
សាច់ញាតិ និងយុវជនស្នើឲ្យអាជ្ញាធរដោះលែង ព្រះភិក្ខុ ជា វុទ្ធី ឲ្យមានសេរីភាពឡើងវិញ ពីព្រោះព្រះអង្គមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ របស់តុលាការ និងអាជ្ញាធរនោះឡើយ។ មន្ត្រីសង្គមស៊ីវិលថា កម្ពុជានឹងជាប់ឈ្មោះអាក្រក់បន្ថែមទៀត ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាព និងរំលោភសិទ្ធិមនុស្ស។
ក្រោយពីតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងឃុំឃាំងពីបទ «ញុះញង់» ទៅលើព្រះភិក្ខុ ជា វុទ្ធី សាច់ញាតិ និងយុវជន ស្នើឲ្យអាជ្ញាធរដោះលែង ព្រះអង្គឲ្យមានសេរីភាពឡើងវិញ ពីព្រោះការបញ្ចេញមតិរបស់ព្រះអង្គពាក់ព័ន្ធបញ្ហាព្រំដែន មិនមែនជាបទល្មើស ដែលត្រូវចាប់ដាក់ពន្ធនាគារនោះទេ។ ផ្ទុយទៅវិញ ជាការរួមចំណែក ក្នុងការជួយសង្គម និងលើកស្ទួយសិទ្ធិសេរីភាពបញ្ចេញមតិ ដែលសង្គមប្រជាធិបតេយ្យគេតែងតែប្រព្រឹត្តកន្លងមក។
យុវជនម្នាក់នៅខេត្តបាត់ដំបង ដែលជាមិត្តភក្ដិរបស់ព្រះភិក្ខុ ជា វុទ្ធី នៅសកលវិទ្យាល័យ សុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣ ខែមេសាថា ព្រះភិក្ខុ ជា វុទ្ធី តែងតែសកម្មក្នុងកិច្ចការងារសង្គម ជួយអ្នកទន់ខ្សោយ និងតែងតែបញ្ចេញមតិពាក់ព័ន្ធសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព ព្រះអង្អគ្មានចេតនា ញុះញង់ ឬចង់ផ្ដួលរំលំ ឲ្យមានភាពវឹកវរដល់សង្គម ដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកចាត់ទុកការឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងស្នើឲ្យដោះលែងព្រះអង្គឲ្យមានសេរីភាពឡើងវិញ។
យុវជនម្នាក់នៅខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំគិតថាវាអយុត្តិធម៌ ពីព្រោះយើងដឹងថា ប្រទេសកម្ពុជា ជាសង្គមប្រជាធិបតេយ្យ ហើយទាក់ទងទៅនឹងការបញ្ចេញមតិ និងអ្វីផ្សេងៗវាស្របទៅតាមច្បាប់ ដែលចែងថាពលរដ្ឋមានសិទ្ធិបង្ហាញមតិជាសាធារណៈដែលជាគំនិតយោបល់របស់យើង ហើយបើយើងបញ្ហាគំនិតមតិយោបល់របស់យើង ត្រូវបានអាជ្ញាធររឹតត្បិតអញ្ចឹង ចាប់ចងបែបនេះ វាជារឿងអយុត្តិធម៌មិនអាចទទួលយកបាននោះទេ»។
ចំណែកម្ដាយរបស់ព្រះភិក្ខុ ជា វុទ្ធី គឺលោកស្រី ចាន់ ម៉ៅ រៀបរាប់ទាំងអួលដើមកថា លោកស្រីមិនបានហូបបាយអស់រយៈពេលបីថ្ងៃមកហើយ ដោយសារតែបារម្ភពីព្រះភិក្ខុ ជា វុទ្ធី។ លោកស្រីស្នើឲ្យប្រមុខរដ្ឋាភិបាលសន្ដោសប្រណីបន្ធូរបន្ថយទោស និងស្នើឲ្យដោះលែង កូនរបស់លោកស្រីត្រឡប់មកវិញ។
លោកស្រី ចាន់ ម៉ៅ៖ «មិនយ៉ាងម៉េចទេ តាមហ្នឹងទៅចុះ អ្នកណាមិនសោកស្ដាយ ម្ដាយឯណេះអត់បាយបីថ្ងៃហើយ ខ្ញុំអត់បានហូបបាបហូតទឹកអ្វីទេ ខ្ញុំគិតពីកូនខ្លាំងណាស់ សុំជួររដ្ឋអំណាចទាំងអស់ សុំធ្វើការសម្រាលទោសឲ្យកូនខ្ញុំផង មានតែប៉ុណ្ណឹងអស់លោក»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៣ ខែមេសា។
ទោះជាយ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយអះអាងថា ការចាប់ខ្លួន និងឃុំខ្លួនរបស់ ព្រះភិក្ខុ ជា វុទ្ធី គឺធ្វើទៅតាមច្បាប់ ដែលតុលាការបានសម្រេចចោទប្រកាន់ ព្រះភិក្ខុ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ លើសពីនោះ ព្រះសង្ឃអង្គនេះ បានប្រព្រឹត្តខុសវិន័យសង្ឃ ដោយលួចលាក់មានស្នេហាជាមួយស្ត្រីក្មេង។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធថា ការចាប់ខ្លួននេះ មិនជាប់រឿងនយោបាយ ឬសិទ្ធិសេរីភាពនោះឡើយ។ ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានបង្ហាញពីភស្តុតាង ពាក់ព័ន្ធនឹងបទចោទញុះញង់នោះទេ។
បើទោះជាបែបនេះក្ដី អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានប្រតិកម្មថា អាជ្ញាធរបានបង្កើតភស្តុតាងដោយខ្លួនឯង ដើម្បីមួលបង្កាច់ព្រះសង្ឃ ក្នុងគោលបំណងបង្ខូចកិត្តិយសនិងចង់ចាប់ព្រះភិក្ខុ ជា វុទ្ធី ដាក់ពន្ធនាគារ ដោយសារតែព្រះអង្គបង្ហោះសារនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ព្រួយបារម្ភអំពីសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា នឹងកាត់តែអាក្រក់ឡើង នឹងធ្វើឲ្យកម្ពុជាខូចមុខមាត់នៅលើឆាកអន្តរជាតិជាក់ជាមិនខាន។
លោក យិន ម៉េងលី៖ «យើងឃើញហើយថា កន្លងទៅមានអនុសាសន៍ជាច្រើនមកលើកម្ពុជា ពាក់ព័ន្ធសិទ្ធិមនុស្ស ពាក់ព័ន្ធសិទ្ធិសេរីភាពនេះ អញ្ចឹងប្រសិនបើកម្ពុជានៅតែបន្តការចាប់ការចោទទៅលើពលរដ្ឋខ្លួនឯងពាក់ព័ន្ធសេរីភាពនេះ កម្ពុជាជៀសមិនផុតនោះទេ ពីការជាប់ឈ្មោះជាប្រទេសមួយ ជាប់ចំណាត់ថ្នាក់ទាបទាក់ទិននឹងសេរីភាពបញ្ចេញមតិនេះ»។
ព្រះភិក្ខុ ជា វុទ្ធី មានព្រះជន្ម២៨ព្រះវស្សា មានស្រុកកំណើតនៅភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មុនចាប់ខ្លួន ព្រះអង្គគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ព្រះអង្គបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យជាតិបាត់ដំបង។
ព្រះអង្គត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ស្លៀកពាក់ស៊ីវិល ចុះទៅចាប់ផ្សឹកនៅព្រឹកថ្ងៃទី០១ ខែមេសា និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ នឹងត្រូវបានចោទប្រកាន់ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ។ ប៉ុន្តែពលរដ្ឋចាត់ទុកការឃុំខ្លួនព្រះអង្គ គឺជាការបំបិទសំឡេងអ្នកហ៊ានរិះគន់ទៅលើរដ្ឋាភិបាល ដើម្បីបំបាក់ស្មារតីដល់ពលរដ្ឋផ្សេងទៀត មិនឲ្យបញ្ចេញមតិរិះគន់របបត្រកូលហ៊ុន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាបាត់បង់ទឹកដីទៅប្រទេសថៃ ជាច្រើនទីតាំង៕










