«លោក ហ៊ុន ម៉ាណែត ត្រូវ​បោះ​គំនិត​ដឹកនាំ​បែប​កុម្មុយនីស្ត​​សិន» បើ​ចង់​បាន​ប្រយោជន៍​ពី​ស្ថាប័ន​លោក​ត្រាំ

0
28
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរ​ចេញ​នូវ​សារធាតុ​កុម្មុយនីស្ត​ផ្ដាច់ការ ក្នុង​ប្រព័ន្ធ​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ ទើប​អាច​រក​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិភាព​។ ការ​លើកឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិភាព ដែល​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​សង្គម​ស៊ីវិល លើកឡើង​ថា ប្រទេស​កម្ពុជា​នៅ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នឹង​រង​ការ​សើចចំអក​នៅ​ពេល​ប្រកាស​ចូលរួម​ក្រុមប្រឹក្សា​សន្តិភាព​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ខណៈ​កម្ពុជា​កំពុង​ចាក់ស្រេះ​ដោយ​វិបត្តិ​នយោបាយ និង​បញ្ហា​អយុត្តិធម៌​ផ្ទៃក្នុង​ជាច្រើន​ដោះស្រាយ​មិន​ទាន់​បាន។

មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សម្របសម្រួល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែមករា​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ក្រុមប្រឹក្សា​សន្តិភាព ដើម្បី​ទាញ​ប្រយោជន៍​ឲ្យ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវ​ដូរ​សារធាតុ​កុម្មុយនីស្ត​ចេញពី​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ជា​មុន​សិន​។ លោក​ថា ការ​រក្សា​សារធាតុ​កុម្មុយនីស្ត​ផ្ដាច់ការ​ពី​ឪពុក ដើម្បី​បន្ត​អំណាច​ដូច​សព្វថ្ងៃ មិនអាច​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ជឿជាក់​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឡើយ។

លោក ម៉ែន សុថាវរិន្ទ្រ ថា ដើម្បី​បង្ហាញ​ឲ្យ​ជាក់ស្ដែង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សន្តិភាព មាន​គោលដៅ​នាំ​យក​សន្តិភាព​ឲ្យ​កម្ពុជា​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​ហ៊ាន​កម្ចាត់​ក្រុម​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន យក​ទៅ​ផ្ដន្ទាទោស ដោយ​គ្មាន​ការលើកលែង ពីព្រោះ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​ជាដើម គឺជា​ប្រភព​ធំ​មួយ​នៃ​ការបំផ្លាញ​សន្តិភាព។

ក្រៅពីនោះ លោក​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​កែ​ប្រព័ន្ធ​ដឹកនាំ​ឡើងវិញ​ដោយ​ត្រូវ​ធានា​នូវ​យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស និង ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ដោយ​ចាប់ផ្ដើម​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ដើម្បី​ឲ្យ​គេ​ជឿ​ង​បាន ទាល់តែ​គាត់​ប្ដូរ​ឥរិយាបថ ត្រូវ​តែ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ហើយ​អ្នកទោស​ន​នយោបាយ​នៅ​ស្រុក ខ្មែរ​ថា ១ រយ​នាក់​ចុះ​ហើយនឹង​អ្នកទោស​អី​ផ្សេង​ទៀត រឿង​ដីធ្លី​ប្រហែល​ថា ៥​រយ ចុះ យើង​មើល​ប្រទេស​ភូមា គេ​ដោះលែង ៦​ពាន់​នាក់ ហើយ​នៅ​ខាង​វេណេហ្ស៊ុយអេឡា គេ​ដោះលែង​ទាំងអស់​។ លោក ម៉ាណែត ដើម្បី​ធ្វើ​អ៊ីចឹង​បាន ទាល់តែ​គាត់ ដោះលែង បង្ហាញ​គេ​ឲ្យ​គេ​មាន​ជំនឿ​ទៅ​ហើយ​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ទាំងអស់ ទៅ អាហ្នឹង​គេ​អាច​ជឿ​បាន​ហើយ​។ ប្រជាពលរដ្ឋ​នឹង​សាទរ​ទាំងអស់គ្នា បើ​អាច​ធ្វើ អ៊ីចឹង​បាន​គឺ​ល្អ​មែនទែន បើ​មិន​អ៊ីចឹង​ទេ​គឺ គ្រាន់តែ​កុហក»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​២៧ ខែ​មករា បាន​អះអាង​ថា កម្ពុជា​សម្រេច​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) កាលពី​ថ្ងៃទី​១៦ ខែ​មករា ។ លោក​ថា ការចូលរួម​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា ក្នុង​ការ​គាំទ្រ និង​រួមចំណែក​ដល់​ការ​លើកកម្ពស់​ការ​រក្សា​សន្តិភាព​សកល។

លោក ហ៊ុន ម៉ាណែត សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា សុច្ឆន្ទៈ​ស្រឡាញ់​សន្តិភាព ការ​គាំទ្រ និង​រួមចំណែក​ដល់​ការ​កសាង​និង​រក្សា​សន្តិភាព គឺជា​គោលការណ៍​ដែល​កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​ជា​រៀង​រហូត​មក ជាពិសេស​តាមរយៈ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ​ទៅ​បំពេញ​បេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម។

ចំពោះ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សន្តិភាព​នេះ វិញ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព សម្រាប់​អាណត្តិ​៣​ឆ្នាំ មិន​តម្រូវ​ឱ្យ​បង់​ថវិកា​ទេ រីឯ​ការ​បង់​ថវិកា ១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ គឺ​សម្រាប់​ករណី​ចូល​ជា​សមាជិក​រយៈពេល​វែង (​អចិន្ត្រៃយ៍​)​តែប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​មករា​ថា ការ​ចូល​ជា​សមាជិក​ក្រុម ប្រឹក្សា​សន្តិភាព មាន​ផល​វិជ្ជមាន​ខ្លះ និង​ក៏​មាន​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ដែរ​។ លោក​ថា ផល​វិជ្ជមាន គឺ​ក្រុមប្រឹក្សា​សន្តិភាព​នេះ ដែល​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក អាច​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​តំបន់ ជាពិសេស ខណៈ​ប្រទេស​កម្ពុជា កំពុងតែ​រង​ការឈ្លានពាន​របស់​ភាគី​ថៃ ។ លោក​ថា គឺជា​រឿង​ល្អ ប្រសិនបើ​រដ្ឋាភិបាល​ព្យាយាម​រក​ជំនួយ​ពី​ក្រុមប្រឹក្សា​សន្តិភាព​នេះ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ថៃ​ឈ្លានពាន​កម្ពុជា។

យ៉ាងណា លោក នី សុខា លើកឡើង​ថា កម្ពុជា​ប្រឈម​នឹង​ការ​លំបាក​មួយចំនួន ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ក្រុមប្រឹក្សា​សន្តិភាព ដូចជា ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន នៅ​ចំ​កាលៈទេសៈ​ដែល​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក មិនសូវ​ស៊ីសង្វាក់​គ្នា លើ​បញ្ហា​កោះ​តៃវ៉ាន់ និង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ថា ទោះបីជា​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​លោក ដូណាល់ ត្រាំ មាន​ការ​រិះគន់​ខ្លះ​ពី​ការប្រើ​កណ្ដាប់ដៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្លះ​ប៉ុន្តែ មហាអំណាច​ទី​១​នៃ​ពិភពលោក​នេះ មិន​បោះបង់​វប្បធម៌​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​សម្រួល​បញ្ហា​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ឲ្យ​ប្រសើរ​ឡើង បើ​ចង់បាន​មុខមាត់​នៅក្នុង​ក្រុមប្រឹក្សា​សន្តិភាព។

លោក នី សុខា៖ «ប្រសិនបើ​យើង នៅតែ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស ហើយ​យើង​ចូល​ទៅ​ក្រុមប្រឹក្សា​សន្តិភាព ហាក់បីដូច​យើង​មិន​សក្ដិសម​ដែរ ប៉ុន្តែ​បើ​យើង​កែ សម្រួល បើ​យើង​មាន​តួនាទី មានមុខ​មាន​មាត់​នៅក្នុង​សមាជិក​ក្រុមប្រឹក្សា​សន្តិភាព ហើយ​ដូច្នេះ យើង​គប្បី​ធ្វើ​ឲ្យ​ប្រទេស​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ឲ្យ​បាន​ពេញលេញ​ដែរ។ យើង​ដឹង​កន្លងមក ធ្វើ​ម៉េច​ឲ្យ​កម្ពុជា​យើង ដោះស្រាយ​បញ្ហា​នៃ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»។

អ្នកឃ្លាំមើល​លើកឡើង​ថា អនាគត​នៃ​ក្រុមប្រឹក្សា​សន្តិភាព​នេះ មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ និង ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស បើ​ទោះ​បី​ជា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អះអាង​ពី​សក្ដានុពល​របស់​វា​ក៏ដោយ​។ ពួកគាត់​កត់សម្គាល់​ថា ក្រុម​មេដឹកនាំ​អឺរ៉ុប​ដែល​មាន​ឥទ្ធិពល ហាក់ដូចជា​ចាត់ទុក​ក្រុមប្រឹក្សា​នេះ ជា​ស្ថាប័ន​ធ្វើ​ឲ្យ​យន្តការ​អង្គការសហប្រជាជាតិ​កាន់តែ​ខ្សោយ ហើយ​សណ្ដាប់ធ្នាប់​ពិភពលោក កាន់តែ​អន់ថយ​ទៅវិញ​។ ចំណែក រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ដែល​សម្រេចចិត្ត​ដាក់ឈ្មោះ​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក គឺ​គ្រាន់តែ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ថ្មី ក្នុង​គោលដៅ​សម្រាល​ការរិះគន់​លើ​វិបត្តិ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង អសមត្ថភាព​ការពារ​ទឹកដី​កម្ពុជា ពី​ការឈ្លានពាន​របស់​ថៃ​ប៉ុណ្ណោះ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ