

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ឬ NDI បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយកម្រាស់ ១២៦ទំព័រ មានចំណងជើងថា «Scam State Architecture: Disruption, Adaptation, and the Enduring Threat of Cambodia’s State-Crime Nexus»។ ភាសាខ្មែរថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច»៖ ការបន្ទច់បង្អាក់ ការសម្របខ្លួននៃមុខរបបរនេះ និងការគំរាមកំហែងពីទំនាក់ទំនងរវាងរដ្ឋ និងឧក្រិដ្ឋកម្មនៅកម្ពុជា»។
របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិនត្រឹមតែពិនិត្យមើលទីតាំងឆបោក ឬជនបរទេសដែលធ្វើការនៅក្នុងទីតាំងទាំងនោះទេ តែក៏ពិនិត្យប្រព័ន្ធទាំងមូល ដែលរួមមានដើមទុនបរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងអ្នកសម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។
នៅថ្ងៃដដែលនោះ លោក ប្រាយអេន ម៉ាស់ស្ត៍ (Brian Mast) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក និងលោក ចន ម៉ូលីនណារ (John Moolenaar) ប្រធានគណៈកម្មាធិការពិសេសស្តីពីបក្សកុម្មុយនិស្តចិន បានស្នើជាផ្លូវការឱ្យរដ្ឋមន្ត្រីការបរទេសលោក ម៉ាកកូ រ៉ូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កត់ បេសេន (Scott Bessent) ស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនដែលព័ត៌មានដែលគួរអោយទុកចិត្តថាមានជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក។
សមាជិកសភាទាំងពីរស្នើឱ្យដាក់ទណ្ឌកម្ម ប្រសិនបើការស៊ើបអង្កេតរកឃើញថា បុគ្គលទាំងនោះបំពេញលក្ខខណ្ឌតាមច្បាប់អាមេរិក។ ច្បាប់ចម្លងនៃលិខិតនេះក៏ត្រូវបានផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិផងដែរ។
រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញានេះ យើងមិនទាន់ឃើញការឆ្លើយតបជាសាធារណៈណាមួយពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលកម្ពុជាដែលត្រូវបានលើកឈ្មោះ ចំពោះរបាយការណ៍ និងលិខិតថ្មីនេះនៅឡើយទេ។
របាយការណ៍លម្អិតរបស់ NDI ទាំង ១២៦ទំព័រ
សូមទស្សនាវីដេអូលម្អិតដែលលោក ជុន ច័ន្ទបុត្រ រៀបរាប់បន្ទាប់ពីលោកបានចូលរួមពិធីប្រកាសរបាយការណ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោន។









