សាច់ញាតិ​ជនរងគ្រោះ ៦​នាក់​ស្លាប់​​ដោយសារ​កូន​អ្នក​មាន​អំណាច​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​បង្ក​តាម​ច្បាប់

ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ (មុខ) ដែល​ជា​កូនប្រុស​មន្ត្រី​ប៉ូលិស​ផ្កាយ​១ នៅ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ីវ សុជាតិ និង​ភរិយា អង្គុយខាងក្រោយពេលចូលខ្លួន​នៅស្នងការខេត្ត​បាត់ដំបង កាលពីថ្ងៃទី១ មេសា ២០២៦ បន្ទាប់ពី​រត់គេច​ខ្លួន​ជាច្រើន​ថ្ងៃ។ រូប៖ ស្នងការខេត្ត​បាត់ដំបង
ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ (មុខ) ដែល​ជា​កូនប្រុស​មន្ត្រី​ប៉ូលិស​ផ្កាយ​១ នៅ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ីវ សុជាតិ និង​ភរិយា អង្គុយខាងក្រោយពេលចូលខ្លួន​នៅស្នងការខេត្ត​បាត់ដំបង កាលពីថ្ងៃទី១ មេសា ២០២៦ បន្ទាប់ពី​រត់គេច​ខ្លួន​ជាច្រើន​ថ្ងៃ។ រូប៖ ស្នងការខេត្ត​បាត់ដំបង

ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ៦​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជន​បង្ក​ដែល​ជា​កូនអ្នក​មាន​អំណាច​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​។ សាច់ញាតិ​ជនរងគ្រោះ​ក៏​បដិសេធ​ទទួលយក​សំណង​ពី​ឪពុកម្តាយ​របស់​ជន​បង្ក​ដែល​ផ្ដល់​ឱ្យ ១​ម៉ឺន​ដុល្លារ នៃ​ជនរងគ្រោះ​ម្នាក់ និង​ចាត់ទុកថា នេះ​គឺជា​ប្រមាថ​អាយុជីវិត​ក្រុម​គ្រួសារ​ពួកគាត់​។ សង្គម​ស៊ីវិល​ថា ទោះបី​សាច់ញាតិ​ជន​បង្ក​ផ្ដល់​សំណង​ក្នុង​តម្លៃ​ណា ក៏​មិន​អាច​ស្មើនឹង​អាយុជីវិត​មនុស្ស ៦​នាក់​ដែល​បាន​ស្លាប់ និង​សេចក្ដី​ទុក្ខសោក​របស់​គ្រួសារ​ជនរងគ្រោះ​បាន​ឡើយ។

សាច់ញាតិ​ជនរងគ្រោះ​នៅតែ​តក់ស្លុត និង​បង្ហាញ​អារម្មណ៍​សោកសង្រេង​ចំពោះ​ការបាត់បង់​អាយុជីវិត​សាច់ញាតិ​ម្ដង ៦​នាក់ ឬ​ស្មើនឹង ៣​គ្រួសារ​ក្នុង​ពេល​តែមួយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បាត់ដំបង។

សាច់ញាតិ​ជនរងគ្រោះ​ម្នាក់​គឺ​លោក រ៉ម ខនរិទ្ធី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បាត់​បង់ជីវិត​បង​ប្អូន​កូនក្មួយ និង​បងប្អូន​សាច់ថ្លៃ​នា​ពេល​នេះ ទោះបី​សាច់ញាតិ​ជន​បង្ក​យក​អ្វី​មក​សង់​ក៏​មិនអាច​ស្មើនឹង​អាយុ​សាច់ញាតិ​របស់​លោក​បាន​នោះ​ដែរ​។ សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់​ថា ក្នុង​ជំនួប​ចរចា​ទាមទារ​សំណង កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​បាន​ទាមទារ​សំណង​សម្រាប់​ជនរងគ្រោះ និង​អ្នក​ស្លាប់​ក្នុង​ម្នាក់ ៣​ម៉ឺន ៥​ពាន់​ដុល្លារ ប៉ុន្តែ​ម្ដាយ​ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ គឺ​អ្នកស្រី ខា អ៊ាង បាន​បដិសេធ និង​ព្រម​ផ្ដល់​សំណង​ត្រឹមតែ ១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ជនរងគ្រោះ​ម្នាក់។

ម្ដាយ​ជន​បង្ក​គឺ​អ្នកស្រី ខា អ៊ាង ដែល​មាន​ទាំង​អំណាច និង​ទឹក​លុយ​លើកឡើង​ចំពោះមុខ​សាច់ញាតិ​ជនរងគ្រោះ​ថា សំណង​ជនរងគ្រោះ​ក្នុង​ម្នាក់ ១​ម៉ឺន​ដុល្លារ​គឺជា​ចំនួន​ច្រើន​លើសលប់​សម្រាប់​គ្រួសារ​ជនរងគ្រោះ។

សាច់ញាតិ​ជនរងគ្រោះ​លោក រ៉ម ខនរិទ្ធី បញ្ជាក់​ថា សាច់ញាតិ​ក្រុម​គ្រួសារ​ទាំងអស់​បដិសេធ​ទទួលយក​សំណង ១​ម៉ឺន​សម្រាប់​អាយុជីវិត​មនុស្ស​ម្នាក់ និង​ចាត់ទុកថា ការ​ផ្ដល់​តម្លៃ​សំណង​ក្នុង​ទំហំ​ទឹកប្រាក់​នេះ​គឺជា​ការប្រមាថ​ជីវិត​សាច់ញាតិ​របស់​លោក​ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌។

លោក រ៉ម ខនរិទ្ធី៖ «ម្តាយ​ជន​បង្ក​គាត់​សុំ​ឱ្យ​ត្រឹម ១​ម៉ឺន​ដុល្លារ​ម្នាក់ គាត់​ថា គាត់​ឱ្យ​ប៉ុណ្ណឹង​ច្រើន​ហើយ មក​ខាងយើង ហើយ​គាត់​ថា ឱ្យ​ប៉ុណ្ណឹង​ច្រើន​ហើយ គាត់​រៀបរាប់​ថា គាត់​នៅ​ជួសជុល​ឡាន​ទៀត​។ ដល់ពេល​អ៊ីចឹង​ខាង​ខ្ញុំ​ទទួលយក​អត់​បាន​។ ព្រោះ ១​ម៉ឺន​ដុល្លារ​ហ្នឹង វា​អត់​ស្មើនឹង​កង់ឡាន​កូន​គាត់ និង​កង់​យ៉ាន់​ឡាន​កូន​គាត់​មួយ​គ្រាប់​ផង ខ្ញុំ​ទទួលយក​អត់​បានទេ​។ ចំពោះ​ខ្ញុំ​ខាង​គ្រួសារ​សព​ហ្នឹង គឺ​សុំ​ឱ្យ​ជន​បង្ក​ហ្នឹង​គឺ​ជាប់គុក ដើម្បី​រក​យុត្តិធម៌​ឱ្យ​ខាង​សព​ឱ្យ​គាត់​បិទ​ភ្នែក​ជិត ព្រោះ​ជីវិត​មនុស្ស​មិនអាច​ត្រឡប់មកវិញ​បានទេ»។

ក្រោយ​ជំនួប​ចរចា​សំណង​រដ្ឋប្បវេណី​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​ត្រូវ​គ្នា សាច់ញាតិ​ជន​បង្ក​ក៏បាន​ដាក់​សម្ពាធ​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​ជួបគ្នា​ជជែក​ចរចា​ម្ដងទៀត​នៅ​រសៀល​ថ្ងៃទី​២ ខែមេសា​។ ប៉ុន្តែ លោក រ៉ម ខនរិទ្ធី បញ្ជាក់​ថា ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​បដិសេធ​មិន​ទៅ​ចរចា​ម្ដង​ទៀត​ឡើយ ដោយសារតែ​គ្មាន​លទ្ធភាព​ធ្វើដំណើរ និង​ទុក​ឱ្យ​តុលាការ​ជា​អ្នក​សម្រេច។

តំណាង​អយ្យការ​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២ ខែ​មេសា បានសម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា​។ សំណុំរឿង​ទី​១ គឺ​ចោទ​ពី​បទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់ ស្របតាម​មាត្រា ៨៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ ចំណែក សំណុំរឿង​ទី​២ គឺ​ចោទ​ពី​បទ​បើកបរ​ដោយ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​របួស​ដល់​អ្នកដទៃ និង​រត់​គេច​ខ្លួន ស្របតាម​មាត្រា ៨៣ នៃ​ច្បាប់​ដដែល និង​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ សំណុំ​រឿង​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវជា​កូនប្រុស​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បើកឡាន​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​បុក​រះ​ពីក្រោយ​ម៉ូតូ ២​គ្រឿង​ធ្វើដំណើរ​ស្របគ្នា​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់ ឬ​ស្មើនឹង ៣​គ្រួសារ​ក្នុង​នោះ​រួមមាន​ទាំង​ស្ត្រី​ពពោះ​កូន​ក្នុង​ផ្ទៃ ៣​ខែ​ផង​បាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​។ ភ្លាមៗ​ជន​បង្ក​ក៏បាន​ជិះឡាន​ផ្សេងទៀត​រត់​គេច​ខ្លួន​ជិត ១ សប្ដាហ៍​ទើប​ឪពុក​ម្តាយ​នាំ​កូន​មក​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​សួរចម្លើយ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ មាន​ក្មេងប្រុស​តែ​ម្នាក់​ប៉ុណ្ណោះ​អាយុ ៦ នៅ​រស់​រាន​មាន​ជីវិត ប៉ុន្តែ​ក៏​រង​របួស​បាក់ជើង​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើង​ថា ថ្វីត្បិតតែ​ជន​បង្ក​ជា​កូនចៅ​អ្នកមាន​លុយ​មានអំណាច តុលាការ​ត្រូវ​បង្ហាញ​ឯករាជ្យភាព​របស់​ខ្លួន​ផ្ដន្ទាទោស​ប្រព្រឹត្ត​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ជា​ការ​ព្រមាន​ដល់​អ្នក​មាន​អំណាច​ផ្សេងទៀត​ដែល​តែងតែ​បើកបរ​ប្រមាថ​អាយុជីវិត​ពលរដ្ឋ​តាម​ដងផ្លូវ​។ លោក អ៊ិន គង់​ជិត យល់​ថា ការ​ទាមទារ​សំណង​ពី​សាច់ញាតិ​ជនរងគ្រោះ ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​ម្នាក់​គឺជា​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ការបាត់បង់​អាយុជីវិត​មនុស្ស ៦​នាក់ និង​សេចក្ដី​ឈឺចាប់​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ។

លោក អ៊ិន គង់ជិត៖ «ការ​ទាមទារ​សំណង​របស់​គ្រួសារ​ជនរងគ្រោះ​ក៏​សមរម្យ​ដែរ ព្រោះ​អី​គាត់​ទទួល​ព្យសនកម្ម​ហ្នឹង មាន​ទំហំ​ធំធេង​ណាស់ ហើយ​ការ​ទាមទារ​របស់​គាត់​អត់​ធ្ងន់ធ្ងរ​អី​ទេ គាត់​គិត​ប៉ុណ្ណឹង​សម្រាប់​ប្រជាពលរដ្ឋ​ស្រុក​ខ្មែរ ចិត្តគំនិត​នៃ​ស្រុក​ខ្មែរ​គាត់​ទាមទារ​ប៉ុណ្ណឹង​។ ប៉ុន្តែ​បើសិនជា​ជនបរទេស ឬក៏​នៅ​ប្រទេសក្រៅ គេ​មិន​ទាមទារ​ប៉ុណ្ណឹង​ទេ គេ​ទាមទារ​សំណង​លើស​ហ្នឹង​ទៅទៀត​។ គ្រួសារ​ជនរងគ្រោះ​ទទួល​ព្យសនកម្ម​ធំធេង គាត់​ត្រូវ​មាន​ទុក្ខសោក​ដែល​មនុស្ស​ណា​អត់​ចង់​ជួបប្រទះ ហើយក៏​អត់​ចង់​ឃ្លាត​ដែរ​។ ហើយ​បើសិនជា​រឿង​ហ្នឹង​កើត​លើ​គ្រួសារ​គាត់​វិញ តើ​គាត់​គិត​យ៉ាងម៉េច​សម្រាប់​អាណាព្យាបាល​នៃ​ជន​បង្ក​?»

ជនជាប់ចោទ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០​ឆ្នាំ គឺជា​កូន​អ្នកមាន​ទាំង​លុយ មាន​ទាំង​អំណាច រីឯ​រថយន្ត​ដែល​បើក​បុក​រះ​មនុស្ស ៦​នាក់​ស្លាប់​នោះ​មានតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​។ ម្ដាយ​របស់​ជនជាប់ចោទ​គឺ​អ្នកស្រី ខា អ៊ាង គឺជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ម្ចាស់​អាជីវកម្ម ទៀ ណាំ​ហាក់ និង​ជា​សមាជិកគ្រួសារ (CEO Master Club)​។ រីឯ ឪពុក​របស់​ជនជាប់ចោទ​គឺ​លោក ស៊ីវ សុជាតិ មាន​តួនាទី​ជាទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជា​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ និង​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​រង​ការ​ចោទប្រកាន់​ថា ជា​អ្នក​កាង​ទំនិញ​ឈ្មួញ​គេចពន្ធ​នាំចូល​កម្ពុជា។

សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិមនុស្ស​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ក្នុងករណី​ដែល​ជនជាប់ចោទ​ជា​កូន​អ្នក​មាន​អំណាច ប្រសិនបើ​ការ​ជាប់​ឃុំ ឬ​ទទួលទោស​អាច​មាន​រយៈពេល​ខ្លី ដោយសារ​ការ​អន្តរាគមន៍ និង​អំពើពុករលួយ នោះ​ជនរងគ្រោះ​មិនអាច​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ