អាជ្ញាធរ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ទោះបីជា​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួម​គ្នា

0
73
(ពីឆ្វេង)​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី និងភរិយារបស់លោក លោកស្រី ឃឹម សុខុម និង​​លោក សរ ណាល់ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ ​រូប៖ បណ្ដាញសង្គម
(ពីឆ្វេង)​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី និងភរិយារបស់លោក លោកស្រី ឃឹម សុខុម និង​​លោក សរ ណាល់ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ ​រូប៖ បណ្ដាញសង្គម

សមាជិក​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៀតហើយ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ឃុំខ្លួន ក្រោយ​គាត់​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។​ប្រពន្ធ​របស់​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ប្ដី​លោកស្រី​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​គាត់​នៅ​ខេត្តបាត់ដំបង ដោយ​គ្មាន​ដីកា កាលពី​ថ្ងៃទី​១២ ខែ​មករា ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់​»។ សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង ហៅ​ចំណាត់ការ​នេះ ថា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បំផ្លាញ​ការ​រួបរួម​ជាតិ​តែម្ដង។

លោក ហ៊ុន ម៉ាណែត តែងតែ​ទន្ទេញ​មេសូត្រ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​ចេះតែ​បន្ត​ចាប់ខ្លួន​ក្រុម​នយោបាយ​ប្រឆាំង ហើយ​ករណី​ចាប់ខ្លួន​ខ្លះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ហាញ​ដីកា ដូចជា ករណី​ចាប់ខ្លួន លោក រ័ត្ន សុធី ដែល​ជា​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជាដើម។

ប្រពន្ធ​លោក រ័ត្ន សុធី គឺ​លោកស្រី ឃឹម សុខុម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​មករា​ថា គិត​មក​ដល់​ពេល​នេះ លោកស្រី មិនទាន់​ទទួល​បាន​ដំណឹង​ប្ដី​នៅឡើយ​ទេ ចាប់តាំងពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក រ័ត្ន សុធី នៅក្នុង​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែមករា រួច​ក៏​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ។ លោកស្រី​ថា សមត្ថកិច្ច​ប្រមាណ ១០​នាក់​ចុះទៅ​ព័ទ្ធ​ផ្ទះ ដើម្បី​ចាប់ខ្លួន​ប្ដី​លោកស្រី ប៉ុន្តែ​មិន​បាន​បង្ហាញ​ដីកា និង​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ថា តាម​បញ្ជា​របស់​ថ្នាក់លើ។

​លោកស្រី ឃឹម សុខុម៖ «ខ្ញុំ​អត់​យល់​ទេ ខ្ញុំ​ក៏​គិត​អី​អត់​ចេញ​ដែរ តែ​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល សូម​ឲ្យ​ដោះលែង​ប្ដី​ខ្ញុំ​មកវិញ​មក ព្រោះ​អី​ជា​គោលជំហរ​មួយ​ដ៏​រឹងមាំ​ដល់ពេល​អត់​ប្ដី​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ឈឺ ហើយ​សេដ្ឋកិច្ច​ខ្ញុំ​ក៏​ធ្លាក់ ខ្ញុំ​មិនដឹង​ទីពឹង​អី​ទៀត​ទេ​។ អ៊ីចឹង​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ប្ដី​ខ្ញុំ​មក ព្រោះ​អី​ប្ដី​របស់ខ្ញុំ​អត់​បាន​ធ្វើ​ទង្វើ​ដូច​គេ​ចោទប្រកាន់​ទេ»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​មករា ថា ជំទប់​ទី​២ នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់»។

លោក​លើកឡើង​ថា ដោយសារ​រឿង​ព្រំដែន​បច្ចុប្បន្ន ជា​បញ្ហា​រសើប​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​កំណត់​ឲ្យ​ច្បាស់ ថា តើ​បញ្ហា​ព្រំដែន​ណាខ្លះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​និយាយ​ឬ​បង្ហាញ​ទស្សនៈ ដើម្បី​ចៀសវាង​កុំ​ឲ្យ​តែ​ពលរដ្ឋ​និយាយ​ពី​បញ្ហា​ព្រំដែន​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​ការ​លំបាក​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ដែល​ជា​ការ​ជះឥទ្ធិពល​មិនល្អ ដល់​គោលការណ៍​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។

លោក យិន ម៉េងលី បាន​ហៅ​ការ​អំពាវនាវ​បង្រួបបង្រួម​ជាតិ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ថា អាច​ជា​សារ​ប្រជាភិថុតិ ពីព្រោះ​និយាយ​ពី​ការ​បង្រួបបង្រួម​ជាតិ ហើយ​ស្រប​ជាមួយគ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​សកម្មជន​ប្រឆាំង ទាក់ទង​នឹង​ការសម្ដែង​មតិ​ទៅវិញ។

លោក យិន ម៉េងលី៖ «​ដើម្បី​បង្ហាញថា រដ្ឋាភិបាល​ពិតជា​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​មែន គឺ​រដ្ឋាភិបាល​គប្បី​បញ្ឈប់​ការ​ចាប់ខ្លួន​អ្នក​ដែល​មាន​មតិផ្ទុយ ហើយ​ធ្វើការ ដោះលែង អ្នក​ដែល​មាន​មតិ​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ នេះ​បាន​បង្ហាញ​ពី ឆន្ទៈ​ដ៏​មុះ​មុត ដើម្បី​បង្ហាញ​ការ​បង្រួបបង្រួម​ជាតិ ដើម្បី​ប្រទេសជាតិ​របស់​យើង»។

អ្នកឃ្លាំមើល​កត់សម្គាល់​ថា ពេល​លោក ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី បទ «ក្បត់ជាតិ» ត្រូវ​បាន​ចោទប្រកាន់​តែ​ទៅលើ​អ្នកដឹកនាំ​នយោបាយ​ប្រឆាំង ដែល​ជា​គូប្រជែង​អំណាច រីឯ​សកម្មជន​នយោបាយ រួម​ទាំង​សកម្មជន​ដែល​ធ្វើ​កិច្ចការ​សង្គម សិទ្ធិមនុស្ស សហជីព​ការងារ បញ្ហា​ដីធ្លី និង បរិស្ថាន​ជាដើម ច្រើនតែ​ត្រូវ​ប្រឈម​នឹង​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អាទិ៍​» ឬ​បទ​«​ញុះញង់​បង្ក​អសន្តិសុខ​ក្នុង​សង្គម»។ ប៉ុន្តែ ពួកគាត់​ថា បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើងជា​នាយករដ្ឋមន្ត្រី ដោយ​គ្មាន​ការបោះឆ្នោត​ត្រឹមត្រូវ​កាលពី​ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​និង​សកម្មជន ដែល​គ្រាន់តែ​សម្ដែង​មតិ អំពី​បញ្ហា​ជាតិ ក៏​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ ចោទប្រកាន់​កាន់តែ​ធ្ងន់ធ្ងរ ដល់​បទ «រួមគំនិត​ក្បត់» និង បទ «ក្បត់ជាតិ» ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុ​ត្តិ លើកឡើង​ថា ក្នុង​ខែមករា​ឆ្នាំ​២០២៦​នេះ សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ២​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​។ លោក​ថា ការ​ចាប់ខ្លួន​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើង​ទៀត នៅ​ខេត្តបាត់ដំបង អាច​ពាក់ព័ន្ធ​នឹង​ការសម្ដែង​មតិ​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​បញ្ហា​ព្រំដែន​។ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​រូប​នេះ បាន​ហៅ​ការ​ចាប់ខ្លួន​លោក រ័ត្ន សុធី ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​សកម្ម​បក្ស​ប្រឆាំង និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​ប្រជាធិបតេយ្យ ដែល​លោក​ថា ជា​ការ​បង្កើត​នូវ​រូបភាព​អវិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។

លោក លី សុធារ៉ាយុត្តិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែ​មករា​ថា អ្នក​ដែល សមត្ថកិច្ច​ចាប់ខ្លួន សុទ្ធតែ​សកម្មជន ដែល​សកម្ម និង​មានកេរ្តិ៍ឈ្មោះ​លេចធ្លោ របស់​គណបក្សប្រឆាំង​នៅ​មូលដ្ឋាន ដែល​មាន​សេចក្ដីក្លាហាន និង​សមត្ថភាព ប្រកួតប្រជែង​កម្រិត​ន​យោ​បាយ​មូលដ្ឋាន តទល់​នឹង​គណបក្សកាន់អំណាច​។ លោក​សោកស្ដាយ ដែល​លោក ហ៊ុន ម៉ាណែត និយាយ​អំពី​ការ​រួបរួម​តែ​មាត់ ប៉ុន្តែ​អាជ្ញាធរ​របស់​លោក​នាយ​រដ្ឋមន្ត្រី នៅតែ​បន្ត​ចាប់​សកម្មជន​បក្ស​ប្រឆាំង ទោះបី ជា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​របស់​ប្រទេសជាតិ​ក៏ដោយ។

លោក លី សុធារ៉ាយុត្តិ៖ «ការ​រួបរួម​គ្នា​សាមគ្គី​គ្នា​ខ្មែរ និង​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ដោយ​មិន​រើសអើង​នយោបាយ ជា​រឿង​សំខាន់ និង​ចាំបាច់ និង​មានតម្លៃ​ណាស់ នៅ​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ពង្រឹងស្មារតី​នៃ​ការ​សាមគ្គី​ជាតិ ឯកភាព​ជាតិ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ជាតិ។ ដើម្បី​បង្ហាញ​យើង​ទាំងអស់​មិន​ប្រកាន់​និន្នាការ​នយោបាយ យើង​ត្រូវ​រួបរួម​សាមគ្គី​គ្នា យើង​មិនមែន​ត្រូវការ​តែ​មាត់​ទេ។ ការ​និយាយ​ហើយ ទង្វើ​ឲ្យ​វា​ស៊ីសង្វាក់​គ្នា​។ ជាក់ស្ដែង​យើង​ឃើញ ថា ប្រមុខ​រដ្ឋាភិបាល​បាន និយាយ​ពី​ការ​បង្រួបបង្រួម ប៉ុន្តែ​នៅតែ​បន្ត​ការ​ចាប់ខ្លួន សកម្មជន​បក្ស​ប្រឆាំង ដែល​មាន​មតិ​មិន​ស្រប​លើ​បញ្ហា​ណា​នៅក្នុង​សង្គម។ ការ​ធ្វើ​បែប​ហ្នឹង វា​អត់​ស្រប អត់​ស៊ី​នឹង​អ្វី​ដែល​បាន​និយាយ​ថា ការ​រួបរួម​គ្នា ការ​សាមគ្គី​គ្នា​គឺជា​ការចាំបាច់​ទេ»។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ នៃ​លោក ហ៊ុន ម៉ាណែត ទន្ទេញ​តែ​ពាក្យ​សន្តិភាព និង ការ​រួបរួម​សាមគ្គី​ជាតិ​ដដែលៗ​នោះ អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​ដែល​អនុវត្ត​សិទ្ធិ​ធ្វើ​កិច្ចការ​នយោបាយ សកម្មភាព​សង្គម សិទ្ធិមនុស្ស បញ្ហា​ដីធ្លី បរិស្ថាន និង​ការងារ​សហជីព រហូត​ដល់​ពលរដ្ឋ​សាមញ្ញ​ផង សរុប​ជិត ១០០​នាក់ កំពុង​ជាប់ពន្ធ​ធនាគារ​នៅឡើយ ។ អ្នក​នយោបាយ​ប្រឆាំង និង សកម្មជន​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល និង តុលាការ​ក្រោម​ឥទ្ធិពល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ចាប់​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការសម្ដែង​មតិ និង សកម្មភាព​ការពារ​ផលប្រយោជន៍​ជាតិ ដែល សហគមន៍​អន្តរជាតិ ហៅ​ពួកគាត់​ថា ជា​អ្នកទោស​មនសិការ ឬ អ្នកទោស​នយោបាយ ព្រោះ​មិន​ទាក់ទង​នឹង​បទឧក្រិដ្ឋ​កម្ម​តាមផ្លូវ​ច្បាប់​ណាមួយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ