ក្រុម​អង្គការ​ធ្វើ​ការងារ​វិស័យ​បរិស្ថាន គ្រោង​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​មានការ​ការពារ​ព្រៃឈើ​ពិតប្រាកដ

0
38
ទិដ្ឋភាពយុវជន ពលរដ្ឋ ព្រះសង្ឃ នាំគ្នាធ្វើពិធីបំបួលដើមឈើ នៅព្រៃសហគមន៍ក្បាលខ្លា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបថតកាលពីឆ្នាំ២០២៥ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពយុវជន ពលរដ្ឋ ព្រះសង្ឃ នាំគ្នាធ្វើពិធីបំបួលដើមឈើ នៅព្រៃសហគមន៍ក្បាលខ្លា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបថតកាលពីឆ្នាំ២០២៥ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​វិស័យ​បរិស្ថាន គ្រោង​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​ឆ្នាំ​២០២៦ ដើម្បី​ជំរុញ​ឲ្យ​មានការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ពិតប្រាកដ និង​លើកយក​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​១០​ស្ថាប័ន ដែល​ធ្វើ​ការងារ​ខាង​វិស័យ​បរិស្ថាន គ្រោង​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​២២ ខែ​មីនា លើ​ប្រធានបទ ជីវិត និង​ព្រៃឈើ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ពិតប្រាកដ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួមមាន សមាគម​បណ្ដាញ​យុវជន​កម្ពុជា អង្គការ​សមធម៌​កម្ពុជា និង​សមាគមយុវជន​ខ្មែរ​ជាដើម។

នៅក្នុង​វេទិកា​នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​សហគមន៍​មូលដ្ឋាន បញ្ចេញមតិ អំពី​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ លើកកម្ពស់​ការចូលរួម​របស់​យុវជន សហគមន៍ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​អភិរក្ស និង​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព និង​ពង្រឹង​អភិបាលកិច្ច​ព្រៃឈើ​តាមរយៈ​កិច្ចសហការ​រវាង​យុវជន សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានា​និរន្តរភាព​កិច្ចការពារ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ើ ចាន់ដារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែមីនា​ថា វេទិកា​នេះ និង​ប្រមូល​នូវ​ទុក្ខ​កង្វល់ និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហគមន៍​មូលដ្ឋាន បង្ហាញ​ទៅកាន់​រដ្ឋាភិបាល​ឲ្យ​ស្វែងរក​ដំណោះស្រាយ និង​ត្រូវ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ លើស​ពី​នោះ ចែក​រំ​លែង​ចំណេះដឹង​អំពី​សារសំខាន់ នៃ​ព្រៃឈើ ទៅ​សាធារណជន និង​ជំរុញ​ឲ្យ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​រួមគ្នា​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​ទៅ​ថ្ងៃ​ខាងមុខ​។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព មិន​គួរ​ចាប់​អ្នកការពារ​បរិស្ថាន​ដាក់​ពន្ធនាគារ និង​ផ្ដន្ទាទោស​ពួកគេ​យ៉ាង​តឹងរ៉ឹង ចំណែក​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បែរជា​មិន​មាន​ការ​ដាក់ទោស​ទណ្ឌ​ទៅវិញ។

លោក ម៉ើ ចាន់ដារ៉ា៖ «​ជំរុញ​គោលនយោបាយ​ជាតិ ជាមួយ​គោលនយោបាយ​ធនធានធម្មជាតិ​ដែល​មាន​ស្រាប់​ឲ្យ​វា​មាន​ប្រសិទ្ធភាព យើង​ចង់​ឃើញ​ក្រសួង​បរិស្ថាន ជាពិសេស​រាជរដ្ឋាភិបាល​ចាត់វិធានការ​ទៅលើ​ជន​ខិល​ខួច​ជាពិសេស​ភាគី​ពាក់ព័ន្ធ​ដែល​បើកដៃ​ឲ្យ​មាន​បទល្មើស ដូច​ចំណាត់ការ​ទៅលើ​សកម្មជន​បរិស្ថាន​អ៊ីចឹង មិន​ត្រឹម​ពិន័យ​ត្រឹម​នីតិរដ្ឋបាល​ទេ គឺ​រុញ​ពួកគាត់​ទៅ​នីតិវិធី​តុលាការ​រឹប​អូស​ទ្រព្យសម្បត្តិ ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ជាពិសេស​អ្នក​ពីក្រោយ​ដែល​រួមគំនិត​ឃុបឃិត​ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ​នេះ»។

ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន នឹង​នាំ​យក​នូវ​បញ្ហា​ប្រឈម​របស់​សហគមន៍ និង​ព្រៃឈើ ទៅ​រក​ដំណោះស្រាយ និង​ឈប់​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បរិស្ថាន និង​បើក​ចំហ​សិទ្ធិ​សេរីភាព​ឲ្យ​សហគមន៍​មូលដ្ឋាន​បាន​ចូលរួម​ការពារ​ព្រៃឈើ​ដូចដើម​វិញ។

កាលពី​ថ្ងៃទី​០៤ ខែមីនា កន្លង​ទៅ សកម្មជន​ការពារ​ព្រៃឡង់ នៅ​ខេត្តព្រះវិហារ បាន​ចុះ​ស៊ើបអង្កេត ដោយ​រក​ឃើញ​ថា មាន​ដើម​ឈើមូល​ធំៗ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ រាប់​រយ​ដើម ត្រូវ​បាន​ក្រុម​ជនល្មើស កាប់​ផ្ដួល និង​អា​ច្រៀក​ដឹក​ចេញពី​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ ដោយ​គ្មាន​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​ឡើយ។

ទាក់ទិន​រឿង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ធានា​ដល់​បរិស្ថាន និង​សុចរិត​ភាព​សង្គម រដ្ឋាភិបាល គួរតែ​មាន​តម្លាភាព និង​ប្រកាន់ខ្ជាប់​នូវ​ការ​ការពារ​សង្គម និង​បរិស្ថាន​ឲ្យ​បាន​តឹងរ៉ឹង​។ លើស​ពី​នេះ បញ្ឈប់​ការ​រឹតត្បិត ដល់​មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ​តំបន់​នោះ តាមរយៈ​បើក​ឱ្យ​ពួកគាត់​ចូល​ល្បាត​ព្រៃ​ដោយ​សេរី ពេលនោះ​ព្រៃឈើ​នឹង​កាត់បន្ថយ​ការ​ចូល​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​ជនល្មើស​តាម​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ