
ពលរដ្ឋរស់នៅ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា មានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយ សំងំធ្វើអាជីវកម្មរ៉ែមាសតាមដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម។ ពួកគាត់អះអាងថា ការធ្វើអាជីវកម្មនេះ បង្កផលប៉ះពាល់ដល់តំបន់ទេសចរណ៍សហគមន៍ ការប្រកបអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ និងការនេសាទរបស់ពលរដ្ឋរស់នៅតំបន់នោះ។
ពលរដ្ឋរស់នៅតាមដងទន្លេសេសាន ដែលពឹងផ្អែកលើការនេសាទ និងអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ និងតំបន់ទេសចរណ៍សហគមន៍ ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី តំណាងពលរដ្ឋម្នាក់នៅឃុំសេសាន សុំមិនបញ្ចេញឈ្មោះ និងសំឡេង អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែមីនាថា មានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយ កំពុងសំងំធ្វើអាជីវកម្មរ៉ែមាសតាមដងទន្លេសេសាន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម បានបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅតាមដងទន្លេយ៉ាងធ្ងន់ធ្ងរ។ លោកថា ពលរដ្ឋចំនួនពីរស្រុកគឺស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស ដែលតែងតែធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ និងប្រកបរបរនេសាទតាមដងទន្លេមួយនេះ នឹងបាត់បង់ចំណូលប្រចាំថ្ងៃ ប្រសិនបើមានក្រុមហ៊ុនខ្នាតធំបែបនេះ ធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់។
ឆ្លើយតបចំពោះការលើកឡើងរបស់ពលរដ្ឋ មេឃុំសេសាន លោក សេវ ឡាម អះអាងឲ្យដឹងនៅថ្ងៃ២៤ ខែមីនាថា នៅតំបន់ទន្លេសេសាន ក្នុងស្រុកអូរយ៉ាដាវ មិនមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនោះទេ គឺមានតែក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ប៉ុណ្ណោះ។លោកបន្ថែមថា ចំពោះសំណើរបស់ពលរដ្ឋបានលើកឡើង លោកមិនមានតួនាទីក្នុងការរកដំណោះស្រាយនោះឡើយ។
លោក សេវ ឡាម៖ «អ្នកដែលថាបញ្ឈប់ទៅទាក់ទងថ្នាក់ខេត្ត ឬក៏ថ្នាក់ស្រុក អ្នកដែលអះអាងថា ប្រជាពលរដ្ឋមិនឲ្យធ្វើ តើប្រជាពលរដ្ឋប៉ះពាល់អ្វីខ្លះ នេះទើបបាន ថាបើយើងចង់បញ្ឈប់គេបញ្ឈប់ម៉េចបាន ប្រជាពលរដ្ឋមកប្រជុំនៅសាលាឃុំហើយ មុនគេធ្វើប្រជាពលរដ្ឋសំណូមពរហើយ ថាបានសម្របសម្រួលជាមួយប្រជាពលរដ្ឋចង់បានអ្វីខ្លះ ហ្នឹងហើយឲ្យលេខមក លេខប៉ុន្មានដែរ អាចខ្ញុំទាក់ទងទៅគាត់»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេនៅថ្ងៃទី២៤ ខែមីនា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរចុះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងស្វែងយល់ពីទុក្ខកង្វល់របស់ពលរដ្ឋ នឹងត្រូវស្វែងរកដំណោះស្រាយឲ្យពួកគាត់។
លោក យិន ម៉េងលី៖ «ពិនិត្យមើលឡើងវិញបញ្ហាអភិវឌ្ឍន៍នេះ តើអភិវឌ្ឍន៍ផ្ដល់ផលចំណេញអ្វីខ្លះដល់ប្រជាពលរដ្ឋ ពីព្រោះការអភិវឌ្ឍន៍នេះ គឺសំដៅឲ្យមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ ហើយបើធ្វើទៅមិនមានផលចំណេញ ធ្វើទៅបាត់បង់អាជីពរបស់គាត់ បើកុំធ្វើល្អជាង» ។
ពលរដ្ឋអះអាងទៀតថា អាជ្ញាធរនៅក្នុងមូលដ្ឋានមួយចំនួនមិនពេញចិត្តនឹងប្រតិបត្តិការ អាជីវកម្មរ៉ែមាសនេះនោះទេ ហើយពួកគេ ថែមទាំងណែនាំឲ្យពលរដ្ឋជិត១០០គ្រួសារ នាំគ្នាចេញតវ៉ា ឲ្យបិទអាជីវកម្មនេះម្ដងរួចមកហើយ ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរហៅទៅគំរាមកំហែងចាប់ពលរដ្ឋដាក់គុក រហូតដល់សហគមន៍នៅតំបន់នោះលែងហ៊ាននាំគ្នាចេញតវ៉ា និងបណ្ដោយឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសដោយសេរីរហូតដល់សព្វថ្ងៃ៕










