អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ ក្រោយ​ភាគី​ទាំង​២​មាន​ជម្លោះព្រំដែន

0
69
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង

អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ។ ចំណែក​ពលករ​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​បាន​ឆ្លងដែន​ខុសច្បាប់​ទាំង​ប្រថុយទៅ​ប្រទេស​ថៃ​បែបនេះ គឺ​ដោយសារ​នៅក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ និង​ត្រូវ​ថៅកែ​បោកប្រាស់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​បញ្ហា​ខ្វះខាត រហូត​ស្ទើរតែ​ដាច់​បាយ​ម្ដងម្កាល។

បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ធានា​ផ្ដល់​ទីកន្លែង​ការងារ​សម្រាប់​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​យ៉ាងណាក្ដី ក៏​ការងារ​ទាំងនោះ មិនអាច​ធ្វើ​ឱ្យ​ពលរដ្ឋ អាច​រស់​ស្រួល​នោះ​ឡើយ រហូត​មាន​ពលរដ្ឋ​ខ្លះ បាន​ឆ្លងដែន​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​វិញ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន បានជា​បន្តបន្ទាប់។

កងទ័ពជើងទឹក​ថៃ បាន​ប្រកាស​កាលពី​ថ្ងៃទី​១១ ខែ​មករា ថា​កងកម្លាំង​ការពារ​ព្រំដែន​ខេត្ត​ចន្ទ​បុរី និង​ត្រាត​(CBPC) បាន​ចាប់ខ្លួន​ពលករ​ខ្មែរ ចំនួន ៣០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១០​នាក់ និង​កុមារ​ចំនួន ១០​នាក់ ខណៈ​ពួកគេ​កំពុង​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ នៅ​ស្រុក​ពោងណាមរ៉ន (Pong Nam Ron) ខេត្ត​ចន្ទបុរី (Chanthaburi)។

កងទ័ពជើងទឹក​ថៃ បាន​អះអាង​ថា ក្នុង​កំឡុង​ពេល​សាកសួរ ក្រុម​ពលករ​ខ្មែរ​បាន​ប្រាប់​ថា មូលហេតុ​ដែល​ពួកគាត់​លួច​ឆ្លងដែន​ខុសច្បាប់​បែបនេះ គឺ​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត ក្នុង​ការ​រស់នៅ នៅ​ឯ​ស្រុក​កំណើត ដែល​បណ្ដាលមកពី​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ឱកាស​ការងារ​មាន​ភាព​ចង្អៀត។ កងទ័ពជើងទឹក​ថៃ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​សាកសួរ និង​ឃុំខ្លួន​យោធា​ថៃ​បាន​ផ្ដល់​ការថែទាំ ដោយ​ផ្គត់ផ្គង់​អាហារ ទឹក និង​ការ​ថែទាំ​សុខភាព ដល់​ពលករ​ខ្មែរ ស្របតាម​គោលការណ៍​មនុស្សធម៌ មុននឹង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់។

ដោយឡែក​នៅ​ខេត្ត​ស្រះកែវ (Sa Kaeo) វិញ កាលពី​ថ្ងៃទី​៩ ខែ​មករា ទាហាន​ថៃ បាន​ស្ទាក់​ចាប់​ឡាន​របស់​មេខ្យល់​មួយ​គ្រឿង ដែល​ដឹក​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ចំនួន ៣៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២០​នាក់។ ក្រុម​មេខ្យល់​បាន​ញាត់​ក្រុម​ពលករ​ខ្មែរ នៅក្នុង​កន្លៀត​អេប៉ុង​ដឹក​តាម​រថយន្ត ហើយ​នៅពេល​ត្រូវ​អាជ្ញាធរ​ស្ទាក់​ដើម្បី​ឆែកឆេរ ពួកគេ​បាន​រត់ចោល​រថយន្ត និង​គេចខ្លួន​ចូល​ទៅ​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង​។ អាជ្ញាធរ​ថៃ​បាន​ឃុំខ្លួន​ពលករ​ខ្មែរ និង​ចោទប្រកាន់​ពី​បទ «​ឆ្លងដែន និង​រស់នៅ​ក្នុង​ទឹកដី​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត»។

ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ ទៅ​កាន់​ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​មាន​សន្ទុះ​ឡើងវិញ ក្រោយ​កម្ពុជា និង​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន។

ពលករ​ខ្មែរ លោកស្រី ស៊ុន ចិន្តា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែ​មករា ថា ដោយសារ​ឱកាស​ការងារ​នៅក្នុង​ស្រុក មាន​ចំនួន​តិច ហើយ​ភាគច្រើន​ខុសពី​ជំនាញ​របស់​ពលករ និង​ការ​កេងប្រវ័ញ្ច​ពី​ថៅកែ បាន​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី ត្រូវ​លួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

លោកស្រី ស៊ុន ចិន្តា៖ «កូន​ខ្ញុំ​ឡើង​មក​ថៃ​ដែរ​ហ្នឹង ព្រោះ​ធ្វើការ​រោងចក្រ វា​ពិបាក មានតែ​រត់​មក​វិញ​តាមផ្លូវ​កាត់​។ ខ្ញុំ​គិតថា​នឹង​សន្សំ​លុយ​មួយឆ្នាំ​ទៀត​សិន ដើម្បី​ទៅផ្ទះ​វិញ​ដាំ​បន្លែ​លក់​។ បើ​ទៅ​ធ្វើ​ខ្ញុំគេ​នៅ​ស្រុក​ខ្មែរ មិន​ដឹង​ថា ទៅធ្វើ​អ្វី​នោះ​ទេ»។

តាម​ការ​អះអាង​របស់​ពលករ​ឱ្យ​ដឹង​ថា ដើម្បី​ឆ្លងដែន​ចូល​ទៅ​កាន់​ទឹកដី​ថៃ ពលករ​ត្រូវ​ចំណាយ​លុយ​ក្នុង​ម្នាក់ៗ ចាប់ពី ៤០០ ទៅ​៥០០​ដុល្លារ ឱ្យទៅ​មេខ្យល់​សម្រាប់​នាំ​ឆ្លងដែន ដោយសារ​អាជ្ញាធរ​ថៃ បាន​រឹត​បន្តឹង​ច្រក​ចេញ​ចូល​ធ្វើ​ឱ្យ​ការ​លួច​ឆ្លងដែន​មាន​ភាព​លំបាក​ជាង​មុន។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១២ ខែ​មករា។

ក្រសួង​ការងារ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែ​មករា ថា ឱកាស​ការងារ​ចំនួន​ជាង ៨​ម៉ឺន​កន្លែង នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ត្រូវ​បាន​ត្រៀម​សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ មកពី​ប្រទេស​ថៃ ដែល​កំពុង​រក​ការងារ​ធ្វើ​។ ក្រសួង​ការងារ​បញ្ជាក់​ថា គិត​មកដល់ពេលនេះ មាន​ពលករ​ចំនួន​ជាង ៣០​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​តាមរយៈ​យន្តការ​របស់​ក្រសួង និង​រាប់​ម៉ឺន​នាក់​ផ្សេងទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន​ជាដើម។

ទោះជា​យ៉ាងណា ពលករ​ខ្មែរ​មួយចំនួន បាន​អះអាង​ថា ពួកគាត់​នៅតែ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​បាន​នៅឡើយ ខណៈ​ការងារ​មួយចំនួន​ខុស​នឹង​ជំនាញ ខ្លះទៀត ត្អូញត្អែរ​ថា កម្រៃ​ពលកម្ម​ការងារ​នៅក្នុង​ស្រុក មាន​ចំនួន​តិចតួច ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​បញ្ហា​ជីវភាព និង​ខ្លះទៀត ត្រូវ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ជាដើម។

ទន្ទឹម​គ្នា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​មួយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បាន​លើកឡើង​អំពី​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាកស្រុក​រាប់​សែន​នាក់ ដែល​កំពុង​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ បន្ទាប់ពី​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយសារ​ជម្លោះព្រំដែន​។ របាយការណ៍ បាន​បញ្ជាក់​ថា វិបត្តិ​បំណុល​ទាំងនេះ បាន​ញាំញី​ជីវភាព​របស់​ពលករ ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ភាព​អត់ឃ្លាន ដោយសារ​គ្មាន​ការងារ​ធ្វើ។

សកម្មភាពមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់​ លោក លឹង សុផុន​ (ឆ្វេង) កំពុងចែករំលែកចំណេះដឹង​ ផ្នែកច្បាប់​ដល់ពលករ​ខ្មែរ​ ដែលកំពុងធ្វេីការនៅជាយក្រុងបាងកក​ ប្រទេសថៃ។​ នៅថ្ងៃទី១0 ខែវិច្ឆិកា​ ២០២៥។ រូបផ្ដល់ដោយលោក លឹង សុផុន

ជុំវិញ​រឿង​នេះ មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន ឱ្យ​ដឹង​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៦ នេះ ពលករ​ខ្មែរ បាន​លួច​ឆ្លងដែន​ខុសច្បាប់ មក​ប្រទេស​ថៃ មាន​ចំនួន​ជាង ១០០​នាក់​។ លោក​បន្ត​ថា ពលករ​ខ្មែរ​មិន​គួរ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ ក្នុង​ស្ថានភាព​បែប​នេះ​ទេ ព្រោះ​អាច​បណ្ដាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​រដ្ឋាភិបាល​ថៃ មិនទាន់​អនុលោម​ទទួល​ពលរដ្ឋ​ខ្មែរ​នៅឡើយ។

លោក លឹង សុផុន៖ «ណាមួយ​ទៀត មក​ដល់​ប្រទេស​ថៃ យើង​ក៏​លំបាក​ក្នុង​ការ​ធ្វើ​ឯកសារ​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​។ អ៊ីចឹង​ហើយ​ប្រសិនបើ​មាន​បញ្ហា យើង​ពិបាក​ក្នុង​ការ​ដោះស្រាយ។ ហើយ​ណាមួយ​វា​មាន​បញ្ហា​ប្រឈម​ច្រើន​ទៀត ដូចជា​ពិបាក​រក​ការងារ​ធ្វើ និង​ពិបាក​ក្នុង​ការ​រក​កន្លែង​ស្នាក់នៅ»។

ក្រសួង​ការងារ​ថៃ បាន​ប្រកាស​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ពលករ​ខ្មែរ អាច​រស់នៅ និង​ធ្វើការ​បាន​រយៈពេល ១​ឆ្នាំ​បន្ថែម​ទៀត រហូតដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៧។ ក្រសួង​ការងារ​ថៃ បន្ត​ថា ចំពោះ​ពលករ​ខ្មែរ ដែល​មិន​ស្របច្បាប់ នឹង​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ និង​ធ្វើការ​រហូតដល់​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ ចំណែក​ពលករ​ខ្មែរ ដែល​បាន​បន្ត​អាជ្ញាប័ណ្ណ​ការងារ ឬ​អាជ្ញាប័ណ្ណ​ចាស់ ដែល​ផុតកំណត់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ និង​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ និង​ធ្វើ​ការងារ​រហូតដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៧ ហើយ​អាច​បន្ត​បាន ២​ឆ្នាំ​ទៀត ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៩៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ