មេដឹកនាំត្រកូលហ៊ុនរង​ការ​រិះគន់​ថា ផ្ដល់​ជម្រក​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់នៅ​ខេត្ត​ព្រះសីហនុ

0
61
អ្នកជំនួញ​ជនជាតិ​តៃវ៉ាន់​ឈ្មោះ លីន ពីងវិន (Lin Ping Wen) ដែលធ្វើអាជីវកម្ម​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់ និង​បើក​បន​ល្បែង​ខុសច្បាប់នៅកម្ពុជា។ រូប៖ កាសែត Taiwan News
អ្នកជំនួញ​ជនជាតិ​តៃវ៉ាន់​ឈ្មោះ លីន ពីងវិន (Lin Ping Wen) ដែលធ្វើអាជីវកម្ម​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់ និង​បើក​បន​ល្បែង​ខុសច្បាប់នៅកម្ពុជា។ រូប៖ កាសែត Taiwan News

មេដឹកនាំ​នៃ​របប​ត្រកូល «ហ៊ុន​» រង​ការ​រិះគន់​ថា ជួយ​លាក់បាំង និង​ផ្ដល់​ទីជម្រក​ទឹកដី​កម្ពុជា​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់ (Taiwan) ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ​។ ការ​រិះគន់​នេះ គឺ​ដោយសារតែ​បុរស​ជនជាតិ​តៃវ៉ាន់​រូប​នោះ​គឺជា​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចេញ​ដីកាចាប់ខ្លួន​តាំងពី​ឆ្នាំ​២០២៤ មុន​ពេល​គេ​ត្រូវ​បាញ់​សម្លាប់​លើ​ទឹកដី​កម្ពុជា។

អ្នកឃ្លាំមើល​យល់ថា ករណី​បាញ់ប្រហារ​អ្នកជំនួញ​តៃវ៉ាន់​នៅ​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​អាច​ជា ជម្លោះផ្ទៃក្នុង​រវាង​បណ្ដាញ​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់ និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ការ​ប្រកួតប្រជែង​គ្នា​លើ​អាជីវកម្ម​ខុសច្បាប់​ផ្សេងៗ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា វត្តមាន​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​ដីកាចាប់ខ្លួន ប៉ុន្តែ​អាច​ចូល​មក​ជ្រកកោន និង​បន្ត​អាជីវកម្ម​បន​ល្បែងស៊ីសង​នៅ​កម្ពុជា​ដោយ​សេរី ជាពិសេស​រហូត​ឈាន​ដល់​មាន​ករណី​បាញ់សម្លាប់​គ្នា​នេះ​បង្ហាញថា កម្ពុជា​កំពុង​មាន​វិបត្តិ​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។ លោក​បន្ត​ថា ករណីនេះ​ឆ្លុះបញ្ចាំង​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋជន ដោយសារតែ​ពួកគេ​បាន​ប្រើប្រាស់​ឥទ្ធិពល​លុយកខ្វក់​ទិញ​សិទ្ធិ​ជ្រកកោន​លើទឹក​ដី​ខ្មែរ និង​ដើម្បី​ទទួល​បាន​ការ​ការពារ​ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក សេង វណ្ណលី៖ «នៅ​ពេល​ដែល​ឧក្រិដ្ឋជន​កម្រិត​ធ្ងន់​អាច​ជ្រកកោន​ក្រោម​រូបភាព​ជា​វិនិយោគិន ឬ​មាន​ខ្នងបង្អែក​រឹងមាំ វា​មិន​ត្រឹមតែ​ជា​ការ​បរាជ័យ​នៃ​ផ្នែក​ចារកម្ម និង​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ដាក់​សញ្ញា​សួរ​ទៅលើ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​លោក ហ៊ុន ម៉ាណែត សម្អាតផ្ទះ​ខ្លួនឯង​។ ស្ថានភាព​នេះ​បាន​ប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ជម្រក​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​មេខ្លោង​ឧក្រិដ្ឋកម្ម ដែល​វា​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​គឺជា​លទ្ធផល​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​ផ្ដល់​អាទិភាព​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​កខ្វក់ និង​បណ្ដាញ​បក្ខពួក​និយម ជាង​ការ​រឹត​បន្តឹង​យន្តការ​ត្រួតពិនិត្យ​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តរជាតិ ជាពិសេស​ពាក់ព័ន្ធ​អន្តោប្រវេសន៍»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​នេះ​កើតឡើង​បន្ទាប់ពី​រឿងរ៉ាវ​អ្នកជំនួញ​ជនជាតិ​តៃវ៉ាន់​ឈ្មោះ លីន ពីងវិន (Lin Ping Wen) បន្ត​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់ និង​បើក​បន​ល្បែង​ខុសច្បាប់ ត្រូវ​បាន​លាតត្រដាង​សាជាថ្មី បន្ទាប់ពី​បាន​រត់គេច​ខ្លួន​ពី​តៃវ៉ាន់​ចូល​មក​ទឹកដី​កម្ពុជា​។ ភាព​ល្បីល្បាញ​នៃ​រឿងអាស្រូវ​របស់​លោក លីន ពីងវិន ដែល​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​ផ្ទុះ​ឡើងវិញ​នេះ​នៅក្នុង​អំឡុង​ពេល​ដែល​ក្រុម​ឃាតករ​ជាច្រើន​នាក់​ប្រើ​កាំភ្លើង​បាញ់រះ​បណ្ដាល​ឱ្យ​លោក​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែ​មីនា។

វិទ្យុ​សហគមន៍​អន្តរជាតិ​តៃប៉ិ (International Community Radio Taipei) រាយការណ៍​ថា មុន​ពេល​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​លើ​ទឹកដី​កម្ពុជា​លោក លីន ពីងវិន ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​ដំណើរការ​បន​ល្បែងស៊ីសង​ខុសច្បាប់​កាលពី​ឆ្នាំ​២០២៣​។ ក្រោយមក​លោក​បាន​គេច​វេះ​មិន​ចូល​សវនាការ​នោះ​ទេ និង​បាន​រត់គេច​ខ្លួន​ចូល​ទឹកដី​កម្ពុជា ដើម្បី​បន្ត​រកស៊ី​លើ​វិស័យ​កាស៊ីណូ​។ កាលពី​ឆ្នាំ​២០២៤ រដ្ឋអាជ្ញា​នៃ​តុលាការ​តៃវ៉ាន់​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន លោក លីន ពីងវិន និង​ស្នើ​ឱ្យ​ប៉ូលិស​អន្តរជាតិ​ជួយ​តាម​ចាប់ខ្លួន​ថែមទៀត​ផង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​ជាច្រើន​បាន​រាយការណ៍​ថា ពេល​មក​ដល់​ទឹកដី​កម្ពុជា លោក លីន ពីងវិន បាន​ក្លាយជា​មេជើង​កាង​ដ៏​មាន​ឥទ្ធិពល​មួយ​រូប និង​ជា​តួអង្គ​ស្នូល​សំខាន់​ម្នាក់​នៃ​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ធ្វើ​ប្រតិបត្តិការ​លាងលុយកខ្វក់ និង​រកស៊ី​លើ​វិស័យ​បន​ល្បែង​ខុសច្បាប់​នៅ​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស រដ្ឋា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៥ ខែ​មីនា។

ក្រៅពី លោក លីន ពីងវិន ក៏​មាន​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​បាន​រត់គេច​ពី​ការ​ទទួលទោស​នៅ​ប្រទេស​ចិន​មក​សម្ងំ​ជ្រកកោន​ក្បែរ​លោក ហ៊ុន សែន ព្រមទាំង​ប្រើប្រាស់​លុយរាប់​ម៉ឺន​ដុល្លារ​ទិញ​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដើម្បី​បន្ត​រកស៊ី​លើ​អាជីវកម្ម​បន​ល្បែង​សង​ស៊ី និង​បង្កើត​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​លើ​ទឹកដី​កម្ពុជា​។ ក្នុង​នោះ​រួមមាន ម្ចាស់​កាស៊ីណូ ហ្គោលឌិន សាន់ស្កា​យ (Golden Sun Sky Casino) លោក តុង លីឆឹង (Dong Lecheng) និង​ម្ចាស់​កាស៊ីណូ ខេ ប៊ី (K.B Casino) នៅ​ខេត្ត​ព្រះសីហនុ​គឺ​ឧក្រិដ្ឋជន ស៊ូ អៃមីន (Xu Aimin) ជាដើម​។ ក្រៅពី​ឧក្រិដ្ឋជន​ទាំងនេះ ក៏​មាន​ក្រុម​ឧកញ៉ា​គ្រាក់ៗ​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មួយ​ចំនួន​ទៀត​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ដំណើរ​ការ​បើក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ផង​ដែរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដឹកនាំ​បែប​ធូររលុង និង​កាង​ការពារ​ឧក្រិដ្ឋជន​នោះ​សង្គម​កម្ពុជា​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (Mafia)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ