

កម្មកររោងចក្រយីហោ YJC បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដោយសារថៅកែជនជាតិចិនមិនឱ្យកម្មករឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧ មករា ព្រមទាំងជេរប្រមាថ និងមិនបើកប្រាក់ដំណាច់ឆ្នាំឱ្យកម្មករ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែមករា នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កាសែតកោះសន្តិភាពចុះផ្សាយនៅថ្ងៃទី៧ មករា ដោយអះអាងថា កម្មករ-កម្មការិនីរោងចក្រដេរស្បែកជើង យីហោ «YJC» ជាង ២០០០នាក់ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ បណ្ដាលឱ្យកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោង ហើយរហូតដល់ម៉ោង ១០កន្លះព្រឹកថ្ងៃដដែល ទើបកម្មកររំសាយការប្រមូលផ្តុំវិញ៕









