

អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ៊ានវះកាត់សាច់ស្អុយដែលនៅក្បែរខ្លួនចោល បើមិនដូច្នោះទេវិធានការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា នឹងបរាជ័យ ស្របពេលដែលអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា អាជ្ញាធរកម្ពុជានៅតែអនុញ្ញាតឱ្យកាស៊ីណូជាច្រើនកន្លែងបន្តដំណើរការ ទោះបីជាមានភស្តុតាងជាច្រើនបង្ហាញថា កាស៊ីណូទាំងនោះជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកអនឡាញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពលុបបំបាត់នូវមជ្ឈមណ្ឌលអនឡាញឲ្យអស់បាននោះទេ ពីព្រោះលោក ហ៊ុន ម៉ាណែត ពុំហ៊ាន វះកាត់សាច់ស្អុយនៅជុំវិញខ្លួនលោកចេញ បើទោះបីជាសហរដ្ឋអាមេរិកបានដាក់នៅក្នុងបញ្ជីខ្មៅ ថា ពួកគេទាំងនោះធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនអនឡាញអន្តរជាតិក៏ដោយ។
លោក គឹម សុខ អះអាងថា ប្រសិនបើចង់លុបបំបាត់មជ្ឈមណ្ឌលអនឡាញឲ្យអស់គឺត្រូវព្យួរតួនាទីរបស់លោក ហ៊ុន សែន ដែលជាប្រធានព្រឺទ្ធសភាសព្វថ្ងៃ ធ្វើការស៊ើបអង្កេតស៊ីជម្រៅដោយឯករាជ្យមួយ ពីព្រោះ លោក ហ៊ុន សែន គឺជាមេឧក្រិដ្ឋជនឆបោកអនឡាញនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា រូបនេះបន្ថែមថា បន្ទាប់មកទៀត រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវឃុំខ្លួនឧកញ៉ា ហ៊ុន តូ ត្រូវជាបងជីដូនមួយ ឧកញ៉ា ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ាកុក អាន និងឧកញ៉ាគ្រាក់ៗជិត៣០នាក់ផ្សេងទៀត និងមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនអនឡាញអន្តរជាតិ ដើម្បីយកមកកាត់ទោស។
លោក គឹម សុខ៖ «សហគមន៍អន្តរជាតិចេញរបាយការណ៍បន្តបន្ទាប់បញ្ជាក់ច្បាស់ណាស់ថា បណ្តាញឧក្រិដ្ឋកម្មអនឡាញនៅប្រទេសកម្ពុជាគឺជាឧក្រិដ្ឋកម្មក៏ខ្វក់ប្រមូលលុយទៅចិញ្ចឹមគណបក្សប្រជាជនកម្ពុជានិងអំណាចគ្រួសារហ៊ុន។ ហើយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាមេគណបក្សប្រជាជនកម្ពុជាក៏ជាមេគ្រួសារហ៊ុន»។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា រូបនេះ បន្ទាប់អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍ស៊ើបអង្កេតថ្មីមួយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះបានរកឃើញថា យ៉ាងហោចណាស់កាស៊ីណូចំនួន ១២ទីតាំងមានពាក់ព័ន្ធនឹងការបង្ខំមនុស្សឲ្យធ្វើការក្នុងឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិត។ បើទោះជាមានភស្តុតាងជាច្រើនបង្ហាញថា កាស៊ីណូទាំងនោះជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកអនឡាញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរកម្ពុជានៅតែអនុញ្ញាតឱ្យកាស៊ីណូទាំងនោះបន្តដំណើរការ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អះអាងថា របាយការណ៍នេះធ្វើឡើងយោងតាមការស៊ើបអង្កេត និងការពិនិត្យរបាយការណ៍គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាស្ដីពីការអនុម័តផែនការកាស៊ីណូនៅចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ក្នុងក្រុងប៉ោយប៉ែត បាវិត ជ្រៃធំ និងក្រុងកំពង់សោម ដែលសុទ្ធសឹងតែជាទីតាំងសង្ស័យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អង្គការលើកលែងទោសអន្តរជាតិបន្ថែមថា សកម្មភាពរបស់អាជ្ញាធរខ្មែរពេលនេះហាក់ផ្ទុយគ្នាពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញបោកប្រាស់តាមអ៊ីនធឺណិត។ អង្គការនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពន្យល់ថា តើហេតុអ្វីបានជាកាស៊ីណូដែលភ្ជាប់ទៅនឹងការជួញដូរមនុស្ស និងការធ្វើទារុណកម្មនៅតែទទួលបានការអនុម័តបន្តអាជីវកម្មពីរដ្ឋាភិបាល។
ជុំវិញករណី ឆបោកអនឡាញ នេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ កន្លងមក ថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយជាតិពីការទប់ស្កាត់ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។ លោកទទួលស្គាល់ថា ឧក្រិដ្ឋកម្មនេះ មិនត្រឹមតែបានសម្អុយឈ្មោះកម្ពុជានៅក្នុងឆាកអន្តរជាតិទេ ប៉ុន្តែក៏កំពុងបំផ្លាញសេដ្ឋកិច្ចស្មោះត្រង់ប្រទេសដ៏តូចមួយក្នុងសហគមន៍អាស៊ានដែរ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា លោកនៅតែមានមន្ទិលសង្ស័យច្រើនចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ឲ្យអស់នូវមជ្ឈមណ្ឌលអនឡាញនៅខែមេសា បើទោះបីជាឃើញមានការចាប់ខ្លួនឧក្រិដ្ឋធំៗមួយចំនួនក៏ដោយ ប៉ុន្តែប្រសិនបើប្រព័ន្ធដែលជួយសម្រួលដល់ការលាងលុយ មន្ត្រីដែលនៅកាងពីក្រោយខ្នងមិនត្រូវបានបោសសំអាតឲ្យអស់ទេ នោះវាគ្រាន់តែជាការផ្លាស់ប្ដូរតួអង្គថ្មីមកជំនួសតួអង្គចាស់ប៉ុណ្ណោះ។
លោក សេង វណ្ណលី៖ «ខ្ញុំបារម្ភថាពេលយុទ្ធនាការខែមេសានេះចប់ទៅក្រុមឧក្រិដ្ឋជនទាំងនោះនឹងគ្រាន់តែប្តូរទីតាំងនៅតាមព្រំដែន ឫសម្ងំខ្លួនមួយរយៈ រួចហើយត្រឡប់មកវិញក្នុងរូបភាពថ្មីដែលពិបាកបង្ក្រាបជាងមុន។ បើចង់ឲ្យមានប្រសិទ្ធភាពមែនទែនរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់សាច់អាក្រក់របស់ខ្លួនចេញ មិនមែនចាប់ផ្តាច់សរសៃឈាមតែខាងក្រៅបែបនេះទេ»។
ទាក់ទងទៅនឹងយុទ្ធនាការចុះបង្ក្រាបនេះ ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ បានបង្កើតក្រុមតេឡេក្រាមមួយដើម្បីចែករំលែកព័ត៌មាននៃការចុះបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជាទៅដល់បណ្ដាញរបស់ពួកគេ ដោយសរសេរថា បើសមត្ថកិច្ចចុះចាប់ដល់កន្លែងត្រូវឲ្យលុយដល់សមត្ថកិច្ចម្នាក់១០០ដុល្លារដើម្បីគេចខ្លួន។ បើករណីចាប់ដាក់រថយន្តដើម្បីបញ្ជូនចេញ ត្រូវបង់លុយឲ្យសមត្ថកិច្ច៥០០ដុល្លារ។ ពួកគេបានសរសេរបន្ថែមទៀតថា ត្រូវគេចខ្លួនទៅរកកន្លែងសុវត្ថិភាពមួយរយៈ យ៉ាងយូរបំផុតមួយខែ អ្វីៗនឹងប្រសើរឡើងវិញ។
ទាក់ទងទៅនឹងការលើកឡើងនេះ កាសែត South China Morning Post កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានធ្វើសេចក្តីរាយការណ៍របស់ខ្លួនថា ឧក្រិដ្ឋជនឆបោកតាមអនឡាញជាច្រើនកំពុងសម្រុកចាកចេញពីប្រទេសកម្ពុជា ទៅបង្កើតមជ្ឈមណ្ឌលឆបោកនៅប្រទេសភូមា ឡាវ និងមួយចំនួនទៀតទៅកាន់ប្រទេសថៃ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ គឺក្នុងរយៈពេល ៩ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី និងបានបណ្តេញជនបរទេសចំនួន ១១,០០០ នាក់ចេញពីកម្ពុជា៕








