សង្គមស៊ីវិល​រិះគន់​រដ្ឋាភិបាល​រឿង​លាក់បាំង​ការ​បាត់​ខ្លួន​កងទ័ព​ខ្មែរ បន្ទាប់​ពី​យោធា​ថៃ​បញ្ជូន​មកវិញ

0
88
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​អ្នកឃ្លាំមើល​សង្គម​និង​មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បញ្ឈប់​ការ​លាក់បាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​កម្ពុជា​ដែល​ស្លាប់ និង​បាត់​ខ្លួន ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ទៅលើ​គ្រួសារ​កងទ័ព​និង​ពលរដ្ឋ​កម្ពុជា។ ការ​អំពាវនាវ​នេះ គឺ​បន្ទាប់ពី​យោធា​ថៃ​បញ្ជូនទាហាន​កម្ពុជា​ម្នាក់ ដែល​ក្រុម​គ្រួសារ​គិត​ថា ពលី និង​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួចហើយ មក​មាតុភូមិ​វិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ លើកឡើង​ថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បានដឹង​យ៉ាង​ច្បាស់​អំពី​ចំនួន​ទាហាន​ខ្មែរ​ដែល​ស្លាប់ របួស និង​បាត់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​ឪ​កូន​នេះ តែងតែ​លាក់បាំង​ព័ត៌មាន។ លោក​ថា សូម្បីតែ​ទាហាន​ថៃ​ចាប់ខ្លួន​ទាហាន​ខ្មែរ​ក្នុង​សង្គ្រាម​ឈ្លានពាន​លើក​ទី​២​ក៏​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ព្យាយាម​លាក់បាំង ហើយ​ទើបតែ​បញ្ចេញ​ព័ត៌មាន​នៅពេល​ភាគី​ថៃ​បញ្ជូន​ទាហាន​ខ្មែរ​មកវិញ។

លោក គឹម សុខ បន្ថែម​ទៀត​ថា នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​លើក​ទី​២ មក​លើ​កម្ពុជា​នេះ​គឺ​ប្រាកដ​ណាស់​ថា ភាគី​ថៃ​ចាប់ខ្លួន​ទាហាន​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្យាយាម​លាក់បាំង។

លោក គឹម សុខ៖ «ការ​ដោះលែង​ទាហាន​១៨​នាក់​នៅ​លើក​ទី​១ មាន​មន្ត្រី​ធំៗ​ចាំ​ទទួល ពីព្រោះ​ពួកគេ​មិន​អាច​លាក់​ពលរដ្ឋ​បាន ប៉ុន្តែ​ការ​ដោះលែង​កងទ័ព​ខ្មែរ​ម្នាក់​មកវិញ​បន្ទាប់ពី​សង្គ្រាម​លើក​ទី​២​នេះ ដោយ​ពុំ​មាន​ពិធី​ស្វាគមន៍​ធំដុំ​ដូច​មុន​ពីព្រោះ​រដ្ឋាភិបាល​ឪ​កូន​បាន​លាក់​ពលរដ្ឋ​កម្ពុជា​រួច​ទៅ​ហើយ ដូច្នេះ​មិន​ហ៊ាន​ធ្វើ​អ្វី​ធំដុំ​នោះ​ទេ»។

ការ​លើកឡើង​របស់​លោក គឹម សុខ នេះ ធ្វើឡើង​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា លោក​អនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​កឋិន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​រងរបួស​ក្នុង​សមរភូមិ និង​ត្រូវ​បាន​ទាហាន​ថៃ​ចាប់បាន កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ កន្លងទៅ ត្រូវ​បាន​យោធា​ថៃ​បញ្ជូន​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៦ ហើយ​នៅ​ពេល​នេះ គាត់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន។

លោក​អនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ (អាវខ្មៅ) នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​កឋិន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាប់​ពីត្រូវយោធាថៃដោះលែងមកវិញ កាលពីថ្ងៃទី២០ មករា ២០២៦។ រូប៖ ទទក បន្ទាយមានជ័យ

សេចក្តី​រាយការណ៍​ខាងលើ​អះអាង​ថា ក្រុម​គ្រួសារ​បាន​គិត​ថា លោក គៀត ស៊ីម៉ាក់ បាន​ពលី​ហើយ ព្រមទាំង​បាន​ធ្វើ​បុណ្យ តាម​ប្រពៃណី​រួចហើយ​ដែរ ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៦ លោក គៀត ស៊ីម៉ាក់ បាន​មក​ដល់​ទឹកដី​កម្ពុជា វិញ ក្រោយពី​បាត់​ដំណឹង​រយៈពេល​ជាង ១​ខែ​កន្លងមក ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​ការ​ភ្ញាក់ផ្អើល។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សឹង សែនករុណា បាន​លើកឡើង​ថា ករណី​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​មិនបាន​គិតគូរ​ទៅដល់​ការ​ស្លាប់​រស់​របស់​កង​ទ័ព​នោះ​ទេ ហើយក៏​បញ្ជាក់​ថា មេបញ្ជាការ​កងទ័ព​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​កងទ័ព​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​កងទ័ព​បាក់​ទឹកចិត្ត​ផង​ដែរ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​បញ្ឈប់​លាក់បាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​ពីព្រោះ​ក្រុម​គ្រួសារ​របស់​កងទ័ព​ទន្ទឹង​រង់ចាំ​ផ្លូវ​សាច់ញាតិ​របស់​ពួកគេ​នៅ​ពេល​ដែល​សង្គ្រាម​ចប់។ លោក​ថា រដ្ឋាភិបាល​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ​ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​កម្ពុជា​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ភាគី​ថៃ​ចាប់​កងទ័ព​កម្ពុជា​ចំនួន​ប៉ុន្មាន​នាក់។

លោក ស៊ឹង សែនករុណា៖ «ផ្ទុយទៅវិញ​យើង​សូម​ថ្កោលទោស​ផង​ដែរ​ចំពោះ​មេដឹកនាំ​ក្នុង​វិស័យ​ការពារ​ជាតិ រឺ​ក៏​ស្ថាប័ន​ពាក់ព័ន្ធ​និង​កិច្ច​ការងារ​នេះ​ដែល​គ្មាន​ការ​យកចិត្តទុកដាក់​ឲ្យ​មាន​ភាព​ច្បាស់លាស់ និង​ពិតប្រាកដ ក្នុង​ការ​ធានា​ទៅលើ​ការ​ផ្តល់​នូវ​ផលប្រយោជន៍ ការ​គិតគូរ នូវ​ការ​ការពារ​អាយុជីវិត និង​សុខមាលភាព​របស់​កង​ទ័ព​នៅ​ជួរមុខ»។

ទាហាន​ខ្មែរ​ម្នាក់​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កងទ័ព​កម្ពុជា ដែល​ពលី​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ជាមួយ​ថៃ នៅ​តំបន់​ព្រំដែន មាន​ចំនួន​យ៉ាងតិច ១៤០​នាក់​។ ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា ចំនួន​នេះ គឺ​បាន​មក​ពី​ការ​ស្រង់​ទិន្នន័យ​នៅ​តាម​អង្គភាព និង​កងពល ក៏ប៉ុន្តែ​ទិន្នន័យ​ទាំងនេះ ត្រូវ​បាន​ថ្នាក់លើ​បិទ​មិន​ឱ្យ​បញ្ចេញ​ជា​សាធារណៈ​នោះ​ឡើយ។ ចំណែក​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ទាន់​បាន​បញ្ចេញ​តួលេខ​ជា​ផ្លូវការ​នៅឡើយ​នោះ​ដែរ។ អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​គួរ​បញ្ចេញ​តួលេខ​ផ្លូវការ​ពី​ចំនួន​យោធា​កម្ពុជា​ដែល​បាត់បង់​ជីវិត ឬ​បាត់​ខ្លួន​ដើម្បី​កុំឱ្យ​ពលរដ្ឋ​នៅ​មាន​មន្ទិលសង្ស័យ និង​ជាពិសេស​ដើម្បី​កុំឱ្យ​ក្រុម​គ្រួសារ​បន្ត​ទន្ទឹងរង់ចាំ​ដំណឹង​ពី​កងទ័ព​ដោយ​ក្តី​អស់សង្ឃឹម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ