កម្ពុជា​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ថ្កោលទោស​ថៃ ដែល​ឈ្លានពាន​​កម្ពុជា​ដោយ​កម្លាំង​យោធា

0
241
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP

តំណាង​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ស្នើ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​បញ្ឈប់​ទង្វើ​គឃ្លើន​របស់​ថៃ បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ហើយ ជាមួយគ្នា​នោះ កម្ពុជា​ក៏​ត្រៀម​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​ដែរ​។ អ្នកវិភាគ​ថា ទង្វើ​ឈ្លានពាន របស់​យោធា​ថៃ​លើ​កម្ពុជា យ៉ាង​ឃោរឃៅ​នេះ ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ប្រញាប់​ប្ដឹង ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង​ដាក់​សំណើ​កោះ​ប្រជុំ​បន្ទាន់ ជាមួយ​អង្គ​មហាសន្និបាត អង្គការសហប្រជាជាតិ។

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក លោក កែវ ឈា នៅ​ថ្ងៃទី​១០ ខែធ្នូ បាន​ដាក់​លិខិតស្នើ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លោក សាមញិល ហ្សិប៊ូហ្គា (Samuel Žbogar ) ឱ្យ​ថ្កោលទោស និង ចាត់វិធានការ​តឹងរ៉ឹង​ជាបន្ទាន់​មក​លើ​រដ្ឋាភិបាល​ថៃ ពាក់ព័ន្ធ​ទង្វើ​ឈ្លានពាន​កម្ពុជា ហើយ​បាន​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​បំផ្លាញ​ផ្ទះសម្បែង និង​សម្បត្តិ​បេតិកភណ្ឌ​បុរាណ​ជា​បន្តបន្ទាប់ ដោយ​ប្រើ​យន្តហោះ​ចម្បាំង​F-16 និង​កាំភ្លើង​ធំ បាញ់​ផ្លោង​តាម​អំពើ​ចិត្ត។

លោក​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការឈ្លានពាន​ដោយ​អាវុធ​ឥត​ញញើត​របស់​ថៃ ដោយ​បំពាន​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការវាយប្រហារ​ដោយ កាំភ្លើង​ធំ និង​យន្តហោះ​ចម្បាំង​F-16 ទម្លាប់​គ្រាប់​លើ​កម្ពុជា។ បន្ថែម​ពី​នោះ ថៃ​ត្រូវ​បញ្ឈប់​រាល់​ការប៉ុនប៉ង​រំលោភ​ទឹកដី​កម្ពុជា ដែល​កំណត់​តាម​ផែនទី​គូរ​ដោយ​ឯកតោភាគី និង​ត្រូវ​គោរព​តាម​ព្រំដែន​ដែល​ទទួលស្គាល់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ​។ ទន្ទឹម​នឹង​នោះ កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ត្រូវ​បញ្ឈប់​ការវាយប្រហារ​លើ​តំបន់​ជន​ស៊ីវិល និង​គោរព​ឱ្យ​បាន​ពេញលេញ នូវ​គោលការណ៍​មនុស្សធម៌។

បន្ថែម​ពី​នោះ កម្ពុជា​នៅតែ ប្ដេជ្ញាចិត្ត ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ មាត្រា ២(៣) ស្ដីពី​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​មាត្រា​២(៤) ស្ដីពី ការ​ហាម​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ថ្វីបើ យោធា​ថៃ​បាន​បាញ់សម្លាប់​ទាហាន និង​ជន​ស៊ីវិល​ខ្មែរ មុន​ក្ដី ក៏​កម្ពុជា នៅ​រក្សា​ការ​អត់ធ្មត់ មិន​បាញ់​តប​រហូត​២៤​ម៉ោង ទើប​កម្ពុជា ប្រើ​សិទ្ធិ​ការពារ​ខ្លួន ស្របតាម​មាត្រា​៥១ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

ទាក់ទិន​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក គាំទ្រ ចំពោះ​ការ​ដាក់សំណើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ ហើយ លោក​ថា អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​ទៀត​នោះ គឺ​ផលិត​ឯកសារ​រួម បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឈ្លានពាន​របស់​ថៃ ដើម្បី​ឲ្យ​ឯកអគ្គរាជទូត និង តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​បរទេស ធ្វើការ​បកស្រាយ​បង្ហាញ ដល់​សហគមន៍​អន្តរជាតិ ឱ្យ​ជ្រាប​ពី​ការឈ្លានពាន​របស់​ថៃ និង​ជំហរ​របស់​កម្ពុជា ដើម្បី​សន្តិភាព។

បន្ថែម​លើ​នេះ លោក​ថា កម្ពុជា​គួរតែ​កោះ​ប្រជុំ​បន្ទាន់​មហាសន្និបាត អង្គការ​សហប្រជាជាតិ ដើម្បី​ប្រាប់​ទៅកាន់​សហគមន៍​អន្តរជាតិ និង​សមាជិក​អាស៊ាន ឱ្យ​ចូលរួម​គាំទ្រ​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ បញ្ឈប់​នូវ​ទង្វើ​ឈ្លានពាន​កម្ពុជា។ ទន្ទឹមគ្នា​នោះ លោក​ថា កម្ពុជា​ក៏​ត្រូវ​តែ​ដាក់​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឱ្យ​បាន​ឆាប់​ផង​ដែរ។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិតថា បូរណភាព​ទឹកដី ជា​វដ្ដ​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​មិនអាច​ដោះស្រាយ​ដោយ​ការសម្ងាត់ ឬ​ដោយ​ការ​បដិសេធ​ដោយ​ស្ងៀមស្ងាត់ នៅ​ពីក្រោយ​ឆាក​នោះ​ទេ​។ កន្លង​មក​យើង​ឃើញថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រឹម​តែ​ប្រកាស អត់​ទាន់​មាន​វិធានការ​ជាក់លាក់​នៅឡើយ​។ ពួកគេ​ត្រូវ​គោរព​តាមរយៈ​ការទូត ដែល​មាន​តម្លាភាព និង​សកម្មភាព​ផ្លូវច្បាប់​ដ៏​រឹងមាំ ក្នុង​ការ​ប្រើប្រាស់​យន្តការ​តំបន់​ដ៏​ពេញលេញ»។

ស្របគ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​លើកឡើង​នៅ​ក្នុង​ការផ្សាយ​ផ្ទាល់ ស្ដីពី​បច្ចុប្បន្នភាព​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រមូល​ភស្តុតាង​ប្ដឹង​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅថា ICC​។ អ្នកស្រី​ថា ការ​ផ្ទុះ​អាវុធ​៥​ថ្ងៃ ជាប់ៗ​គ្នា​នេះ ថៃ​បាន សម្លាប់​ជន​ស៊ីវិល និង​បាញ់​កម្ទេច​ប្រាសាទ​បុរាណ​ខ្មែរ​ដោយ​គ្មាន​ការ​ញញើត ហើយ​ថា នេះ​ជា​អំពើ​ព្រៃផ្សៃ ដែល​កម្ពុជា​មិន​អាច​លើកលែង​បាន។

អ្នកស្រី ម៉ាលី សុជាតា៖ «ជម្រាប​ជូន​ផង​ដែរ​ថា កម្ពុជា​បាន​នឹង​កំពុង​ប្រមែប្រមូល​ភស្តុតាង​ដើម្បី​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​កម្ពុជា ជា​សមាជិក​ផង​ដែរ ចំពោះ​ការឈ្លានពាន របស់​យោធា​ថៃ​នេះ»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា សង្គ្រាម​កម្ពុជា​-​ថៃ ចំនួន​៥​ថ្ងៃ ជាប់ៗ​គ្នា​នេះ យោធា​ថៃ បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាច្រើន ចាប់តាំងពី​ការ​ផ្ទុះអាវុធ​លើក​ទី​១ រហូតដល់​លើក​ទី​២​នេះ គឺ​ពួកគេ​បាន​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ បាញ់​សំដៅលើ​តំបន់​ជន​ស៊ីវិល និង​បាញ់​ផ្សែង​ពុល លើ​ទឹកដី​កម្ពុជា ដែល​បាន បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​កុមារ មនុស្ស​ចាស់ និង​កងទ័ព​ខ្មែរ​ជួរមុខ​។ លោក​ថា ករណីនេះ កម្ពុជា​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​ថៃ​រួចខ្លួន​នោះ​ទេ និង ត្រូវ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ហើយ​ឱ្យ​មេដឹកនាំ​ថៃ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់។

លោក សេក សុជាតិ៖ «នៅក្នុង​ការ​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ហើយ​ការ​ប្ដឹង​នេះ ភស្តុតាង​ដែល​កម្ពុជា​ដាក់ គឺជា​បន្ទុក​មួយ​នេះ នឹង​ធ្វើ​ឱ្យ​ពិភពលោក​មើលឃើញ​ច្បាស់លាស់​អំពី​ការឈ្លានពាន ទាំង​កម្រោល​របស់​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ក៏ដូចជា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​អាយុជីវិត​មនុស្ស​សត្វ​ជាពិសេស​គឺ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជន​ស៊ីវិល»។

គិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​លើកឡើង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ចាប់តាំងពី​យោធា​ថៃ បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​ចំនួន ៥​ថ្ងៃ​ជាប់ៗ​គ្នា​មក មាន​ជន​ស៊ីវិល ចំនួន​១១​នាក់​ហើយ បាន​ស្លាប់ រួម​នឹង​ទារក ១​នាក់ ហើយ អ្នក​រងរបួស មាន​ចំនួន ៧៤​នាក់ ដែល​អ្នកខ្លះ ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ជាង ១​សែន ៩​ម៉ឺន (១៩២.១៧៣)​នាក់ នៅ​ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង បាត់ដំបង បាន​ភៀស​សឹក មក​រក​ទី​សុវត្ថិភាព​បណ្ដោះអាសន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ