លោក ហ៊ុន ម៉ាណែត មិនបាន​ស្វែងរក​ការ​គាំទ្រ​ពី​បារាំង ដើម្បី​ទាមទារ​ទឹកដី​ដែល​ថៃ​ឈ្លានពាន​ឡើយ

0
54
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនបាន​ស្វែងរក​កិច្ច​អន្តរាគមន៍ ឬ​ការ​គាំទ្រ​ណាមួយ​ពី​រដ្ឋាភិបាល​បារាំង ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ដែល​ថៃ​បាន​ឈ្លានពាន និង​កំពុង​កាន់កាប់​ឡើយ។ អ្នកឃ្លាំមើល​យល់ថា លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​អត់​ប្រយោជន៍ និង​បាន​កាត់​ទឹកដី​កម្ពុជា​ឱ្យ​ថៃ​ដើម្បី​ប្ដូរ​យក​អំណាច។

ទោះបីជា​ភាគី​បារាំង​គឺជា​សាក្សី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​រៀបចំ​ឯកសារ និង​ភស្តុតាង​ផែនទី ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​ដែល​ថៃ​បាន​ឈ្លានពាន​ជាង ៥០​ទីតាំង​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​អើពើ​ស្នើសុំ​ការ​គាំទ្រ​ពី​ភាគី​បារាំង ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​យក​មក​វិញ​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​សុខភាព​តែមួយ (One Health Summit) នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែមេសា និង​ថែមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បី​ពិភាក្សា​បញ្ហា​នៃ​ភាព​តានតឹង​នៃ​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​-​ថៃ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៩ ខែ​មេសា អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ថា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នោះ លោក ហ៊ុន ម៉ាណែត មិន​ស្នើ​ឱ្យ​បារាំង​ជួយ​គាំទ្រ​ផ្នែក​នយោបាយ ឬ​គន្លឹះ​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​ដែល​ថៃ​កំពុង​ចូលកាន់​កាប់​ជាច្រើន​ទីតាំង​នោះ​ទេ​។ លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ដោយ​ផ្ដោត​សំខាន់​ចំពោះ​ការ​ឈរជើង​របស់​កម្លាំង​យោធា​ថៃ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​បន្ត​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​តាម​ជម្លោះព្រំដែន​ដោយ​សន្តិវិធី។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ «សម្ដេច​ធិបតី មិនបាន​ស្នើសុំ​ការ​គាំទ្រ​នយោបាយ ពី​សំណាក់​ឯកឧត្ដម ម៉ាក្រុង ទេ សម្ដេច​ធិបតី​គ្រាន់តែ​រៀបរាប់​ជូន​ជា​ព័ត៌មាន ដល់​ប្រធានាធិបតី​បារាំង​នូវ​អ្វី​ដែល​បាន និង​កំពុង​បន្ត​ប្រព្រឹត្តិ​ទៅ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ យ៉ាងណាក៏ដោយ សម្ដេច​ធិបតី និង​ឯកឧត្ដម ម៉ា​ក្រុង និយាយ​ត្រូវរ៉ូវ​គ្នា​បាន​ល្អ ពិសេស​ជុំវិញ​ជំហរ​រួមគ្នា​ទីមួយ គឺ​ជំហរ​នៃ​ការគោរព​ច្បាប់​អន្តរជាតិ ទីពីរ គឺ​ជំហរ​នៃ​ការ​លើកកម្ពស់​ពហុភាគី​និយម»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ លើកឡើង​ថា ការមិ​ន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​បារាំង ដើម្បី​ឱ្យ​ជួយ​ការពារ​ទឹកដី​ដែល​ថៃ​កំពុង​ឈ្លានពាន​ត្រួតត្រា​នោះ​គឺ​ឆ្លុះបញ្ចាំង​ថា លោក ហ៊ុន ម៉ា​ណែ​ត បាន​បោះបង់​ទឹកដី​កម្ពុជា​ដែល​ថៃ​ចូល​គ្រប់គ្រង ឬ​មិន​ខ្វល់ខ្វាយ​ពី​ជោគវាសនា​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ឡើយ។

លោក គឹម សុខ៖ «បា​រាំងជា​ម្ចាស់​ឯកសារ​ស្របច្បាប់ ម្ចាស់​ផែនទី និង​ជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៅទៀត​។ ដំណោះស្រាយ​វិបត្តិ​កម្ពុជា បារាំង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ នោះ​មាន​ន័យថា វាសនា​កម្ពុជា​ស្ថិត​នៅក្នុង​កណ្ដាប់ដៃ​នៃ​ការធ្វើអន្តរាគមន៍​របស់​ភាគី​បារាំង​។ ម្ល៉ោះហើយ​ពេល​លោក ហ៊ុន ម៉ាណែត ទៅដល់​បារាំង​ហើយ​ជួប​ទាំង​ប្រធានាធិបតី​បារាំង បែរ​ទៅជា​មិន​ស្វែងរក​អន្តរាគមន៍​ពី​ភាគី​បារាំង នោះ​មានន័យថា លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​កម្ពុជា​ដ៏​ឥតប្រយោជន៍​បំផុត ឬក៏​បោះបង់​កម្ពុជា​ចោល​ហើយ»។

ជាមួយ​គ្នា​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រកូល ហ៊ុន កំពុង​រៀបចំ​កាត់ទឹក​ដី​ខ្មែរ​ជាង ៥០​ទីតាំង​ទៅ​ឱ្យ​ប្រទេស​ថៃ​ហើយ​ទើប​គ្មាន​ការ​ស្នើ​ឱ្យ​បារាំង​លូកដៃ​ជួយ​អន្តរាគមន៍ និង​មិន​អើពើ​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​មកវិញ​។ លោក​ថា យុទ្ធសាស្ត្រ​របស់​ត្រកូល ហ៊ុន កាត់​ទឹកដី​ឱ្យ​ថៃ​ស្ងាត់ៗ​គឺជា​ថ្នូរ​កុំឱ្យ​ថៃ​បន្ត​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា​ដែល​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​កាន់​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

លោក អ៊ុំ សំអាន៖ «លោក ហ៊ុន ម៉ាណែត មិន​អាច​ទាមទារ​ទឹកដី​ចំនួន ៥១ ទីតាំង​មកវិញ​ទេ ព្រោះ​ចរចា​ទ្វេភាគី​ថៃ​មិន​ឱ្យ ហើយ​គាត់​អត់​ប្តឹង​ទៅ ICJ ទៀត តើ​ធ្វើ​ម៉េច​គាត់​ទាមទារ​ទឹកដី​បាន​មក​វិញ​? អ៊ីចឹង​មានតែ​ជម្រើស​កាត់​ទឹកដី​ហ្នឹង​ទៅ​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព និង​អំណាច​ទេ ទើប​គាត់​អត់​ស្នើ​ឱ្យ​បារាំង​ជួយ​ទាមទារ​ទឹកដី​យើង​មកវិញ»។

អ្នកឃ្លាំមើល​ជឿ​ថា បារាំង​គឺជា​សាក្សី​ដ៏​សំខាន់​ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ទាមទារ​ទឹកដី​ជាង ៥០ ទីតាំង​ពី​ថៃ​យក​មក​វិញ ដោយសារតែ​បារាំង​គឺជា​អ្នក​គូស​ផែនទី ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ស្របតាម​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ ១៩០៧​។ ផែន​ទីនេះ​មានតម្លៃ​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ ដោយ​បាន​កំណត់​ទីតាំង​ព្រំដែន​កម្ពុជា​-​ថៃ ច្បាស់លាស់​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ជាប់​ព្រំដែន​ផ្សេងៗ​ដែល​ថៃ​កំពុង​កាន់​កាប់​ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​បាន។

កន្លងទៅ រដ្ឋាភិបាល​ប្រទេស​បារាំង​ក៏បាន​បញ្ជាក់​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជា​ផ្ដល់​ឯកសារ និង​ផែនទី ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ទោះ​យ៉ាងណា មកដល់ពេលនេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនបាន​អើពើ​ស្វែងរក​កិច្ច​គាំទ្រ​ពី​បារាំង ដើម្បី​ប្ដឹង​ភាគី​ថៃ​ដោះស្រាយ​បញ្ហា​ទឹកដី​តាម​យន្តការ​ច្បាប់​អន្តរជាតិ​ឡើយ ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ​កាន់តែ​គឃ្លើន​ក្នុង​ការ​រំលោភបំពាន​ទឹកដី​កម្ពុជា និង​បាន​រៀបចំ​វាស់វែង​ទឹកដី​ខ្មែរ​ដែល​ឈ្លានពាន​បាន​ផ្តល់​ឱ្យ​ពលរដ្ឋ​ថៃ ដើម្បី​បង្កើត​ជា​ទីក្រុង​រស់នៅ​ជា​អចិន្ត្រៃយ៍។

ទន្ទឹម​មិន​ប្ដឹង​ភាគី​ថៃ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​មកវិញ​នោះ រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​បង្កើន​យុទ្ធនាការ​បង្ក្រាប​ចាប់​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​រឿង​ថៃ​ឈ្លានពាន​ទឹក​ខ្មែរ​ដាក់គុក និង​បង្កើត​ជា​កម្មវិធី​បំពុលសង្គម និង​ការ​ជួបជុំ​សប្បាយ​ផ្សេងៗ ដើម្បី​ឱ្យ​ជនភៀសសឹក​ព្យាយាម​បំភ្លេច​រឿង​បាត់បង់​ផ្ទះសម្បែង និង​ទឹកដី​កម្ពុជា​ដែល​ត្រូវ​ថៃ​ឈ្លានពាន​យក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ