អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ករណី​ឆបោក​អនឡាញ

0
112
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត និង​ឃាត់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ផ្សេងទៀត​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ពួកគាត់​យល់​ថា ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង និង​ដោយ​គ្មាន​ការរើសអើង​គឺជា​ចំណុច​សំខាន់​ក្នុង​ការ​ស្ដារ​ទំនុកចិត្ត​សាធារណជន និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

អ្នកឃ្លាំមើល​ព្រមាន​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​គ្មាន​ភាព​ក្លាហាន​ចាត់វិធានការ​លើ​បុគ្គល​មាន​ឥទ្ធិពល និង​ឧកញ៉ា​ធំៗ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ នោះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​ពិបាក​គេច​ផុត​ពី​ការ​ដាក់​សម្ពាធ​បន្ថែម​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក (US)។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន បាន​បណ្ដោយ​ឱ្យ​កម្ពុជា​ក្លាយជា​ទីកន្លែង​សម្រាប់​មេ​ឧក្រិដ្ឋជន​អន្តរជាតិ​ធំៗ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​មុខមាត់ និង​សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ការ​ចាប់​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅ​ចិន​ថ្មីៗ​នេះ​គឺ​មិនមែ​នជា​សញ្ញា​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​របស់​រដ្ឋាភិបាល​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​នៅឡើយ​ទេ ព្រោះ​លោក​ថា នៅ​មាន​បុគ្គល​មានអំណាច និង​មន្ត្រីជាន់ខ្ពស់​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់អំណាច​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​គ្មាន​វិធានការ​លើ​ពួកគេ​នៅឡើយ។

លោក ស៊ឹង សែនករុណា៖ «មនុស្ស​មួយចំនួន​ទៀត​មក​ពេល​នេះ​យើង​អត់​ទាន់​ឃើញ​មាន​ចំណាត់ការ​ទេ​ជាក់ស្ដែង​ដូចជា​លោក​ឧកញ៉ា កុក អាន លោក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​អាមេរិក​បាន​ដាក់​ឈ្មោះ​សុទ្ធសឹងតែ​ជា​មន្ត្រីជាន់ខ្ពស់​ដែល​នៅ​កៀក​ជាមួយនឹង​មេដឹកនាំ​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ហ្នឹង។ បើទោះបី​ជា​មាន​ការ​ចាត់​វិធានការ​លើ​លោក ចេន ហ្ស៊ី ទៅលើ​មនុស្ស​ពីរ​បី​នាក់​ដែល​ចាប់​បញ្ជូន​ទៅ​ចិន​ក៏ដោយ​យើង​នៅតែ​មិន​មាន​ទំនុកចិត្ត​ថា តើ​អ្នក​ទាំងអស់​នោះ​វា​ជា​ល្បែង​នយោបាយ​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ ឬ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ពិតប្រាកដ ព្រោះ​អ្វីៗ​យើង​មើលឃើញ​ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​ចិន​ជា​មិត្ត​ដែកថែប ជា​មិត្ត​ស្អិតល្មួត អ៊ីចឹង​បញ្ហា​អ្វី​ក៏​គេ​អាច​រៀបចំ​ទៅ​បាន​ដែរ»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​អនឡាញ។ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​តាមរយៈ​សំណេរ​លើ​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី​១៣ ខែមករា​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គឺជា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​របស់​លោក និង​ទទួលស្គាល់​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ។ លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​រួមគ្នា​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​លោក​អះអាង​ថា ដើម្បី​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​កម្ពុជា។

អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ការ​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត នេះ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ទើបតែ​ចាប់​បញ្ជូន​ឧក្រិដ្ឋជន​ជនជាតិ​ចិន​លោក ចេន ហ្ស៊ី ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ខណៈ​កម្ពុជា​នៅតែ​ជាប់​ឈ្មោះថា ជា​សម្បុក​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ដែល​មាន​មន្ត្រី និង​ឧកញ៉ា​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅ​ពី​ក្រោយខ្នង។ សហគមន៍​អន្តរជាតិ​ក៏​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​ចិន​កុម្មុយនិស្ត​ចំពោះ​ការ​កាត់ទោស​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​ឧក្រិដ្ឋជន​រូប​នេះ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​មូលដ្ឋាន​សម្រាប់​លាងលុយកខ្វក់ និង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជាច្រើន​ឆ្នាំ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ចង់​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព​ពិតមែន​នោះ​លោក ហ៊ុន សែន ត្រូវ​ក្លាហាន​ហ៊ាន​ចាប់​សាច់ញាតិ និង​មន្ត្រី​បក្ខពួក​របស់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​យក​មក​ដាក់គុក​។ អ្នកស្រី​បន្ត​ថា ក្រៅពី​សមាជិក​ព្រឹទ្ធសភា​លោក លី យ៉ុងផាត់ ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​គឺ​លោក ហ៊ុន តូ ក្មួយ​បង្កើត​លោក ហ៊ុន សែន គួរតែ​ត្រូវ​បាន​ស៊ើបអង្កេត និង​ឃាត់ខ្លួន ដោយសារតែ​លោក ហ៊ុន តូ កំពុង​ប្រព្រឹត្ត​បទល្មើស​ដោយ​បើកចំហ​តាមរយៈ​ការ​បើក​ក្រុមហ៊ុន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ដើម្បី​លាង​លុយ​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ។

អ្នកស្រី មូរ សុខហួរ៖ «ចេន ហ្ស៊ី ទៅ​មែន ប៉ុន្តែ​នៅសល់ ចេន ហ្ស៊ី ច្រើន​ទៀត​ណាស់​នៅ​ប្រទេស​កម្ពុជា​។ ទីមួយ​ដក​សញ្ជាតិ​អ្នក​ទាំង​អស់ហ្នឹង ហើយ​បញ្ជូន​អ្នក​ទាំង​ហ្នឹង​ទៅ​ប្រទេស​ចិន​បន្ត​ទៅ​។ ទីពីរ​ដក​អាជ្ញាប័ណ្ណ​ពី​ហួយ វ័ន ដូច​យើង​និយាយ​ដដែល​ហ្នឹង ប្រសិនជា​ដក​ហើយ​ហេតុ​អី​បានជា​បង្កក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​បន្ត​ទៀត​? មានអី​ក្រៅពី​តុលាការ​ចាត់វិធានការ​លោក ហ៊ុន តូ ទៅ​។ សារ​ដែល​គាត់ [​លោក ហ៊ុន ម៉ាណែត] អំពាវនាវ​បញ្ហា​ហ្នឹង​រឹតតែ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​គាត់​អត់​ហ៊ាន​អារ​ឈាម​របស់​គាត់ គាត់​សុខចិត្ត​ទុក​ឱ្យ​ឈ្មោះ​ជាតិ​ខ្មៅ​កខ្វក់ ប៉ុន្តែ​សាច់​របស់​គាត់​គឺ​គាត់​អត់​អារ»។

លោក ហ៊ុន តូ គឺជា​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន កំពុង​រង​ទណ្ឌកម្ម​ពី​អាមេរិក​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក​ដែល​អាមេរិក​រកឃើញ​ថា បាន​ជួយ​លាងលុយកខ្វក់​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ បច្ចុប្បន្ន​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ នៅតែ​បន្ត​ដំណើរការ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​ថែមទាំង​បង្កក​លុយ​អតិថិជន​ដែល​មាន​ក្នុង​គណនី ក្រោយ​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​មាន​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ដើម្បី​លុប​អំពើ​បំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​លុះត្រាតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បញ្ឈប់​ការសម្ដែង​បង្ក្រាប​ទៅលើ​ជនល្មើស​តូចតាច និង​បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ទាំងអស់ ហើយ​ចាប់ខ្លួន​អ្នក​មាន​អំណាច​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ការពារ​ជនរងគ្រោះ និង​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ និង​ទាមទារ​ឱ្យ​មាន​ការ​ការពារ​ចំពោះ​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ដែល​ហ៊ាន​និយាយ​លាតត្រដាង​ពី​ឧក្រិដ្ឋកម្ម​អនឡាញ និង​អំពើពុករលួយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ