

ទីប្រឹក្សាកម្លាំងជាតិលោក រ៉ុង ឈុន ទទូចឲ្យរដ្ឋាភិបាលបើកសេរីភាពដល់លោក និងអ្នកនយោបាយផ្សេងៗទៀត ដើម្បីផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាដោយកិត្តិយស។ ការលើកឡើងនេះ ស្របពេលតុលាការកំពូល នឹងបើកសវនាការ សំណុំរឿងរបស់លោក នៅសប្ដាហ៍ក្រោយ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការប្ដឹងសាទុក្ខទៅតុលាការកំពូល ដោយសារ សាលាឧទ្ធរណ៍ភ្នំពេញមិនបានផ្ដល់យុត្តិធម៌ឲ្យលោកហើយ បែរជាបន្ថែមទោសលើរូបលោកទៀត។
លោកបន្តថា ប្រសិនការធ្វើទុក្ខបុកម្នេញលើរូបលោកហើយ ទទួលបានផលចំណេញដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ នោះលោកនឹងមិនធ្វើការតវ៉ា ឬទាមទារយុត្តិធម៌ឡើយ ផ្ទុយទៅវិញ ការទុក្ខបុកម្នេញលើរូបលោក និងផាត់អ្នកមានមតិផ្ទុយចោល គឺកម្ពុជាមិនទទួលបានផលចំណេញដល់ប្រទេសជាតិហើយ ត្រូវសហគមន៍អន្តរជាតិថ្កោលទោស ពីព្រោះរដ្ឋាភិបាលមិនការគោរពសិទ្ធិមនុស្ស មិនមានប្រជាធិបតេយ្យ មិនបើកលំហសេរីភាពនយោបាយ និងសេរីភាពបញ្ចេញមតិ។
លោក រ៉ុង ឈុន៖ «ខ្ញុំគិតថា ពេលវេលាមកដល់ហើយ ខ្មែរយើងសះជាគ្នាទៅ ឈប់ ធ្វើឲ្យម្ខាងឈឺចាប់។ ការដែលធ្វើឲ្យខ្មែរម្ខាងឈឺចាប់ វាមិនជារឿងល្អសម្រាប់ជាតិ ទេ ។ ខ្ញុំដូចជម្រាបអ៊ីចឹង ចង់ប្រកួតដោយស្មើភាពគ្នា បើកសេរីភាពឲ្យខ្ញុំទៅ អ្នកនយោបាយផ្សេងទៀត សេរីភាពបើកលំហសម្រាប់ទាំងអស់គ្នា ហើយប្រកួតប្រជែងគ្នាទៅ អ្នកឈ្នះ គឺឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយអស់ចិត្ត អាហ្នឹងបានគេហៅថាអ្នកខ្លាំង បើខ្លាំងធ្វើបាបខ្មែរគ្នាឯង អាហ្នឹងគេមិនហៅថា អ្នកខ្លាំងទេ»។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោស លោក រ៉ុង ឈុន ឲ្យ ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម»និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍។
លោក រ៉ុង ឈុន បន្តថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសជិតខាង ចំណែកកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិក៏ធ្លាក់ចុះដែរ ដូច្នេះ ដើម្បីឲ្យប្រទេសជាតិខ្លាំង និងស្ដារមុខមាត់កម្ពុជាឡើងវិញ គឺមានតែការផ្សះផ្សា បង្រួបបង្រួមជាតិ។ លោកបន្តថា ទោះបីជាកន្លងមក ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបែបនេះដែរ ប៉ុន្តែលោកមិនទាន់ឃើញការអនុវត្តជាក់ស្ដែងនៅឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី៨ ខែមិថុនា នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អង្គការសង្គមស៊ីវិល ជាពិសេសអង្គការលីកាដូ ចង់ឃើញអ្នកនយោបាយផ្សះផ្សាគ្នា សាមគ្គី ឯកភាពជាតិ ដោយតម្កល់ផល ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ហើយគោរពគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរដ្ឋធម្មនុញ្ញ ហើយបន្តវប្បធម៌សន្ទនា។ «»
ស្របពេលតុលាការកំពូល នឹងបើកសវនាការបណ្ដឹងសាទុក្ខរបស់លោក រ៉ុង ឈុន នៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ សកម្មជនគណបក្សកម្លាំងជាតិ និងមិត្តជិតស្និទ្ធរបស់លោក បាននាំគ្នាធ្វើយុទ្ធនាការនៅបណ្ដាញសង្គម ដើម្បីទាមទារឲ្យតុលាការផ្តល់សេរីភាពដល់ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន វិញ។
ពួកគេ នាំគ្នាសរសេរនៅលើបដាបង្ហោះលើបណ្ដាញសង្គមថា «សូមឲ្យតុលាការកំពូលទម្លាក់ចោលបទចោទ ប្រកាន់លើលោក រ៉ុង ឈុន» ដើម្បីបង្ហាញពីការផ្សះផ្សាជាតិនិងឯកភាពជាតិ៕









