លោក ហ៊ុន សែន ដំឡើង​តួនាទី​ឲ្យ​កូនប្រុស​លោក ចៅ ភិរុណ ដោយ​មិន​ខ្វល់​ពី​កងទ័ព​ជួរមុខ

0
63
អគ្គនាយកនៃអគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ក្រសួង​ការពារជាតិ​ លោក ចៅ ភិរិទ្ធ (ឆ្វេង) ​កូនប្រុស​ច្បង​លោក ចៅ ភិរុណ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​អគ្គនាយកនៃអគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ក្រសួង​ការពារជាតិ​។ រូប៖ បណ្ដាញសង្គម
អគ្គនាយកនៃអគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ក្រសួង​ការពារជាតិ​ លោក ចៅ ភិរិទ្ធ (ឆ្វេង) ​កូនប្រុស​ច្បង​លោក ចៅ ភិរុណ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​អគ្គនាយកនៃអគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ក្រសួង​ការពារជាតិ​។ រូប៖ បណ្ដាញសង្គម

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន សម្រេច​តែងតាំង​ឧត្តម​សេនីយ៍​ឯក ចៅ ភិរិទ្ធ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋស្តីទី ដែល​ទូរទស្សន៍​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែ​មីនា។

ឧត្តមសេនីយ៍​ឯក ចៅ ភិរិទ្ធ គឺជា​កូនប្រុស​ច្បង​របស់​នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស ក្រសួង​ការពារជាតិ​។ នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ បាន​បង្កើត​គ្រួសារនិយម និង​បក្ខពួក​និយម​នៅក្នុង​ក្រសួងការពារជាតិ មិន​ខុសពី​ជួរ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ក្រសួងការពារជាតិ​នោះ​ទេ។

ឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ ដែល​ទើបត្រូវ​បាន​តែងតាំង​មុខតំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​នេះ ក៏បាន​ឡើង​កាន់​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួង​ការពារជាតិ ជំនួស​ឪពុក​របស់​លោក​ដែរ។ រីឯ​កូនប្រុស​ទី​ពីរ គឺ​ឧត្ដមសេនីយ៍ឯក ចៅ ពលៈ ក៏​មាន​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ បន្ទាប់ពី​បងប្រុស​របស់​គាត់។

ទោះជា​យ៉ាងណា គ្រួសារ​លោក ចៅ ភិរុណ នេះ មានកេរ្តិ៍ឈ្មោះ​អាស្រូវ​ខ្លាំង​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ចៅ ភិរុណ និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប្រពន្ធ​និង​កូនៗ​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ក្រុងព្រះសីហនុ​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​នេះ រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាននៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ជាន់​ដី​សហរដ្ឋអាមេរិក​ជាដើម។

ប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន​”​ជាង​៤​ទសវត្ស​មក​នេះ បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​និង​គ្រួសារនិយម បក្ខពួក​និយម នៅ​គ្រប់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ ដោយ​នៅ​ក្នុង​នោះ ក៏​មាន​ក្រសួង​ការពារជាតិ​មួយ​ដែរ។ ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កងទ័ព​ភាគច្រើន គិតតែ​ពី​កសាង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ពង្រឹង​អំណាច​គ្រួសារ​ដោយ​លើក​បន្តុប​កូនចៅ​និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​កាន់​តួនាទី​សំខាន់ៗ​នៅក្នុង​ជួរ​កងទ័ព។ បញ្ហា​ពុករលួយ និង​គ្រួសារនិយម​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​កងទ័ព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺជា​ឧបសគ្គ​រារាំង​ដល់​ការ​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កងទ័ព​កម្ពុជា ហើយ​បង្ក​ភាព​អយុត្តិធម៌​ជាច្រើន​ដល់​កូនទាហាន និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រង​ការឈ្លានពាន​ពី​ប្រទេសជិតខាង​យ៉ាង​ងាយ​។ ក្នុង​សង្គ្រាម​ពីរ​លើក​ជាមួយ​ប្រទេស​ថៃ​កន្លងមក កងទ័ព​ខ្មែរ​ដែល​ចេញ​ច្បាំង​ភាគ​ច្រើន​បំផុត គឺជា​កងទ័ព​ដែល​នៅ​សេសសល់​ពី​សម័យ​តស៊ូ និង​ជា​កូនចៅ​របស់​ប្រជារាស្ត្រ​ក្រីក្រ។ ពួកគាត់ សុទ្ធ​តែ​ជា​អ្នកក្លាហាន​ចេញ​ច្បាំង​ការពារ​ទឹកដី​ដោយ​មិន​ខ្លាច​សត្រូវ ទោះបីជា​គ្មាន​អាវុធ​ទំនើប និង​អារម្មណ៍​ខ្វាយខ្វល់​អំពី​បញ្ហា​ជីវភាព​ដុនដាប​របស់​គ្រួសារ​ក្តី។ ចំណែក​កូនចៅ​របស់​អ្នកធំៗ ពួកគេ គ្មាន​វត្តមាន​នៅ​សមរភូមិ​មុខ​ឡើយ ប៉ុន្តែ​ពួកគេ បែរជា​អង្គុយ​ចាំ​ទទួល​តំណែង​សំខាន់ៗ​យ៉ាង​ស្រួល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ