អ្នកឃ្លាំមើល​សង្គម​សង្ឃឹម​ថា លោក កឹម សុខា នឹង​រួច​ទោស​តាមរយៈ​ការចរចា​នយោបាយ

0
28
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ បណ្ដាញសង្គម
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​មើល​ឃើញថា ការ​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃ​នេះ គឺជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​រក​ច្រកចេញ​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ខណៈ​សាលាឧទ្ធរណ៍​នឹង​បន្ត​បើកសវនាការ​លើ​សំណុំរឿង លោក កឹម សុខា​នៅ​ថ្ងៃស្អែក​បន្ត​ទៀត។

គិត​ចាប់តាំងពី​ឆ្នាំ​២០២៤​មក សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើកសវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ចំនួន​ជាង​១០​លើក​រួច​មក​ហើយ តែ​នៅពេល​ចូល​ដល់​ដំណាក់កាល​នៃ​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន សវនាការ​ក៏​ត្រូវ​បាន​លើក​ពេល ១​លើក​ជា​២​លើក ដោយ​មិនបាន​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់​នោះ​ឡើយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា​សវនាការ​លោក កឹម សុខា ថ្ងៃនេះ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដោយសារ​ពួកគេ​ចង់ដឹង​ថា តើ​ប្រព័ន្ធ​តុលាការ​របប​ក្រុងភ្នំពេញ​នឹង​បន្ត​ដើរតួ​ជា​ឧបករណ៍​សម្រាប់​បង្កក​ឥទ្ធិពល​អ្នកនយោបាយ​បក្ស​ប្រឆាំង ឬ​នឹង​ក្លាយជា​ច្រកចេញ​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ។

លោក សេង វណ្ណលី បន្ថែម​ថា ប្រសិនបើ​សវនាការ​នៅថ្ងៃ​នេះ នៅតែ​បន្ត​ប្រើប្រាស់​ទម្រង់​ដដែលៗ ក្នុងន័យ​អូស​បន្លាយ​ពេល ឬ​មិន​មាន​ការ​ផ្តល់​សេរីភាព​ណាមួយ​ដល់​លោក កឹម សុខា នោះ​ទេ វា​នឹង​ក្លាយជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា របៀបវារៈ​រឹត​បន្តឹង​នយោបាយ នៅតែ​មាន​ឥទ្ធិពល​លើស​ពី​តម្រូវការ​នៃ​ការផ្សះផ្សា​ជាតិ ដែល​នឹង​រុញច្រាន​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ប្រើប្រាស់​វេទិកា​នយោបាយ​រឺ​ក៏​តុលាការ ដើម្បី​សាង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​រឹងមាំ​ខណៈ​ដែល​បញ្ហា​ព្រំដែន​កំពុង​មាន​ភាព​រកាំរកូស​ខ្លាំង​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ។

លោក សេង វណ្ណលី៖ «​ផ្ទុយទៅវិញ បើ​សវនាការ​នា​ថ្ងៃនេះ ឈាន​ទៅ​ដល់​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំខ្លួន ឬ​ការ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​ជ័យជម្នះ​ផ្នែក​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ក៏ដូចជា លោក ហ៊ុន សែន ក្នុង​ការ​បំបែក​ភាព​ឯកោ​រលើ​ឆាក​អន្តរជាតិ»។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ថែម​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃ​នេះ មិនមែន​គ្រាន់តែ​ជា​ការ​សម្រេច​ក្តី​លើ​បុគ្គល​ម្នាក់​នោះ​ទេ ប៉ុន្តែ​គឺជា​ការសម្រេច​លើ​ទិសដៅ​អនាគត​នៃ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល ពីព្រោះ​ការ​ដោះលែង​លោក កឹម សុខា គឺ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA និង GSP។

ការ​លើកឡើង​របស់​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ រូប​នេះ ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៨ ខែមេសា នេះ បាន​បន្ត​សវនាការ​លើ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់មាត់​ក្នុង​សំណុំរឿង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​ជាន់​ទាប​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​ទៀត​ផង។

នៅ​ពីមុខ​សាលាឧទ្ធរណ៍​ព្រឹក​ថ្ងៃ​ពុធ​នេះ គេ​ក៏​សង្កេតឃើញ​មាន​បណ្តា​អង្គទូត​បរទេស​រួមមាន អាមេរិក បារាំង អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​តាមដាន​សង្កេតការណ៍​ផង​ដែរ​។ ក្រោយពី​បើកសវនាការ​អស់​រយៈពេល​ពេញ​មួយថ្ងៃ សាលាឧទ្ធរណ៍​សម្រេច​នឹង​បន្ត​បើកសវនាការ​លើ​សំណុំរឿង លោក កឹម សុខា​នៅ​ថ្ងៃស្អែក​បន្ត​ទៀត។

សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា លោក ផែង ហេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​តុលាការ​ថា ការ​ឃុំខ្លួន​កូនក្តី​របស់​លោក រឺ​ក៏​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ចាប់ពី​ថ្ងៃ​ឃុំខ្លួន​រហូតមកដល់​ថ្ងៃនេះ​គឺ​ជិត​១០​ឆ្នាំ​ហើយ ដូច្នេះ​កូនក្តី​របស់​លោក​បាន​រង​នូវ​អំពើ​អយុត្តិធម៌​រួចហើយ ហើយក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ​ផង​ដែរ។

លោក ផែង ហេង៖ «ទី​១​គាត់​រង់ចាំ​យុត្តិធម៌​ដែល​ផ្តល់​ដោយ​តុលាការ​សម្រាប់​ភាព​ស្អាតស្អំ​របស់​គាត់ ដែល​គាត់​គ្មាន​ឆន្ទៈ​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់ ទី​២​គាត់​ក៏​ទន្ទឹង​រង់ចាំ​នូវ​ដំណោះស្រាយ​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ​នឹង​ខ្មែរ»។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​មន្ត្រី​អង្កេត​ជាន់ខ្ពស់ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​ចូលរួម​តាមដាន​សវនាការ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅក្នុង​សវនាការ ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​អង្គជំនុំ​ជម្រះ​ចំនួន​៣​ចំនុច គឺ​ទី​១​ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំជម្រះ ដាក់ទោស​ទណ្ឌ​ធ្ងន់​ចំពោះ​បទល្មើស​ក្បត់ជាតិ ទី​២​ស្នើ​ឲ្យ​យក លោក កឹម សុខា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​វិញ និង​ទី​៣ គឺ​ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​ផ្តន្ទាទោស​បន្ថែម ដោយ​ដកហូត​សិទ្ធិ​នយោបាយ​របស់​គាត់​ជា​អចិន្ត្រៃយ៍​មិន​ឲ្យ​ធ្វើ​នយោបាយ​តទៅទៀត។

លោក យី សុខសាន្ត៖ «អ្វី​ដែល​យើង​មើលឃើញ​សវនាការ​ដ៏​វែង​អន្លាយ​តាំងពី​២០១៧​រហូតមកដល់​ពេលនេះ​វា​ចូល​១០​ឆ្នាំ​ហើយ ហើយ​គ្រាន់តែ​សន្និដ្ឋាន​ជិត​២​ឆ្នាំ​ហើយ អីចឹង​សន្និដ្ឋាន​ក្នុង​អង្គការ​សង្គម​ស៊ីវិល​យល់ថា​វា​ជា​រឿង​នយោបាយ​ច្រើនជាង​ការប្រព្រឹត្តិ​បទល្មើស»។

លោក យី សុខសាន្ត បន្ថែម​ទៀត​ថា នៅពេល​រសៀល​ម៉ោង ២ សហ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី បាន​ប្រើ​ពេល ប្រហែល​៣ ម៉ោង ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចំនួន​ពីរ​ចំនុច ដោយ​សូម​ឲ្យ​សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា និង​ទី​២ សូម​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជា​អតិបរិមា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៤៣​ហើយ​នៅ​ថ្ងៃស្អែក​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ លោក កឹម សុខា នឹង​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​បន្ត។

ចំណែកឯ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​ចូលរួម​សង្កេត​តាមដាន​សវនាការ​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​តុលាការ​ថា វា​គឺជា​ពេលវេលា​សមស្រប​ដែល​អ្នកនយោបាយ​ខ្មែរ​ផ្សះផ្សា​រួបរួម​ជាតិ ខណៈ​ប្រទេសជាតិ​កំពុង​ប្រឈម​និង​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​និង​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​។ លោក​នៅតែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កឹម សុខា ដោយ​លោក​សង្ឃឹមថា​តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ដល់​លោក កឹម សុខា ឲ្យ​លោក​មាន​សេរីភាព​និង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក​កឹម សុខា ដាក់​ពន្ធនាគារ ២៧​ឆ្នាំ ដោយ​ដកសិទ្ធិ​ធ្វើ​នយោបាយ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។

ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ស្ថិរភាព​យូរអង្វែង​របស់​កម្ពុជា គឺ​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ ដោយ​រដ្ឋាភិបាល​គួរ​ប្រើ​ប្រាស់​វិបត្តិ​ព្រំដែន​ធ្វើជា​ឱកាស​ដើម្បី​ពិចារណា​ឡើងវិញ​នូវ​បរិយាកាស​នយោបាយ​។ ហើយ​ការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​សកម្មជន​ដទៃទៀត នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​កសាង​ទំនុកចិត្ត​ជាមួយ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ៕

ទស្សនាបទសម្ភាសន៍បន្ថែមជាមួយមេធាវី​លោក ផែង ហេង៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ