ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ និង​ផ្សះផ្សា​ជាតិ ដើម្បី​ប្រមូល​កម្លាំង​តទល់​បរទេស​ឈ្លានពាន

0
276
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ខណៈ​ទាហាន​ថៃ​កាន់តែ​បង្កើន​ល្បឿន​វាយប្រហារ​មក​លើ​កម្ពុជា ដោយ​ប្រើ​យន្ដហោះ​ចំបាំង​ទម្លាក់​គ្រាប់​បែក អ្នកឃ្លាំមើល និង​ពលរដ្ឋ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ និង​ផ្សះផ្សា​ជាតិ ដើម្បី​ប្រមូល​កម្លាំង​តទល់​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ដែង​នូវ​មោទនភាព ដែល​បាន​ឃើញ​នូវ​កម្លាំង​ដ៏​រឹងមាំ​នៃ​មហា​សាមគ្គី​ជាតិខ្មែរ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​នឹង​ការ​លំបាក ដោយសារ​ការឈ្លានពាន​ពី​ប្រទេស​ជិតខាង។ ខណៈ​លោក ហ៊ុន ម៉ាណែត បង្ហាញ​មោទនភាព​បែប​នេះ តុលាការ​ក្រោម​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​របស់​លោក​កំពុង​បន្ត​ឃុំឃាំង​អ្នក​ទោស​នយោបាយ និង អ្នកទោស​មនសិការ ជិត ១០០​នាក់ ដែល​ធ្វើការ​ដើម្បី​ការពារ​ធនធាន​ជាតិ យុត្តិធម៌​សង្គម និង​ទឹកដី​កម្ពុជា។

ទោះជា​យ៉ាងណា អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «​ពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី បាន​ដាក់​ចុះ និន្នាការ​នយោបាយ​ហើយ នៅឡើយ​មេដឹកនាំ​កម្ពុជា បង្ហាញ​ជា​សកម្មភាព​ជាក់ស្ដែង​វិញ​ម្ដង តាមរយៈ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​លើកលែង​ការ​ចោទ​ប្រកាន់​ទាំងអស់» ។

រីឯ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ស្រាវជ្រាវ លោក​បណ្ឌិត សេក សុជាតិ បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ហើយ នៅឡើយ​តែ​អ្នកនយោបាយ​ខ្មែរ​ប៉ុណ្ណោះ ដែល​មិនទាន់​អាច​បង្រួបបង្រួម​ជាតិ​បាន។

លោក​បណ្ឌិត សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែធ្នូ ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បាន​បង្កើត​វប្បធម៌​រួបរួម​ជាតិ និង​ធ្វើជា​គំរូ​ដល់​អ្នកនយោបាយ​រួចហើយ ដូច្នេះ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់ គួរ​រៀនសូត្រ និង​ធ្វើតាម​រាស្ត្រ​ខ្មែរ ដើម្បី​ឱ្យ​ខ្មែរ​រឹងមាំ និង​អាច​រួមដៃគ្នា​តស៊ូ​ប្រឆាំង បរទេស​ឈ្លានពាន​មក​លើ​កម្ពុជា។

បណ្ឌិត សេក សុជាតិ៖ «មក​រៀបចំ​វប្បធម៌​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​មួយ​ដោយ​ឈរ​លើ​គោលការ​ជាតិ​ជាធំ រដ្ឋ​ហើយ​និង​រាស្ត្រ ហើយ​នឹង​សង្គម​របស់​យើង​ជាធំ នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​បរទេស​ឈ្លានពាន ទើប​ជា​វិធីសាស្ត្រ​ល្អ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ។

ចំណែក​ប្រធាន​ស្ថាប័ន​រៀបចំ​ដីធ្លី និង​ជួយ​ពលរដ្ឋ​ក្រីក្រ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក សៅ រ៉ាស៊ី ស្នើ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​អស្មិមានះ​បុគ្គល ហើយ​ងាក​មក​សម្រុះសម្រួល​ជាមួយ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ ទាំង​ក្នុង​និង​ក្រៅប្រទេស​។ លោក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ថា ទាល់តែ​រួម​កម្លាំង​គ្នា ទើប​អាច​តតាំង​នឹង​ការឈ្លានពាន​របស់​បរទេស​បាន ហើយ​បើ​មិន​ដូច្នោះ​ទេ បរទេស​ឈ្លានពាន​មើលងាយ​ខ្មែរ និង​វាយ​ខ្មែរ​មិន​ញញើត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វេទនា ប្រទេសជាតិ​ខាតបង់​ច្រើន។

លោក សៅ រ៉ាស៊ី៖ «អ៊ីចឹង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ត្រឡប់​មក​វិញ គិត​បក្ស​មួយ​ជំហ៊ាន​ថយក្រោយ ដើម្បី​ផលប្រយោជន៍​ជាតិ យើង​ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា ជាពិសេស​ទៅទៀត គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​គោលការណ៍​អន្តរជាតិ យក​មក​ប្រើ​គឺ​វិធានការ​អន្តរជាតិ​នេះ​ហើយ ជាពិសេស​គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ជា​អាវុធ​ដ៏​មុត​ស្រួច​ការពារ​ទឹកដី​កម្ពុជា ក៏ដូចជា​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ»។

អង្គការ​លីកាដូ ឲ្យ​ដឹង​ថា រយៈពេល​តែ​៥​ថ្ងៃ ក្នុង​សប្ដាហ៍​នេះ តុលាការ​នឹង​បើកសវនាការ និង ប្រកាស​សាលក្រម លើ​សំណុំរឿង​ចំនួន​៥​ផ្សេងគ្នា ដូចជា ករណី​សកម្មជន​សង្គម សហជីព ពលរដ្ឋ និង​ក្ដីក្ដាំ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ថ្ងៃទី​១៥ ខែធ្នូ មាន​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ លើ​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍ កញ្ញា ភឹង សោភា លោក សាន សិទ្ធ និង លោក ស្រ៊ុន ស្រ៊ន ពីបទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ រីឯ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ក៏​នឹង​មាន​សវនាការ​តុលាការ​កំពូល លើ​សហជីព លោក ម៉ម រិទ្ធី ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង​បទ​«​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ» ។

ចំណែក​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ មាន​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ លើ​សំណុំរឿង​លោក កឹម សុខា ពី​បទ​«​ក្បត់ជាតិ​» និង​«​សន្ទិដ្ឋិភាពជា​មួយ​បរទេស»។ ថ្ងៃទី​១៩ ខែ​ធ្នូ សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​លើ​សកម្មជន​នយោបាយ លោក ឃុន ថងឌី ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ថ្ងៃទី​១៩ ខែធ្នូ ដដែល​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​លើ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម លោក កុល គីម ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​និង​បទ »​ប្រមាថ» ។

ពលរដ្ឋ​លោក ឆៃ វិត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ប្រជាពលរដ្ឋ​ទូទៅ មាន​ការ​ឈឺចាប់ ហើយ​នៅតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​មេដឹកនាំ​ប្រទេស មិន​ព្រម​ដោះលែង​អ្នកទោស​មនសិការ​និង​អ្នកទោស​នយោបាយ ហើយ​ចាប់ដៃ​គ្នា​ជាមួយ​អ្នកនយោបាយ​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅប្រទេស ខណៈ ប្រទេស​ជាតិ​ត្រូវ​បរទេស​ឈ្លានពាន​? លោក​ថា វិបត្តិ​ជាតិ​ធំ​ណាស់ ពីព្រោះ​បន្ថែម​លើ​ការឈ្លានពាន​របស់​បរទេស បញ្ហា​សេដ្ឋកិច្ច​ការងារ​ពលរដ្ឋ​បំណុល​វ័ណ្ឌក និង​ភាព​ក្រីក្រ សុទ្ធតែ​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។

លោក ឆៃ វិត៖ «មេដឹកនាំ​ខ្មែរ គួរតែ​ផ្សះផ្សា​គ្នា ដោយ​ចាប់ផ្ដើម​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ទាំង​លោក​ប្រធាន កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្នក​ទោស​នយោបាយ​ជាច្រើន​រូប​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។ ម្យ៉ាងវិញទៀត គួរតែ​បន្ទន់​ឥរិយាបថ​បង្ហាញ​ទៅ​អន្តរជាតិ​ទៅ ហើយ​មានការ​បង្រួបបង្រួម​អ្នក​នៅ​ក្រៅ​ប្រទេស​ដែល​ពួកគាត់​កំពុង​ឈឺឆ្អាល​រឿង​ប្រទេសជាតិ ចង់​ជួយ​ជាតិ​ឲ្យ​ពួកគាត់​វិល​ចូល​ស្រុក​វិញ​មក ហើយ​ចាប់ដៃ​គ្នា​រួបរួម​គ្នា កសាង​ប្រទេសជាតិ​ទប់ទល់​ការឈ្លានពាន​របស់​សៀម​នៅ​ពេល​នេះ»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​គឺ​លោក មិន ពៅ លើកឡើង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ថា ក្នុង ស្ថានភាព​ប្រទេស​ជាតិ​វឹកវរ​បែបនេះ រដ្ឋាភិបាល​គួរតែ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​ការ​បញ្ចេញមតិ​យោបល់ រួមមាន​អ្នក​ទោស​នយោបាយ និង​យុវជន​បរិស្ថាន​ជាដើម​ពីព្រោះ ពួកគាត់​បារម្ភ​ពី​បញ្ហា​ជាតិ​កន្លងមក ទើប​ពួកគាត់​ហ៊ាន​ធ្វើ​សកម្មភាព​ទាំង​ដឹង​ថា ប្រឈម។ លោក​ថា ពួកគាត់​ជា​មនុស្ស​មាន​សមត្ថភាព​អាច​ជួយ​ការងារ​ច្រើន​ថែមទៀត​ដល់​សង្គម។ លោក មិន ពៅ ថា ថៃ​មិន​យល់​ពី​ខ្មែរ​ទៅ​ហើយ ចំណែក​ខ្មែរ​គ្នាឯង​គួរ​ណាស់​តែ​យល់​គ្នា​​​​ឯង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ