

សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនបរទេសជាង ១រយ(១២១)នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែន នៅទីតាំងស្នាក់នៅប្រមូលផ្តុំ មួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សារព័ត៌មានក្នុងស្រុក បានចុះផ្សាយដោយស្រង់របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសាថា ជនបរទេសទាំង១២១នាក់នោះ មាន៩សញ្ជាតិ ក្នុងនោះរួមមាន៖ ជនជាតិចិន ៤២នាក់ ស្រីលង្កា ៣៧នាក់ វៀតណាម ២២នាក់ ជនជាតិឥណ្ឌា ១២នាក់ ព្រមទាំងជនបរទេសមួយចំនួនទៀត។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានរឹបអូសយកវត្ថុតាងមួយចំនួនដែលបម្រើសកម្មភាពឆបោកអនឡាញផងដែរ ដូចជា កុំព្យូទ័រចំនួន ១២៣គ្រឿង និងទូរសព្ទដៃចំនួន ១៣២គ្រឿង។ ប្រភពដដែលបញ្ជាក់ថា សមត្ថកិច្ច បានបញ្ចូនជនជាតិចិនចំនួន៤២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួររកមេខ្លោង ខណៈជនបរទេសចំនួន៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។
បើទោះបីជារដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាថា នឹងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់ត្រឹមខែមេសានេះក្តី ក៏មកទល់ពេលនេះ សមត្ថកិច្ច នៅតែបន្តរកឃើញជនបរទេសប្រមូលផ្តុំគ្នាសម្ងំប្រព្រឹត្តិបទល្មើសឆបោកអនឡាញពីមួយកន្លែងទៅមួយកន្លែងជាបន្តបន្ទាប់។ អ្នកឃ្លាំមើល យល់ថា ប្រសិនបើរដ្ឋាភិបាល មិនចាប់មេខ្លោងធំៗជាឥស្សរជនរបស់បក្សកាន់អំណាច និងក្រុមឧកញ៉ាមួយចំនួនដែលមានឈ្មោះជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញទេនោះ ឧស្សាហកម្មឆបោកនេះ នឹងបន្តរីកដុះដាលវិញយ៉ាងឆាប់រហ័ស៕








