យោធា​ថៃ​ពង្រឹងកម្លាំង​ទ័ព​នៅ​ព្រំដែន​ខេត្តព្រះវិហារ ដើម្បី​អភិវឌ្ឍ​តំបន់​ចំនួន​៣ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​

0
6
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន

យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ការពារ​ដើម្បី​ត្រៀម​អភិវឌ្ឍ​តំបន់​ចំនួន​៣ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា នៅ​ព្រំដែន​ខេត្ត​ព្រះវិហារ មាន​ដូចជា តំបន់​អានសេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧​។ ក្រៅ​ពី​នេះ យោធា​ជើង​ទឹក​ថៃ ក៏បាន​ប្រកាស​ពី​ការ​ពង្រឹង​កម្លាំង និង​តាម​ឃ្លាំមើល​ស្ថាន​ការ​យោធា​របស់​កម្ពុជា បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​បញ្ជា​ទិញ​នាវា​ល្បាត​ពី​ប្រទេស​ចិន ចំនួន​២​គ្រឿង។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ព្រំដែន​ច្រក​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ ដែល​ជាប់​នឹង​ខេត្ត​ឧប៊ុនរ៉ាចាថានី (Ubon Ratchathani) របស់​ថៃ កាល​ពី​ថ្ងៃទី​៣០ ខែ​មីនា អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​លើកឡើង​ថា យោធា​ថៃ​នឹង​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​ទៀត នៅ​តំបន់​នេះ និង​បើក​ប្រតិបត្តិការ​បោសសម្អាត​មីន ដើម្បី​ពង្រឹង​ការ​ការពារ​នៅក្នុង​តំបន់​ច្រក​អានសេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧។

លោក វីនថៃ បាន​អះអាង​ថា តំបន់​ទាំង​បី​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់ សម្រាប់​យោធា​ប្រឆាំង​នៅ​កម្ពុជា ព្រោះ​តំបន់​ទាំងនេះ ជា​ភូមិសាស្ត្រ​ភ្នំ​ខ្ពស់ និង​សម្បូរ​ព្រៃស្ដុក ដោយ​ក្នុង​នោះ​យោធា​ថៃ បាន​លះបង់ និង​ចំណាយ​កម្លាំង​ជាច្រើន ដើម្បី​ច្បាំង​ដណ្ដើមយក​ពី​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​លើក​ទី​២។

ពាក់ព័ន្ធ​រឿង​នេះ ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​អានសេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រោយ​សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​ពីរ​បាន​បញ្ចប់ ទាហាន​ខ្មែរ​បាន​ប្ដូរ​ទីតាំង​ឈរជើង​ឆ្ងាយ​ពី​តំបន់​អានសេះ ជិត ១​គីឡូម៉ែត្រ​។ លោក​បន្ត​ថា មូលហេតុ​ដែល​ថៃ​អាច​វាយ​ដណ្ដើម​កាន់កាប់​តំបន់​អានសេះ និង​ភ្នំ​មួយ​ចំនួន​ទៀត​បាន គឺ​ដោយសារ​មាន​ជំនួយ​ពី​ទ័ពអាកាស ខណៈ​ទាហាន​ខ្មែរ​មិន​មាន​អាវុធ​ប្រឆាំង​ដែនអាកាស និង​ទ័ព​ជំនួយ​នោះ​ឡើយ។

ទាហាន​រូប​នេះ​អះអាង​ថា ក្រោយ​ពេល​បាក់ទ័ព​ទាហាន​ខ្មែរ​បាន​ដកថយ​ចុះ​តាមផ្លូវ​បេតុង ប៉ុន្តែ​ត្រូវ​ទាហាន​ថៃ​បាញ់ប្រហារ​ដោយ​ប្រើ​កាំភ្លើង Sniper បណ្ដាល​ឱ្យ​ពលី​ជិត​១០​នាក់​។ លោក​បញ្ជាក់​បន្ថែម​ថា ការបាត់បង់​តំបន់​អានសេះ ដែល​ជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ នឹង​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​កាន់តែ​ចាញ់​ប្រៀប​ទាហាន​ថៃ ដោយសារ​តំបន់​នេះ គឺជា​ទីតាំង​ខ្ពស់ ដែល​អាច​តាំង​មូលដ្ឋានទ័ព​បាន​ដ៏​រឹងមាំ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣១ ខែ​មីនា។

បច្ចុប្បន្ន​នេះ យោធា​ថៃ​បាន​ចាក់​ដី​នៅ​តំបន់​អានសេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧ ដើម្បី​ត្រៀម​សាងសង់​សំណង់​រឹង និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម បន្ទាប់​ពី​បាន​សាងសង់​ព្រះពុទ្ធរូប​រួច។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា តំបន់​អានសេះ ភ្នំ​៥០០ និង​ភ្នំ​៦៧៧ គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​មិន​ស្ថិត​ក្នុង​តំបន់​ទាមទារ​នោះ​ឡើយ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ថៃ​ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ទាមទារ​តំបន់​ដែល​យោធា​ថៃ​កាន់កាប់​ដោយ​ខុសច្បាប់​មកវិញ។

លោក អ៊ុំ សំអាន៖ «យន្ត​ការចរចា​ទ្វេភាគី​តាមរយៈ JBC នឹង​ជាប់​គាំង​ហើយ ប្រសិនបើ​កម្ពុជា មិន​ព្រម​ប្ដឹង​ថៃ​ទៅ​កាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ប្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ទាមទារ​ទឹកដី​ហ្នឹង មកវិញ​បានទេ»។

ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កម្លាំង​ទ័ព​របស់​យោធា​ថៃ​នេះ​ដែរ អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ លោក ប៉ារ៉ាច រតនា​ឆៃយ៉ាផាន់ (Parach Rattanachaiyapan) បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា កងទ័ពជើងទឹក​ថៃ មាន​សមត្ថភាព និង​បាន​ត្រៀមខ្លួន​ប្រយុទ្ធ​កម្រិត​ខ្ពស់ ដើម្បី​ឆ្លើយតប​យ៉ាង​រហ័ស ប្រសិន​មាន​សង្គ្រាម​ផ្ទុះ​ឡើងជា​លើក​ទី​៣។

ការ​លើកឡើង​របស់​កង​ទ័ពជើងទឹក​របស់​ថៃ​នេះ គឺ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា កម្ពុជា​កំពុង​អភិវឌ្ឍ​ទ័ពជើងទឹក និង​បញ្ជា​ទិញ​នាវាចម្បាំង Type 056 ពី​ប្រទេស​ចិន​ចំនួន ២​គ្រឿង។

កាលពី​ចុងឆ្នាំ​២០២៤ ចិន​បាន​ប្រកាស​ផ្ដល់​នាវាចម្បាំង​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់​មីស៊ីល ប្រភេទ Type 056A ចំនួន​ពីរ​គ្រឿង​ឱ្យ​កងទ័ពជើងទឹក​កម្ពុជា ដើម្បី​ប្រចាំការ​នៅ​មូលដ្ឋាន​យោធា​សមុទ្រ​រាម។ ក្រោយ​មក​នៅ​ឆ្នាំ​២០២៥ ពោល​គឺ​នៅមុន​ពេល​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​ថៃ ប្រទេស​ចិន​បាន​ប្រកាស​ផ្ដល់​នាវាចម្បាំង ប្រភេទ Type 056C ចំនួន​ពីរ​គ្រឿង​បន្ថែម​ទៀត​ឱ្យ​កម្ពុជា។

ទោះជា​យ៉ាងណា មក​ដល់​ពេល​នេះ កងទ័ពជើងទឹក​កម្ពុជា មិនទាន់​ប្រកាស​ពី​ការ​មក​ដល់​របស់​នាវា​ចម្បាំង​ទាំងនេះ​នៅឡើយ​។ ចំណែក​កងទ័ពជើងទឹក​របស់​ថៃ​វិញ ក៏បាន​បញ្ជា​ទិញ​នាវាមុជទឹក​ប្រភេទ Type S26T ពី​ប្រទេស​ចិន​ផង​ដែរ កាលពី​ឆ្នាំ​២០២៤ ដោយ​នាវាមុជទឹក​ទីមួយ​របស់​ថៃ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មក​ហែល​សាកល្បង​ក្នុង​ដែន​សមុទ្រ​ថៃ​នៅ​ឆ្នាំ​២០២៧ ខាងមុខ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ