

ម្ដាយសកម្មជនសង្គមលោក កើត សារ៉ាយ សម្ដែងការខកចិត្ត និងថា ជារឿងអយុត្តិធម៌ ដែលសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចឲ្យកូនប្រុសជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំដដែល ដូចអំណាចសាលក្រមរបស់តុលាការថ្នាក់ក្រោម។ សង្គមស៊ីវិលសោកស្ដាយ និងចាត់ទុកករណីនេះថា ជាការគំរាមកំហែងសកម្មជនសង្គម និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៦ ខែមករា បានបើកសវនាការបណ្ដឹងឧទ្ធរណ៍របស់ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានប្រកាសសាលដីកា ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឲ្យសកម្មជនសិទ្ធិមនុស្សលោក កើត សារ៉ាយ មានទោស ៤ឆ្នាំ ទុកជាបានការដដែល។ ចៅក្រមជំនុំជម្រះ ចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោម ថា ជារឿងត្រឹមត្រូវ។
ម្ដាយលោក កើត សារ៉ាយ គឺលោកស្រី ចាប យ៉ែម អាយុ៨០ឆ្នាំ បានធ្វើដំណើរពីខេត្តសៀមរាប មករាជធានីភ្នំពេញ ដើម្បីបានជួបមុខ និងសួរសុខទុក្ខកូន ក្នុងពេលសវនាការ។ លោកស្រីប្រាប់អ្នកសារព័ត៌មានថា បានជួបមុខកូនប្រុស និងឃើញកូនមានសុខភាពល្អ ហើយលោក កើត សារ៉ាយ បានផ្ដាំឲ្យលោកស្រីថែទាំសុខភាព។
លោកស្រី ចាប យ៉ែម ខកចិត្តចំពោះការសម្រេចរបស់តុលាការ និងចាត់ទុកការផ្ដន្ទាទោសកូនប្រុស ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំនេះ ថាជារឿងអយុត្តិធម៌។ លោកស្រីបានស្នើទៅតុលាការដោះលែងកូនប្រុស ឲ្យនៅក្រៅឃុំ ដោយលោកស្រីអះអាងថា លោក កើត សារ៉ាយ មិនបានធ្វើអំពើអាក្រក់នោះទេ។
លោកស្រី ចាប យ៉ែម៖ «កើត សារ៉ាយ ធ្វើដើម្បីយុត្តិធម៌ បើថាឲ្យកូនគាត់ទៅប្រព្រឹត្តខុសរឿងអ្វីមួយឆក់ប្លន់ កាប់សម្លាប់គេឬជក់ថ្នាំញៀនគេអត់មានទេ ។ កូនគាត់ល្អតាំងពី តូចរហូតដល់ធំមិនដែលធ្វើឲ្យម្តាយពិបាកចិត្ត។ រឿងអយុត្តិធម៌សម្រាប់កូនខ្ញុំ ប៉ុនខ្ញុំមិនអាចនិយាយទៅបាន វាចង់និយាយដែរ ប៉ុន្តែដូចថា អាចនិយាយបាន»។
លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធធនាគារ ម្តងរួចមកហើយពីបទ «ញុះញង់» កាលពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការតវ៉ាអហិង្សា ទាមទារឲ្យដោះលែងអតីតមេដឹកនាំសហជីព និងបច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន។
ចំណែកលើកទីពីរនេះ លោក បានជាប់ក្នុងពន្ធនាគារ រយៈពេលជាង ២០ខែមកហើយ ក្រោមបទចោទ «ញុះញង់»ក្រោយពេលដែលលោកបានផ្តល់បទសម្ភាស ដល់អ្នកសារព័ត៌មាន ដោយនិយាយអំពីជម្លោះដីធ្លីមួយនៅក្នុងខេត្តព្រះវិហារ។
កាលពីឆ្នាំ២០២៤ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «មិនរាងចោលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»តាមមាត្រា ៨៨ បន្ថែមលើបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ នឹងធ្វើឱ្យកម្រិតទោសជាប់ពន្ធនាគាររបស់លោក កើនទ្វេដង នៃទោសក្នុងបទល្មើសញុះញង់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត សោកស្ដាយចំពោះការតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការផ្ដន្ទាទោសលោក កើត សារ៉ាយ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ។ លោកថា ករណីលោក កើត សារ៉ាយ នេះ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្ដន្ទាទោសនោះទេ ពីព្រោះសកម្មភាពកន្លងមករបស់លោក គឺជាការការពារសិទ្ធិ មនុស្ស ការពារបរិស្ថាន និងលើកកម្ពស់សេរីភាពបញ្ចេញមតិ។
លោក អំ សំអាត៖ «អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង នៅតែទទូចសុំឲ្យមានការទម្លាក់បទចោទប្រកាន់ និងដោះលែងលោក កើត សារ៉ាយ ឲ្យមានសេរីភាពវិញ ពីព្រោះការចាប់ ការចោទប្រកាន់ ការឃុំខ្លួន និងការផ្ដន្ទាទោសនេះ វាជារឿងមួយ ដែលបំភិតបំភ័យ ឬក៏គំរាមកំហែងទៅដល់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថានមួយ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលសកម្មភាពពួកគាត់នេះ គួរត្រូវបានលើកទឹកចិត្តក្នុងការចូលរួម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
ក្រៅពីលោក កើត សារ៉ាយ អនុប្រធានសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន ក៏កំពុងជាប់ក្នុងពន្ធនាគារតាំងពីខែសីហាឆ្នាំ២០២៤ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការបញ្ចេញមតិពីគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV-DTA។ អង្គការលីកាដូ ឲ្យដឹងថា លោក កើត សារ៉ាយ និងសហការីរបស់លោក ស្ថិតក្នុងចំណោមអ្នកជាប់ឃុំជិត ១០០នាក់ ដែលជាប់ពន្ធនាគារ ដោយសារការប្រើប្រាស់សិទិ្ធ និងសេរីភាពបញ្ចេញមតិ៕









