ក្រុមហ៊ុន​ទូទាត់​លុយ​ខុសច្បាប់​នៅ​កម្ពុជា​កំពុង​កើនឡើង ខណៈ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ

0
115
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

បណ្ដាញ​ក្រុមហ៊ុន​ផ្ទេរ​ទូទាត់​លុយ​តាម​អនឡាញ​ដែល​ត្រូវ​បាន​សង្ស័យ​ថា បង្កើត​ឡើង​បម្រើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​លាងលុយកខ្វក់​កំពុង​រីក​លូតលាស់​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ដែល​រង​ការ​ចោទប្រកាន់​ថា ជា​ក្រុមហ៊ុន​លាងលុយកខ្វក់​នោះ​នៅតែ​បន្តដំណើរ​ដោយ​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត​ឡើយ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ចំពោះ​ក្រុមហ៊ុន​ផ្ទេរ​ទូទាត់​ខុសច្បាប់​មួយទៀត​គឺ​ក្រុមហ៊ុន «ផាយ ឬ​ផាយ ផេ​» (Pai/Pai Pay) និង​ព្រមាន​មិន​ឱ្យ​សាធារណជន​ដាក់​លុយ​ចូលក្នុង​កម្មវិធី​នេះ​ឡើយ ដោយសារ​មាន​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អំពើ​ឆបោក​តាម​អនឡាញ និង​ការខាតបង់​លុយកាក់​ដោយ​សារ​តែ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន «​ផាយ ឬ​ផាយ ផេ​» ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ហិរញ្ញវត្ថុ​ដោយ​ខុសច្បាប់​នៅ​លើ​ទឹកដី​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ចេញ​សេចក្ដី​ប្រកាស​ថា កម្មវិធី​ទូទាត់​លុយ «​ផាយ ឬ​ផាយ ផេ​» គ្មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​ធនាគារជាតិ​ឡើយ និង​កំពុង​ចរាចរណ៍​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​នៅ​លើ​កម្មវិធី​លើ​ទូរស័ព្ទ (App Store/Google Play) ដើម្បី​ឱ្យ​អតិថិជន​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ខុសច្បាប់​។ ធនាគារជាតិ​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​មុខងារ​ដូចជា កាបូប​លុយ​អេឡិចត្រូនិក (Wallet) ការ​ដាក់​ប្រាក់ ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​ឡើយ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏បាន​ផ្សព្វផ្សាយ​កម្មវិធី​នេះ​យ៉ាង​ទូលំទូលាយ​តាម​បណ្ដាញ​សង្គម និង​បង្ហាញ​ទីតាំង​ទីស្នាក់ការ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ជាដើម​។ ធនាគារជាតិ​អះអាង​ថា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ទាត់​ទូទាត់​លុយ​ខុសច្បាប់​មួយ​នេះ។

ទន្ទឹម​នឹង​ធនាគារជាតិ​អះអាង​ចាត់វិធានការ​លើ​ក្រុមហ៊ុន ផាយ ផេ មក​ដល់​ពេល​នេះ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ដែល​ធនាគារជាតិ​បញ្ជាក់​ថា ជា​ក្រុមហ៊ុន​ខុសច្បាប់ និង​បាន​ដក​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ បាន​ប្តូរ​ឈ្មោះ​ជា អេច-ផេ (H-Pay) ដើម្បី​បន្តដំណើរ​អាជីវកម្ម​ខុសច្បាប់​របស់​ខ្លួន រីឯ​អតិថិជន​ដែល​មាន​លុយ​ក្នុង​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​ដក​មិន​បាន។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ គឺ​មាន​កម្មវិធី​ទូទាត់​លុយ​តាម​អនឡាញ និង​ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​ចូលក្នុង​បញ្ជីខ្មៅ​ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់​ឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ និង​ក្រុម​ហែកឃឺ (Hacker) កូរ៉េខាងជើង​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងហោចណាស់​ជិត ៥​ពាន់​លាន​ដុល្លារ។

កម្មវិធី​ទូទាត់​លុយ​តាម​អនឡាញ ផាយ ផេ ក៏​មាន​ទម្រង់​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​ទៅ​នឹង​កម្មវិធី ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ដែល​មាន​ការ​បម្លែង​លុយ​ក្នុង​ប្រព័ន្ធ​ធនាគារ (USD) ទៅជា​លុយ​សម្រាប់​វិនិយោគ​ក្នុង​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។ កម្មវិធី ផាយ ផេ និង​ហួយវ័ន ផេ ក៏​មាន​ការ​គាំទ្រ​ចំពោះ​ការផ្ទេរ​លុយ​ទៅ​ក្រៅប្រទេស​ឆាប់រហ័ស​ក្នុង​មួយដង​អាច​មាន​ចំនួន​រាប់​លាន​ដុល្លារ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រព័ន្ធ​ធនាគារ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កម្មវិធី​ទូទាត់​លុយ​តាម​អនឡាញ ផាយ ផេ និង​ហួយ​វ័ន ផេ គឺ​មាន​ទម្រង់​សេវាកម្ម​តែមួយ​ដែល​បង្កើត​ឡើង​ទទួល​បាន​ការ​កាង​ពី​សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដើម្បី​បម្រើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា​អាច​លាងលុយកខ្វក់​របស់​ពួកគេ​បាន​។ លោក​បន្ថែម​ថា នៅពេល​បណ្ដាញ​ឧក្រិដ្ឋជន​យក​ទឹកដី​កម្ពុជា​ធ្វើជា​ជម្រក​ឧក្រិដ្ឋកម្ម រក​ចំណូល​បាន​រាប់ពាន់​លាន​ដុល្លារ​ពី​អំពើ​ឆបោក​តាម​អនឡាញ ការបង្កើត​បណ្ដាញ​ប្រព័ន្ធ​ហិរញ្ញ​គឺជា​តម្រូវការ​របស់​ឧក្រិដ្ឋជន ដើម្បី​ពួកគេ​ងាយស្រួល​លាង​លុយ​ខុសច្បាប់។

លោក គឹម សុខ៖ «ឧក្រិដ្ឋកម្ម​អនឡាញ​របស់​ក្រុមគ្រួសារ ហ៊ុន ហ្នឹង វា​រីក​ដុះដាល ប្រមូល​លុយ​បាន​រាប់ពាន់​លាន​ដុល្លារ​ទៅ​ហើយ មិន​ដឹង​ថា យក​ទៅ​លាង​ឯណា​ឱ្យ​អស់ ដូច្នេះ​គេ​បង្កើត​គឺ​ធនាគារ​ចេញមុខ ដូច ហួយវ័ន ផេ (Huione Pay) ហួយ​វ័ន គ្រុប (Huione Group) ធនាគារ ព្រីនស៍ (Prince Bank) របស់ ចេន ហ្ស៊ី (Chen Zhi) ធនាគារ​ផ្សេងៗ​ហ្នឹង​។ ទី​២៖ គេ​បង្កើត​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដែល​អត់​រកស៊ី​អី​ទេ ប៉ុន្តែ​ឃើញ​តែ​ចំណេញ​។ ទី​៣៖ គេ​បង្កើត​ក្រុមហ៊ុន​ខ្មៅ​ដោយ​មិន​ចាំបាច់​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​អី​ទេ ផ្ទេរ​លុយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ងាយៗ​ក្នុង​ន័យ​លាង​លុយ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ។ ពីព្រោះ​ឧក្រិដ្ឋកម្ម​អនឡាញ​លុយ​ច្រើនណាស់ បើ​គេ​មិន​បង្កើត​បណ្ដាញ​ដើម្បី​លាង​លុយ​ឱ្យ​ច្រើន គេ​មិនដឹង​លាង​លុយ​ដែល​រាប់ពាន់​លាន​ដុល្លារ​ហ្នឹង​អស់​តាមរបៀប​ណា​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​មាន​មូលដ្ឋាន​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ធនាគារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​បង្ហាញ​ការអនុវត្ត​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​លោក ហ៊ុន តូ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ក្រុមហ៊ុន​ដូរ​លុយ​ខុសច្បាប់​ផ្សេងទៀត ដោយ​មិនមែន​ត្រឹមតែ​ចេញ​សេចក្ដី​អំពាវនាវ​ឱ្យ​មហាជន​ប្រុងប្រយ័ត្ន ពី​ការ​ប្រឈម​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ខុសច្បាប់​ទាំង​នោះ​ទេ។ លោក​យល់​ថា ក្នុង​ពេល​ដែល​កម្ពុជា​សម្បូរ​ដោយសារ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម រីឯ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បង្កើត​ឡើង​សម្រាប់​បម្រើ​ឱ្យ​ឧក្រិដ្ឋជន​លាងលុយកខ្វក់​ដូច្នេះ គឺ​សេដ្ឋកិច្ចជាតិ​នឹង​កាន់តែ​ដុនដាប ដោយសារតែ​អ្នក​វិនិយោគិន​ធំៗ​គ្មាន​ទំនុកចិត្ត។

លោក ស៊ឹង សែនករុណា៖ «ការ​ចាត់ការ​របស់​មេ​ដឹកនាំ​ប្រទេស​ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​វិបត្តិ​សេដ្ឋកិច្ច សង្គម និង​បញ្ហា​ធនាគារ​នេះ នៅតែ​អត់​ទាន់​ធ្វើ​ឱ្យ​ចំ​គោលដៅ​នៅឡើយ​ទេ ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​វិបត្តិ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយសារតែ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋជន​ទាំងអស់​នោះ នៅតែ​បន្ត​ធ្វើ​កិច្ចការ​ងារ​របស់​ខ្លួន​បាន​។ ជាពិសេស​គ្រួសារ​មេដឹកនាំ និង​ឧកញ៉ា​គ្រាក់ៗ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​កាន់អំណាច​ជាដើម​ហ្នឹងឯង ដែល​មិន​ត្រូវ​បាន​ចាត់វិធានការ ហើយ​អ្នក​ទាំងនេះ​គេ​សង្ស័យ​ថា ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ផង ហើយក៏​ជា​អ្នក​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ទាំងអស់​នោះ​ផង ទើប​ឧក្រិដ្ឋកម្ម​ទាំង​រឿង​ឆបោក​អនឡាញ ទាំង​រឿង​លាងលុយកខ្វក់​អី​ទាំងអស់​នេះ​នៅតែ​បន្ត​កើត​មានឡើង​នៅ​ប្រទេស​កម្ពុជា​យើង​ដដែល»។

អង្គការសហប្រជាជាតិ (UN) និង​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​បាន​ព្រមាន​ចំពោះ​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាពិសេស​អំពើ​ឆបោក​តាម​អនឡាញ លាងលុយកខ្វក់ និង​តែងតែ​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឱ្យ​ចាត់វិធានការ​តឹងរ៉ឹង​បង្ក្រាប​ឱ្យ​ចំ​មេខ្លោង​ធំៗ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ទាំងនេះ ដើម្បី​ទប់ស្កាត់​កុំឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ ឬ​បញ្ជីខ្មៅ​របស់​ក្រុមការងារ​អន្តរជាតិ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) ជា​ថ្មី​ទៀត​។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​ទម្លាក់​ចោល​ការ​ឃុបឃិត​រកស៊ី​ធ្វើ​ជំនួញ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន និង​ងាក​មក​ស្ដារ​ប្រទេសជាតិ​ឱ្យ​មាន​ការដឹកនាំ​ស្របតាម​ច្បាប់​ដោយ​មិនមែន​ដឹកនាំ​បែប​ឧក្រិដ្ឋកម្ម​ដូច​ពេល​បច្ចុប្បន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ