

អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងយល់ថា ការដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញឥរិយាបថទន់ខ្សោយ និងក្រអឺតក្រទមជាមួយថៃ រឿងដោះស្រាយបញ្ហាព្រំដែនដោយគ្មានភាពច្បាស់លាស់គឺ«គ្មានផលចំណេញដល់ជាតិ»នោះទេ ផ្ទុយទៅវិញ ធ្វើឱ្យថៃដឹងចិត្តបន្តឈ្លានពានយកដីខ្មែរ យ៉ាងគឃ្លើន។ ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន ប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិយាយច្រើន ពីបញ្ហាព្រំដែន រួមនឹង ការសម្ដីបន្ទោសខ្លះៗ មកលើភាគីថៃ។
មួយរយៈចុងក្រោយនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចាប់ផ្ដើមបង្ហោះសារ និងនិយាយអំពីជម្លោះព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីចាប់សង្គ្រាមយោធាថៃ។ជាក់ស្ដែងប៉ុន្មានថ្ងៃនេះ លោក ហ៊ុន សែន បានបង្ហាញឥរិយាបថក្រអឺតក្រទមខ្លះ និងទន់ភ្លន់ខ្លះទៅ ភាគីថៃ ព្រមទាំងបង្ហាញជំហរគាំទ្រទស្សនៈរបស់បញ្ញវន្តថៃមួយចំនួនដែលនិយាយរដ្ឋាភិបាលថៃ ។ អ្នកឃ្លាំមើល យល់ថា ការផ្ញើសម្ដីឆ្លើយឆ្លងរបស់លោក ហ៊ុន សែន ទៅកាន់ភាគីនេះ អាចធ្វើឲ្យស្ថានការណ៍ព្រំដែនកាន់តែឡើងកម្ដៅ ហើយមិនមានផលចំណេញដល់កម្ពុជានោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែមិថុនា ថា ការដែលលោក ហ៊ុន សែន និយាយក្រអឺតក្រទមខ្លះ និង អោនលំទោនថៃខ្លះ គឺជា បង្ហាញថា លោក ហ៊ុន សែន បានសុំចុះចាញ់ថៃ និងដើម្បីការពារមុខមាត់ លោក ហ៊ុន ម៉ាណែត ដែលកំពុងតែ រងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ។ លោកយល់ថា គ្រប់យ៉ាង ដែលលោក ហ៊ុន សែន ធ្វើមិនមែន ដើម្បីផលប្រយោជន៍ជាតិនោះទេ។ បន្ថែមពីនោះ លោកថា ការនិយាយច្រើនរបស់ លោក ហ៊ុន សែន កាន់តែធ្វើឱ្យបញ្ហាព្រំដែន ស្មុគស្មាញ ហើយភាគីថៃបន្តចាប់កំហុស លោក ហ៊ុន សែន និង បង្កើនសកម្មភាពឈ្លានពានកម្ពុជា។
លោក គឹម សុខ៖ «អត់មានចំណេញអ្វីដល់ប្រទេសជាតិកម្ពុជាទេ ក៏ប៉ុន្តែវាជាការបង្ហាញអំពីការសារភាពចុះចាញ់ថៃដោយ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ចុះចាញ់ប្រយុទ្ធតតាំងនឹងថៃ មិនហ៊ានប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ហើយទីបំផុតទៅត្រឹមតែសុំនិយាយជាមួយថៃ ទ្វេភាគីដែលហៅ ថាការចរចា ដោយសន្តិវិធីនៅពេលដែល កាន់តែគឃ្លើនចូលមកព័ទ្ធយកដីកម្ពុជា តាមចិត្ត»។
ទន្ទឹមគ្នានោះ លោក គឹម សុខ បានរៀបរាប់ថា ជម្រើសដែលល្អបំផុត ដើម្បីឱ្យរដ្ឋាភិបាលលោក ហ៊ុន មាណែត មានប្រជាប្រិយភាពឡើងវិញ គឺមានតែការ បង្រួបបង្រួមជាតិ បើកលំហឱ្យមាន ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ បន្ថែមពីលើនោះ លោកថា លោក ហ៊ុន សែន ត្រូវរក្សាភាពស្ងប់ស្ងាត់ កុំនិយាយច្រើនផ្ដេសផ្ដាសរឿងព្រំដែន។ ស្របពេលនោះ លោកថា កម្ពុជាត្រូវអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំងតាមរយៈធ្វើទំនើបកម្មយោធា ឱ្យមានប្រសិទ្ធភាព និងលុបបំបាត់អំពើពុករលួយ។
ប៉ុន្តែយ៉ាងណា លោក គឹម សុខ យល់ថា កិច្ចការទាំងនេះ លោក ហ៊ុន សែន នឹងមិនធ្វើនោះទេ ព្រោះ លោក ហ៊ុន សែន នឹងដឹកនាំប្រទេសតាមបែបផ្ដាច់ការកាន់តែខ្លាំង ហើយរៀបចំការបោះឆ្នោត គម្រប់កិច្ច ដូចនៅប្រទេសភូមា ហើយនឹងបន្តធ្វើសង្គ្រាមរប៉េសរប៉សជាមួយថៃ ដើម្បីបង្វែរស្ថានការណ៍ និងដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនបើ លោក ហ៊ុន សែន ដឹងថា គណបក្សប្រជាជនកម្ពុជា លែងទទួលបានការគាំទ្របន្តទៀតនៅក្នុងឆ្នាំ២០២៧-២០២៨។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីលោក ហ៊ុន សែន បានថ្លែងជាបន្តបន្ទាប់ ពីជំហររបស់ លោក ក្នុងការដោះស្រាយ បញ្ហាព្រំដែន ជាមួយថៃ តាមរយៈសន្តិវិធី ដែលស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ។ លោកក៏បានទទួលស្គាល់ ពីកំហុសយុទ្ធសាស្ត្រ ដែលមិនបាន រៀបចំការយុទ្ធ ទើបធ្វើឱ្យចាញ់សង្គ្រាមថៃ។ លោកក៏បញ្ជាក់ដែរថា ការចាញ់សង្គ្រាមនេះ គឺដោយសារតែជឿលើថៃខ្លាំងពេក ទើបមិនបានពង្រឹងវិស័យយោធា។
ទន្ទឹមគ្នានោះ លោកក៏បានធ្លោយពាក្យសម្ដីក្រអឺតក្រទម និង សម្ដីបន្ទោសភាគីថៃ ដោយចោទនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល ថា ជាមនុស្សមិនទៀងត្រង់ ហើយតែងតែគេចវេះ មិនចូលតុចរចា ដោះស្រាយ បញ្ហាព្រំដែនជាមួយកម្ពុជា។ លោកក៏បានបញ្ជាក់ដែរថា កម្ពុជាមិនមែនមិនមានសមត្ថភាពសោះ ក្នុងការប្រើប្រាស់កម្លាំងយោធា ទាមទារទឹកដីយកមកវិញនោះទេ ប៉ុន្តែ កម្ពុជាត្រូវ ប្រកាន់ភ្ជាប់នូវការដោះស្រាយ ដោយសន្តិវិធី ព្រោះលោកមើលឃើញថា បច្ចុប្បន្ន សហគមន៍អន្តរជាតិ កំពុងតែជឿជាក់លើកម្ពុជា ថាជាប្រទេសគោរពច្បាប់ និងចង់បានសន្តិភាពយូរអង្វែង។
លោក ហ៊ុន សែន៖ «ខ្ញុំបាននិយាយថា ប្រសិនបើប្រើប្រាស់ដំណោះស្រាយយោធា នៅពេលដែលយើងទៅវាយកាន់កាប់យកទឹកនោះ គ្រាប់ទី១គឺជាបរាជ័យរបស់កម្ពុជា លើកិច្ចការនយោបាយ និងការទូត។ ព្រោះយើងជាអ្នកបំពាន់បទឈប់បាញ់ ហើយយើងបំផ្លាញទាំងអស់នូវអ្វីដែលជាជំនឿទុកចិត្ត របស់អន្តរជាតិចំពោះយើង»។
ក្រោយពី លោក ហ៊ុន សែន ប្រកាសពីការមិនឱ្យកងទ័ពខ្មែរតបត និងរក្សាភាពស្ងប់ស្ងាត់ តាមព្រំដែន គេសង្កេតឃើញថា យោធាថៃកំពុងតែបង្កើនសកម្មភាពរាយលួសបន្លាយចូលទឹកដីខ្មែរកាន់តែជ្រៅ តាមជួរភ្នំដងរែក ហើយកំពុងតែធ្វើផ្លូវបេតុង និងកសាងលេណដ្ឋាន ជាច្រើន នៅលើដីខ្មែរ ដែលពួកគេកំពុងតែកាន់កាប់។
ជុំវិញរឿងនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ក្នុងស្ថានភាពនេះ ការថ្លែងអំពីវិស័យការពារជាតិ និងភាពទន់ខ្សោយរបស់ជាតិពីសំណាក់មេដឹកនាំជារឿង មិនគួរនិយាយនោះទេ ព្រោះអាចប៉ះពាល់ដល់សន្តិសុខជាតិ ។ លោកបន្តថា ចំណែក ការទទួលកំហុសរឿងធ្វើឱ្យទឹកដីបាត់បង់ ជាធម្មតានៅប្រទេសលោកសេរី ព្រឹទ្ធសភា ត្រូវកោះហៅនាយករដ្ឋមន្ត្រី ដើម្បីសួរដេញដោល ឬអាចឈានដល់ដកដំណែងថែមទៀត។ លោកបញ្ជាក់ថា សព្វថ្ងៃ លោក ហ៊ុន សែន គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយឱ្យមន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពការទូតឱ្យសកម្ម និងប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ គឺជារឿងដែលចាំបាច់បំផុត។
លោក ឯម សុវណ្ណារ៉ា៖ «ចំណុចនឹងអាស្រ័យលើល្បិចកលនយោបាយរបស់អ្នកនយោបាយ របស់ថ្នាក់ដឹកនាំជាតិទេ ប៉ុន្តែការសារភាព វាមិនចំណេញទេ ប្រសិនបើនៅប្រទេសប្រជាធិបតេយ្យនីតិបញ្ញត្តិ ត្រូវកោះអញ្ជើញកោះហៅមកសួរ ព្រោះនេះពាក់ព័ន្ធកិច្ចការងារអធិបតេយ្យភាព ពាក់ព័ន្ធនឹងការដឹកនាំ ប៉ុន្តែនៅកម្ពុជាគឺជារឿងមួយដោយឡែក។ប៉ុន្តែអ្វីដែលយើងអាចនិយាយបានថា តើយើងធ្វើបែបណា ដើម្បីរក្សានូវអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺកម្ពុជាមានតែយន្តការអន្តរជាតិទេ»។
ពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ទាំងក្នុងស្រុក និងក្រៅស្រុក នៅតែព្រួយបារម្ភពីបញ្ហាបូរណភាពទឹកថា អាចនឹងបន្តបាត់បង់ ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែគ្មានភាពច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនគោកឱ្យបានត្រឹមត្រូវ។ ពួកគាត់ថា បញ្ហាទឹកដីជា បញ្ហាស្នូលរបស់ជាតិ រដ្ឋាភិបាលមិនគួរយករឿងទាំងនេះ គ្រាន់តែ ដើម្បីកំដរផលប្រយោជន៍នយោបាយនោះទេ ខណៈថ្មីៗនេះ លោក ហ៊ុន សែន ប្រកាសថា នឹងយកបញ្ហាព្រំដែនធ្វើជាកម្មវិធីឃោសនារកសន្លឹកឆ្នោតនៅឆ្នាំ២០២៧-២០២៨ ដែលនេះជាការប្រមាថធ្ងន់ធ្ងរ ដល់ប្រទេសជាតិ និងពលរដ្ឋដែលកំពុងតែរងគ្រោះបាត់បង់ ដីធ្លី និងផ្ទះសម្បែងរាប់ម៉ឺនគ្រួសារ ព្រោះលោក ហ៊ុន សែន កំពុងតែយកបញ្ហាព្រំដែន ដើម្បីកេងចំណេញនយោបាយ។ ទន្ទឹមគ្នានោះ ពួកគាត់ជំរុញឱ្យលោក ហ៊ុន សែន គួរតែបញ្ឈប់នូវនយោបាយប្រជាភិថុតិ បោកប្រាស់ និងគំរាមកំហែងចាប់ពលរដ្ឋដាក់គុក ព្រោះប្រទេសជាតិកំពុងតែបែកបាក់ ហើយទឹកដីត្រូវបានសត្រូវឈ្លានពាន ដូច្នេះការ ដឹកនាំចាត់ទុកខ្មែរគ្នាឯងជាសត្រូវ គ្មានផលចំណេញដល់ជាតិឡើយ៕









