មេដឹកនាំ​ថៃ​យក​ផែនទី​គូរ​ដោយ​ខ្លួនឯង ដើម្បី​បោះបង្គោល​ព្រំដែន​ឈ្លានពាន​កម្ពុជា

0
35
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) លើកឡើង​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០០ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងពីរ កំណត់​បង្គោល​ព្រំដែន តាម​សន្ធិសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៧ នោះ​ឡើយ​។ មន្ត្រី​បក្ស​ប្រឆាំង​របស់​កម្ពុជា​ថា ថៃ​កំពុង​រក​លេស ដើម្បី​បន្ត​កាន់កាប់​ទឹកដី​របស់​កម្ពុជា​នៅ​តាម​ព្រំដែន។

បន្ទាប់ពី​ទទួល​បាន​ផល​ចំណេញ ពី​សង្គ្រាម​ឈ្លានពាន ដោយ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​តំបន់​ព្រំដែន​មក ពេលនេះ​ភាគី​ថៃ ហាក់​កំពុងតែ​រក​វិធី ហែក​ចោល​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​កម្ពុជា ឬ MOU 43។

នាយករដ្ឋមន្ត្រី​ថៃ ចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល បាន​ប្រាប់​អ្នកសារព័ត៌មាន ក្នុង​ពេល​ចុះទៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី​២៦ ខែ​មករា ថា អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ រវាង​កម្ពុជា និង​ថៃ ស្ដីពី​ការកំណត់​បង្គោល​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​នោះ កំពុង​មាន​ការ​វិវឌ្ឍ ដោយ​លោក​អះអាង​ថា កិច្ចព្រមព្រៀង​នេះ មិនមែន​ជា​មូលហេតុ ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​តាម​ព្រំដែន​នោះ​ឡើយ។

លោក អានុទីន អះអាង​ក្នុង​សម្ដី បែប​រដិបរដុប​​ថា អនុស្សរណៈ​យោគយល់​គ្នា រវាង​កម្ពុជា និង​ថៃ ឆ្នាំ​២០០០ នេះ នឹង​នៅតែ​អនុវត្ត​ក្នុង​តំបន់​ដែល​គ្មាន​ជម្លោះ ខណៈ​នៅ​តំបន់​ផ្សេងទៀត ប្រទេស​ថៃ នឹង​ប្រើប្រាស់​តាម​ផែនទី​មាត្រដ្ឋាន ១/៥០.០០០ ដែល​ជា​ផែនទី​ថៃ​គូរ​ដោយ​ខ្លួនឯង ក្នុង​ការ​កំណត់ព្រំដែន​រវាង​កម្ពុជា និង​ថៃ។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០០ ដែល​ហៅ​កាត់​ថា MOU 43 គឺជា​កិច្ចព្រមព្រៀង ដែល​កំណត់​ពី​ការវាស់វែង ខណ្ឌសីមា​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ដោយ​សំអាង​លើ ឯកសារ​ដែល​ជា​មរតក​របស់​អាណានិគម​បារាំង រួមមាន​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​១៩០៧ និង​ការបង្កើត និង​តែងតាំង​គណៈកម្មការ​ចម្រុះ​ព្រំដែន ដើម្បី​ដោះស្រាយ​បញ្ហា​រឿង​ព្រំដែន ដែល​មាន​ភាព​មិន​ដាច់ស្រេច តាម​យន្តការ​ទ្វេភាគី។

កម្ពុជា និង​ថៃ​បាន​តម្កល់ MOU 43 នេះ នៅ​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅក្នុង​កម្រង​សន្ធិសញ្ញា​របស់​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៥ រដ្ឋាភិបាល​របស់​លោក អានុទីន បាន​លើកឡើង​ពី​គម្រោង​ស្នើ​ឱ្យ​មានការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​លុបចោល MOU ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ ម្ដង​រួច​មក​ហើយ។

មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ​ថៃ មួយចំនួន​ចោទ​ថា MUO ឆ្នាំ​២០០០ នេះ គឺជា​កិច្ចព្រមព្រៀង​ខុសច្បាប់ ដែល​រដ្ឋាភិបាល​ថៃ ជំនាន់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​រដ្ឋាភិបាល​កម្ពុជា របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បង្កើត​ឡើង ដោយ​គ្មាន​ការ​អនុម័ត​ពី​ស្ថាប័ន​រដ្ឋសភា។ ទន្ទឹម​គ្នា​នេះ ពួកគេ​បាន​ចោទ​ថា សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ បាន​ធ្វើ​ឡើង ក្នុង​ពេល​អាណានិគម​បារាំង កំពុង​មាន​អំណាច និង​បាន​ដាក់​សម្ពាធ​មក​លើ​ប្រទេស​សៀម ឱ្យ​ព្រម​ទទួលយក។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ប្រទេស​ថៃ កំពុងតែ​កេង​ចំណេញ​លើ​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០០ ដោយសារ​យោធា​ថៃ បាន​ចូល​កាន់កាប់​តំបន់​នៅ​ព្រំដែន​របស់​កម្ពុជា លើស​ពី​តំបន់ ដែល​ពួកគេ​ធ្លាប់​ទាមទារ​ទៅ​ហើយ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​អែអង់​ក្នុង​ការ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នោះ​កម្ពុជា នឹង​បាត់បង់​ទឹកដី​នៅ​តាម​តំបន់​ព្រំដែន ជា​អចិន្ត្រៃយ៍ ទៅកាន់​ប្រទេស​ថៃ។

លោក អ៊ុំ សំអាន៖ «ដូច្នេះ​ជម្រើស​របស់​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត មានតែ​២​ទេ គឺ​ទី​១ គឺ​យល់ព្រម​ទៅតាម​ផែនទី​ខ្នាត ១​លើ​៥០​ពាន់​របស់​ថៃ ទៅតាម​ទីតាំង​ដែល​ថៃ​គ្រប់គ្រង​ចំនួន​៤១​ទីតាំង​ហ្នឹង កាត់​យក​ទៅ​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព​។ ចំណុច​ទី​២ គឺ​ទុក​រហូត អត់​ព្រម​បោះបង្គោល​ព្រំដែន បណ្ដោយ​ឱ្យ​គេ​គ្រប់គ្រង​យូរៗ​ទៅ កើតជា​របស់​គេ ដូច​កោះ​គជ់ និង​កោះត្រល់ ហើយ​មកដល់​ក្មេង​ជំនាន់​ក្រោយ ទឹកដី​ទាំងនោះ នឹង​កាត់​ទៅ​ឱ្យ​គេ»។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ថ្លែង​កាលពី​ថ្ងៃទី​២៦ ខែ​មករា ថា គិត​ចាប់តាំងពី​កម្ពុជា​ទទួលរង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ អំឡុង​ពេល ៦​ខែ​ចុង​ក្រោយនេះ ក្រសួង និង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​បាន​ធ្វើ​កំណត់​ទូត​តវ៉ា សេចក្ដីថ្លែងការណ៍ ញត្តិ​ថ្កោលទោស និង​លិខិត​បកស្រាយ សរុប​ចំនួន​ជិត ៧០០​លើក​មក​ហើយ។

ទោះជា​យ៉ាងណា មហាជន​បាន​រិះគន់​ថា ទោះបីជា​រដ្ឋាភិបាល​ខំ​ស្រែក​ថ្កោលទោស​ថៃ ១០០​ឆ្នាំ​ទៀត ក៏​មិនអាច​យក​ទឹកដី​ត្រឡប់មកវិញ​បាន​ឡើយ​។ ពួកគាត់​ថា ក្រៅពី​វិធី​ការទូត ដែល​មាន​ភាព​ទន់ជ្រាយ​បែប​នេះ រដ្ឋាភិបាល​គួរតែ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ភាគី​ថៃ។

ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្រែក​តវ៉ា​តែម្នាក់ឯង​នោះ យោធា​ថៃ បាន​បន្ត​រាយ​បន្លា​លួស តម្រៀប​ទូ​កុងទឺន័រ និង​ឈូស​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភូមិ​ម្ករ របស់​ពលរដ្ឋ​ខ្មែរ​ស្ទើរ​រៀងរាល់ថ្ងៃ។

លោក អ៊ុំ សំអាន បាន​អះអាង​ថា តំបន់​ព្រំដែន​ខ្មែរ ដែល​យោធា​ថៃ កំពុង​កាន់កាប់ មាន​ចំនួន​សរុប ៤១​ទីតាំង។ បច្ចុប្បន្ន តំបន់​ទាំងនោះ​ត្រូវ​យោធា​ថៃ កសាង​សំណង់ ផ្លូវថ្នល់ និង​ប្ដូរ​ឈ្មោះ​ជា​ភាសា​ថៃ រួច​អស់​ខ្លះ​ទៅ​ហើយ ដូចជា​នៅ​តំបន់​អានសេះ ភ្នំ​ទ្រព្យ ប្រាសាទ​តា​ក្របី ភូមិ​ជោគជ័យ ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ខណៈ​តំបន់​ខ្លះ ថៃ​កំពុង​ឈូស​ឆាយ​កសាង​ផ្លូវ និង​តាំង​សព្វាវុធ​ធុន​ធ្ងន់ និង​តំបន់​ខ្លះទៀត យោធា​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួស​ព័ទ្ធ​យក​បន្ថែម ដូចជា​នៅ​តំបន់​ច្រក​ជាំ​ស្រងាំ និង​អូរស្មាច់​ជាដើម។

ក្រុម​មេដឹកនាំ​យោធា​ថៃ បាន​ព្រមាន​ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​ធ្វើសង្គ្រាម​ជា​លើក​ទី​៣ ប្រសិនបើ​កម្ពុជា ហ៊ាន​ដណ្ដើមយក ៤១​ទីតាំង ដែល​យោធា​ថៃ​កំពុង​គ្រប់គ្រង​នោះ ត្រឡប់​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ