មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ករណី​មេ​ប៉ូលិស​​ចោទ​កងកម្លាំង​ថ្នាក់ក្រោម​ថា​រត់ចោល​សមរភូមិ

0
48
​​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យស្នង លោក សិទ្ធ ឡោះ (ឆ្វេង) និងស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សាន សុវណ្ណរី។ រូប៖ ​ហ្វេសប៊ុក
​​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យស្នង លោក សិទ្ធ ឡោះ (ឆ្វេង) និងស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សាន សុវណ្ណរី។ រូប៖ ​ហ្វេសប៊ុក

មន្ត្រី​គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ករណី​ស្នងការ​ខេត្តបន្ទាយមានជ័យ​ម្នាក់ ដែល​បាន​ចោទប្រកាន់​កងកម្លាំង​ថ្នាក់ក្រោម​ចំនួន ២០​នាក់ ថា រត់ចោល​សមរភូមិ ក្នុង​កំលុង​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ និង​ភាព​កម្សោយ នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។

នេះ​គឺជា​ករណី​លើក​ទី​១ ហើយ​ដែល​កងកម្លាំង​ប្រដាប់អាវុធ ឈរជើង​ការពារ​ព្រំដែន បាន​ប្ដឹង​ថ្នាក់លើ​របស់​ខ្លួន ក្រោយ​ពី​ទទួលរង​ការ​ចោទប្រកាន់​ថា បាន​រត់ចោលជួរ ដោយ​ព្រមាន​បញ្ឈរជើង និង​បញ្ចប់​មុខតំណែង។

នគរបាល​ការពារ​ព្រំដែន​ម្នាក់ ដែល​អះអាង​ថា ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ គឺ​លោក សាន សុវណ្ណរី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី​២២ ខែមករា ដោយ​អះអាង​ថា លោក និង​យុទ្ធ​មិត្ត​រួម​អាវុធ ចំនួន​២០​នាក់ បាន​ទទួលរង​ការចោទប្រកាន់ មួលបង្កាច់ ញុះញង់​ឱ្យ​មាន​ការរើសអើង និង​គំរាមកំហែង​វៃ​ខ្នោះ ពី​សំណាក់​ស្នងការ​ខេត្ត គឺ​លោក សិទ្ធិ ឡោះ ដោយ​ចោទ​ពួក​លោក​ថា បាន​រត់ចោល​សមរភូមិ ក្នុង​ពេល​ផ្ទុះ​សង្គ្រាម​ជា​លើក​ទី​២ រវាង​ខ្មែរ​-​ថៃ។

ក្រៅពី​នេះ លោក​អះអាង​ទៀត​ថា លោក សិទ្ធិ ឡោះ បាន​ធ្វើ​របាយការណ៍​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បញ្ឈរ​ជើង និង​បញ្ចប់​មុខតំណែង​របស់​ពួក​លោក និង​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ មិន​ឱ្យមក​សួរសុខទុក្ខ នៅពេល​ពួកលោក​សម្រាក​ព្យាបាល បន្ទាប់ពី​រង​របួស​រាង​កាយ និង​ពុល​ផ្សែង​ពុល​ទៀត​ផង។

លោក សាន សុវណ្ណរី បាន​អះអាង​ថា ក្នុង​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​ថៃ លោក​បាន​ដឹកនាំ​កម្លាំង​ទៅ​សមរភូមិ ក្នុងភូមិ​សាស្ត្រ ភូមិ​ជោគជ័យ រយៈពេល​៦​យប់ ៧​ថ្ងៃ ទាំង​ដែល​មិន​ទទួល​បាន​ការ​ពន្យល់ អំពី​យុទ្ធសាស្ត្រ និង​ភូមិសាស្ត្រ ពី​ថ្នាក់លើ​នោះ​ឡើយ​។ លោក​ចោទ​ថា ការដឹកនាំ​របៀប​នេះ គឺជា​ការ​រុញ​កម្លាំង​នគរបាល ឱ្យទៅ​ស្លាប់​នៅ​លើ​សមរភូមិ ដែល​កត្តា​នេះ បាន​បញ្ជាក់​ពី​ការដឹកនាំ ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​កម្លាំង​ថ្នាក់ក្រោម ប៉ុន្តែ​បែរ​ជា​ដាក់​កំហុស និង​បំបាក់ទឹកចិត្ត​ដល់​កងកម្លាំង​ជួរមុខ​ទៅវិញ។

ក្នុង​សំណេរ ដែល​ភ្ជាប់​ជាមួយ​រូបថត​ក្នុង​ឯកសណ្ឋាន​ប្រយុទ្ធ លោក សាន សុវណ្ណរី បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា ជួយ​អន្តរាគមន៍ និង រក​យុត្តិធម៌​ឱ្យ​អង្គភាព​របស់​លោក។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និង​ស្នងការ​រង គឺ​លោក សាន សុវណ្ណរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២២ ខែ​មករា។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី យ៉ាង​ខ្លី​ថា ក្រសួង​កំពុង​ស៊ើបអង្កេត​ក្នុង​រឿង​នេះ ដោយ​សង្ឃឹម​ថា និង​មិន​មាន​ករណី​នេះ​កើតឡើង​នោះ​ឡើយ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា បញ្ហា​នេះ ទំនង​កើត​ចេញ​ពី​ទំនាស់​ផលប្រយោជន៍ និង​ការ​ប្រកាន់​បក្ខពួក​និយម ដោយ​លោក​បាន​អះអាង​ថា កាលពី​ចុងឆ្នាំ​២០២៥ លោក សិទ្ធិ ឡោះ ត្រូវ​មន្ត្រី​ថ្នាក់ក្រោម ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ដក​លោក​ចេញពី​តួនាទី ដោយ​ចោទ​ថា លោក​បាន​ដឹកនាំ​បង្ក​ឱ្យ​មាន​អំពើពុករលួយ ខណៈ​លោក សាន វណ្ណរី វិញ លោក​បាន​យក​តួនាទី​ជា​មន្ត្រី​នគរបាល ទៅ​ពង្រីក​ក្រុមហ៊ុន​ផ្ទះល្វែង​របស់​លោក នៅ​ក្នុង​ក្រុង​បាត់ដំបង។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ករណីនេះ ដោយ​ហេតុថា ករណី​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ និង​ភាព​កម្សោយ នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។

លោក អ៊ុំ សំអាន៖ «នៅក្នុង​អង្គភាព​ជាមួយគ្នា​ហ្នឹង មាន​ទំនាស់​ជាមួយគ្នា​ក៏​អាច​ថា បាន ក៏ប៉ុន្តែ​ត្រូវ​មាន​ការស៊ើបអង្កេត​សិន ហើយ​ទាហាន និង​នគរបាល​មួយចំនួន ដែល​ឡើងបុណ្យស័ក្ដិ​ដោយ​មានការ​សូកប៉ាន់ ដើម្បី​បាន​ឡើង​តំណែង។ អ៊ីចឹង​នៅពេល​គាត់​អត់​មានការ​បណ្ដុះបណ្ដាល អត់​មាន​ការ​តស៊ូ និង​មិន​បាន​ឡើងបុណ្យស័ក្ដិ​ដោយ​ការ​តស៊ូ​ឯណា ហើយ​មានទ្រព្យ​សម្បត្តិ​ច្រើន​ទៀត អ៊ីចឹង​អត់​ហ៊ាន​ទៅ​ច្បាំង​ជាមួយ​ថៃ ហើយ​អត់​ហ៊ាន​ពលី​ដើម្បី​ជាតិ​នោះ​ទេ»។

ពាក់ព័ន្ធ​នឹង​រឿង​សមរភូមិ នៅ​ភូមិ​ជោគជ័យ នេះ​ដែរ ទាហាន​ម្នាក់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​អះអាង​ថា នៅ​សមរភូមិ ក្នុង​តំបន់​ភូមិ​ជោគជ័យ ពិត​ជា​​មាន​កងកម្លាំង​មួយចំនួន​រត់ចោលជួរ និង​ខ្លះទៀត គេច​ទៅ​នៅ​ជួរ​ខាងក្រោយ​។ លោក​អះអាង​ថា ពួកគេ​ទាំងនោះ ភាគច្រើន​ជា​ទាហាន ឬ​ប៉ូលិស ដែល​ចូល​តាម​ខ្សែ និង​ខ្លះទៀត​ជា​អ្នកមាន​ឋានៈ និង​ទ្រព្យសម្បត្តិ។ លោក​បញ្ជាក់​​ថា ចំពោះ​កងកម្លាំង​ដែល​រត់ចោល​ជួរ នឹង​ត្រូវ​បាន​ថ្នាក់​លើ​លុប​ឈ្មោះ ចេញ​ពី​អង្គភាព។

ទាហាន​៖ «​អ្នកខ្លះ​ខ្លាច គ្រាន់តែ​ឡើង​វៃ គេច​បាត់​។ បើ​សម្រាប់​មេបញ្ជាការ​ថ្នាក់លើ ធម្មតា គេ​មិន​ចង់ឱ្យ​យើង​រត់​ទេ គ្រាន់តែ​ថា រឿង​ហ្នឹង គឺជា​រឿង​រសើប​របស់​កងទ័ព ប្រសិនបើ​គេ​ដឹង​ថា ទ័ព​យើង​រត់ចោលជួរ គឺ​ធ្វើ​ឱ្យ​បាក់​ទឹកចិត្ត​កងទ័ព។ ទាំង​គេ​ទាំង​ខ្ញុំ​គឺ​ភ័យ គេ​រត់​ហើយ យើង​មិន​រត់​ម៉េច​កើត ហើយ​បើ​យើង​នាំគ្នា​រត់​អស់ តើ​បាន​នរណា​ការពារ​ទឹកដី​របស់​យើង»។

ទាហាន​ឈរជើង​នៅ​ភូមិ​ជោគជ័យ បាន​អះអាង​ថា ភូមិសាស្ត្រ​តំបន់​ភូមិ​ជោគជ័យ ព្រៃចាន់ និង​តំបន់​បឹង​ត្រកួន គឺជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ក្ដៅ និង​មានការ​ប្រទាញប្រទង់​គ្នា​ខ្លាំង រវាង​កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ ដោយ​តំបន់​នេះ ត្រូវ​កងទ័ព​ថៃ​បាញ់​ផ្លោង ដោយ​កាំភ្លើង​ធំ កាំភ្លើងយន្ត និង​រថក្រោះ ចូលកាន់​កាប់​ជា​ច្រើនដង ប៉ុន្តែ​ត្រូវ​កងទ័ព​ខ្មែរ​វាយបក និង​ដណ្ដើម​កាន់កាប់​វិញ​ជាច្រើនលើក រហូតដល់​កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក រាប់​សិប​គ្រាប់ ដែល​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​បាន​បាក់ទ័ព និង​រត់គេច​ពី​ការ​តាម​បាញ់ប្រហារ​របស់​សត្រូវ។ ប្រភព​បាន​អះអាង​ទៀត​ថា មូលហេតុ​ដែល​ទ័ព​ខ្មែរ​បាក់ទ័ព នៅ​តំបន់​ភូមិ​ជោគជ័យ គឺ​ដោយសារ​កម្លាំង​ជំនួយ​ត្រូវ​ទ័ព​ថៃ​កាត់ផ្ដាច់ និង​ការ​ចាញ់​ប្រៀប​លើ​យុទ្ធោបករណ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ