មន្ត្រីសង្គមស៊ីវិលខាងសិទ្ធិមនុស្សបានលើកឡើងថា ការយកសារឯកជន ពី Messenger ក្នុងហ្វេសប៊ុក (Facebook) ធ្វើជាភស្ដុតាងដើម្បីចោទប្រកាន់អតីតព្រះសង្ឃ ជា វុទ្ធី គឺជាទង្វើខុសច្បាប់ និងទាមទារឲ្យតុលាការដោះលែងលោកឲ្យមានសេរីភាពវិញ។ ការលើកឡើងនេះ បានធ្វើឡើង ក្រោយតុលាការក្រុងភ្នំពេញនៅថ្ងៃទី០៦ ខែសីហា បានបើកសវនាការលើសំណុំរឿង «ញុះញង់» លោក ជា វុទ្ធី ដែលបានបញ្ចេញមតិរឿងព្រំដែន ហើយត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី០១មេសា។ តុលាការ គ្រោងប្រកាសសាលក្រមសំណុំរឿងអតីតព្រះសង្ឃលោក ជា វុទ្ធី នៅថ្ងៃទី១៩ ខែសីហា៕
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






