

គណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស ប្រចាំក្រុងមែលប៊ន (Melbourne) រដ្ឋវ៉ិកតូរីយ៉ា (Victoria ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ពួកគាត់រំពឹងថា នឹងមានពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី ចូលរួមចុះឈ្មោះបោះឆ្នោតដើម្បីស្វែងរកតំណាងរបស់ខ្លួន។
ក្រោយគណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស បើកយុទ្ធនាការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាផ្លូវការ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្រៅប្រទេស ពលរដ្ឋខ្មែររស់នៅក្រុង មែលប៊ន (Melbourne) រដ្ឋវ៉ិកតូរីយ៉ា (Victoria ) ប្រទេសអូស្ត្រាលី (Australia) បានចាប់ផ្ដើមនាំគ្នាចុះឈ្មោះហើយ កាលពីថ្ងៃទី១២ ខែមេសា នៅក្នុងបរិវេណវត្តពុទ្ធរង្ស៊ីមែលប៊ន ចំថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានមន្ត្រីរបស់គណៈកម្មការបោះឆ្នោត ប្រចាំនៅក្រុងមែលប៊ន ចាំចុះឈ្មោះឲ្យពលរដ្ឋ និងតាមរយៈអនឡាញ។
មន្ត្រីគណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស ប្រចាំក្រុងមែលប៊ន ប្រទេសអូស្ត្រាលី អ្នកស្រី តាន់ ប៊ុនធីតា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែមេសាថា យុទ្ធនាការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ នេះ មានពលរដ្ឋខ្មែរជាច្រើនបានចាប់អារម្មណ៍ និងបានចុះឈ្មោះដោយផ្ទាល់ និងតាមអនឡាញ ក្រោយមន្ត្រីគណៈកម្មការបោះឆ្នោតបានពន្យល់អំពីសារប្រយោជន៍ ហើយពលរដ្ឋសាទរ និងចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខ។
អ្នកស្រី តាន់ ប៊ុនធីតា៖ «ខ្ញុំបានពន្យល់ប្រាប់បងប្អូន អ៊ុំពូមីង ហើយពួកគាត់សប្បាយចិត្ត ពីព្រោះយើងនឹងមានតំណាងសភាព របស់យើងឈរតំណាងឲ្យយើងផ្ទាល់នៅអូស្ត្រាលី ទាំងដែរពីមុនឡើយមិនដែរមានទេ អញ្ចឹងទៅអនាគតយើងនឹងមានសភាតំណាងប្រជាពលរដ្ឋ នឹងនាំក្តីកង្វល់ពលរដ្ឋទៅខាងរដ្ឋាភិបាលអូស្ត្រាលី និងអាចជួយប្រជាជននៅក្នុងប្រទេសផងដែរព្រោះជារឿងល្អមែនទែនពួកគាត់សប្បាយចិត្ត»។
អ្នកស្រី តាន់ ប៊ុនធីតា លើកឡើងទៀតថា ឧបសគ្គដែលមន្ត្រីគណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេសជួបប្រទះបច្ចុប្បន្ន គឺមិនមានទីស្នាក់ការដើម្បីផ្ដល់ព័ត៌មាន និងចាំចុះឈ្មោះឲ្យប្រជាពលរដ្ឋដែលមានវ័យចំណាស់ ខណៈបច្ចុប្បន្ននេះ មន្ត្រីគណៈកម្មការបោះឆ្នោតយកឱកាសបុណ្យចូលឆ្នាំខ្មែរដើម្បីផ្សព្វផ្សាយ និងចុះឈ្មោះជាជំហានដំបូងសិន បន្ទាប់ពីនោះគណៈកម្មការបោះឆ្នោតនឹងមានវិធីសាស្ត្រផ្សេងៗទៀត ដើម្បីឲ្យពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានចុះឈ្មោះ និងមានឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។
ទាក់ទិននឹងរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី និងជាអ្នកនាំពាក្យគណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស លោក ស៊ឹង សែនករុណា ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតខ្មែរនៅក្រៅប្រទេសនេះ មានសារសំខាន់សម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលមិនមានសិទ្ធិបោះឆ្នោតនៅកម្ពុជា អាចចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន តាមប្រទេសនានាដែលមានពលរដ្ឋខ្មែររស់នៅ ហើយតំណាងរាស្ត្ររបស់ពួកគាត់នឹងមានការទទួលស្គាល់ និងនាំយកបញ្ហា និងទុក្ខកង្វល់ របស់ពលរដ្ឋខ្មែរទៅជជែកជាមួយរដ្ឋាភិបាលដែលពួកគាត់កំពុងរស់នៅ ដូចជារដ្ឋាភិបាលអូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម ដើម្បីស្វែងរកដំណោះស្រាយឲ្យពលរដ្ឋ ។ លោក ទទូចឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលរួមចុះឈ្មោះ និងបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនឲ្យជួយរកដំណោះស្រាយឲ្យប្រទេសជាតិ ស្របពេលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសជិតខាង។
លោក ស៊ឹង សែនករុណា៖ «អ្នកតំណាងសភាពលរដ្ឋអាចប្រើប្រាស់សិទ្ធដែរជាអ្នកតំណាងតាមរយៈសន្លឹកឆ្នោតរបស់បងប្អូនដែរបោះជូន អ្នកទទួលបានសិទ្ធសភាពលរដ្ឋ គេនឹងធ្វើកិច្ចការងារជាមួយអាជ្ញាធរសាមីប្រទេសជាពិសេសអាជ្ញាធរទាំងនៅថ្នាក់មូលដ្ឋាន ក្រុងឬក៏ថ្នាក់ជាតិពីប្រទេសអូស្ត្រាលី រឺប្រទេសផ្សេងៗទៀតគេនឹងធ្វើកិច្ចការងារដើម្បីជួយទៅដល់សហគមន៍ខ្មែរប្រឈមនៅទីនេះផ្ទាល់ផងហើយនាំយកបញ្ហាប្រទេសជាតិកំពុងរងទុក្ខផ្តល់ឲ្យប្រទេសផ្សេងៗផង ឲ្យគេជួយរកដំណោះស្រាយជួយជនរួមជាតិមាតុភូមិយើង»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា គណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស បានចុះឈ្មោះពលរដ្ឋខ្មែរនៅតាមប្រទេសនានាទូទាំងពីភពលោក ចាប់តាំងពីថ្ងៃទី១០ ខែមេសា រហូតដល់មិថុនា រួចនឹងចាប់ចុះឈ្មោះបេក្ខជនតំណាងរាស្ត្រម្ដង ដើម្បីឈានដល់ការបោះឆ្នោតជាផ្លូវការ និងបង្កើតបានជាសមាជិកសភាក្រៅប្រទេស។ លោកថា នៅមុនពេលបោះឆ្នោត បេក្ខជនតំណាងរាស្ត្រទាំងអស់ ត្រូវតែមានគោលនយោបាយរៀងៗខ្លួនក្នុងការជួយដល់ពលរដ្ឋខ្មែរ និងរកដំណោះស្រាយជូនជាតិ ដើម្បីស្វែងរកសន្លឹកឆ្នោតពីពលរដ្ឋ។
គណៈកម្មការបោះឆ្នោតខ្មែរនៅក្រៅប្រទេស ប្រចាំនៅក្រុងមែលប៊ន (Melbourne) រដ្ឋវ៉ិកតូរីយ៉ា (Victoria ) ប្រទេសអូស្ត្រាលី (Australia) ធ្វើឡើងបន្ទាប់ពីចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានស្ទង់មតិពលរដ្ឋខ្មែររស់នៅក្រុងមែលប៊ន នឹងបានឯកភាពឲ្យមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស ដើម្បីជួយរកដំណោះស្រាយជូនពលរដ្ឋ និងប្រទេសជាតិ ដែលកំពុងជួបបញ្ហាស្កេះស្កះនៅក្នុងប្រទេសកម្ពុជា៕









