដ្ឋាភិបាល​រៀបចំ​កន្លែង​លក់ដូរ​ទាំងអស់​ហ្នឹង​ហ្វ្រី​ជូន​ពលរដ្ឋ។ ទីពីរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មកទស្សនា​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ហើយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​បាន​ច្រើន ទាល់តែ​មាន​ទំនុក​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល​ផងដែរ ជាពិសេស​ស្ថាន​ភាព​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​នយោបាយ លទ្ធិ​ប្រជាធិប​តេយ្យ មាន​នីតិរដ្ឋ​ពិត​ប្រាកដ អាហ្នឹង​ខ្ញុំគិត​ថា​ប្រទេស​សេរី​គេ​នឹង​មកលេង​ស្រុក​យើង​ហើយ»។

លោក វន់ ពៅ

ទោះបី​ជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្យាយាម​បង្ហាញ​ពីតួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើន​ឡើង​ក្តី ក៏អ្នក​ជំនាញ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ជាច្រើន នៅតែ​មើល​​ឃើញ​ពីភាព​ចន្លោះ​ប្រហោង​ក្នុង​ការទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ឲ្យ​ចូល​មក​លេង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បង្កើន​ប្រាក់​ចំណូល​ជូនប្រជា​ពលរដ្ឋ ដែល​ពឹងផ្អែក​លើ​វិស័យ​នេះ និង​បង្កើន​សេដ្ឋកិច្ច​ជាតិ​បាន​ដែរ។ មូល​ហេតុ​ចំបង​ដែល​កម្ពុជា​បាត់បង់​ភ្ញៀវ​ទេស​ចរណ៍​អន្តរជាតិ​ខ្លាំង គឺ​ដោយសារ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ និង​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ។

កាល​ពីថ្ងៃ​ទី២៧ ខែតុលា ក្រសួង​ទេសចរណ៍​បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា រយៈពេល ៩ ខែ​ដំបូង ក្នុង​ឆ្នាំ​២០២៦ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​គំហុក​ដល់​ទៅ​ជិត ៤៤% (៤៣.៧%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​២០២៥។

មន្ត្រី​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ជម្រុញ​ឲ្យរដ្ឋាភិបាល​រក​មធ្យោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​អន្តរជាតិ​ឲ្យ​ចូល​មកកម្ពុជា​ឲ្យបាន​ច្រើន​តាមរយៈ​ប្រែ​ក្លាយ​មុខមាត់​ប្រទេស​ឱ្យក្លាយ​ជាកន្លែង​ដែល​ទេសចរ​បរទេស​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​នៅពេល​មក​ទស្សនា ជាជាង​រំពឹង​តែលើ​ទេសចរ​ក្នុងស្រុក​ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំៗ​យូរៗ​ម្តង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ