អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន សែន ដែល​មិន​កែប្រែ​កំហុស បែរ​ជា​មក​ជេរប្រមាថ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស

0
69
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល និង​មន្ត្រី​បក្សប្រឆាំង​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​មិន​ព្រម​កែប្រែ​កំហុស​រឿង​គេ​រិះគន់​ថា មិនសូវ​ខ្វល់ខ្វាយ​លើ​វិស័យ​កងទ័ព ប៉ុន្តែ បែរជា​ងាក​មក ជេរប្រមាថ​អ្នក​រិះគន់ នៅ​ក្រៅ​ប្រទេស ដោយ​ពាក្យ​អសុរោះ ហាក់​មិន​សាក​សមជា​មេដឹកនាំ​កំពូល​របស់​ជាតិ​នោះ​ឡើយ។ ពួកគាត់​ថា លោក ហ៊ុន សែន មាន​វ័យ​កាន់​ច្រើន​ទៅ​ហើយ គួរតែ​កសាង​ទង្វើ​ល្អ​ឱ្យ​បាន​ច្រើន និង​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ដូច​ការ​ទាមទារ​ទឹកដី ពី​ថៃ​មកវិញ និង​ធ្វើ​ទំនើបកម្ម​យោធា ឱ្យ​មាន​ប្រសិទ្ធភាព គឺជា​រឿង​ល្អ ជាជាង​មក​ជេរប្រមាថ​អ្នកដទៃ។

ក្រោយពី​ខកខាន​និយាយ​លើ​វេទិកា​ជា​សាធារណៈ​មួយ​រយៈ​ពេល​ធំ បន្ទាប់​ពី​ផ្ទេរ​តួនាទី​នាយករដ្ឋមន្ត្រី​ឱ្យទៅ​កូន​គឺ លោក ហ៊ុន ម៉ាណែត ជិត​៣​ឆ្នាំ​មក លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បង្ហាញ​ចរិត កោងកាច​ឡើងវិញ នៅ​តាម​វេទិកាសាធារណៈ ដោយ​គំរាមកំហែង ពលរដ្ឋ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ឥត​សំចៃមាត់ ដោយ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​អសុរោះ និង​គ្មាន​សីលធម៌ ។ អ្នក​រិះគន់​ចាត់ទុក វោហារ​ក្រេវក្រោធ​របស់ លោក ហ៊ុន សែន គឺ មិន​សមជា​មេដឹកនាំ​កំពូល​របស់​ជាតិ​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​មិថុនា​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស ជិត​៤០​ឆ្នាំ​មកនេះ មិនដែល​ទទួលស្គាល់​កំហុស ឬ​ស្ដាប់​មតិ​រិះគន់​អ្នកដទៃ​នោះ​ទេ ដែល​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ ទើប​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​រវល់​តែ​សប្បាយ​អរ និង​ការ​សរសើរ លើកជើង​របស់​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ចំនួន ខណៈ​បច្ចុប្បន្ន ជំងឺ​នេះ​កំពុង​ឆ្លង​មក​លើ​លោក ហ៊ុន ម៉ាណែត ជា​បន្ត។ លោក​បន្តថា ការដែល​ពលរដ្ឋ​អ្នកនយោបាយ និង​អ្នកវិភាគ នៅ​ក្រៅ​ប្រទេស​រិះគន់ រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ថា មិនសូវ​ខ្វល់ខ្វាយ​ធ្វើ​ទំនើប​យោធា គឺជា​រឿង​ត្រូវ ក៏ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ដែល​លោក​ហ៊ុន សែន មិន​ទទួលស្គាល់​កំហុស ហើយ​បែរ​ជា​ជេរប្រមាថ អ្នក​រិះគន់ ដើម្បី​បិទបាំង​កំហុស​ខ្លួនឯង ទៅវិញ។

លោក ម៉ែន ណាត៖ «អ៊ីចឹង​ហើយ ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​ចេះតែ​បន្ត​រង​ការ​បំបែកបំបាក់​ពី​មេដឹកនាំ​កាន់អំណាច នាំ​ឱ្យ​ខាង​សៀម​មានឱកាស​ឈ្លានពាន​ខ្មែរ​មានឱកាស​ឈ្លានពាន​កាន់តែ​ច្រើន​។ បង្ក​ឱ្យ​គ្រោះថ្នាក់​បាត់បង់​ទឹកដី​ថែម ហើយ​កាលណា​បាត់បង់​ទឹកដី យើង​ដឹង​ស្រាប់​ហើយ​អ្នកណា​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ។ មិនមែន​ពួក​គណបក្សប្រឆាំង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទេ កុំ​ច្រឡំ​គណបក្ស​ប្រឆាំង​គ្មាន​ឱកាស​ទៅ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​បានទេ គឺ​មាន​តែ​ពួក​កាន់អំណាច​ហ្នឹងឯង»។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយ​ពី លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ឯ​ក្រុមហ៊ុន​រោងចក្រ​ផលិត​សម្ភារៈ​យោធា ឌីអេសអេស (DSS) នៅ​ខេត្ត​បាត់ដំបង់ កាលពី​ថ្ងៃទី​១១ ខែមិថុនា ដោយ លោក កោតសរសើរ ក្រុមហ៊ុន​ខ្មែរ ដែល​អាច​ផលិត​សម្ភារៈ​យោធា​ដោយ​ខ្លួនឯង​បាន មិន​ចាំបាច់​ទិញ​ពី​ក្រៅប្រទេស​បន្ត​ទៀត​។ លោក​បាន​អួត​ថា នៅពេល​អនាគត វិស័យ​យោធា​នៅ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន និង​ខ្លាំង​ជាង​មុន​។ ក្រៅតែ​ពី​ការ​អួតអាង លោក ហ៊ុន សែន ក៏​ជេរប្រមាថ​ខ្លាំងៗ មក​លើ អ្នក​ដែល​រិះគន់ ពី​បញ្ហា​ដែល​ថា​រដ្ឋាភិបាល​មិន​អើពើ​លើ​កងទ័ព ទើប​ធ្វើ​ឱ្យ​ចាញ់​សង្គ្រាម​ជាមួយ​ថៃ បាត់បង់​ទឹកដី​អស់​ជាច្រើន​ទីតាំង ដោយ​លោក សង្កត់ធ្ងន់​ថា «​ពួកអ្នក​ឯង​ស្គាល់ ហ៊ុន សែន តិច​ពេក​ហើយ»។

លោក ហ៊ុន សែន៖ «​អញ​និយាយ​អំពី​ចំណុច​ខ្វះខាត​ទាំងឡាយ ដែល​ត្រៀម​រៀបចំខ្លួន​មិនបាន​ល្អ​។ ឯង​ត្រូវ​យល់ បើ​មិន​ស្គាល់​ហ៊ុន សែន​ច្បាស់​ទេ ឯង​ត្រូវ​រៀន​ទៀត។ បើ​រៀន​ជាតិ​នេះ​មិន​ច្បាស់​ទេ​ជាតិ ក្រោយ​ឯង​រៀន​ទៀត ។ អ៊ីចឹង​ផ្ដាំ​ទៅ​ឆ្កែ​ប៉ុន្មាន​ក្បាល​នោះ ដែល​ព្រុស​មិន​ឈប់ ហើយ​បើ​ព្រុស ពេលណា​ក៏​ព្រុស អ្នកឯង រង់​ចាំ​មើល​លទ្ធផល​ទៅ​។ សមត្ថភាព​របស់​កម្ពុ​ជា​គឺ​អាច​ធ្វើ​បាន នៅ​ពេល​ខាងមុខ អ្នកឯង​ចាំ​មើល ឧស្សាហកម្ម​យោធា​កម្ពុជា​ខ្លាំង​ប៉ុណ្ណោះ ។ នេះ​ជា​ការ​ប្ដេជ្ញាចិត្ត ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ម្នាក់​នៅ​ប្រទេស​កម្ពុជា»។

ប្រតិកម្ម​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ គឺ​បន្ទាប់ពី​ពលរដ្ឋ​និង​អ្នកឃ្លាំមើល បាន​រិះគន់​ថា ការ​ចេញមុខ​សារភាព​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ដែល​ថា លោក​បាន​បង្កើត​«​កំហុស​យុទ្ធសាស្ត្រ​» ដោយសារតែ «​ការ​ជឿទុកចិត្ត​លើ​ប្រទេស​ថៃ​ខ្លាំងពេក​» រហូត​មិនបាន​ត្រៀមលក្ខណៈ​ប្រយុទ្ធ និង​មិនបាន​ពង្រឹង​វិស័យ​យោធា​រហូតដល់​ថ្នាក់​ចាញ់​សង្គ្រាម​នោះ គឺជា​ការ​លាតត្រដាង​នូវ​ភាព​បរាជ័យ​នៃ​ការដឹកនាំ និង​ការ​ខ្វះ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី។

លើស​នេះ ពួកគាត់ លើកឡើង​ថា ប្រសិនបើ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​នីតិរដ្ឋ​វិញ លោក ហ៊ុន សែន មិនអាច​ត្រឹមតែ​សារភាព​សុំទោស​ហើយ​បន្ត​កាន់អំណាច​កំពូល​ដដែល​នោះ​ទេ គឺ​លោក និង​កូនប្រុស​គឺ​លោក ហ៊ុន ម៉ា​ណែ​ត ប្រាកដជា​នឹង​ត្រូវ​បណ្ដេញ​ចេញពី​អំណាច ហើយ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​ធ្វេសប្រហែស​រហូត​បណ្ដាល​ឲ្យ​បាត់បង់​ទឹកដី ហើយ​ប្រជាពលរដ្ឋ និង​ទាហាន ស្លាប់​បាត់​បង់ជីវិត​រាប់​សិប​នាក់។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ថា ការដែល លោក ហ៊ុន សែន បន្ត​ប្រើ​ភាសា​ក្រេវក្រោធ និង​អសីលធម៌ មក​លើ បក្ស​ប្រឆាំង និង​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស គឺជា​ទង្វើ​ដ៏ ស្មោកគ្រោក ដែល លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​។ លោក​សង្កេត​ឃើញ​ថា ទម្លាប់​អាក្រក់ នេះ ត្រូវ​បាន​មន្ត្រី​ក្រោមឱវាទ​របស់​លោក​យក​ទៅ​អនុវត្ត​ដើម្បី​គំរាមកំហែង​ពលរដ្ឋ ក្នុង​ចេតនា​គេចវេះ​ពី​ការ​ទំនួល​ខុសត្រូវ ដោះស្រាយ​បញ្ហា​ជាតិ និង​ការពារ អំពើ​ទុច្ចរិត របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត។

លោក អ៊ុំ សំអាន៖ «នៅ​ប្រទេស​គេ​រីកចម្រើន មេដឹកនាំ​គេ​ប្រយ័ត្ន​ណាស់ ពាក្យសម្ដី​។ បើ​គាត់​និយាយ​តែ​ខុស​ពាក្យ​អសុរោះ​អី​តិច​នឹង គេ​សុំទោស​ប្រជាពលរដ្ឋ​គេ​ហើយ​។ តែ​នេះ និយាយ​ពាក្យ​អសុរោះ​ហើយ បែរជា​អ្នកចូលរួម​វេទិកា​ហ្នឹង ទះដៃ​ហ៊ូ វា​ទៅជា​រឿង​អសីលធម៌​ទាំងអស់គ្នា ទាំង​អ្នកដឹកនាំ ទាំង​អ្នក​ហែហម​។ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល»។

ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង ជំរុញ​ឱ្យ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គួរតែ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ជាតិ សំខាន់ ដូចជា​ទាមទារ​ទឹកដី​ពី​ថៃ​មកវិញ និង​ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​រឹងមាំ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម គឺជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​។ ជាមួយគ្នា​នោះ ពួកគាត់​ថា រដ្ឋាភិបាល គួរតែ​បញ្ឈប់ ទម្លាប់​អាក្រក់ ដូចជា​ការ ជេរប្រមាថ អ្នកដទៃ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​រិះគន់ ព្រោះ ការរិះគន់​របស់​ពល​រដ្ឋ ទាំង​ក្នុង​និង​ក្រៅ​ស្រុក គ្មាន​គោលដៅ​អ្វី ក្រៅ​តែ ចង់ឱ្យ​ប្រទេសជាតិ​រីកចម្រើន ព្រោះ​ប្រទេសជាតិ​នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់​ត្រកូល​«​ហ៊ុន​»​នោះ​ទេ គឺជា​របស់​ពលរដ្ឋ​ទាំងមូល ដូច្នេះ ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​សម្ដែង​មតិ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ