

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកវិនិយោគលើវិស័យឧស្សាហកម្មពីក្រៅប្រទេស ដែល លោកចាត់ទុកថាវិស័យនេះ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅ ក្នុងខេត្តស្វាយរៀង ហើយបាន ជួយដល់ជីវភាពពលរដ្ឋល្អប្រសើរ។ អ្នកវិភាគថា ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡានេះ ទំនងជាមិនមានប្រសិទ្ធភាពនោះទេ ខណៈបញ្ហានេះបានចាក់ស្រេះយ៉ាងជ្រៅ ហើយពុំទាន់ចាប់មេខ្លោងធំៗ ជាជនជាតិខ្មែរមកផ្ដន្ទាទោស។
ថ្វីត្បិតថា មួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហាក់មានភាពក្លាហានក្នុងការនិយាយថា «ឧក្រិដ្ឋកម្មឆបោកបានបំផ្លាញសេដ្ឋកិច្ចកម្ពុជា»ក្ដី គេហាក់នៅមិនទាន់ជឿថាវិធានការបោសសម្អាតឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាល នឹងមានប្រសិទ្ធភាពនោះឡើយ ព្រោះថា មកទល់ពេលនេះ កម្ពុជានៅមិនទាន់ចាប់មេខ្លោងធំៗ ជាជនជាតិខ្មែរមកផ្ដន្ទាទោស ចំពោះមុខច្បាប់នោះឡើយ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅក្រុងស្វាយរៀង នៅថ្ងៃទី២៦មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តស្វាយរៀង ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ព្រោះមានការរីកចម្រើន ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងដែន និង ការកើនឡើង អ្នកវិនិយោគពីក្រៅប្រទេស មានដូចជាចិន និងវៀតណាមជាដើម។ លោកថា ការកើនឡើង អ្នកវិនិយោគពីក្រៅប្រទេស នេះបានជួយឱ្យពលរដ្ឋមានជីវភាពល្អប្រសើរ។
លោកក៏កោតសរសើរចំពោះអាជ្ញាធរខេត្តដែលប្ដេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ ដើម្បីបញ្ចៀសកុំឱ្យខេត្តស្វាយរៀង មានកេរ្តិ៍ឈ្មោះមិនល្អ និងអសន្តិសុខដោយសារតែ បញ្ហាឆបោកតាមអនឡាញ។ លោករៀបរាប់ថា ឧក្រិដ្ឋកម្មឆបោកនេះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ព្រោះធ្វើឱ្យអ្នកវិនិយោគពីក្រៅប្រទេសមិនមករកស៊ីជាមួយ។
លោក ហ៊ុន ម៉ាណែត៖ «ប្រសិនបើបញ្ហាសន្តិសុខ សុវត្ថិភាពនេះល្អ សណ្ដាប់ធ្នាប់នេះល្អនេះជាបរិស្ថានមួយធំណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនការវិនិយោគឱ្យកាន់តែរីកនូវសេចក្ដីសង្ឃឹមថា ខ្ញុំថា២០ឆ្នាំទៀត រោងចក្រមិនមានត្រឹមក្រុងបាវិតទេ នឹងមកជុំវិញខេត្ត ទីក្រុងនៅទីនេះបន្ថែមទៀត»។
បើទោះជារដ្ឋាភិបាលបានអះអាងថា នៅខេត្តស្វាយជាតំបន់សេដ្ឋកិច្ចពិសេស ហើយមានរោងចក្រឧស្សាហកម្មជាច្រើនក្ដី ពលរដ្ឋថា ខេត្តនេះ ពុំសូវមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បូរការងារធ្វើ បានសមរម្យ ដែលជួយឱ្យពលរដ្ឋអាចមានជីវភាពល្អប្រសើរ ដូចការអះអាងរបស់រដ្ឋាភិបាលនោះឡើយ។ ពួកគាត់ថា រោងចក្រសឹងតែទាំងអស់ នៅក្រុងស្វាយរៀងគឺជារបស់ចិន ហើយថៅកែទាំងនោះ មិនសូវឱ្យតម្លៃលើច្បាប់ការងារនោះទេ តែងតែបង្ខំឱ្យកម្មករធ្វើការលើសកម្លាំងនិងគ្មានប្រាក់ឧបត្ថម្ភបន្ថែម។ ជាមួយគ្នានោះ ពួកគាត់ថាទីតាំងឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏មានច្រើន ដែលធ្វើឱ្យអ្នកវិនិយោគល្អ ៗ មិនហ៊ានមករកស៊ីនៅទីនេះ។
ពលរដ្ឋរស់នៅក្រុងស្វាយរៀង និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពលើកឡើងថា ប៉ុន្មានឆ្នាំមកនេះ ខេត្តស្វាយរៀង ជាតំបន់ដែលសម្បូរឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើជួញដូរមនុស្ស ជ្រោកក្រោមសណ្ឋាគារកាស៊ីណូធំ ក្នុងក្រុងបាវិត។ លោកថា ការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត ទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះ នឹងគ្មានប្រសិទ្ធភាពនោះទេ ព្រោះថាការការបង្ក្រាបបទល្មើសទាំងនោះ ធ្វើបានតែ ចំពោះជនជាតិចិន និងជនបរទេសតូចតាច ដែលជាជនរងគ្រោះប៉ុណ្ណោះ មិនមែន ជាមេខ្លោងធំៗ នៅពីក្រោយនោះឡើង។
ពលរដ្ឋ៖ «ចាប់តែជនជាតិចិនដែលចូលមកធ្វើជាបុគ្គលិកអនឡាញScam ប៉ុន្តែមេខ្លោងមួយចំនួន ដែលជាអ្នកមានលុយមានអំណាចនៅពីក្រោយឧក្រិដ្ឋកម្មនឹងមិនត្រូវបានចាត់វិធានការទេ អនឡាញScam ទោះបង្ក្រាបយ៉ាងណាក៏វានៅតែមានដែរ ព្រោះបង្ក្រាបតែមែកធាង ចំណែកឫសគល់នៃអឡាញនៅតែបន្តដដែល»។
កាលពីដើមខែកុម្ភៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ បានច្រើនជាងគេនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បើធៀបទៅនឹងបណ្ដាខេត្ត-រាជធានីផ្សេងៗ ក្នុងនោះជនសង្ស័យមានជាង២ពាន់ (២២៣១)នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយជនជាតិវៀតណាម មានជាង៦០០ (៦៥៨) នាក់ ក្រៅពីនោះគឺជាជនជាតិ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងរួមទាំងជនជាតិខ្មែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ឃើញថា ការបង្ក្រាបឧក្រិដ្ឋឆបោកតាមអនឡាញ ហាក់ធ្វើឡើងចំពោះតែអ្នកតូចតាច រីឯមេខ្លោងធំៗ នៅមិនទាន់ឃើញមាននៅឡើយ។ លោកសង្កេតឃើញថា ឧស្សាហកម្មឆបោកឆ្លងដែននេះ ពុំមែនមនុស្សតូចតាចអាចធ្វើបាន នោះទេ។ លោកថា ចាំមើលការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលថា នឹងបោសសម្អាតឱ្យអស់ត្រឹមខែមេសា ដូច្នេះ លោកថា បានឬមិនបាន ពលរដ្ឋចាំវាយតម្លៃ។
បណ្ឌិត មាស នី៖ «ការសន្យារបស់រដ្ឋាភិបាល ក៏ត្រូវពង្រីកសមត្ថភាពអន្តោប្រវេសន៍។ ត្រូវតែតាមមើលជនអន្តោប្រវេសន៍ទាំងឡាយណាដែលមកខ្មែរហ្នឹង ជៀសវាងមករកស៊ីខុសច្បាប់ និងត្រូវពង្រឹងច្បាប់។ Scam អនឡាញនេះវាកើតគ្រប់ប្រទេស ប៉ុន្តែប្រទេសណាដែលមានច្បាប់ធូររលុងវានឹងចាក់ឫសក្រាសនៅក្នុងប្រទេសនោះឯង»។
គិតត្រឹមថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មានចំនួន៩៨កន្លែង នៅទូទាំងខេត្តក្រុង។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជិត ៦ពាន់ (៥,៧៧១)នាក់ និងមាន២៣សញ្ជាតិ។
ថ្មីៗនេះ រដ្ឋាភិបាល កំពុងធ្វើសេចក្ដីព្រាងច្បាប់ ប្រឆាំងនឹងម្ចាស់អាជីវកម្ម សណ្ឋាគារ និងម្ចាស់ផ្ទះដែលដាក់ផ្ទះជួលឱ្យឧក្រិដ្ឋជននឹងត្រូវទោសទណ្ឌចំពោះមុខច្បាប់។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា បើទោះជាកម្ពុជាបង្កើតច្បាប់ជាច្រើនទៀត ដើម្បីប្រឆាំងនឹងបទល្មើសផ្សេងៗក្ដី ក៏គ្មានប្រសិទ្ធភាពនោះដែរ ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈចាប់មេខ្លោងធំៗមកផ្ដន្ទាទោស៕









