ថៃ​ថា​នឹង​ស៊ើបអង្កេត​លើ​អត្តពលិក​កម្ពុជា​ពី​បទ​បំពាន​ច្បាប់​ថៃ​ដោយសារ​មាន​ឡូហ្គូក្រុមហ៊ុន​ល្បែង​ Nagaworld លើ​អាវ

0
59
ក្រុម​អត្តពលិក​កម្ពុជា​​ចូលរួម​កីឡា​ស៊ីហ្គេម​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ រូប៖ ហ្វេសប៊ុក​Olympic Cambodia
ក្រុម​អត្តពលិក​កម្ពុជា​​ចូលរួម​កីឡា​ស៊ីហ្គេម​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ រូប៖ ហ្វេសប៊ុក​Olympic Cambodia

ប្រធាន​អាជ្ញាធរ​កីឡា​របស់​ថៃ​លោក គង់សាក់ យ៉តម៉ានី (Kongsak Yodmanee) បាន​លើកឡើង​ថា អាជ្ញាធរ​កីឡា និង​ក្រសួងមហាផ្ទៃ​ថៃ នឹង​បើក​ការស៊ើបអង្កេត​បន្ទាន់ លើ​ក្រុម​អត្តពលិក​កម្ពុជា ពី​បទ​បំពាន​ច្បាប់​របស់​ប្រទេស​ថៃ ដោយសារ​ពួកគេ​បាន​ពាក់អាវ​មាន​ជាប់​ឡូហ្គូ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​បន​ល្បែង ណាហ្គាវើលដ៍ (NagaWorld)។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​កាសែត ខៅសុត Khaosod។

មន្ត្រី​ថៃ​រូប​នេះ​បញ្ជាក់​ថា ថៃ​នឹង​ត្រួតពិនិត្យ​ថា តើ​ការ​ភ្ជាប់​ឡូហ្គូ​ក្រុមហ៊ុន ណាហ្គាវើលដ៍ លើ​អាវ​នោះ ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​យ៉ាងណា ដើម្បី​ចាត់វិធានការ​តាមច្បាប់ ខណៈ​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ហាមឃាត់​ដាច់ខាត នូវ​បន​ល្បែង​កាស៊ីណូ។

ស្រប​ពេល​ដែល​កម្ពុជា និង​ថៃ កំពុង​ប្រយុទ្ធ​គ្នា គណៈប្រតិភូ​កីឡា​កម្ពុជា នៅតែ​ដឹកនាំ​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣ នៅ​ប្រទេស​ថៃ ខណៈ​អាជ្ញាធរ​ថៃ បាន​ធានា​អះអាង​ថា នឹង​រក្សា​សុវត្ថិភាព​ជូន​អត្តពលិក​ខ្មែរ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ លោក ថាម៉ាណាត ព្រហ្មផៅ (Thammanat Prompao) បាន​ថ្លែង​អំពី​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២០ ខែធ្នូ ថា ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការរៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣៣ ដោយ​អាជ្ញាធរ​ថៃ​បាន​ត្រៀម​សន្តិសុខ និង​ទាហាន​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​អត្តពលិក​មក​ពី​បណ្ដា​ប្រទេស ជាពិសេស​គឺ​អ្នក​កីឡា​ខ្មែរ។

ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ថៃ​រូប​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) អំពី​បញ្ហា​ការរក្សា​សុវត្ថិភាព​របស់​អត្តពលិក​ខ្មែរ ដែល​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម នៅលើ​ទឹកដី​ថៃ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ នៅ​តាម​តំបន់​ព្រំដែន​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើង​ថា ការចូលរួម​អបអរសាទរ របស់​អ្នកគាំទ្រ​កម្ពុជា​នៅ​កីឡាដ្ឋាន​របស់​ថៃ គឺ​ស្ទើរតែ​គ្មាន​នោះ​ឡើយ ដោយមាន​វត្ត​មានតែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៨ ខែធ្នូ គណៈប្រតិភូ​កីឡា​កម្ពុជា បាន​ដឹកនាំ​អត្តពលិក​ប្រភេទ​កីឡា​ចំនួន​៣ គឺ​តៃ​ក្វាន់​ដូ យូជីស៊ូ និង​ហែល​ទឹក ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣។ សមាជិក​ប្រតិភូ​កីឡា​កម្ពុជា ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប ១៣៧​នាក់ ក្នុង​នោះ​អត្តពលិក ដែល​ត្រៀម​ចូលរួម​ប្រកួត​មាន ៧២​នាក់។

កន្លងមក កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា នឹង​មិន​ធ្វើ​ពហិការ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នោះ​ឡើយ ប៉ុន្តែ​បាន​ស្នើ​សុំ​ដកខ្លួន​ពី​កីឡា​មួយ​ចំនួន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព និង​សម្រេច​ចូលរួម​ប្រកួត​តែ​វិញ្ញាសា​១២​ប្រភេទ​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ