សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​សំណុំរឿង​ថ្មី​មួយ​ទៀត

0
41
ប្រពន្ធ​លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី ស៊ឹង សុភីណា ថ្លែង​នៅមុខសាលាឧទ្ធរណ៍​ភ្នំពេញ កាលពីថ្ងៃទី១១ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រពន្ធ​លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី ស៊ឹង សុភីណា ថ្លែង​នៅមុខសាលាឧទ្ធរណ៍​ភ្នំពេញ កាលពីថ្ងៃទី១១ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែ​មិថុនា​នេះ បាន​បើកសវនាការ សំណុំ រឿង​ថ្មី​មួយទៀត​ប្រឆាំង​នឹង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ពី​បទ «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក អំពី​រឿង ក្រសួងយុត្តិធម៌ តែងតាំង​ប្រធាន​តុលាការ​កំពូល។ សំណុំ​រឿង​នេះ សាលាដំបូង​ភ្នំពេញ​បាន​កាត់ទោស​លោក ស្រ៊ុន ស្រ៊ន កំបាំង​មុខ​តាំង​ពីមុន ពេល​សមត្ថកិច្ច ចាប់ខ្លួន​លោក ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក​ម្ល៉េះ​។ មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់ ថា សំណុំរឿង​របស់​លោក ស្រ៊ុន ស្រ៊ន មិន​ខុសពី​សំណុំរឿង​អ្នក​នយោបាយ​ឡើយ តែ​នៅ​ពេល​អនុវត្ត​ទោស​ជិត​គ្រប់​ចំនួន​ហើយ បែរជា​លេចចេញ​បទល្មើស ថ្មី​ផ្សេង​ទៀត។

ថ្ងៃនេះ សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍ លោក ស្រ៊ុន ស្រ៊ន បាន​ឡើង សវនាការ​ឧទ្ធរណ៍ ប៉ុន្តែ ពុំ​មែន​សំណុំរឿង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV ដែល លោក​បាន​អត្ថាធិប្បាយ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ គឺ​លោក​ឡើង​តតាំង​ការ​ជម្រះក្ដី ក្នុង​រឿង​ញុះញង់​មួយ ដែល​លោក​មិនបាន​ដឹងខ្លួន​ជាមុន។

ចំពោះ​សំណុំរឿង​«​ញុះញង់​»​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់ និង​កាត់ទោស​លោក​មុន​ពេល​លោក​ត្រូវ​បាន​ចាប់ខ្លួន​ទៅ​ទៀត។ លោក ស្រ៊ុន ស្រ៊ន មិន​ទាំង​បានដឹង​ពី​ចំណាត់​នេះ​ផង រហូតដល់​ថ្ងៃ​ដែល​លោក ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សំណុំរឿង​សម្ដែង​មតិ​ទាក់ទង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ (CLV) ទើប​ចៅក្រម​តុលាការ​ភ្នំពេញ​ប្រាប់​លោក​ឲ្យ​ដឹង​ថា លោក​ជាប់ក្ដី​ក្ដាំ​មួយ​ផ្សេង​ទៀត​រួច​ទៅ​ហើយ។

លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៤ ក្នុង​រឿង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ។ រីឯ​សំណុំរឿង «​ញុះញង់​» ដែល​លោក ស្រ៊ុន ស្រ៊ន ទើបតែ​ដឹង​នៅ​ថ្ងៃ​ចាប់ខ្លួន​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក​កំបាំង​មុខ តាំងពី​ខែ​មេសា ឆ្នាំ​២០២៤​ម្ល៉េះ។

កាលនោះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក ស្រ៊ុន ស្រ៊ន ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤​លាន​រៀល ពី​បទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក រឿង​ក្រសួង​យុត្តិធម៌ តែងតាំង​ប្រធាន​តុលាការ​កំពូល។ លោក​ស្រ៊ុន ស្រ៊ន បាន​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់ពី​បានដឹង​ពី​ការ​កាត់ទោស​កំបាំងមុខ​នេះ។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ស្រ៊ុន ស្រ៊ន គឺ​លោក សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ថា សំណុំ​រឿង​នេះ សាលាដំបូង​ភ្នំពេញ​ចោទ ប្រកាន់​កូនក្ដី​លោក កាលពី​ឆ្នាំ​២០២៣ និង​បាន​ផ្ដន្ទាទោស​កំបាំងមុខ ក្នុង​ឆ្នាំ​២០២៤ ពោល​គឺ​តាំង​ពីមុន​ចាប់ខ្លួន​លោក ស្រ៊ុន ស្រ៊ន រឿង​គម្រោង​អភិវឌ្ឍន៍​តំបន់ ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង វៀតណាម (CLV-DTA)។

លោក សឺន ជុំជួន៖ «រឿង​ហ្នឹង វា​កើតឡើង​តាំងពី​ឆ្នាំ​២០២៣ រឿង​ហ្នឹង​គឺ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ គាត់​កាត់ទោស​កំបាំងមុខ។ អ៊ីចឹង​ទៅ​ដល់​ពេល​គេ​ចាប់​បាន គាត់​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៤ ក៏​ខាង​តុលាការ​គេ​ផ្ដល់​ព័ត៌មាន​មក​គាត់។ គាត់​ថា គាត់​មានរឿង​មួយ​ត្រូវ​តុលាការ​បើកសវនាការ កំបាំងមុខ​អ៊ីចឹង។ អ៊ីចឹង​រឿង​ហ្នឹង ក៏​ប្ដឹង​មក​ឧទ្ធរណ៍​ទៅ គាត់​អត់​បាន​ប្ដឹង​ទាស់​ទេ គាត់​ប្ដឹង​ជំទាស់​មក​ឧទ្ធរណ៍​វិញ អ៊ីចឹង​ទើប​មកដល់​ព្រឹក​មិញ​នេះ​គឺ​មាន​សវនាការ​ជា​សាធារណៈ ដើម្បី ពិភាក្សា ទៅលើ​អង្គសេចក្ដី​ហ្នឹង»។

ក្នុង​សវនាការ​សាលាឧទ្ធរណ៍ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​លោក ស្រ៊ុន ស្រ៊ន បាន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​បទ​ចោទប្រកាន់ និង​ផ្ដល់​យុត្តិធម៌​ដល់​លោក ពីព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។

លោក​មេធាវី សឺន ជុំជួន ឲ្យ​ដឹង​ថា កូនក្ដី​របស់​លោក បាន​ប្រាប់​ទៅ​ចៅក្រម​អំឡុង​ពេល​សវនាការ​ថា អ្វី​ដែល​លោក​លើកឡើង​នៅ​លើ​បណ្ដាញ​សង្គម​នោះ គឺ​ចង់​អប់រំ និង​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ពី​នីតិវិធី​ច្បាប់ ផ្នែក​តាម​បញ្ញត្តិ​ច្បាប់​ប្រទេស​កម្ពុជា និង​ច្បាប់​អន្តរជាតិ។

លោក សឺន ជុំជួន៖ «ការ​ផ្សព្វផ្សាយ គឺ​ក្នុង​បំណង​ល្អ​ទេ ក្នុង​ចេតនា​ល្អ​របស់​ជន​ជាប់ចោទ អត់​មាន​ចេតនា​ណាមួយ​ធ្វើ​ឲ្យ​សង្គម​មាន​ស្ថានភាព​វឹកវរ​ដល់ សន្តិសុខ​សង្គម ទេ ហើយ​យើង​មាន​ភស្តុតាង​អី​មួយចំនួន សាក្សី​ក៏​មក​បញ្ជាក់​ដូច្នេះ​ដែរ​។ អ៊ីចឹង​អ្វី ដែល​លទ្ធផល​ចុងក្រោយ គឺ​ក្នុងនាម​យើង​ជា​មេធាវី​ក៏​ស្នើសុំ​ឲ្យ តុលាការ​ពិចារណា ទៅលើ ៣ ចំណុច​។ ពិចារណា​ទៅលើ​ធាតុ​ផ្សំ​ឲ្យ​បាន​គ្រប់គ្រាន់ មុននឹង​ចេញ​ដីកា សម្រេច​។ ចេញ​សាលដីកា​សម្រេច​យ៉ាងណា​នោះ ចំណុច​ទី​២ ឲ្យ​ពិចារណា​ទៅលើ ភស្តុតាង ដែល​សាក្សី ហើយនឹង​ភស្តុតាង​ដែល​កសាង​ដោយ​សមត្ថកិច្ច ហើយទី​៣ ពិចារណា​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ»។

ប្រពន្ធ​លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី ស៊ឹង សុភីណា ស្នើ​ឲ្យ​តុលាការ​លើកលែង​បទចោទប្រកាន់ និង​ដោះលែង​ប្ដី​លោកស្រី​ឲ្យ​មាន​សេរីភាព​វិញ ពីព្រោះ ការ​ផ្សព្វផ្សាយ​របស់​ប្ដី​លោកស្រី មានបំណង​ដើម្បី​ជួយ​សង្គមជាតិ​ប៉ុណ្ណោះ។

លោកស្រី ស៊ឹង សុភីណា៖ «សំណូមពរ​ឲ្យ​តុលាការ​គាត់​ពិចារណា​ទៅលើ​បទ​ចោទ​របស់​គាត់ ព្រោះ​អី​គាត់​មិនបាន​ធ្វើ​អី​ដែរ មួយ​រយៈ​ពេល ២ ឆ្នាំ​ហ្នឹង គាត់​នៅក្នុង​ពន្ធនាគារ រហូត​។ អ៊ីចឹង​សូម​ឲ្យ​ពិចារណា​ដោះលែង​គាត់​ឲ្យ​មក​ជួបជុំ​កូន គ្រួសារ​វិញ រកលុយ​ដើម្បី​បង់​កូន​រៀន​បន្ត​ព្រោះ​គាត់​ធ្វើ​ការងារ​ហ្នឹង ក៏​ដើម្បី​ប្រទេសជាតិ​ទាំងមូល​ដែរ»។

ក្រៅពី​សំណុំរឿង​«​ញុះញង់​» ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ​បើកសវនាការ​នៅ​ថ្ងៃ​នេះ លោក ស្រ៊ុន ស្រ៊ន និង​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផ្សេងទៀត ដូចជា កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ក៏​ត្រូវ​តុលាការ​ក្រុងភ្នំពេញ ផ្ដន្ទាទោស ឲ្យ​ជាប់ ពន្ធនាគារ​២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន រៀល ពី​បទ «​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​ទៅ​នឹង​ការរិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ និង វៀតណាម CLV-DTA​។ ពួកគេ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​តាមដាន សវនាការ​នេះ កត់សម្គាល់​ថា សំណុំរឿង​របស់​លោក ស្រ៊ុន ស្រ៊ន មិន​ខុសពី សំណុំ​រឿង​អ្នកនយោបាយ​នោះ​ទេ ដោយ​លោក​ថា នៅ​ពេល​អនុវត្ត ទោស​ជិត​គ្រប់ ចំនួន​ហើយ បែរជា​លេច​ចេញ​បទល្មើស​ថ្មី​ផ្សេងទៀត​។ លោក​ថា លោក ស្រ៊ុន ស្រ៊ន គ្រាន់តែ​សំណូមពរ​ឲ្យ​ក្រសួងយុត្តិធម៌​បកស្រាយ អំពី​ការតែងតាំង​ចៅក្រម ឬ ប្រធាន​តុលាការ ប៉ុន្តែ​ក្រសួង​មិនបាន​បកស្រាយ។

លោក យី សុខសាន្ត៖ «ចំណុច​ហ្នឹង ដែល​គាត់​គ្រាន់តែ​បកស្រាយ ប៉ុន្តែ​ក្រសួង​មិន បាន​បកស្រាយ​បែរជា​ប្ដឹង​គាត់​ទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​គាត់​រហូត​មក ដល់​ថ្ងៃនេះ ទើប​យើង​ដឹង​ថា នៅ​ពេល​ដែល​គាត់​ជាប់ឃុំ​រឿង CLV​បាន​ជិត ២ ឆ្នាំ ហើយ​បាន​លេច​រឿង​មួយទៀត ពាក់ព័ន្ធ​ជាមួយនឹង​រឿង​ញុះញង់​ដែរ ពាក់ព័ន្ធ​នឹង ក្រសួងយុត្តិធម៌ ចេញ​សេចក្ដីសម្រេច​តែងតាំង​ប្រធាន​តុលាការ​ស្ដីទី​នេះ»។

បន្ទាប់ពី​បញ្ចប់​សវនាការ​នៅ ថ្ងៃ​នេះ សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​ប្រកាស​សាលដីកា សំណុំរឿង​លោក ស្រ៊ុន ស្រ៊ន នៅ​ថ្ងៃទី​២២ ខែ​មិថុនា ខាងមុខ។

មន្ត្រី​សិទ្ធិមនុស្ស និង អ្នកឃ្លាំមើល ស្នើ​ឲ្យ​តុលាការ​នៅ​កម្ពុជា អនុវត្ត​តាមច្បាប់ ដោយ​យុត្តិធម៌ ជាជាង​ការ​ធ្វើ​តាម​កំហឹង​បុគ្គល ពីព្រោះ​តែ​ចង់​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិន​ស្រប​នឹង​រដ្ឋាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ