

ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជំរុញឱ្យថៃ និងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមម៉ោង ១០យប់នេះ ហើយអះអាងថា នឹងប្រើទិន្នន័យពីរូបភាពផ្កាយរណបតាមសំណើកម្ពុជា។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅរសៀលថ្ងៃទី១៣ ធ្នូ បន្តបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការប្រយុទ្ធឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ដោយមិនព្រមស្ដាប់នូវអន្តរាគមន៍បទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក។ លោកបន្តថា លោកនឹងកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១៦ ធ្នូ នេះ ដោយត្រូវបង្ហាញរូបភាពពីផ្កាយរណប ដើម្បីពន្យល់អំពីស្ថានភាពជាក់ស្តែង ក្រោយបទឈប់បាញ់ចាប់ពីយប់នេះតទៅ រួមទាំងជំហររបស់ភាគីទាំងពីរ និងការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តថា ដើម្បីគាំទ្រឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព លោកបានស្នើសុំដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ដើម្បីតាមដានការវិវឌ្ឍនៅនឹងកន្លែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកនេះបានស្នើមេដឹកនាំអាមេរិក និងម៉ាឡេស៊ី ជ្រើសរើសវិធានការតាមដានតាមផ្កាយរណបប្រកបដោយតម្លាភាព ដើម្បីឱ្យប្រាកដថា ប្រទេសណាបានវាយប្រហារមុន កាលពីថ្ងៃទី៧ ធ្នូ កន្លងទៅ។
លោក ហ៊ុន ម៉ាណែត ផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
លោកបន្ថែមថា វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ ហើយកម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ៕









