

អ្នកប្រជាធិបតេយ្យនៅប្រទេសអូស្ត្រាលី (Australia) រួមទាំងសកម្មជននយោបាយបក្សប្រឆាំងនៅប្រទេសជប៉ុន (Japan) និងកូរ៉េខាងត្បូង (South Korea) គ្រោងប្រមូលផ្ដុំទ្រង់ទ្រាយធំធ្វើបាតុកម្មនៅចុងសប្ដាហ៍នេះ ប្រឆាំងនឹងប្រទេសថៃវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មី។ ក្នុងគម្រោងបាតុកម្មនេះប្រជាពលរដ្ឋនៅក្រៅប្រទេសនឹងផ្ញើសារជំរុញដល់រដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ពលរដ្ឋខ្មែរ និងសកម្មជននយោបាយគណបក្សប្រឆាំងនៅក្រៅប្រទេសនឹងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងប្រទេសថៃវាយប្រហារឈ្លានពានកម្ពុជាជាថ្មី និងទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ។
ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ជា យូហ៊ន បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីទាំងអស់រួបរួមគ្នាផ្ដល់កម្លាំងចិត្តដល់កងទ័ពជួរមុខ និងចូលរួមឱ្យបានច្រើនកុះករធ្វើបាតុកម្មនៅថ្ងៃទី១៤ ខែធ្នូ ស្ថិតនៅខាងមុខសភារដ្ឋវ៉ិកតូរីយ៉ា ដើម្បីប្រឆាំងនឹងប្រទេសថៃវាយប្រហារឈ្លានពានកម្ពុជា។
លោក ជា យូហ៊ន៖ «ដូច្នេះខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់មេត្តាស្រឡាញ់ប្រទេសជាតិយើង កងទ័ពរបស់ខ្មែរយើងនៅជួរមុខ ជាពិសេសអាណិតដល់ប្រជាជនខ្មែរយើងដែលត្រូវរត់ពីជាយដែនត្រូវទាហានថៃទម្លាក់គ្រាប់បែកបាញ់ផ្លោងមក។ ដូច្នេះយើងទាំងអស់គ្នាសូមមេត្តាងើបឈរឡើង ដើម្បីធ្វើយ៉ាងម៉េចតវ៉ាឱ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលីឱ្យគេយកចិត្តទុកដាក់អំពីរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដូចជាបញ្ហាចោរឈ្លានពានទឹកដីប្រទេសកម្ពុជាយើង»។
ចំណែក ប្រធានព័ត៌មានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនអ្នកស្រី វ៉ាន់ លក្ខិណា ប្រាប់ទូរទស្សន៍អាស៊ីសេរីឱ្យដឹងដែរថា ពលរដ្ឋខ្មែរ និងសកម្មជននឹងប្រមូលផ្ដុំនៅទីក្រុង តូក្យូ (Tokyo) ដើម្បីធ្វើបាតុកម្មនៅថ្ងៃទី១៣ ខែធ្នូ។ អ្នកស្រីឱ្យដឹងទៀតថា ក្រុមបាតុករនឹងផ្ញើសារជូននាយករដ្ឋមន្ត្រីជប៉ុន និងដាក់ញត្តិទៅកាន់ស្ថានទូតនានានៅប្រទេសជប៉ុន ឱ្យបានដឹងពីប្រទេសថៃវាយប្រហារឈ្លានពានកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិតទាហាន ប្រជាជនស៊ីវិល និងការខូចខាតប្រាសាទជាដើម។
អ្នកស្រី វ៉ាន់ លក្ខិណា ឱ្យដឹងទៀតថា គោលបំណងនៃបាតុកម្មនេះពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាមទារឱ្យថៃដោះលែងទាហានខ្មែរ ១៨នាក់ដែលថៃបានចាប់ខ្លួន និងទាមទារឱ្យបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា។ ក្រុមបាតុករក៏នឹងថ្លែងសារជំរុញឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្ដឹងភាគីថៃ ដើម្បីទាមទារយុត្តិធម៌តាមយន្តការអន្តរជាតិ។
អ្នកស្រី វ៉ាន់ លក្ខិណា៖ «យើងទាមទារឱ្យថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជា ជាអចិន្ត្រៃយ៍ ហើយគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិជាដើម។ យើងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹងគឺធ្វើយ៉ាងណាត្រូវតែរកយុត្តិធម៌ប្ដឹងរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស៍ទាំងអស់»។
ចំណែក ប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិ លោក ស សុខែម ឱ្យទូរទស្សន៍អាស៊ីសេរីដឹងថា ក្រុមពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងរាប់រយនាក់គ្រោងជួបជុំគ្នាធ្វើបាតុកម្មជិតចំណតរថភ្លើង អ៊ីតេវូន (Itaewon station) ស្ថិតក្នុងទីក្រុងសេអួល (Seoul) នៅថ្ងៃទី១៤ ខែធ្នូ។ លោកបញ្ជាក់ថា ក្រុមបាតុករនឹងរៀបចំហែក្បួនដាក់ញត្តិទៅស្ថានទូតថៃនៅប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារឱ្យភាគីថៃបញ្ឈប់ការវាយប្រហារឈ្លានពានទឹកដីកម្ពុជា និងស្នើដល់ភាគីកម្ពុជា និងថៃវិលចូលតុចរចា និងដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
លោក ស សុខែម៖ «ភាគីពាក់ព័ន្ធត្រូវនាំគ្នាទៅដោះស្រាយដោយសន្តិវិធីនៅឯតុលាការយុត្តិធម៌អន្តរជាតិ។ បានន័យថា ទាំងភាគីថៃ ទាំងភាគីកម្ពុជាមិនត្រូវឈ្លោះគ្នាអ៊ីចឹង ដោះស្រាយមិនចេញបែបនេះទេ ។ ប្រសិនភាគីខាងណាក៏ដោយអះអាងថា ខាតប្រយោជន៍បាត់បង់អធិបតេយ្យភាពត្រូវតែនាំគ្នាទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិកុំបង្កឱ្យទាហានស្លាប់សងខាង និងប្រជាពលរដ្ឋរងទុក្ខវេទនា។ ប្រសិនបើនៅតែបន្តអ៊ីចឹងដូចជាយកជីវិតប្រជាពលរដ្ឋ ទាំងប្រជាពលរដ្ឋថៃទាំងប្រជាពលរដ្ឋកម្ពុជាយកទៅលេងសើចនៅចំពោះនយោបាយដែលយើងមិនដឹងរបស់ពួកគេអ៊ីចឹង»។
គិតត្រឹមថ្ងៃទី៩ ធ្នូ នេះមានជនស៊ីវិល ៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ក្រោយថៃវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ។ ទោះជាយ៉ាងណា ចំនួនទាហានដែលបានពលីជីវិតក្នុងសមរភូមិជួរមុខរដ្ឋាភិបាលមិនបានបង្ហាញតួលេខនោះទេ ប៉ុន្តែក្រុមសាច់ញាតិទាហានពលីជីវិតការពារទឹកដីនៅតាមបន្ទាត់ព្រំដែនបាន បានបង្ហាញពីការឈឺចាប់ និងសោកសង្រេងចំពោះការបាត់បង់សាច់ញាតិបងប្អូនក្រុមគ្រួសាររបស់ខ្លួនជាបន្តបន្ទាប់៕









