អ្នក​ឃ្លាំមើល​ថា កម្ពុជា​គួរ​ជំរុញ​អាស៊ាន​ឱ្យ​លើក​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​មក​ជជែក​រក​ដំណោះស្រាយ

0
18
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស
គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំ​អាស៊ាន នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៧ មករា ២០២៦។ រូប៖ ក្រសួងការបរទេស

អ្នកឃ្លាំមើល​ថា កម្ពុជា​គួរ​ជំរុញ​អាស៊ាន​ឱ្យ​លើក​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ស្វែងរក​ដំណោះស្រាយ ក្នុង​កិច្ចប្រជុំ​ចង្អៀត នៅ​ហ្វីលីពីន ជា​អាទិភាព នៅ​ចុងខែ​មករា​ខាង​មុខ។ ជាមួយគ្នា​នោះ ពួកគាត់​ថា កម្ពុជា​ក៏​ត្រូវ​តែ​បង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ប្រាប់​សមាជិក​អាស៊ាន​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ​ពិតប្រាកដ។

ថ្វី​ត្បិត​ថា អាស៊ាន​បាន​បរាជ័យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ជាច្រើនលើក​មក​ហើយ កាលពី​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ក្ដី អ្នកឃ្លាំមើល​ថា កម្ពុជា​ក៏​នៅតែ​មាន​សង្ឃឹម ក្នុងកា​រ​ប្រើប្រាស់​យន្តការ​ការទូត ដើម្បី​បង្ហាញ​ប្រាប់​ដល់​សមាជិក​អាស៊ាន​ថា ថៃ​បាន​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា និង​បាន​បង្ក​សង្គ្រាម​ឈ្លាន​ពាន ដោយ​ខុសច្បាប់​អន្តរជាតិ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ ខែ មករា ថា កម្ពុជា​មិន​ត្រូវ​ភ័យខ្លាច ក្នុង​ការ​ជំរុញ​ឱ្យ​អាស៊ាន​យក​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ មក​ដោះស្រាយ ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ​បី​ភស្តុតាង និង គោលបំណង​ច្បាស់លាស់ ប្រាប់​ទៅ​កាន់ សមាជិក អាស៊ាន​ថា កម្ពុជា​កំពុងតែ​រងគ្រោះ ព្រោះតែ​ប្រទេស​ថៃ​បាន បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា​។ ទន្ទឹមគ្នា​នោះ លោក​ថា ប្រសិនបើ អាស៊ាន មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ កម្ពុជា​ក៏​ត្រូវ​តែ ប្ដឹង​ថៃ ទៅកាន់​តុលាការអន្តរជាតិ ឱ្យ​បាន​ឆាប់ មិន​ត្រូវ​ឱ្យ​ថៃ​បង្ក​បញ្ហា​តាមតែ​អំពើ​ចិត្ត​បែប​នេះ​ទេ។

លោក សេក សុជាតិ៖ «កម្ពុជា​គួរតែ​ស្នើសុំ​ដាក់បញ្ចូល​របៀប​វារៈ​របស់​ខ្លួន​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​ណាមួយ ដូចគ្នា ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រវាំង​កម្ពុជា ហើយនឹង​ឱ្យ​ដាច់​ស្រឡះ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ក្លាយ​ទៅ​ជំងឺ​រ៉ាំរ៉ៃ សម្រាប់​ប្រទេស​ទាំងពីរ​ហើយ វា​ក៏​ជា​ឧបសគ្គ សម្រាប់​ជំរុញ​និង​ការ​ស្ដារ​សាមគ្គីភាព សហគមន៍​អាស៊ាន​ដែរ»។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង ក្រោយពី​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែមករា ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​ដឹកនាំ គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ចង្អៀត ជាមួយនិង រដ្ឋមន្ត្រី​ការបរទេស អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ឯ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃទី​២៨-២៩ ខែ​មករា។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​មូលបទ “​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគត​រួមគ្នា​” ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេច​បាន​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ កាលពី​នៅ ប្រទេស​ម៉ាឡេស៊ី ព្រមទាំង​ពិភាក្សា​អំពី​អាទិភាព និង​សមិទ្ធផល​សំខាន់ៗ ស្រប​ពេល​ដែល​ប្រទេស​ហ្វីលីពីន ធ្វើ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៦​។ ទន្ទឹមគ្នា​នោះ កិច្ចប្រជុំ​នេះ ក៏​នឹង​ជជែក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង ក្ដី​កង្វល់​រួម ដូចជា បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​មិនឃើញ​លើកឡើង​បញ្ហា​ថៃ​ឈ្លានពាន​កម្ពុជា​នោះ​ទេ។

ករណី​នេះ អ្នកឃ្លាំមើល​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​ថា ថៃ​តែងតែ​មិន​ចង់ឱ្យ​អាស៊ាន​យក​បញ្ហា​របស់​ថៃ ជាមួយ​កម្ពុជា​ទៅ​ជជែក​ក្នុង​រង្វង់​កិច្ច​ប្រជុំ​អាស៊ាន​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បានទេ នៅ​ថ្ងៃទី​២៧ ខែ មករា​។ រីឯ រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង​ការបរទេស អ្នកស្រី អ៊ាត សោភា ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​ អ្នកទទួល ។​

ទាក់ទិន​រឿង​នេះ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក ម៉ែន ណាត លើកឡើង​ថា ការ​ដែល​អាស៊ាន មិន​យក​ជម្លោះ​កម្ពុជា​-​ថៃ ជា​បញ្ហា​អាទិភាព​នេះ ទំនងជា​ប្រធាន​អាស៊ាន​ថ្មី ខ្លាច​ឥទ្ធិពល​ថៃ ព្រោះ​ប្រទេស​ថៃ​តែងតែ​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​មក​លើ​ប្រទេស​ហ្វីលីពីន។ ទន្ទឹមគ្នា​នោះ លោក​ថា បញ្ហា​ព្រំដែន​នេះ ទំនង​ជា​ថៃ​ស្នើសុំ​ដោះស្រាយ ត្រឹម​ទ្វេភាគី ដូចដែល​ភាគី​ថៃ​ធ្លាប់​ស្នើ​កន្លង​មក​។ ប៉ុន្តែ​យ៉ាងណា ការ​ដោះស្រាយ​តាមរយៈ​ទ្វេភាគី លោក​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​យុត្តិធម៌ ពិតប្រាកដ​នោះ​ទេ ហើយ ទីតាំង​ដែល​យោធា​ថៃ បាន​កាន់កាប់​ក្រោយ​សង្គ្រាម​២១​ថ្ងៃ នោះ ក៏​ថៃ​មិន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ដែរ​។ ក្រៅពី​យន្តការ​អាស៊ាន លោក​ថា ក៏​កម្ពុជា​ត្រូវតែ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពាក់ព័ន្ធ អំពើ​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក ម៉ែន ណាត៖ «មិនអាច​ទៅ​ដោះ​បញ្ហា​ភូមា​រំលង​កម្ពុជា​បានទេ ព្រោះ​បញ្ហា​ភូមា​ជា​រឿង​ផ្ទៃក្នុង មាន​កម្រិត​ដូច​ចង្អៀត​ជាង​បញ្ហា​កម្ពុជា​។ បញ្ហា​កម្ពុជា​រវាង​ប្រទេស​នឹង​ប្រទេស មាន​កម្រិត​ធំ​ទូលាយ ហើយ​វា​ជា​ហានិភ័យ​ដល់​សន្តិសុខ​តំបន់​។ បើ​ករណី​ហ្វីលីពីន​ធ្វើ​អ៊ីចឹង ធ្វើ​ឱ្យ​ថៃ​នឹង​បាន​ចិត្ត ហើយ​ធ្វើ​ឱ្យ​សហគមន៍ អាស៊ាន ត្រូវ​បាន​គេ​ទិតៀន​ថា ជា​សមាគម​ដែល​គ្មាន​ឥទ្ធិពល គ្មាន​ប្រយោជន៍​​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​របស់​សមាជិក​ខ្លួនឯង»។

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លើកឡើង​ថា ស្របពេល​ពិភពលោក​កំពុង​ច្របូកច្របល់​កម្ពុជា​មិន​គួរ​ដើរ​តួ​ជា​ប្រទេស ទន់ខ្សោយ​ឱ្យ​គេ​អាណិត​នោះ​ទេ ប៉ុន្តែ កម្ពុជា​ត្រូវធ្វើ​កិច្ច​ការងារ​ការទូត​ឱ្យ​សកម្ម ស្មោះត្រង់ និង​ម៉ឺងម៉ាត់ ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ចង់​បាន​សន្តិភាព និង គោរព​ច្បាប់​អន្តរជាតិ​ពិត​ប្រាកដ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ