ឥណ្ឌា​ព្រមាន​ពលរដ្ឋ​ពី​ហានិភ័យ​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា

0
12
មន្ត្រីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា លោក Vanlalvawna Bawitlung (ស្ដាំ) ជួបមន្ត្រីរាជបណ្ឌិតសភានគរបាលកម្ពុជា កាលពីខែ​មករា ២០២៦។ រូប៖ បណ្ដាញសង្គម
មន្ត្រីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា លោក Vanlalvawna Bawitlung (ស្ដាំ) ជួបមន្ត្រីរាជបណ្ឌិតសភានគរបាលកម្ពុជា កាលពីខែ​មករា ២០២៦។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​ឥណ្ឌា​បាន​ព្រមាន​ពលរដ្ឋ​របស់ ខ្លួន​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ធ្វើដំណើរ​មក​កម្ពុ​ជា ដោយសារ​ធ្លាក់​ក្នុង​អន្ទាក់​របស់​បណ្ដាញ​ឆបោក​តាម​អនឡាញ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត ។ ទន្ទឹម​នឹង​នេះ អង្គការ​ជំនាញ និង​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ក៏​រាយការណ៍​ជា​បន្ត​បន្ទាប់ពី​ករណី​រដ្ឋាភិបាល​កម្ពុជា បរាជ័យ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ឱ្យដឹង​ថា ខ្លួន​បាន​ទទួល​ព័ត៌មាន​អំពី​ពលរដ្ឋ​ឥណ្ឌា​មួយចំនួន​ដែល​ធ្លាក់​ក្នុង​អន្ទាក់​បណ្ដាញ​ជួញដូរ​មនុស្ស បន្ទាប់ពី​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ការសន្យា​ផ្ដល់​ការងារ​ប្រាក់ខែ​ខ្ពស់​នៅ​កម្ពុជា​។ តាមរយៈ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី​១០ ខែមិថុនា ស្ថានទូត​បញ្ជាក់​ថា ពលរដ្ឋ​ឥណ្ឌា​ទាំងនេះ​គឺជា​ជនរងគ្រោះ​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ប្រព្រឹត្ត​សកម្មភាព​ឆបោក​តាម​អនឡាញ និង​សកម្មភាព​ខុសច្បាប់​ផ្សេងទៀត។

ស្ថានទូត​ក៏បាន​ណែនាំ​មិន​ឱ្យ​ពលរដ្ឋ​ឥណ្ឌា​ប្រើ​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​ស្វែងរក​ការងារ​ធ្វើ ឬ​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​ពី​គោលបំណង​នៃ​ទិដ្ឋាការ​ឡើយ​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ដែល​មិន​មាន​ទិដ្ឋាការ​ស្របច្បាប់​នៅ​កម្ពុជា ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្ទាន់។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​អាជ្ញាធរ​ឥណ្ឌា​ចេញ​សេចក្ដីជូនដំណឹង​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​មុន​ធ្វើដំណើរ​មក​កម្ពុជា​។ កន្លងមក​ក្រៅពី​ឥណ្ឌា​ក៏​មាន​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន​ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និង​ថៃ​ជាដើម ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព្រមាន​ស្រដៀង​គ្នា​នេះ​ដែរ បន្ទាប់ពី​រក​ឃើញ​ថា ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​នៅ​កម្ពុជា ហើយ​ក្រោយមក​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​ឆបោក​តាម​អនឡាញ។

សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​ឥណ្ឌា​ជាថ្មីៗ​នេះ​គឺ​ស៊ីសង្វាក់​គ្នា​នឹង​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដោយ​រកឃើញ​ថា មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ដដែល​ទោះបីជា​មានការ​បង្ក្រាប​ក៏ដោយ។

របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្ងៃទី​៨ ខែមិថុនា រក​ឃើញ​ថា ក្នុងចំណោម​ទីតាំង​ចំនួន ៨៦ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​មជ្ឈមណ្ឌល​បោកប្រាស់ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​អន្តរាគមន៍​នៅ​ទីតាំង​ចំនួន ២៤ ប៉ុណ្ណោះ​។ អង្គការ​លើកលែងទោស​អន្តរជាតិ​វាយតម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស ដោយ​ទុក​ឱ្យ​ជនរងគ្រោះ​ជាច្រើន​បន្ត​រស់​នៅក្នុង​ស្ថានភាព​ឯកោ ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពាន​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​នានា​ទូទាំង​ប្រទេស​។ អង្គការ​នេះ​រក​ឃើញ​ថា ការ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នេះ បណ្ដាលមកពី​អាជ្ញាធរ​ខកខាន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស និង​មានការ​ឃុបឃិត​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​អនុញ្ញាត​ឱ្យ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​អាច​គេច​ផុត​ពី​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច។

របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ ប្រមូល​ភស្តុតាង និង​ការ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ជនរងគ្រោះ​ជាង ៧០​នាក់ រួម​ទាំង​សាក្សី មន្ត្រី​សង្គម​ស៊ីវិល​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​តំបន់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​ច្រានចោល និង​ចាត់ទុក​ថា របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​គ្មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។ លោក​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​១១ ខែមិថុនា​ថា កម្ពុជា​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​។ លោក​អះអាង​ថា ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៦ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ឆបោក​តាម​អនឡាញ​ជាង ៤​រយ​ករណី ដកហូត និង​ព្យួរ​អាជ្ញាប័ណ្ណ​កាស៊ីណូ ២៥ ទីតាំង និង​បញ្ជូន​សំណុំរឿង​ជាង ១​រយ​ករណី (១៤៣​ករណី​) ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ជាង ១​ពាន់​នាក់។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា ទោះបី​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក៏ដោយ ក៏​ក្រុម​ជនបរទេស​នៅតែ​បន្ត​ជួល​ផ្ទះ និង​អគារ​តូចៗ ដើម្បី​បន្ត​ប្រតិបត្តិការ​ឆបោក​ដដែល​។ លោក​ទទួលស្គាល់​ថា បទល្មើស​នេះ​មាន​ភាពស្មុគស្មាញ ប៉ុន្តែ​ជំរុញ​ឱ្យ​សមត្ថកិច្ច​បង្កើន​ប្រសិទ្ធភាព​ស៊ើបអង្កេត និង​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់។

លោក អំ សំអាត៖ «ការ​បង្ក្រាប ស្កែម​អន​ឡាញ (Scam Online) ជោគជ័យ​ទៅ​បាន ទីមួយ ទន្ទឹម​នឹង​ការ​បង្ក្រាប​ហ្នឹង អ្នក​ដែល​ពាក់ព័ន្ធ​បទល្មើស ស្កែម​អន​ឡាញ ក៏​ត្រូវ​តែ​មាន​ការ​បង្ក្រាប​ទៅលើ​មន្ត្រី​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ជាមួយ​ស្កេម​អន​ឡាញ។ មួយទៀត​គឺ​លុបបំបាត់​នូវ​អំពើពុករលួយ ការអនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើឡើង​ដោយ​តឹងរ៉ឹង​។ ជន​ណាក៏ដោយ​ឱ្យ​តែ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង ត្រូវតែ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ទោះបី​ជា​មាន​ឋានន្តរសក្ដិ ខ្នងបង្អែក​ប៉ុណ្ណា​ក៏ដោយ ក៏​ត្រូវតែ​អនុវត្ត​តាមច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព»។

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ស្វែងរក និង​ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ព្រមទាំង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បុគ្គល ឬ​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ​។ ទន្ទឹម​គ្នា​នេះ អ្នកឃ្លាំមើល​លើកឡើង​ថា ដរាបណា​មិន​មាន​ការ​បង្ក្រាប​ដល់​ឫសគល់ ជាពិសេស​មេខ្លោង​ធំៗ កម្ពុជា​នឹង​បន្ត​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ហើយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នឹង​បន្ត​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និង​សន្តិសុខ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ