
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស ប្រធានសហជីពនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គម។ កូនស្រីរបស់លោក ពេជ ពិសិទ្ធ ចាត់ទុកការសម្រេចរបស់តុលាការ ថាជា រឿងអយុត្តិធម៌ និងជាការដាក់សម្ពាធលើកូនៗឲ្យទទួលបន្ទុករ៉ាប់រងគ្រួសារជំនួសឪពុក។
កូនស្រីរបស់លោក ពេជ ពិសិទ្ធ ទទូចឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឪពុកឲ្យមានសេរីភាពវិញ ដើម្បីមើលថែកូនៗ ខណៈនាងបានបោះបង់ការសិក្សា បន្ទាប់ពីឪពុកត្រូវជាប់ឃុំក្នុងពន្ធនាគារ។
ការទទូចនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា បានប្រកាសសាលក្រម ផ្ដន្ទាទោសប្រធានសហជីពនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គម។
កូនស្រីរបស់លោក ពេជ ពិសិទ្ធ គឺកញ្ញា សួង សូនីកា ចាត់ទុកការសម្រេចរបស់តុលាការ ដែលកាត់ទោសឪពុកឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ គឺជាការដាក់សម្ពាធមកពួកគាត់ជាកូនឲ្យទទួលបន្ទុករ៉ាប់រងគ្រួសារជំនួសឪពុក។ កញ្ញាបន្តថា កញ្ញាបានបោះបង់ការសិក្សានៅឆ្នាំទី១ ហើយទៅធ្វើការរោងចក្រ ដើម្បីជួយរកប្រាក់ដោះបំណុលធនាគារផង និងផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួនឪពុក។
កញ្ញា សួង សូនីកា៖ «គ្រួសារមានប៉ារ៉ាប់រងអ៊ីចឹងបើអត់មានប៉ាពួកខ្ញុំរាងលំបាកក្នុងការឲ្យប្អូនរៀន។ ប្អូនខ្ញុំនៅរៀនមិនទាន់ចប់មួយទេ តូចទើបរៀនថ្នាក់ទី១ មួយទៀត ទើបរៀនថ្នាក់ទី ៨ ហើយមួយទៀត កំពុងរៀនថ្នាក់ទី១១ ហើយរៀនចប់តែខ្ញុំនិងបងខ្ញុំ។ ខ្ញុំរៀនត ពេលប៉ាខ្ញុំមានរឿងអ៊ីចឹងទៅ ខ្ញុំក៏អត់បានរៀនត ចប់រឿងត្រឹមរឿងរបស់ប៉ា ខ្ញុំឈប់រៀននៅឆ្នាំទី១ ខ្ញុំរៀនផ្នែកគណនេយ្យដោយសារតែគ្រួសារពិបាក ពេលប៉ាអត់នៅ អត់មានអ្នកណាជួយរកលុយ»។
កញ្ញា សួង សូនីកា បន្តថា ប្រសិនបើឪពុករបស់នាងធ្វើខុសសមត្ថកិច្ចគួរអប់រំ និងណែនាំ ដោយមិនគួរចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួននោះទេ។
កញ្ញា សួង សូនីកា៖ «សូមឲ្យតុលាការជួយរកយុត្តិធម៌ឲ្យប៉ា ឲ្យជួយដោះលែងប៉ាមកវិញ ព្រោះអីសូមឲ្យគាត់យល់ពីគ្រួសារខ្ញុំផង ព្រោះគ្រួសារខ្ញុំបន្ទុកច្រើនខ្ញុំត្រូវការប៉ា មកមើលថែពួកខ្ញុំទាំងអស់គ្នា។ [គ្រួសារ]មានជំពាក់អង្គការគេ ប៉ារកលុយដោះអង្គការផង ហើយឥឡូវចាប់ពីគាត់មានរឿងអ៊ីចឹងទៅ រឿងហ្នឹងក៏រាងលំបាកដោយ សារតែ នៅផ្ទះខ្ញុំមានតែខ្ញុំហើយនឹងបងខ្ញុំទេជាអ្នករក»។
ទោះជាយ៉ាងណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃដដែលនេះ ក៏បានសម្រេចទម្លាក់បទចោទប្រកាន់«ជេរប្រមាថជាសាធារណៈ» លើលោក ពេជ ពិសិទ្ធ ដោយសំអាងថា ដើមបណ្តឹងរដ្ឋប្បវេណី លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានដកពាក្យបណ្តឹងវិញ។ លោក សុខ គីន បានប្តឹងលោក ពេជ ពិសិទ្ធ ចំពោះការបរិហារកេរ្តិ៍ និងទាមទារសំណងជំងឺចិត្តចំនួន ៨០លានរៀល ប៉ុន្តែក្រោយមកបានដកពាក្យបណ្តឹងនេះវិញ។
ប្រធានសម្ព័ន្ធសហជីពកាត់ដេរសំលៀកបំពាក់ និងឧស្សាហកម្ម (CAI) លោក ឯក សុភក្តី យល់ថា ការលើកឡើងរបស់លោក ពេជ ពិសិទ្ធ នៅលើបណ្ដាញសង្គម មិនមានទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារឡើយ បើប្រៀបធៀបជាមួយបុគ្គលមួយចំនួន ដែលបានជេរប្រមាថលើបណ្ដាញសង្គមធ្ងន់ធ្ងរ ប៉ុន្តែបែរជាគ្មានទោសទៅវិញ។ លោកចាត់ទុកការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និង បង្ហាញពីការរឹតត្បិតសេរីភាពបញ្ចេញមតិ ពីព្រោះ លោក ពេជ ពិសិទ្ធ ជាថ្នាក់ដឹកនាំសហជីព ដែលជាអ្នកការពារសិទ្ធិ និងផលប្រយោជន៍កម្មករ។
លោក ឯក សុភក្តី៖ «ក្នុងនាមខ្ញុំជាសហជីព ខ្ញុំយល់ថា វាជាការរឹតត្បិតសេរីភាពនៅក្នុងការបញ្ចេញមតិសម្រាប់គាត់ជាថ្នាក់ដឹកនាំម្នាក់ ដែលជួយការពារនូវភាពយុត្តិធម៌ ការពារសិទ្ធិ ក៏ដូចជាលក្ខខណ្ឌការងារជូនដល់កម្មករក្នុងនាមគាត់ជា ប្រធានសហជីព ដែលកំពុងតែទទួលរ៉ាប់រងនៅក្នុងការដោះស្រាយ ឬក៏ទទួលរ៉ាប់រងក្នុងការពារសិទ្ធិ និងផលប្រយោជន៍កម្មករ នៅក្នុងក្រុមហ៊ុន ដែលមានសមាជិក ជាង ១ពាន់នាក់បច្ចុប្បន្ន»។
លោក ពេជ ពិសិទ្ធ ជាថ្នាក់ដឹកនាំសហជីព និងជាអនុប្រធានសម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម។ លោកត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខរោងចក្រកន្លែងដែលលោកធ្វើការក្នុងខេត្តព្រះសីហនុ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត យល់ថា សាលក្រមរបស់តុលាការនេះអាចឲ្យមានការិះគន់ ពីការធ្វើទុក្ខបុកម្នេញ គំរាមកំហែងដល់អ្នកដឹកនាំសហជីព ជាពិសេសសហជីពឯករាជ្យ។ លោកបន្តថា ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន និងផ្ដន្ទាទោសលោក ពេជ ពិសិទ្ធ គឺបង្ហាញពីការរឹតត្បិតសេរីភាពសហជីព ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញា អន្តរជាតិ ILO ។
លោក អំ សំអាត៖ «ការផ្ដន្ទាទោសទៅលើសកម្មជនសហជីព សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជនគណបក្សនយោបាយ ដែលគ្រាន់តែអនុវត្តសិទ្ធិ និងសេរីភាព ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ហ្នឹង គឺវាមិនមានផលចំណេញសម្រាប់កម្ពុជាទេ វាប៉ះពាល់សម្រាប់ការអភិវឌ្ឍនៃកម្ពុជាវិញទេ ជាពិសេស សេរីភាពបញ្ចេញមតិ បើសិនជាពួកគាត់ចូលរួមក្នុងការរិះគន់ដើម្បីស្ថាបនា ចូលរួមដើម្បី បង្ហាញអំពីយោបល់កង្វល់ឬក៏បញ្ហាដែលកើតឡើង ហើយនឹងការស្វែងរក ដំណោះស្រាយ និងការចូលរួមក្នុងការជំរុញអភិវឌ្ឍន៍សង្គមជាតិវាជារឿងសំខាន់»។
អង្គការលីកាដូឲ្យដឹងថា លោក ពិសិទ្ធ ស្ថិតក្នុងចំណោមមនុស្សចំនួន ៩៧ នាក់ ដែលកំពុងជាប់ឃុំ ដោយសារ ការប្រើប្រាស់សិទិ្ធបញ្ចេញមតិ។ ទោះជាយ៉ាងណា មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលនិងតុលាការទម្លាក់បទចោទ និងដោះលែងមេដឹកនាំសហជីពឱ្យមានសេរីភាពវិញ ដើម្បីបើកលំហសេរីភាពសហជីព គោរពតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរ ជាតិ ILO ដើម្បីធានាការគោរពសិទ្ធិសហជីព និងច្បាប់ការងារ៕










