ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក គិត ម៉េង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​ជួយ​រក​ដំណោះស្រាយ

0
18
​ពលរដ្ឋ​រងគ្រោះដីធ្លីដោយក្រុមហ៊ុន លោក គិត ម៉េង នៅ​ឃុំ​ថ្ម​ស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
​ពលរដ្ឋ​រងគ្រោះដីធ្លីដោយក្រុមហ៊ុន លោក គិត ម៉េង នៅ​ឃុំ​ថ្ម​ស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន​របស់ លោក គិត ម៉េង រាប់​រយ​គ្រួសារ នាំគ្នា​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តកោះកុង​ជួយ​ស្វែងរក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ចេញពី​បរិវេណ​ក្រុមហ៊ុន រ៉ូយ៉ាល គ្រុប (Royal Group) ដែល​គ្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តំបន់​នោះ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ត្រូវ​រក​ដំណោះស្រាយ និង​គិត​ពី​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង ជាង​១០០​គ្រួសារ ស្ថិតនៅ​ឃុំ​ថ្ម​ស ស្រុក​បុទុមសាគរ ខេត្តកោះកុង នៅ​ថ្ងៃទី​១៨ ខែមីនា បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​អភិបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ស្វែងរក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ចេញពី​បរិវេណ​ក្រុមហ៊ុន ពីព្រោះ​ដីស្រែ​ចម្ការ​ទាំងអស់​នោះ ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០៦​មក ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​គ្មាន​ដីស្រែ​សម្រាប់​អាស្រ័យ​ផល​ឡើយ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី ភន ណៃស៊ី អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែមីនា ថា ពលរដ្ឋ​ស្នើសុំ​ឲ្យ​អភិបាល​ខេត្តកោះកុង​ជួយ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ចេញ​ពី​បរិវេណ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃមុខ ពីព្រោះ​ពលរដ្ឋ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល​ទៀត​នោះ​ទេ។

លោកស្រី ភន ណៃស៊ី៖ «ស្នើសុំ​ឲ្យ​ជួយ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ដី​លំនៅឋាន និង​ដី​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​វិញ ដោយសារ​ពួកគាត់​ខ្វះខាត​ខ្លាំង​សព្វថ្ងៃ​នេះ ជំពាក់​លុយ​ធនាគារ​ផង ប្រសិនបើ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល គឺ​ប្រជាពលរដ្ឋ​អត់​រារាំង ឬ​រំខាន​ការអភិវឌ្ឍន៍​នោះ​ទេ ប៉ុន្តែ​អភិវឌ្ឍន៍​បើ​មាន​ផល​ប៉ះពាល់​សូម​ឲ្យ​ដោះស្រាយ​អំពី​ផល​ប៉ះពាល់​នោះ»។

លោកស្រី ភន ណៃស៊ី អះអាង​ទៀត​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ពលរដ្ឋ​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ជួយ​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ ឬ​ឆ្លើយតប​យ៉ាងណា​នោះ​ទេ​។ លោកស្រី​បន្ថែម​ថា ប្រសិនបើ​អភិបាល​ខេត្ត​កោះកុង​ថ្មី មិន​មាន​ដំណោះស្រាយ​នោះ​ទេ ពលរដ្ឋ​នឹង​នាំគ្នា​ទៅ​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​បន្ថែម​ទៀត។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី ឈី វ៉ា និង​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់​លោក គិត ម៉េង ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​១៨ ខែ​មីនា។

ពលរដ្ឋ​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្តកោះកុង ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ចុះ​រុះរើ​ផ្ទះសម្បែង និង​បំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​ជាង​១០០​គ្រួសារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ប្រសិនបើ​ពលរដ្ឋ​នាំគ្នា​ចេញ​តវ៉ា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍​ថា អាជ្ញាធរ​ត្រូវតែ​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ពន្លឿន​ក្នុង​ការ​រក​ដំណោះស្រាយ មិន​គួរ​អូស​បន្លាយ​ឲ្យ​ពលរដ្ឋ​ឈឺចាប់ និង​រងទុក្ខ​វេទនា​បែប​នេះ​ឡើយ។

លោក យិន ម៉េងលី៖ «ទទួល​សំណើ និង​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ហើយ បើ​ដី​មិន​អាច​កាត់​ឆ្វៀល​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទេ វា​ប៉ះពាល់ ហើយ​ឥឡូវ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហើយ យើង​គប្បី​ពិភាក្សា​ជាមួយ​ពលរដ្ឋ រក​ដី​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទៅ មិនអាច​យក​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ស្នើ​បានទេ ពីព្រោះ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច គឺ​សម្រាប់​អ្នក​អត់​មាន​ដី ដោះស្រាយ​ឲ្យ​ពួកគាត់​ទៅ តាម​បែប​ដី​មាន​ជម្លោះ សម្របសម្រួល​គ្នា​ទៅ​ឲ្យ​ការអភិវឌ្ឍន៍ និង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ដី​បង្កបង្កើនផល​ឲ្យ​ដើរ​ស្របគ្នា»។

កាលពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​ត្រកូល​ហ៊ុន បាន​ធ្វើ​អនុប្រយោគ​ផ្ទៃដី​ជាង​៨​ពាន់​(៨.៦៣១)​ហិកតារ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​បុទុមសាគរ ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ឲ្យ​ទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ដី​លំនៅឋាន របស់​ពលរដ្ឋ​ជាង​១០០ (១១១)​គ្រួសារ ហើយ​រហូត​មក​ដល់​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ